កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការសាកសួរលើជនជាប់ចោទពីរនាក់នៅក្នុងចំណោមជនជាប់ចោទជាង១៣០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលស្ថិតនៅនិរទេសខ្លួនកាលពីឆ្នាំ២០១៩ ដែលត្រូវបានគេចាត់ទុកថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
សវនាការរយៈពេលបីម៉ោងដែលភាគច្រើនផ្តោតសំខាន់ទៅលើការទាក់ទងតាមបណ្តាញសង្គមរវាងលោក កាក់ កុម្ភារ និងលោក ហេង ចាន់សុទ្ធី ជាអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) និងមេដឹកនាំរបស់គណបក្សនេះ ដោយអ្នកទាំងពីរបដិសេធការចោទប្រកាន់ដែលថា ខ្លួនគឺជាអ្នករៀបចំដំណើរវិលត្រឡប់មិនបានសម្រេចនេះ។
ដោយក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា ជា «រឿងនយោបាយ» និង «ក្លែងក្លាយ» ការចោទប្រកាន់នេះគឺជាឧបសគ្គថ្មីមួយចំពោះសមាជិកនៅសេសសល់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧។ លោក កឹម សុខា សហស្ថាបនិករបស់គណបក្សនេះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនិងសមាជិកជាន់ខ្ពស់១១៨រូបផ្សេងទៀតត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីគណបក្សនេះទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់អំឡុងការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិ។
ក្រោមការសួរដេញដោលពីលោកចៅក្រមនិងតំណាងអយ្យការ លោក កុម្ភារ អាយុ៥៥ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបាននិយាយថា ខណៈលោកប្តេជ្ញាថានឹងទៅស្វាគមន៍ការវិលត្រឡប់របស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិនោះ លោកមិនបានទាក់ទងជាមួយពួកគេ ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងផែនការដែលគេផ្សព្វផ្សាយជាទូទៅនោះដែរ។
លោក កុម្ភារ និយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីដូចជាការប្រមូលមនុស្សមកផ្តួលរំលំរដ្ឋាភិបាលនោះទេ…គេចោទខ្ញុំក្បត់ជាតិ ប៉ុន្តែខ្ញុំមិនបានធ្វើអ្វីក្បត់ជាតិទេ។ ការចោទប្រកាន់នេះមិនត្រឹមត្រូវទេ»។
ជនជាប់ចោទទីពីរដែលត្រូវតុលាការសួរដេញដោលបន្ទាប់គឺលោក ចាន់សុទ្ធី អាយុ៥៩ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យនៅរាជធានីភ្នំពេញបានប្រាប់តុលាការថា លោកក៏ត្រៀមនឹងទៅស្វាគមន៍ការវិលត្រឡប់របស់មេដឹកនាំណគបក្សផងដែរកាលពីខែវិច្ឆិកាឆ្នាំ២០១៩។
ស្ថិតក្រោមការសាកសួរបន្តបន្ទាប់ លោក ចាន់សុទ្ធី ដំបូងបានប្រាប់តុលាការថា លោកមិនបានទាក់ទងជាមួយអតីតអនុប្រធានគណបក្សគឺលោក អេង ឆៃអ៊ាង ទេ ប៉ុន្តែបានទទួលស្គាល់នៅពេលក្រឡាបញ្ជីបានចម្លើយរបស់លោកនៅដំណាក់កាលចៅក្រមស៊ើបដែលថា លោកបានទទួលសារពីអនុប្រធានបក្សដែលកំពុងនិរទេសខ្លួននិងបានចែករំលែកនៅក្នុងក្រុមជជែកនៃបណ្តាញសង្គម (group chat) និងលើហ្វេសប៊ុករបស់លោកផងដែរ។
លោកបាននិយាយថា៖ «ខ្ញុំទទួលបានសារពីលោក អេង ឆៃអ៊ាង ហើយខ្ញុំបានឆ្លើយតបទៅគាត់វិញតាមសារម៉េសិនជ័រ (messenger) ហើយមានមនុស្សពីរនាក់បានចុចឡាយនិងគាំទ្រផែនការនេះ»។
សវនាការលើសមាជិកនិងអ្នកគាំទ្ររបស់បក្សប្រឆាំងជាង១៣០នាក់ ដែលត្រូវបានពន្យាពេលកាលពីខែមុននិងបានបង្រួមមកត្រឹមពីរសំណុំរឿងវិញនោះត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជានិងនៅទូទាំងពិភពលោក។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការជាសាធារណៈមួយ ដើម្បីទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីការពារខ្លួនលោកស្រី ស្របពេលលិខិតឆ្លងដែនកម្ពុជារបស់លោកស្រីត្រូវបានលុបចោល ហើយស្ថានទូតខ្មែរនៅអាមេរិកទីដែលលោកស្រីកំពុងរស់នៅបដិសេធមិនផ្តល់ទិដ្ឋាការធ្វើដំណើរទេ នេះបើតាមការលើកឡើងរបស់លោកស្រី។
ជនជាប់ចោទបានអះអាងថា មានភាពមិនប្រក្រតីច្រើននៅក្នុងដំណើរការជំនុំជម្រះនេះ ដែលមានទាំងការសរសេរឈ្មោះខុសនិងការមិនទទួលបានដីកាកោះមកបង្ហាញមុខក្នុងតុលាការជាដើម ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេត្រូវបានរារាំងមិនឲ្យវិលត្រឡប់មកប្រឈមមុខនឹងសវនាការ។
នៅខាងក្រៅតុលាការវិញ លោក សំ សុគង់ ជាមេធាវីការពារក្តីឲ្យអតីតសមាជិកគណបក្សប្រឆាំងនិងលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសម្តែងក្តីបារម្ភអំពីភាពត្រឹមត្រូវនិងយុត្តិធម៌នៃសវនាការនេះ ស្របពេលមានការសួរដេញដោលសង្កត់ធ្ងន់លើជនជាប់ចោទ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានចម្ងល់ នៅពេលពួកគាត់គ្រាន់តែសម្តែងមតិតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឬមានគ្រុបម៉េសិនជ័រ (group messenger) តើអាចចាត់ទុកជាអំពើក្បត់ជាតិយ៉ាងដូចម្តេច»។
លោកស្រី បានបន្ថែមថា៖ «តើវាជាបទល្មើសឬនៅពេលយើងប្រើប្រាស់របស់ទាំងនេះ? ការសាកសួរនេះពិតជាធ្វើឲ្យខ្ញុំមានចម្ងល់»។
លោកស្រី Yamini Mishra នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅអង្គការលើកលែងទោសអន្តរជាតិបានមានប្រសាសន៍ថា សវនាការនេះគឺជា៖ «ការឈានដល់កម្រិតខ្ពស់បំផុតនៃយុទ្ធនាការធ្វើទុក្ខបុកម្នេញឥតឈប់ឈរលើគណបក្សប្រឆាំងនៅកម្ពុជា»។
លោកស្រីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ប្រវត្តិសាស្ត្រថ្មីៗក្នុងប្រទេសកម្ពុជាបង្ហាញថា ជនជាប់ចោទទាំងនោះមានសង្ឃឹមតិចតួចណាស់ថា នឹងទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌»។
ស្របពេលមានការរីករាលជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្តាប់ «ឱកាសមាសក្នុងការបង្កើនការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង» នេះបើតាមការលើកឡើងរបស់លោក Phil Robertson នាយករងនៃអង្គការឃ្លាំងមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី។
លោកមានប្រសាសន៍ថា៖ «គោលដៅរបស់រដ្ឋាភិបាលច្បាស់ណាស់គឺប្រើប្រាស់តុលាការដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាដើម្បីបង្ហាញពិភពលោកជាការសម្រេចដែលមិនអាចកែប្រែបាន ហើយដែលជាការបញ្ចប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងជាការប្រមូលផ្តុំអំណាចរបស់លោក ហ៊ុន សែន ស្របពេលពិភពលោកកំពុងងើបចេញពីស្រមោលនៃជំងឺកូវីដ-១៩»។
មានវត្តមានកងកម្លាំងជាច្រើនបានការពារដំណើរការជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលបណ្តាញព័ត៌មាន សកម្មជននិងអ្នកដែលមានបំណងតវ៉ាមួយចំនួនត្រូវបានរារាំងដោយរនាំងដែកមិនឲ្យចូលទៅក្បែរតុលាការ។
ចំពេលមានភាពច្របូកច្របល់នេះ ណី លក្ខ អតីតចៅសង្កាត់រងនៅខេត្តបាត់ដំបងនិងជាជនជាប់ចោទផងនោះបានមកយឺតជាងមួយម៉ោងសម្រាប់សវនាការនេះ។ នាងថា មន្ត្រីអង្គការសហប្រជាជាតិបានជួយអន្តរាគមន៍ដើម្បីឲ្យនាងបានចូលតុលាការ។
ណី លក្ខ បាននិយាយថា៖ «នគរបាលរារាំខ្ញុំមិនឲ្យចូលតុលាការ បើទោះបីជាខ្ញុំប្រាប់គាត់ថា ខ្ញុំគឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទដែលត្រូវមកផ្តល់ចម្លើយក៏ដោយ។ ខ្ញុំខ្លាចចៅក្រមចោទខ្ញុំថា មិនអនុវត្តតាមដីកាកោះរបស់ខ្ញុំ»។
ចៅក្រម អ៊ឹម វណ្ណៈមានប្រសាសន៍ថា សវនាការនឹងបន្តនៅថ្ងៃទី២៨ ខែមករា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court begins trials of 130 accused of plotting to topple Hun Sen