សាលាដំបូងខេត្តព្រះវិហារនៅថ្ងៃព្រហស្បតិ៍បានផ្តន្ទាទោសអ្នកសារព័ត៌មានចំនួន ៨នាក់ ឲ្យជាប់ពន្ធនាគារ បន្ទាប់ពីរកឃើញថាមានទោសពីបទគំរាមទារប្រាក់ពីម្ចាស់ឃ្លាំងឈើមួយ កាលពីខែមិថុនា។
អ្នកសារព័ត៌មានទាំងនោះត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីម្ចាស់ឃ្លាំងឈើបានរាយការណ៍ថា ក្រុមអ្នកសារព័ត៌មាននេះបានថតរូបដោយមិនមានការអនុញ្ញាតក្នុងឃ្លាំងឈើឯកជន។
លោក គឹម សំឡេង ព្រះរាជអាជ្ញារងខេត្ត បានប្រាប់ខេមបូចា ថាអ្នកសារព័ត៌មានចំនួនប្រាំពីររូបត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ ៤ខែ និង២០ថ្ងៃ ហើយទោសដែលនៅសល់គឺត្រូវបានព្យួរ។ អ្នកសារព័ត៌មានទាំងនោះមានឈ្មោះ គឹម ហ៊ាន អាយុ ៤២ឆ្នាំ វង្ស និមល ៤១ឆ្នាំ គឹម ហុង ៤០ឆ្នាំ រឿង ឈន ៤០ឆ្នាំ សំ សារឿន ៤៩ឆ្នាំ សឹង សូភី ៤២ឆ្នាំ និងឆាយ លីវ ៥១ឆ្នាំ។ អ្នកសារព័ត៌មានទីប្រាំបីឈ្មោះ ជា សាម៉ុន ៣៩ឆ្នាំ ត្រូវបានផ្តន្ទាទោសចំនួន ២.៦ឆ្នាំ ប៉ុន្តែអនុវត្តទោសតែចំនួនប្រាំបីថ្ងៃ ហើយគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំរួចហើយ និងទោសដែលនៅសល់ត្រូវបានព្យួរដូចគ្នា។
លោក សំឡេង បាននិយាយថា លោកសាម៉ុនត្រូវបានដោះលែងមុនគេ ពីព្រោះភរិយារបស់លោកបានស្លាប់ ដោយត្រូវបានរាយការណ៍ថា បានកើតជំងឺគាំងបេះដូងនៅពេលឮថា ស្វាមីរបស់ខ្លួនត្រូវជាប់ពន្ធនាគារ។
ព្រះរាជអាជ្ញារងរូបនេះបានមានប្រសាសន៍ថា អ្នកសារព័ត៌មានដែលបានជាប់ទោសខាងលើ បានទារប្រាក់ពីម្ចាស់ឃ្លាំងឈើលោក ហ៊ឹម ឆេងហ៊ាន អាយុ ៣៧ឆ្នាំ ចំនួនពី១០០ទៅ១៥០ដុល្លារ ក្នុងម្នាក់ៗ។ លោក ឆេងហ៊ាន បានប្រាប់ទៅវិញថា លោកអាចឲ្យត្រឹមតែ២៥ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ហើយអ្នកសារព័ត៌មានទាំងនោះមិនយល់ព្រម។
ក្រុមអ្នកសារព័ត៌មានទាំងនេះគឺ រួមមានអ្នកដឹកនាំសារព័ត៌មានឌីជីថលខ្នាតតូចមួយចំនួន។ លោក ឆុន គឺជាចាងហ្វាងផ្សព្វផ្សាយឲ្យសារព័ត៌មានឥទ្ធិពលព្រះអាទិត្យ ហើយលោកសារឿនជាចាងហ្វាងផ្សព្វផ្សាយឲ្យសារព័ត៌មានស្ថាបនា។ លោកស្រី និមល ចាងហ្វាងផ្សព្វផ្សាយឲ្យសារព័ត៌មានភ្នែករាស្រ្ត និងលោកសូភីជានិពន្ធនាយកសារព័ត៌មានខ្មែរជាយដែន។
ក្រុមអ្នកសារព័ត៌មាននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមិថុនា ហើយប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ អ្នកសារព័ត៌មានទាំងប្រាំពីរនាក់នឹងត្រូវដោះលែងនៅថ្ងៃទី២២ ខែតុលានេះ។
លោក នួន ផានិត មេធាវីតំណាងឲ្យអ្នកសារព័ត៌បួននាក់ក្នុងចំណោមទាំងប្រាំបីនាក់ បាននិយាយថា ទោះបីជាតុលាការផ្តន្ទាទោសកូនក្តីរបស់លោកនូវទោសទណ្ឌអប្បបរមាក៏ដោយ កូនក្តីរបស់លោកនៅតែបានប្រឈមមុខនឹងភាពអយុត្តិធម៌ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសពួកគេពីបទគំរាមទារប្រាក់នោះទេ។
លោក ផានិត ក៏បានជំរុញឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នឹងក្រមសីលធម៌ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ដើម្បីបញ្ចៀសពីការប្រព្រឹត្តខុសច្បាប់ជាយថាហេតុណាមួយ។
អ្នកស្រី ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បាននិយាយថា អ្នកស្រីសុំមិនបញ្ចេញមតិលើករណីនេះ។ អ្នកស្រីក៏បានលើកឡើងពីការណ៍ដែលអ្នកសារព័ត៌មានទាំងនេះបានចូលមកខេត្តព្រះវិហារ ដោយពួកគាត់មិនបានផ្តល់ដំណឹងដល់អ្នកស្រី ដែលការផ្តល់ដំណឹងនេះគឺមិនតម្រូវឲ្យធ្វើជាចាំបាច់នោះទេនៅកម្ពុជា។
អ្នកស្រីបានថ្លែងថា៖ «តាមគំនិតខ្ញុំ ខ្ញុំគិតថា អ្នកសារព័ត៌មានដែលទៅយកព័ត៌មាននៅខេត្តណាមួយ គួរតែផ្តល់មន្ទីរព័ត៌មានខេត្តដឹង ពីព្រោះនៅពេលពួកគេមានបញ្ហា [យើង] មិនបានដឹងនោះទេ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាននិយាយថា ជាទូទៅ តុលាការគួរស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីទីតាំងដែលអ្នកសារព័ត៌មានចុះទៅយកព័ត៌មាន មុនពេលផ្តន្ទទោសពីបទប្រព្រឹត្តអំពើខុសច្បាប់ណាមួយ។
លោកបានថ្លែងថា៖ «នៅក្នុងសកម្មភាពនិងការងារអ្នកសារព័ត៌មានទាំងនោះ តុលាការនៅតែប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដើម្បីកាត់ទោសពួកគេ» ដោយបន្ថែមថា ការអនុវត្តទោសទណ្ឌករណីព្រហ្មទណ្ឌអាចប៉ះពាល់ដល់អាជីពជាអ្នកសារព័ត៌មានទាំងមូល។
លោក ណុប វី បានថ្លែងបន្តថា៖ «ខ្ញុំសោកស្តាយដែលអ្នកសារព័ត៌មាននៅតែទទួលរងការប្តឹងផ្តល់ និងការចោទប្រកាន់បែបនេះ»។ ដោយលោក បន្ថែមទៀតថា៖ «ហើយខ្ញុំក៍សោកស្តាយ ខ្ញុំយល់ឃើញថា ច្បាប់ស្តីពីរបបសារព័ត៌មាននៅតែអវត្តមានក្នុងការប្រើប្រាស់ ជាពិសេស ករណីប្រឆាំងនឹងអ្នកសារព័ត៌មាន»។
លោក អ៊ិត សូធឿត នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏បានមានប្រសាសន៍ថា ការកាត់ទោសមកលើអ្នកសារព័ត៌មាន ខណៈពួកគេបំពេញកាតព្វកិច្ចការងាររបស់ខ្លួន អាចគំរាមកំហែងសេរីភាពសារព័ត៌មាន។ ចំពោះករណីថតរូបដោយមិនមានការអនុញ្ញាត លោកសូធឿត បានលើកឡើងថា ប្រសិនបើឃ្លាំងឈើនោះត្រូវធ្លាប់មានសកម្មភាពខុសច្បាប់ណាមួយ ការស្នើសុំថតរូបមុនអាចផ្តល់ឱកាសដល់ជនដៃដល់ឲ្យប្រព្រឹត្តបទល្មើសបន្ថែមទៀត។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ទំហំរយៈពេលនៃការឃុំខ្លួនអ្នកសារព័ត៌មានទាំងនោះគឺមានគោលបំណងគំរាមអ្នកសារព័ត៌មានមិនឲ្យបំពេញកាតព្វកិច្ចរបស់ពួកគេ [ដូចជា] ការតាមដានសកម្មភាព ឬបទល្មើសណាមួយ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបដិសេធថា សេចក្តីសម្រេចរបស់តុលាការក្នុងការចោទប្រកាន់មកលើអ្នកប្រព្រឹត្តខុសច្បាប់គឺជាការរឹតត្បិតសេរីភាពសារព័ត៌មាន។
លោកបានថ្លែងថា៖ «អ្នកដែលបំពានច្បាប់ត្រូវតែយកមកទទួលទោសនៅមុខច្បាប់» ដោយច្រានចោលថា សេរីភាពបញ្ចេញមតិគឺជាកត្តាមួយផងដែរក្នុងករណីខាងលើនេះ។
កាលពីថ្ងៃអង្គារ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញរបាយការណ៍ប្រចាំត្រីមាសចុងក្រោយរយៈពេលពីខែកក្កដាដល់កញ្ញាឆ្នាំនេះ ដែលសមាគមបានសង្កេតឃើញថា មានករណីផ្សេងៗដែលបានប៉ះពាល់ដល់អ្នកសារព័ត៌មានសរុបចំនួន ២១នាក់។
របាយការណ៍ប្រចាំត្រីមាសក៏បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានឌីជីថលត្រូវបានកាត់បន្ថយអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ស្របពេលមានការកើនឡើងយ៉ាងច្រើននូវការចោទប្រកាន់ពី «ព័ត៌មានក្លែងក្លាយ» ការដកហូតអាជ្ញាបណ្ណសារព័ត៌មាន ការគំរាមកំហែងនិងការចាប់ខ្លួននាឆ្នាំនេះដែលជាប់ពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩៕ (រាយការណ៍បន្ថែមដោយ ជា សុខនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court hands prison sentences to eight journalists in timber extortion case