សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះបានប្រកាសថា គ្មានការសាកសួរសាក្សីបន្ថែមទៀតទេ ក្នុងសវនាការលើសំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ហើយតុលាការបានកំណត់ពេលសម្រាប់ការធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី២១ ខែធ្នូ។
មេធាវីការពាររបស់ កឹម សុខា បានស្នើសុំឲ្យតុលាការកំណត់ពេលត្រឹមពីរសប្តាហ៍សម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន ប៉ុន្តែមេធាវីរបស់រដ្ឋាភិបាល និងព្រះរាជអាជ្ញាបានស្នើសុំពេលវេលារៀបចំសេចក្តីសន្និដ្ឋានពី២ ទៅ៣ខែ។
លោក កឹម សុខា បានថ្លែងនៅក្នុងតុលាការថា៖ «ពីរខែហាក់ដូចជាយូរពេក។សម្រាប់ខ្ញុំ ខ្ញុំជាជនរងគ្រោះ ហើយខ្ញុំចង់បានយុត្តិធម៌ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
តុលាការបានបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានដាក់ឲ្យនៅក្រៅច្បាប់នេះរយៈពេលជិត៣ឆ្នាំហើយ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទសន្និដ្ឋិភាពជាមួយបរទេស។ ការកាត់ក្តីរបស់លោករងការរិះគន់ម្តងហើយម្តងទៀតពីអង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិច បន្ទាប់ពីមានការពន្យារពេលដ៏យូរនិងភស្តុតាងតិចតួច។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលរយៈពេលពីរខែ ក្រោយពេលការចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលព្រមានថា មានការសមគំនិតធ្វើ «បដិវត្តពណ៌» ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដ៏យូរ ហើយតាមចោទថា ប្រព្រឹត្តដោយគណបក្សសង្រ្គោះជាតិដោយមានការគាំទ្រពីបរទេស។
មេធាវីការពាររបស់លោក កឹម សុខា មិនបានទទួលជោគជ័យទេនៅក្នុងការជំទាស់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះការសម្រេចរបស់ប្រធានក្រុមប្រឹក្សា លោក កូយ សៅ ដែលប្រកាសបញ្ចប់ការសាកសួរសាក្សី។
ក្រុមមេធាវីការពារបានជំទាស់ថា តំណាងអង្គការបរទេសដែលត្រូវបានចោទប្រកាន់ថា បានគប់គិតជាមួយគណបក្សសង្គ្រោះជាតិ ដូចជាវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក គួរតែត្រូវបានកោះហៅឲ្យមកផ្តល់សក្ខីកម្មផងដែរ។ សាក្សីចំនួន៩នាក់ក្នុងចំណោមសាក្សីទាំង២៧នាក់ដែលត្រូវបានកោះហៅបានផ្តល់សក្ខីកម្មអំឡុងដំណើរការនៃការជំនុំជម្រះនេះ។
ព្រះរាជអាជ្ញារង ប្លង់ សុផល បានទទួលយកសេចក្តីសម្រេចរបស់លោកចៅក្រម ប៉ុន្តែបាននិយាយថា ពីរខែមិនគ្រប់គ្រាន់ដើម្បីរៀបចំទេ ដោយសារព្រះរាជអាជ្ញាមានសំណុំរឿងតុលាការជាច្រើនទៀតដែលត្រូវដោះស្រាយ។
លោកមានប្រសាសន៍ថា៖ «សំណុំរឿងនេះចំណាយពេលច្រើន ជាសំណុំរឿងដ៏ធំមួយ។ មានភស្តុតាងនិងសាក្សីច្រើន និងឯកសារក៏ច្រើន»។
ប៉ុន្តែលោក ចាន់ ចេន សហមេធាវីការពារក្តីរបស់លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា លោកមិនសប្បាយចិត្តនឹងការលើកពេលដ៏យូរនេះទេ ហើយក្រុមមេធាវីរបស់លោក កឹម សុខា បានត្រៀមសេចក្តីសន្និដ្ឋានរបស់ខ្លួនរួចរាល់ហើយ។
លោក ចាន់ ចេន បានមានប្រសាសន៍ថា៖ «យើងពិតជាសោកស្ដាយដែលតុលាការបានទុកពេលយូរ។ វាមិនសមហេតុផលទេ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍កូនក្តីរបស់ខ្ញុំ។ ពីរសប្តាហ៍គឺជាពេលវេលាសមស្របសម្រាប់ភាគីទាំងអស់ ដើម្បីដាក់សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់ខ្លួន»។
លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកស្វាគមន៍ចំពោះការឈានដល់ការធ្វើសេចក្តីសន្និដ្ឋាននៃសំណុំរឿងរបស់លោក កឹម សុខា ដោយកត់សម្គាល់ពីកង្វះភស្តុតាងដែលគួរឲ្យជឿជាក់ដែលបានបង្ហាញនៅក្នុងសវនាការទាំងមូល។
លោក សំអាត បានមានប្រសាសន៍ថា៖ «យើងបានឃ្លាំមើលសំណុំរឿងនេះ។ មិនមានភស្តុតាងច្បាស់លាស់ ដើម្បីបង្ហាញថា គាត់ត្រូវរ៉ូវជាមួយរដ្ឋបរទេសទេ»។
ទោះជាយ៉ាងណា លោកបានបន្ថែមថា មានតែការដោះស្រាយតាមផ្លូវនយោបាយប៉ុណ្ណោះដែលអាចបញ្ចប់សំណុំរឿងនេះបាន។
លោកបានមានប្រសាសន៍ថា៖ «ដូច្នេះ លោក កឹម សុខា អាចវិលត្រឡប់មកឆាកនយោបាយវិញ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Schedules Closing Remarks for Kem Sokha Trial in Two Months