សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លោក ឌួង ងៀប ដែលមានងារជាឧកញ៉ា និងជាឧត្តមសេនីយ៍ផ្កាយ៣ នៅក្រសួងមហារផ្ទៃផង ពាក់ព័ន្ធនឹងបទឆបោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ខេមបូចា ថា តុលាការបានសម្រេចឃុំខ្លួនលោក ឌួង ងៀប ប៉ុន្តែលោកបដិសេធផ្ដល់ព័ត៌មានកលម្អិត។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានឲ្យដឹងដែរថា លោក ឌួង ងៀប ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ តាមដីការបស់តុលាការ។
លោក ឌួង ងៀប ត្រូវបានចាប់ខ្លួនមួយសប្ដាហ៍ បន្ទាប់ពីរូបលោកបានចេញវីដេអូផ្សាយផ្ទាល់មួយដោយបានចោទប្រកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញថាពុករលួយ និងថាបានគាបសង្កត់រូបលោក ដោយចោទប្រកាន់ថាបានឆបោកអ្នកវិនិយោគតៃវ៉ាន់។
តាមរយៈវីដេអូឃ្លីបនោះ លោក ឌួង ងៀប បានអំពាវនាវរកជំនួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអះអាងថាលោកបានរងគ្រោះពីអំពើអយុត្តិធម៌។
លោក ថ្លែងថា ៖ «ខ្ញុំបានទទួលការចោទប្រកាន់ដោយអយុត្តិធម៌ពីសាលាដំបូងរាជធានីភ្នំពេញ បង្វែរ[សំណុំរឿង]ពីសទៅខ្មៅ»។ «ពេលខ្ញុំចូលតុលាការម្ដង ខ្ញុំយកលុយទៅម្ដង…គេចែកគ្នាស៊ី គេចិញ្ច្រាំខ្ញុំគេឲ្យខ្ញុំបង់ប្រាក់ធានាប្រាំលានដុល្លារជាថ្នូរនឹងបាននៅក្រៅឃុំ»។
លោក បន្ថែមថា៖ «ឥឡូវនេះខ្ញុំគ្មានលុយទៀតទេ ខ្ញុំគ្មានជម្រើស មានតែដើរចូលគុកដោយខ្លួនឯង»។
អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបដិសេធការចោទប្រកាន់របស់លោក ឌួង ងៀប ថាមានអំពើពុករលួយ។ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថាចៅក្រមស៊ើបសួរបានអនុញ្ញាតឲ្យជនជាប់ចោទអាចបង់ប្រាក់ធានាឲ្យនៅក្រៅឃុំជាង ៥,៣លានដុល្លារ ប៉ុន្តែលោក ឌួង ងៀប មិនបានបង់ប្រាក់ធានានោះទេ។ ក្នុងសេចក្ដីថ្លែងការណ៍ ក៏បានបញ្ជាក់ដែរថា លោក ឌួង ងៀប រងបណ្ដឹងពីអ្នកវិនិយោគជនជាតិតៃវ៉ាន់ចំនួនពីររូបពីបទ ឆបោកទាក់ទងនឹងគម្រោងអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។
ដូចគ្នាដែរ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ក៏បានចេញលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយស៊ើបអង្កេតដោយសង្ស័យលើ លោក ឌួង ងៀប ពីរឿងឆបោក និងក្លែងឯកសារសាធារណៈ ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៨។
លោក ឌួង ងៀប ថ្លែងក្នុងវីដេអូឃ្លីប ថា លោកធ្លាប់ធ្វើការជាមួយអ្នកវិនិយោគតៃវ៉ាន់ទាំងពីរលើគម្រោងអចលនាទ្រព្យ រួមទាំងគម្រោងលំនៅដ្ឋាននៅភ្នំពេញផងដែរ ប៉ុន្តែបានបដិសេធការចោទប្រកាន់ពីបទឆបោក។
លោកបន្ថែមថា៖ «វាជាជម្លោះក្នុងមុខជំនួញ ហើយគួរតែត្រូវដោះស្រាយតាមផ្លូវជំនួញ»។
ប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានគេចោទប្រកាន់ជារឿយៗថាមានអំពើពុករលួយ និងធ្វើតាមការចង់បានរបស់បក្សកាន់អំណាច។ បើតាមអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកជាប់ឃុំនៅទូទាំងប្រទេសមានជាងមួយភាគបី ជាអ្នកជាប់ឃុំបណ្ដោះអាសន្ន ខណៈក្រុមមន្ត្រីសិទ្ធិមនុស្សថាតួលេខមានជិត ៧៥ភាគរយ។
កាលពីឆ្នាំទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សន្យាបង្ក្រាបអំពើពុករលួយក្នុងប្រព័ន្ធតុលាការនៅទូទាំងប្រទេស ដោយបានប្រកាសថាការប្រឆាំងអំពើពុករលួយជាគន្លឹះសំខាន់សម្រាប់យុទ្ធនាការសម្រាប់ឆ្នាំថ្មីក្នុងការសម្អាតការកកស្ទះសំណុំរឿងនៅក្នុងតុលាការកម្ពុជា។
បើតាមអង្គការតម្លាភាពអន្តរជាតិអំពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២១ ចេញផ្សាយនៅខែមករា អំពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយថាកម្ពុជា ជាប្រទេសដែលមានអំពើពុករលួយខ្លាំង មានសន្ទស្សន៍នៅក្នុងតំបន់ទាបបំផុត។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ មានប្រសាសន៍ថា សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស បច្ចុប្បន្នកំពុងរងគ្រោះដោយសារប្រព័ន្ធយុត្តិធម៌។ លោកបន្តថា តុលាការត្រូវតែធ្វើកំណែទម្រង់ដើម្បីឲ្យមានយុត្តិធម៌សម្រាប់គ្រប់គ្នា។
លោកបន្តថា៖ «ពួកគេ [សកម្មជន] ត្រូវបានចាប់ខ្លួន និងឃុំខ្លួនសម្រាប់អ្វីដែលគេមិនគួរទទួលនោះឡើយ»។
និយាយចំពោះសំណុំរឿង លោក ឌួង ងៀប វិញ លោក អំ សំអាត មានប្រសាសន៍ថាអង្គភាពប្រឆាំងអំពើពុករលួយ និងសា្ថប័នផ្សេងៗទៀតគួរតែស៊ើបអង្កេតលើរឿងនេះដើម្បីបង្ហាញពីតម្លាភាព។
លោកបន្ថែមថា៖ «សម្រាប់ប្រព័ន្ធយុត្តិធម៌ បើសិនជាយើងមិនទាន់មានឯករាជ្យទេ វានឹងប៉ះពាល់ដល់យុត្តិធម៌សង្គម មិនត្រឹមតែអ្នកក្រទេ អ្នកមានក៏ដូចគ្នា…វាដើរតួសំខាន់ណាស់សម្រាប់ផ្ដល់យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court sends tycoon Duong Ngeap to pre-trial detention on fraud charge after claim of judicial corruption