របាយការណ៍ដែលចេញផ្សាយក្នុងខែនេះដោយអង្គការតម្លាភាពកម្ពុជា ជាអង្គការឃ្លាំមើលអំពើពុករលួយបានរកឃើញថា មានការថយចុះនៃការត្រួតពិនិត្យតាមដានរបស់សភាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ របាយការណ៍នេះចាត់ទុកការប្រែប្រួលនេះ ដោយសារការរំលាយគណបក្សប្រឆាំងដ៏ធំក្នុងឆ្នាំ២០១៧ ដែលធ្វើឱ្យដំណើរការត្រួតពិនិត្យចុះខ្សោយនៅក្រោមច្បាប់កម្ពុជា តម្លាភាពមានកម្រិត និងកង្វះការចូលរួមរបស់រដ្ឋាភិបាលជាមួយក្រុមសង្គមស៊ីវិល។
របាយការណ៍នេះ គឺជាផ្នែកមួយនៃរបាយការណ៍ពហុប្រទេសដែលផលិតដោយអង្គការតម្លាភាពអន្តរជាតិ (TI) ដែលរួមបញ្ចូលការរកឃើញសំខាន់ៗពីប្រទេសចំនួន១០។ ការវាយតម្លៃពីកម្ពុជា គឺវាយតម្លៃលើការត្រួតពិនិត្យតាមដានរបស់សភាក្នុងនីតិកាលមុន ក្នុងឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ដោយមិនបានរកឃើញករណីគួរឱ្យកត់សម្គាល់ណាមួយនៃ «ការត្រួតពិនិត្យតាមដានរបស់រដ្ឋសភាប្រកបដោយប្រសិទ្ធភាព» នៅក្នុងប្រទេសក្នុងអំឡុងពេលនោះទេ។
រដ្ឋសភាដែលគ្រប់ដណ្តប់ដោយបក្សតែមួយ «រួមនឹងការក្តាប់យ៉ាងតឹងរ៉ឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគណបក្ស បានបង្កបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ក្នុងការធានានូវគណនេយ្យភាពក្នុងចំណោមសមាជិកសភា»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា វាមានសារៈសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យដែលមានគណបក្សប្រឆាំងនៅក្នុងសភា ដើម្បីធានាការត្រួតពិនិត្យអំណាច។ បើគ្មានគណបក្សប្រឆាំងទាំងនេះទេ លោកថា បញ្ហាជាតិសំខាន់ៗនឹងមិនត្រូវបានអើពើ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវតែធ្វើឲ្យប្រាកដថា នៅក្នុងការបោះឆ្នោតនីមួយៗ ជាពេលវេលាដែលប្រជាជនសម្រេចចិត្តរើសអ្នកដឹកនាំ យើងត្រូវបង្កើតបរិយាកាសមួយដែលគណបក្សមិនមែនរដ្ឋាភិបាលអាចប្រកួតប្រជែងដោយស្មើភាព ដោយសេរី និងយុត្តិធម៌ ដើម្បីធានាថា ប្រជាពលរដ្ឋអាចជ្រើសរើសគណបក្សធ្វើជាតំណាងរបស់ពួកគាត់នៅក្នុងសភា»។
តំណាងរាស្រ្តគួរតែជាតំណាងរបស់ប្រជាពលរដ្ឋ ប៉ុន្តែតាមទស្សនៈរបស់លោក សព្វថ្ងៃនេះ ពួកគេគឺតំណាងឱ្យគណបក្ស។
យោងតាមរបាយការណ៍នេះ ច្បាប់កម្ពុជាផ្តល់អំណាចត្រួតពិនិត្យនៅមានកម្រិតដល់សមាជិកសភា [MP] ដូចជាសិទ្ធិសួរសំណួរមន្ត្រីរដ្ឋាភិបាល និងការតម្រូវឲ្យនាយករដ្ឋមន្ត្រី និងមន្ត្រីក្នុងការឆ្លើយតប។ ប៉ុន្តែបទប្បញ្ញត្តិច្បាប់ទាំងនេះមិនបានបញ្ជាក់ថា តើសមាជិកសភាត្រូវតែបន្តសកម្មភាពត្រួតពិនិត្យតាមដានឬក៏មិនចែងពីទណ្ឌកម្មបែបណាចំពោះមន្ត្រីរដ្ឋាភិបាលដែលមិនឆ្លើយតបនឹងសំណួរនោះទេ។
កម្ពុជាក៏មានវិធានការច្បាប់តិចតួចដែរ ដើម្បីវាយតម្លៃប្រសិទ្ធភាព និងផលវិបាកនៃច្បាប់ដែលត្រូវបានអនុម័តរួចហើយ។
របាយការណ៍គូសបញ្ជាក់ថា ខណៈពេលដែលមានការគាំពារផ្លូវច្បាប់មួយចំនួនរបស់សមាជិកសភានៅក្រោមច្បាប់កម្ពុជា ប៉ុន្តែច្បាប់ទាំងនោះមិនធានាអភ័យឯកសិទ្ធិពីការធ្វើទុក្ខបុកម្នេញដោយហេតុផលនយោបាយនោះទេ។ កូតាគណបក្សសំឡេងភាគតិចនៅក្នុងគណៈកម្មាធិការនានា សិទ្ធិបង្កើតគណៈកម្មាធិការមួយ ដើម្បីតាមដានសេនាធិការបស់អង្គនីតិប្រតិបត្តិ ឬក៏សិទ្ធិក្នុងការដាក់បញ្ចូលរបាយការណ៍ជំទាស់ទៅនឹងការរកឃើញរបស់គណៈកម្មាធិការមិនត្រូវបានគូសបញ្ជាក់ ឬធានាច្បាស់លាស់នោះទេ។
ទាក់ទងនឹងថវិកាជាតិវិញ ការពិភាក្សាក្នុងរដ្ឋសភា «មានលក្ខណៈលំៗ ខណៈថវិកាជាតិនៅតែមិនត្រូវបានសួរដេញដោលយ៉ាងទូលំទូលាយដោយសមាជិកសភា» នេះបើយោងតាមការវាយតម្លៃ។ ឯកសារថវិកាមិនត្រូវបានបង្ហាញជាសាធារណៈញឹកញាប់ទេ ឬត្រូវបានបង្ហាញក្នុងរបៀបដែលពិបាកយល់។
របាយការណ៍នេះបន្ថែមថា គេមិនច្បាស់ទេថា តើរដ្ឋសភាអាចធ្វើវិសោធនកម្មច្បាប់ថវិកាដោយស្របច្បាប់ ដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬថា តើការរៀបចំបំណុលទាមទារឲ្យមានការយល់ព្រមពីសមាជិកសភាដែរឬយ៉ាងណា។
របាយការណ៍នេះលើកឡើងថា ដោយគ្មានវត្តមានគណបក្សប្រឆាំងដែលអាចធ្វើការបាន ការរិះគន់គណបក្សកាន់អំណាចភាគច្រើនធ្វើឡើងដោយអង្គការសង្គមស៊ីវិល។ ប៉ុន្តែលទ្ធភាពរបស់រដ្ឋសភាចូលរួមជាមួយក្រុមអង្គការទាំងនេះនៅមានកម្រិត ហើយជាទូទៅ ទំនាក់ទំនងជាមួយក្រុមអង្គការសង្គមស៊ីវិលគឺផ្តោតលើគម្រោងអភិវឌ្ឍន៍ ឬអង្គការនានាដែលជារឿយៗមិនជំទាស់ជាមួយរដ្ឋាភិបាល។
របាយការណ៍នេះបានកត់សម្គាល់ថា អង្គការដែលផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថា ជាការប្រឈមមុខជាមួយគណបក្សកាន់អំណាចទទួលបានការចូលរួមនៅមានកម្រិតពីរដ្ឋាភិបាល។
លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលមិនអាចមានតម្លាភាព និងគណនេយ្យភាពបានទេ ព្រោះគ្មានការត្រួតពិនិត្យនិងតុល្យភាពអំណាច ជាពិសេសពេលគ្មានគណបក្សប្រឆាំង។ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមក អ្វីដែលរដ្ឋាភិបាលបានធ្វើគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។
លោកមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ប្រទេសអាចនឹងរីកចម្រើន ហើយប្រជាពលរដ្ឋអាចរស់នៅដោយសន្តិភាព។ បច្ចុប្បន្ន តំណាងរាស្រ្តមិនតំណាងឲ្យពលរដ្ឋទេ និងមិនអនុញ្ញាតឱ្យសំឡេងភាគតិចត្រួតពិនិត្យ សាកសួរ និងវាយតម្លៃច្បាប់ទេ នេះបើតាមការលើកឡើងរបស់លោក វ៉ន ចាន់ឡូត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការរកឃើញរបស់អង្គការតម្លាភាពកម្ពុជា មិនស្របនឹងភាពជាក់ស្តែងទេ។
លោកមានប្រសាសន៍ថា៖ «របាយការណ៍នេះមានលក្ខណៈលម្អៀងខាងនយោបាយ និងមិនស្របគ្នា។ ដូច្នេះ ការវាយតម្លៃថា [កម្ពុជាមាន] សភាខ្សោយខ្លាំង ឬសភាឯកបក្ស គឺមិនមានតម្លាភាពទេ។ ទាំងរដ្ឋសភា និងព្រឹទ្ធសភាបំពេញតួនាទីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង»។
លោកបន្តថា តំណាងរាស្ត្រចេះរបៀបដោះស្រាយបញ្ហាទៅតាមពេលវេលាសមស្រប និងត្រួតពិនិត្យការអនុវត្តច្បាប់។ លោកបញ្ជាក់ថា ប្រសិនបើការរកឃើញរបស់អង្គការតម្លាភាពកម្ពុជាត្រឹមត្រូវនោះ រដ្ឋសភានឹងមិនអាចបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន ឬទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងគណបក្សកាន់អំណាចនោះទេ។
លោក គឹម សួរភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន មានប្រសាសន៍ថា លោកយល់ស្របនឹងលទ្ធផលនៃការវាយតម្លៃនេះ ពីព្រោះមិនមានគណបក្សប្រឆាំងតំណាងឱ្យសំឡេងភាគតិច ឬតាមដានសកម្មភាពរបស់រដ្ឋាភិបាលនោះទេ។
លោកមានប្រសាសន៍ថា៖ «ការរំលាយ [គណបក្សសង្គ្រោះជាតិ] បានប៉ះពាល់ដល់សំឡេងប្រឆាំងក្នុងរដ្ឋសភា ជីវិតប្រជាពលរដ្ឋ ហើយវាអយុត្តិធម៌ចំពោះសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។ [អវត្តមានគណបក្សនយោបាយប្រឆាំង] ធ្វើឱ្យស្ថាប័ន [សភា] ពិបាករក្សាបាននូវតួនាទី និងតម្លៃរបស់ខ្លួន និងជាស្ថាប័នសកម្មមួយនៅក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ការបោះឆ្នោតខែកក្កដា ដែលជាការបញ្ចប់អាណត្តិទីប្រាំមួយ រងការរិះគន់ពីសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស សហភាពអឺរ៉ុប អាល្លឺម៉ង់ ជប៉ុន និងអូស្ត្រាលី។ អ្នកវិភាគរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ការហាមប្រាមគណបក្សភ្លើងទៀន និងយាយីអ្នកនយោបាយប្រឆាំងដោយឥស្សរជនរបស់គណបក្សកាន់អំណាចបាន “ប៉ះពាល់” ដំណើរការបោះឆ្នោតនៅកម្ពុជា។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈរដ្ឋសភាចំនួន៥ ចំណែកអាសនៈនៅសល់១២០ទៀតធ្លាក់ទៅក្នុងដៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដោយបានបញ្ចប់នូវសភាឯកបក្សរបស់កម្ពុជា។ ប៉ុន្តែលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា វត្តមានរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច មិនធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាពទេ បើទោះបីជាសមស្របជាងសភាឯកបក្សកន្លងមកក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ទោះបីគណបក្សហ៊្វុនស៊ិនប៉ិចមានអាសនៈចំនួន៥ក៏ដោយ ក៏ពួកគេនៅតែមិនអាចធ្វើអ្វីបាន [ទាក់ទងនឹងការពិនិត្យតាមដាន] ព្រោះមិនមានឥស្សរជនឆ្នើមណាម្នាក់ក្នុងគណបក្សនេះទេ។ ដូច្នេះ អាណត្តិនេះកាន់តែលំបាក»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ខេមបូចាថា គណបក្សហ្វ៊ុនស៊ិនប៉ិច មានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់នីតិកាលទី៧នេះ ដើម្បីធ្វើឲ្យសំឡេងប្រជាពលរដ្ឋឮនៅក្នុងសភា។
លោកបានមានប្រសាសន៍ថា៖ «ទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិចមានត្រឹមតែ៥អាសនៈក្នុងសភាក៏ដោយ ហើយយើងមានការលំបាកក្នុងការជជែកដេញដោល ក៏ដោយ ជាមួយនឹងអាសនៈទាំងប្រាំដែលផ្តល់ដោយប្រជាពលរដ្ឋនេះ យើងនឹងព្យាយាមជជែកដេញដោលឲ្យបានច្រើននៅក្នុងសភា ជាពិសេសនៅក្នុងគណៈកម្មការ» ដោយលោកកត់សម្គាល់ថា គណបក្សហ៊្វុនស៊ិនប៉ិចមានសមាជិកក្នុងគណៈកម្មការចំនួនបួនក្នុងចំណោមគណៈកម្មការសភាទាំង១០។ លោកបានបន្ថែមថា៖ «ច្បាប់ និងបញ្ហាទាំងអស់នឹងត្រូវបានពិភាក្សាយ៉ាងផុលផុស»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
(រាយការណ៍បន្ថែមដោយ Leila Goldstein)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Corruption Watchdog Reports Decline in Cambodia’s Parliamentary Oversight