កាលពីថ្ងៃសុក្រ តុលាការក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។
ដោយរក្សាភាពស្ងៀមស្ងាត់ លោក កឹម សុខា បានលើកកណ្តាប់ដៃជានិមិត្តរូបនៃភាពរឹងមាំ រួចលើកដៃសំពះនិងឱនមុខ ខណៈដែលប៉ូលិសនាំខ្លួនលោកចេញពីតុលាការ បន្ទាប់ពីសវនាការដែលប្រើរយៈពេលជាង៣ឆ្នាំនិងសវនាការចំនួន៦៦លើក។
តុលាការក៏បានប្រកាសទោសបន្ថែមទៀត គឺ លោក កឹម សុខា ត្រូវបានដកសិទ្ធិជាពលរដ្ឋជាស្ថាពរ គឺដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងដកសិទ្ធិធ្វើនយោបាយ ។
លក្ខខណ្ឌកំឡុងពេលឃុំខ្លួននៅក្នុងផ្ទះ តុលាការហាមជនជាតិខ្មែរ ឬជនបរទេសទៅសួរសុខទុក្ខដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសាច់ញាតិ ឬមានការអនុញ្ញាតិពីអយ្យការ ។
មេធាវីរបស់លោក កឹម សុខា ក្រុមអង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានថ្កោលទោសសាលក្រមនេះ ដែលបានកើតឡើង ៤ខែមុនការបោះឆ្នោតជាតិ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy បានបង្ហោះសារនៅលើបណ្តាញសង្គមទ្វីតធើថា៖ «យើងមានការរង្គាសចិត្តយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសលោក កឹម សុខា ជាមេដឹកនាំដ៏គួរឲ្យគោរព។ ការកាត់ក្តីរបស់លោក ដែលត្រូវបានធ្វើឡើងតាមការចោទប្រកាន់ពីបទសមគំនិតបែបប្រឌិតនេះ គឺជាការខុសធ្លោយក្នុងការជម្រះក្តី»។
ស្ថានទូតអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា៖ «ការបដិសេធមិនផ្តល់លោក កឹម សុខា និងឥស្សរជននយោបាយដទៃទៀតនូវសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំ ធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ការប្តេជ្ញាចិត្តជាអន្តរជាតិ និងការរីកចម្រើនកន្លងមកក្នុងការអភិវឌ្ឍជាសង្គមបែបពហុនិយមនិងប្រកបដោយបរិយាប័ន្ន» ។

លោក កឹម សុខា បានបដិសេធចំពោះការចោទប្រកាន់ដែលថា លោកបានគប់គិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្រុមសិទ្ធិមនុស្សបានអះអាងជាយូរមកហើយថា ការចោទប្រកាន់នេះមិនដែលមានភស្តុតាងគាំទ្រគួរឲ្យទុកចិត្តនោះទេ។ កន្លងមក តុលាការបានលើកឡើងថា សុន្ទរកថាឆ្នាំ២០១៣ ដែលជាការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាភស្តុតាងសំខាន់។
លោក អាង ឧត្តម ជាមេធាវីការពារឲ្យលោក កឹម សុខា បានមានប្រសាសន៍ថា កូនក្តីរបស់លោកនឹងអនុវត្តតាមការសម្រេចរបស់តុលាការ ជាសាលក្រមដែលមានជាង១០០ទំព័រ ប៉ុន្តែនៅតែអះអាងថា លោក កឹម សុខា គ្មានកំហុសទេ។
លោក ឧត្តម មានប្រសាសន៍ថា៖ «សាលក្រម! សម្រាប់យើង វាមិនអាចទទួលយកបានទេ ព្រោះវាអយុត្តិធម៌ ពីព្រោះវាមិនអនុវត្តតាមនីតិវិធីឬគោលការណ៍ច្បាប់»។
លោក ឧត្តម បានបន្តថា លោក កឹម សុខា នឹងមានពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍នឹងសាលក្រមជាង១០០ទំព័រនេះ ប៉ុន្តែលក្ខខណ្ឌនៃការដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនឹងត្រូវអនុវត្តភ្លាមៗ។
លោក ឧត្តម បានមានប្រសាសន៍អំពីលក្ខខណ្ឌរបស់តុលាការថា៖ «មិនត្រូវចេញពីផ្ទះ មិនឲ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា។ ហើយប្រសិនបើ [ លោក សុខា] រំលោភការសម្រេចនេះ គេ [ព្រះរាជអាជ្ញា] អាចប្ដឹងឲ្យឃុំខ្លួនជាថ្មី»។
លោក ឧត្តម និងក្រុមអង្គការសិទ្ធិមនុស្សបានអះអាងថា ការកាត់ក្តីនិងសាលក្រមដែលគេរំពឹងទុកជាយូរមកហើយនោះ គឺជារឿងនយោបាយ ដើម្បីធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយ ជាពិសេសនៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា៖ «វាច្បាស់ណាស់តាំងពីដំបូងមកថា ការចោទប្រកាន់លើលោក កឹម សុខា គឺគ្មានអ្វីក្រៅតែពីល្បិចកលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកម្ចាត់មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់កម្ពុជា និងលុបបំបាត់ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសនេះ» ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖ «ការផ្តន្ទាទោសលោក កឹម សុខា ជាប់ពន្ធនាគារ មិនគ្រាន់តែជាការបំផ្លាញគណបក្សនយោបាយរបស់លោកនោះទេ ប៉ុន្តែជាការបំផ្លាញក្តីសង្ឃឹមដែលថា អាចមានការបោះឆ្នោតសកលពិតប្រាកដនៅខែកក្កដាខាងមុខ» ។
លោក គី តិច មេធាវីរបស់រដ្ឋាភិបាលក្នុងសំណុំរឿងរបស់លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកលើកឡើងយ៉ាខ្លីថា៖ «ខ្ញុំ សុំពេលរាយការណ៍ អំពីលទ្ធផលនៃការសម្រេចរបស់តុលាការ ជូនប្រមុខរាជរដ្ឋាភិបាលសិន» ។
ចៅក្រមបានមានប្រសាសន៍ថា ជនជាប់ចោទ កឹម សុខា បានប្រព្រឹត្ត «អំពើសន្និដ្ឋិភាពជាមួយបរទេស» ដោយគប់គិតជាមួយមហាអំណាចបរទេសដែលលោកមិនបញ្ចេញឈ្មោះ ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ពីឆ្នាំ១៩៩៣ រហូតដល់ខែកញ្ញា ឆ្នាំ ២០១៧ ជាពេលដែលលោក កឹម សុខា ត្រូវបានគេចាប់ខ្លួន។
លោកចៅក្រមបានអះអាងក្នុងពេលប្រកាសសាលក្រមថា៖ «តុលាការបានរកឃើញថា ជនជាប់ចោទ កឹម សុខា បានប្រមូលផ្តុំ “អំណាចប្រជាជន” ក្រោមលេសទាមទារយុត្តិធម៌សម្រាប់ភាពមិនប្រក្រតីក្នុងការបោះឆ្នោត [ឆ្នាំ២០១៣] ដើម្បីធ្វើ “បដិវត្តន៍ពណ៌” ផ្តួលរំលំរដ្ឋាភិបាល» ។
សេចក្តីថ្លែងការណ៍មួយដែលមិនមានចុះហត្ថលេខា ដែលត្រូវបានបោះត្រាដោយសាលាដំបូងរាជធានីភ្នំពេញ និងបានចុះផ្សាយលើបណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានសរសេរថា៖ «តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល តុលាការពុំមានសរសេរឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេសនៅក្នុងសាលក្រមរបស់ខ្លួនឡើយ» ។
សេចក្តីថ្លែងការណ៍បានបន្តថា ការមិនបញ្ចេញឈ្មោះនេះគឺដើម្បីរក្សាទំនាក់ទំនងល្អ និងរក្សាផលប្រយោជន៍ជាតិរបស់ប្រទេសកម្ពុជា…ជាមួយរដ្ឋបរទេស។


ការចោទប្រកាន់លោក កឹម សុខា ធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៧ ពេលដែលនគរបាលចាប់ខ្លួនលោកនៅផ្ទះក្នុងរាជធានីភ្នំពេញទាំងកណ្តាលអាធ្រាត្រ។ ក្រោយមក គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានរំលាយដោយតុលាការកំពូល ដោយលុបបំបាត់គូប្រជែងនយោបាយដ៏សំខាន់តែមួយគត់របស់គណបក្សប្រជាជនដែលកំពុងកាន់អំណាច នៅមុនការបោះឆ្នោតឆ្នាំ២០១៨។
ជាផ្នែកមួយនៃសេចក្តីសម្រេចរបស់តុលាការកំពូល លោក កឹម សុខា និងសមាជិកគណបក្សសង្គ្រោះជាតិជាង១០០នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែមានមន្ត្រីមួយចំនួនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយឡើងវិញចាប់តាំងពីពេលនោះ។
លោក សុខា ត្រូវបានឃុំខ្លួននៅពន្ធនាគារ ក្រោយមកប្តូរទៅឃុំខ្លួនក្នុងផ្ទះវិញ ហើយនៅទីបំផុត ត្រូវបានផ្តល់លទ្ធភាពខ្លះក្នុងការធ្វើដំណើរក្នុងប្រទេសកម្ពុជា ប៉ុន្តែតែងតែស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់។
បន្ទាប់ពីសវនាការសំណុំរឿងរបស់លោក កឹម សុខា ចាប់ផ្តើមក្នុងខែមករា ឆ្នាំ ២០២០ ដំណើរការកាត់ក្តីនេះត្រូវបានផ្អាកទៅវិញក្នុងខែមីនា បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩។
សវនាការបានបន្តឡើងវិញនៅខែមករា ឆ្នាំ២០២២ ដោយព្រះរាជអាជ្ញាអះអាងថា អង្គការមិនមែនរដ្ឋាភិបាល គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបង្កើតឡើងដោយលោក សុខា ក្នុងឆ្នាំ២០០២ ត្រូវបានបង្កើតឡើង ដើម្បីបម្រើផលប្រយោជន៍បរទេស។
សវនាការក៏បានផ្តោតទៅលើប្រភពនៃមូលនិធិដែលត្រូវបានគេចោទប្រកាន់ថាបានប្រើ ដើម្បីបើកដំណើរការ CCHR ដែលភាគច្រើនបានមកពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ជាស្ថាប័នមិនរកប្រាក់ចំណេញរបស់អាមេរិកដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
វគ្គបណ្តុះបណ្តាលជាច្រើនដែលផ្តល់ដោយអង្គការអន្តរជាតិ ដើម្បីបង្រៀនសកម្មជនគណបក្សសង្គ្រោះជាតិអំពីដំណើរការបោះឆ្នោតត្រូវបានតំណាងអយ្យការបង្ហាញថា ជាការខិតខំប្រឹងប្រែងដោយមានជំនួយបរទេសក្នុងការផ្តួលរំលំរដ្ឋាភិបាល។

អ្នកគាំទ្រលោក កឹម សុខា រាប់សិបនាក់បានប្រមូលផ្តុំគ្នានៅជិតតុលាការដើម្បីគាំទ្រលោក។ កងរាជអាវុធហត្ថ មន្ត្រីសន្តិសុខខណ្ឌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត រាប់រយនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលគាំទ្ររដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានអះអាងកាលពីពេលថ្មីៗនេះថា ចារកម្មអាមេរិកដែលមានទំនាក់ទំនងជាមួយបក្សប្រឆាំងកំពុងព្យាយាមរំខានការប្រកាសសាលក្រម។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា លោក កឹម សុខា និងសមាជិកគណបក្សប្រឆាំងផ្សេងទៀត មិនគួរប្រឈមមុខនឹងការចោទប្រកាន់ចំពោះសកម្មភាពនយោបាយ និងសមាជិកភាពក្នុងគណបក្សរបស់ខ្លួនឡើយ។
លោកស្រីបានមានប្រសាសន៍ថា៖ «ការផ្តន្ទាទោសនេះបង្ហាញយ៉ាងច្បាស់ពីគោលបំណងនយោបាយក្នុងការរារាំងគូប្រជែងមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតម្តងទៀត។ ជាគោលការណ៍គួរតែសេរីនិងយុត្តិធម៌» ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរង់ចាំលទ្ធផលនៅមុខតុលាការ ហើយសង្ឃឹមថា លោក កឹម សុខា នឹងត្រូវបានអនុញ្ញាតឲ្យចូលធ្វើនយោបាយឡើងវិញ។
លោក វីរៈ មានប្រសាសន៍ថា៖ «គាត់ជាប្រធានគណបក្សប្រឆាំងធំមួយ ដូច្នេះការបាត់បង់សិទ្ធិនយោបាយមិនមែនជាបញ្ហាតូចតាចនោះទេ។ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទាមទារឱ្យមានការចូលរួមពីអ្នកនយោបាយទាំងអស់ និងគ្រប់គណបក្សនយោបាយដូចគ្នា។ ខ្ញុំមិនចង់ឃើញរឿងនេះកើតឡើងទៀតទេ» ។
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា វិធីសាស្រ្តនយោបាយអហិង្សារបស់លោក កឹម សុខា បានបរាជ័យ ហើយអ្នកគាំទ្ររបស់លោកដែលបាក់ទឹកចិត្តជាច្រើនអាចនឹងងាកមកគាំទ្រគណបក្សភ្លើងទៀន។
អ្នកគាំទ្រម្នាក់ឈ្មោះ ចាន់ ហឿន អាយុ៦២ឆ្នាំ បាននិយាយថា គាត់ធ្វើដំណើរពីខេត្តសៀមរាប ដើម្បីគាំទ្រលោក កឹម សុខា។ លោកសង្ឃឹមថា នឹងឃើញមេដឹកនាំនយោបាយផ្សេងៗ អាចធ្វើការរួមគ្នា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស។
លោក ហឿន បាននិយាយថា៖ «ខ្ញុំគិតថា វាជារឿងអយុត្តិធម៌សម្រាប់លោក កឹម សុខា ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីឃុំខ្លួនលោកទេ។ លោកមិនដែលធ្វើអ្វីដែលធ្វើឲ្យពលរដ្ឋឈឺចាប់ ឬប៉ះពាល់ជាតិយើងទេ។ ដូច្នេះ លោកគួរតែមានសេរីភាព» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Sentences Ex-Opposition Leader Kem Sokha to 27 Years Incarceration for Treason and Lifetime Ban from Politics