សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស

រូបថតលោក ស៊្រុន ស្រ៊ន កំពុងឈរនៅខាងមុខស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ (រូបថត៖ ហ្វេសប៊ុកលោក ស្រ៊ុន ស្រ៊ន)
រូបថតលោក ស៊្រុន ស្រ៊ន កំពុងឈរនៅខាងមុខស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ (រូបថត៖ ហ្វេសប៊ុកលោក ស្រ៊ុន ស្រ៊ន)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី៤ ខែកក្កដា ​បាន​បដិសេធ​មិន​ឱ្យ​សកម្មជន​ចំនួន​ប្រាំបី​នាក់ ​រួម​ទាំង​លោក ស្រ៊ុន ស្រ៊ន អ្នកនិយាយបន្តពីកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ក្រៅ​ឃុំ ​​ពាក់ព័ន្ធនឹង​បទ​ញុះញង់​បណ្តាលឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សន្តិសុខ​សង្គម។

លោកចៅក្រម ញឹម ពិសាល បានប្រកាសសាលក្រមបដិសេធសំណើសុំនៅក្រៅឃុំរបស់ចុងចោទ ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតអំពី​សេចក្តីសម្រេច នេះបើយោងតាមមេធាវីការពារក្តី។

លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យជនជាប់ចោទ បានមានប្រសាសន៍ថា៖ «សាលក្រមត្រូវបានប្រកាសក្នុងលក្ខណៈប្រញាប់ប្រញាល់ ដោយមិនបញ្ជាក់ពីមូលហេតុ ហើយចៅក្រមបានច្រានចោលសំណើរបស់មេធាវី»។ លោកបន្តថា៖ «យើងសោកស្តាយចំពោះការសម្រេចនេះ»។

សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំមុន បន្ទាប់ពីបានបង្ហោះវីដេអូផ្សាយផ្ទាល់នៅ​លើ Facebook បញ្ចេញមតិរបស់ពួកគេលើការចោទថាបានប្រគល់ខេត្តភាគឦសានរបស់កម្ពុជាទៅឱ្យប្រទេសវៀតណាម ក្រោមគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

អ្នកស្រី ស្វាយ ពៅ ភរិយា​ជន​ជាប់​ចោទ សាន សិទ្ធ ដែល​ចូល​រួម​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​​នៅ​ក្រៅ​ឃុំ ដោយ​ទទូច​ថា​គាត់​គ្មាន​កំហុស។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់ ​ព្រោះ​កូន​ខ្ញុំ​មក​ជាមួយ​ខ្ញុំ​ដើម្បី​ស្វាគមន៍​ឪពុក ជំនួស​ឱ្យ​គាត់ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​»។ អ្នកស្រីបន្ថែម​ថា ​អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ដាក់​បណ្តឹង​ឧទ្ធរណ៍​។

អ្នកស្រី ពៅ បានលើកឡើងថា៖ «គាត់ជាប្តីដ៏ល្អ។ អ្វីដែលគាត់បានធ្វើគឺជាការរួមចំណែកដល់សង្គម និងជួយសហគមន៍ ជាពិសេសលើក​សិកម្ម​ដាំបន្លែ»។

លោកស្រី​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូលរួម ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​សង្គម និង​សកម្មភាព​នយោបាយ។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការបន្តឃុំខ្លួនពួកគេគឺ «អយុត្តិធម៌» ដោយពណ៌នាការកាត់ទោសថាជាទម្រង់នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។

លោកបានចង្អុលបង្ហាញថា ការផ្តន្ទាទោសអតិបរមាសម្រាប់ការចោទប្រកាន់ពីបទញុះញង់គឺពីប្រាំមួយខែទៅពីរឆ្នាំ ប៉ុន្តែជនជាប់ចោទបានជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំហើយ ដោយមិនបានកាត់ក្តីពេញលេញ​លើសំណុំរឿងរបស់ពួកគេ ដែលលោកបានពិពណ៌នា​ថា ការផ្តន្ទាទោសនឹងមិនមានដំណើរការត្រឹមត្រូវឡើយ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Rejects Bail Request by Paris Peace Agreement Activists

ព័ត៌មានថ្មី

អត្ថបទពេញនិយម