កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរអ្នកភូមិបឹងតាមោកចំនួន៦នាក់ ដែលបានប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាលពីខែធ្នូ។ ការសាកសួរនេះបានបញ្ចប់មួយថ្ងៃមុនការរំពឹងទុក ដោយជនត្រូវចោទបានបដិសេធការចោទប្រកាន់ និងទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់។
លោក សុខ បាន មន្ត្រីសាលាខណ្ឌព្រែកព្នៅបានប្ដឹងពលរដ្ឋទាំងនេះពីបទហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ អំឡុងពេលមានជម្លោះកាលពីថ្ងៃទី១៨ ខែធ្នូ។ សមាជិកសហគមន៍សំរោងត្បូងបានប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ ពេលក្រុមមន្ត្រីព្យាយាមរុះរើតូបលក់បន្លែដែលពលរដ្ឋកំពុងសាងសង់។
អ្នកស្រី អំ ភឿន ជាអ្នកជិតខាងរបស់អ្នកស្រី គង់ តឿ ម្ចាស់តូបលក់បន្លែត្រូវបានសាកសួរអស់រយៈពេល២០នាទីកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយប្រាប់ខេមបូចា តុលាការបានសួរថា តើគាត់បានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះឬយ៉ាងណា ហើយថា តើអ្នកស្រីបានប្រើហិង្សាមកលើអាជ្ញាធរឬទេ។ អ្នកស្រីបានបដិសេធការចោទប្រកាន់នេះ។
អ្នកស្រី អំ ភឿន បាននិយាយថា៖ «គាត់បានសួរខ្ញុំថា តើខ្ញុំបានទៅវាយអាជ្ញាធរឬអត់? ខ្ញុំប្រាប់គាត់ថា ប្រជាពលរដ្ឋយើងមិនដែលឈ្លោះជាមួយអាជ្ញាធរទេ ប៉ុន្តែអាជ្ញាធរមករកពួកយើង បំផ្លាញតូបរបស់ គង់ តឿ ដែលកំពុងសាងសង់នៅលើដីរបស់គាត់ មិនមែននៅលើដីអាជ្ញាធរ ឬក្រុមហ៊ុនទេ»។
អ្នកស្រីនិយាយថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រី គឺជាជនរងគ្រោះពិតប្រាកដក្នុងជម្លោះនេះ ហើយទាមទារឲ្យតុលាការរកដំណោះស្រាយចំពោះវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ និងដាក់ឲ្យក្រុមមន្ត្រីទាំងនោះទទួលខុសត្រូវ។
កញ្ញា យ៉ន សម្បត្តិ អាយុ១៩ឆ្នាំ ជាកូនស្រីរបស់អ្នកស្រី គង់ តឿ ត្រូវបានសាកសួរអស់រយៈពេល១ម៉ោងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយនាងបានបដិសេធថា មិនបានប្រើហិង្សាលើអាជ្ញាធរទេ។
អ្នកស្រី គឹម យឿន អាយុ ៣០ឆ្នាំ ជាកូនស្រីម្នាក់ទៀតរបស់អ្នកស្រី គង់ តឿ ក៏ត្រូវបានសាកសួរផងដែរ និងបានបដិសេធថា មិនបានប្រើហិង្សាលើមន្ត្រីទេ ដោយនិយាយថា អំឡុងពេលមានការប៉ះទង្គិចគ្នាកាលពីខែធ្នូ នាងបានត្រឹមតែជួយទប់ម្តាយរបស់នាងឲ្យឈរ និងដើរប៉ុណ្ណោះ ដោយសារម្តាយរបស់នាងមានសុខភាពមិនល្អ។
លោក សួស វិទ្យារ៉ាឌី អ្នកនាំពាក្យចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញបានបដិសេធធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរបន្ថែមទៅព្រះរាជអាជ្ញារង ប្លង់ សុផល។ នៅក្នុងសារតាមតេឡេក្រាមកាលពីថ្ងៃសុក្រ លោក ប្លង់ សុផល បានសរសេរថា លោកមិនមានព័ត៌មានបន្ថែមអំពីករណីនេះទេ។
រដ្ឋាភិបាលបានកាត់ឆ្វៀលជាងពាក់កណ្តាលនៃផ្ទៃបឹងតាមោកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះទៅឱ្យអ្នកជំនួញធំៗ និងស្ថាប័នរដ្ឋ ដែលកំពុងចាក់លុបបឹងសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ។ យោងតាមអង្គការសមាគមធាងត្នោត (STT) បានឱ្យដឹងថា ប្រជាពលរដ្ឋ ឬតំបន់នៅតាមមាត់បឹងត្រូវបានបណ្តេញចេញដោយបង្ខំ និងបន្តប្រឈមនឹងការគំរាមបណ្តេញចេញ។
កាលពីខែមុន អង្គការសង្គមស៊ីវិលចំនួន៣៨ រួមទាំងសហគមន៍មូលដ្ឋានបានអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីសមាជិកសហគមន៍សំរោងត្បូង និងចេញប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋ។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត (STT) មានប្រសាសន៍ថា ជំហររបស់អង្គការ គឺសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើសមាជិកសហគមន៍សំរោងត្បូង។ លោកបន្តថា ឧប្បត្តិហេតុនេះកើតឡើងពីការខ្វែងគំនិតគ្នាជុំវិញថា អ្នកណាមានសិទ្ធិលើដីនោះ។
លោកមានប្រសាសន៍ថា៖ «តុលាការគួរពិចារណាអំពីប្រភេទដីរបស់សហគមន៍ដែលមានជម្លោះជាមុនសិន។ ប្រសិនបើវាជាដីឯកជន [បណ្ដឹង]នេះគួរតែត្រូវបានទម្លាក់ចោល ហើយសមាជិកសហគមន៍គួរតែមានសិទ្ធិជាម្ចាស់ដីនោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Concludes Questioning of Boeung Tamok Residents Who Clashed With District Officials