ក្រុមប្រឹក្សាឃុំ និងពលរដ្ឋមួយចំនួននៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានលើកឡើងថា មេឃុំមកពីគណបក្សប្រជាជនកម្ពុជា បានចាត់ចែងថវិកាគម្រោងមូលនិធិឃុំសម្រាប់ធ្វើផ្លូវចំនួន៤រយលានរៀលមិនសមស្រប។
កិច្ចប្រជុំដេញថ្លៃលើកញ្ចប់ថវិកាមូលនិធិឃុំសាគ្រាម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការ ចូលរួមពីតំណាងថ្នាក់ខេត្ត ថ្នាក់ស្រុក ភាគីក្រុមហ៊ុន និងអាជ្ញាធរបានសម្រេចសាងសង់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែប្រវែងជាង៤ពាន់ម៉ែត្រ នៅក្នុងភូមិកន្ទាក ដោយចំណាយថវិកា ប្រមាណ៤រយលានរៀល។ ប៉ុន្តែនៅថ្ងៃទី២១ ខែសីហា មេឃុំបានបញ្ជាឱ្យគ្រឿងចក្រចាប់ផ្តើមឈូសឆាយធ្វើផ្លូវប្រវែង១រយម៉ែត្រនៅក្នុងភូមិសាគ្រាមត្បូងទៅវិញ។
ក្រុមប្រឹក្សាឃុំម្នាក់ លោក ជឿន ណាស៊ី ថ្លែងថា លោក និង តំណាងបក្សភ្លើងទៀនគ្រោងស្នើកោះប្រជុំបន្ទាន់មួយនៅដើមសប្តាហ៍ក្រោយដើម្បីជជែកលើបញ្ហានេះ។ លោកបន្តថា បើមេឃុំនៅតែបន្តចាត់ចែងលុយគម្រោងតាមចិត្តឯងខុសគោលដៅទៀត លោកនឹងដាក់លិខិតទៅថ្នាក់ខេត្តឱ្យជួយដោះស្រាយ។
លោក ជឿន ណាស៊ី៖ «យើងនឹងធ្វើលិខិតសូមអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត ពីមន្ត្រីជំនាញ មន្ត្រីបច្ចេកទេស ដែលបានមកដេញថ្លៃហ្នឹងថាត្រូវតែអនុវត្តនៅភូមិកន្ទាក ដល់ទៅអនុវត្ត តើមន្ត្រីបច្ចេកទេសយល់យ៉ាងណា? នាយកទីចាត់ការសាលាខេត្តផែនការហ្នឹងយល់ឃើញយ៉ាងណា? ដាក់ទៅដើម្បីឱ្យអស់លោកជាគណៈអធិបតីទាំងអស់នោះបានជ្រាបថា មេឃុំពុំបានអនុវត្តនូវស្មារតីវិមជ្ឈការអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិទេ។ ដូច្នេះការប្រើប្រាស់ថវិកាហ្នឹងគ្មានតម្លាភាព»។
ប្រតិកម្មដូចគ្នាដែរក្រុមប្រឹក្សាឃុំម្នាក់ទៀត លោក ឌូ ឌា ហៅការសម្រេចចិត្ត របស់មេឃុំនេះថា ជាការបំពានដល់សេចក្តីសម្រេចរបស់អង្គប្រជុំហើយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងឃុំដែលលោកមិនអាចទទួលយកបាន។
លោក ឌូ ឌា លើកឡើងថា៖ «ជំហរបស់ខ្ញុំគឺខ្ញុំដោយថាដោយសារលោកមេឃុំលោកអត់អនុវត្តតាមគម្រោងដែលយើងអនុម័តរួចហើយជាមួយក្រុមប្រឹក្សាឃុំ។ ជំហររបស់ខ្ញុំគឺខ្ញុំមិនព្រម ព្រោះធ្វើខុសនឹងគោលការណ៍របស់យើងក្នុងនាមជាក្រុមប្រឹក្សាឃុំដែលបានសម្រេចរួចហើយថាយើងនឹងដាក់មូលនិធិហ្នឹងមកភូមិកន្ទាក»។
ពលរដ្ឋម្នាក់នៅភូមិកន្ទាកលោក គីម កិប ឱ្យដឹងថា លោក និងអ្នកភូមិរង់ចាំអាជ្ញាធរធ្វើផ្លូវបន្ទាប់ពីមានការវាស់វែងកាលពីដើមខែមិថុនា ឆ្នាំ២០២៣។ លោកបន្តថា ស្ថានភាពនៅក្នុងភូមិរបស់លោក រួមទាំងអ្នកដឹកទំនិញ និងសិស្សទៅសាលារៀនជួបការលំបាកខ្លាំង។
លោក គីម កិប អំពាវនាវឱ្យអាជ្ញាធរឃុំផ្សព្វផ្សាយព័ត៌មានឱ្យបានទូលាយឱ្យពលរដ្ឋបានដឹង បើសិនជាមានការផ្លាស់ប្តូរគម្រោងកុំឱ្យពលរដ្ឋទន្ទឹងរង់ចាំ។
លោក គីម កិប បន្តថា៖ «ខ្ញុំផ្ទាល់ចង់ឱ្យឃុំប្រាប់ពលរដ្ឋនៅក្នុងភូមិតាមមូលដ្ឋានឱ្យបានច្បាស់ថាឥឡូវខែនេះ ថ្ងៃប៉ុណ្ណេះហ្នឹង ខាងគ្រឿងចក្រគេនឹងចុះចូលធ្វើហើយកុំបារម្ភអី»។
ជុំវិញបញ្ហានេះមេឃុំសាគ្រាម លោក ចាន់ សុផល បកស្រាយថា ការផ្លាស់ប្តូរគម្រោងនេះ ដោយសារតែបញ្ហាទឹកជន់លិចមិនអាចបញ្ជូនគ្រឿងចក្រទៅធ្វើផ្លូវនៅភូមិកន្ទាកបាន ទើបលោកសម្រេចឱ្យធ្វើផ្លូវប្រវែង១រយម៉ែត្រនៅភូមិសាគ្រាមត្បូងសិន។ លោកថា ផ្លូវសាគ្រាមត្បូង ក៏ខូចខាតខ្លាំងពលរដ្ឋ និងសិស្សសាលាពិបាកធ្វើដំណើរ។
ចំពោះបញ្ហាចោទថា មិនបានកោះប្រជុំ ឬជូនដំណឹងដល់ក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន និង គណបក្សមូលដ្ឋាននោះ លោក ចាន់ សុផល អះអាងថា លោកបានជូនដំណឹង នេះដល់មន្ត្រីឃុំគ្រប់គ្នាបានដឹងហើយ ប៉ុន្តែក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន និងគណបក្សមូលដ្ឋាន មិនដែលទៅសាលាឃុំទេតាំងពីបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា មក។
លោក ចាន់ សុផល ឱ្យដឹងថា៖ «ព្រមព្រៀងព្រោះដីសល់យើងព្រមព្រៀងថាសល់ពីភូមិកន្ទាកយើងដាក់មកអូរខ្សង់ និងសាគ្រាមត្បូង មានកំណត់ហេតុ មានការចូលរួមទាំងអស់ប៉ុន្តែជំទប់២គាត់ជំទាស់។ ជំទប់២នេះគណបក្សមូលដ្ឋានគាត់អត់បានចូលរួមប្រជុំទេ»។
លោក ជឿន ណាស៊ី បញ្ជាក់ថា ក្រុមប្រឹក្សាឃុំបក្សភ្លើងទៀន និងបក្សមូលដ្ឋាន នៅឃុំជាប្រចាំពិសេសពេលប្រជុំមិនដែលអវត្តមានទេ។ ចំពោះការលើកឡើងថា ទឹកលិចផ្លូវនោះលោកហៅថាជាលេសតែប៉ុណ្ណោះ ព្រោះមានផ្លូវបើកគ្រឿងចក្រចូលភូមិកន្ទាកបានតាមច្រកក្រុមហ៊ុនមេគង្គ និងភូមិស្វាយស។
មាត្រា៦០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ចែងថា ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចាត់វិធានការ វាយតំលៃអំពីកម្រិតអាទិភាពនៃការអភិវឌ្ឍ និងសកម្មភាពអភិវឌ្ឍន៍នៅក្នុងឃុំសង្កាត់ របស់ខ្លួន។ ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំសង្កាត់ និងកំណត់អាទិភាពចំពោះសេចក្តីត្រូវការទាំងនោះដោយផ្អែកទៅលើធនធានទាំងឡាយដែលឃុំសង្កាត់ មាន និងធនធានដែលបានទទួល។ ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដឹកនាំការងារឱ្យស្របទៅនឹងផែនការការអភិវឌ្ឍឃុំសង្កាត់ របស់ខ្លួន។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកក្រុមប្រឹក្សា គឺជាក្រុមដែលមានអំណាចធំនៅឃុំក្នុងការសម្រេចចិត្តនានា។ លោក ប៉ិច ពិសី ថ្លែងថា បើមេឃុំពិតជាមិនអនុវត្តតាមស្មារតីនៃកិច្ចប្រជុំមែន ក្រុមប្រឹក្សាផ្សេងទៀតគួរស្នើទៅអាជ្ញាធរថ្នាក់លើ អន្តរាគមន៍ ដើម្បីបង្ហាញពីតម្លាភាពលើបញ្ហានេះ។
លោក ប៉ិច ពិសី បន្តថា៖ «ហើយក្រុមប្រឹក្សាទៀតសោតបើសិនជាមេឃុំមិនស្តាប់ទេគាត់គួរតែរៀបចំរបាយការណ៍បញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីធ្វើនីតិវិធីបន្តក្នុងការត្រួតពិនិត្យតាមដានរាល់ការអនុវត្តការងារហ្នឹងបាទ ពីព្រោះនៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិគឺក្រុមប្រឹក្សាមានអំណាចធំជាងគេ ហើយតួអង្គ ជាតួអង្គដែលត្រួតពិនិត្យតាមដានការងាររបស់អង្គប្រតិបតិ្តហ្នឹងគឺមេឃុំ ហើយនឹងមន្ត្រីដដៃទៀតក្រោមឱវាទហ្នឹងគឺត្រូវស្តាប់ក្រុមប្រឹក្សានេះបាទ»។
បើទោះជាមានការខ្វែងគំនិតគ្នាក៏ដោយ លោក ប៉ិច ពិសី យល់ឃើញថា នេះជាដំណើរការល្អដែលក្នុងឃុំសង្កាត់មានក្រុមប្រឹក្សាជាប់ឆ្នោតមកពីបក្សផ្សេងៗគ្នាដើម្បីជជែកដេញដោលជួយដល់ការអភិវឌ្ឍឱ្យមានតម្លាភាព។
អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោក សេង សារ៉ាត់ ជាអ្នកចូលរួមធ្វើជាអធិបតីក្នុងពេលដេញថ្លៃ ធ្វើផ្លូវនៅក្នុងឃុំសាគ្រាមកាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅនេះថ្លែងថា តាមលោកចាំការសម្រេច ពេលនោះ គឺធ្វើផ្លូវក្នុងភូមិកន្ទាក។ ចំពោះការផ្លាស់ប្តូរហើយមានការខ្វែងគំនិតគ្នារវាងក្រុមប្រឹក្សាឃុំនេះ លោកនឹងទាក់ទងទៅឃុំដើម្បីសម្របសម្រួល។
លោក សេង សារ៉ាត់ បញ្ជាក់ថា៖ «អ! ហ្នឹងហើយចឹង! ខ្ញុំនឹងទាក់ទងទៅខាងក្រុមប្រឹក្សាឃុំដើម្បីសួរនាំឱ្យជាក់ដើម្បីឱ្យគាត់ធ្វើកិច្ចការជូនដំណឹងណាមួយដើម្បីឱ្យគាត់បានដឹងទាំងអស់គ្នាវិញ»។
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានប្រាប់ខេមបូចាថា លោកមិនទាន់ទទួលដំណឹងពីការខ្វែងគំនិតគ្នារវាងក្រុមប្រឹក្សានៅក្នុងឃុំសាគ្រាមនេះទេ។ លោកថា លោកនឹងឱ្យមន្ត្រីនៅថ្នាក់ឃុំរាយការណ៍អំពីបញ្ហានេះដើម្បីលោកមានមូលដ្ឋានក្នុងការដោះស្រាយ។
លោក ងួន រតនៈ ថ្លែងថា៖ «នៅឡើយៗបង។ ចាំមើលចាំឱ្យរាយការណ៍បងបាទ»។
ឃុំសាគ្រាមមានភូមិចំនួន១១ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ (១០ ១២៨នាក់) ស្មើនឹងជាង២ពាន់គ្រួសារ (២ ១៤៣គ្រួសារ)។ នៅឃុំសាគ្រាមមានអាសនៈក្រុមប្រឹក្សាឃុំចំនួន៧ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាមាន៣អាសនៈ បក្សភ្លើងទៀនមាន២អាសនៈ និងបក្សប្រជាធិបតេយ្យមូលដ្ឋានមាន២អាសនៈ។
របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា កញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់ មានចន្លោះ ពី៧ម៉ឺន ទៅជាង២០ម៉ឺនដុល្លារ អាស្រ័យលើឃុំ-សង្កាត់តូច ឬធំ។ ចំណែកឃុំសាគ្រាមក្នុងឆ្នាំ២០២៣ គ្រោង ចំណាយជាង១ពាន់លានរៀល ដែលស្មើនឹងប្រមាណ២៥ម៉ឺនដុល្លារ។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់ជំរុញឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ចាត់ចែងថវិកាទាំងនេះឱ្យមានតម្លាភាព ឱ្យកើតជាផលប្រយោជន៍ នៅក្នុងមូលដ្ឋាន៕