សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តុលាការបានផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគារ​៣១ឆ្នាំ​ពាក់ព័ន្ធនឹងករណីមនុស្សឃាត

លោក ស្រី ស៊ីណា ជាជនសង្ស័យដែលបានបាញ់សម្លាញ់ជនរងគ្រោះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ)
លោក ស្រី ស៊ីណា ជាជនសង្ស័យដែលបានបាញ់សម្លាញ់ជនរងគ្រោះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ)

អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ ៣១​ឆ្នាំ និងបង្គាប់ឱ្យ​សង​សំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះ និង៥៥ម៉ឺនដុល្លារ ​ដល់ភាគីដែលរងរបួស និងអ្នកពាក់ព័ន្ធដទៃទៀត ពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានបដិសេដក្នុងការឆ្លើយតបចំពោះព័ត៌មានបន្ថែម ប៉ុន្តែលោកបានផ្ញើសេចក្តីប្រកាសព័ត៌មានរបស់តុលាការឱ្យតាមតេឡេក្រាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ៣១​ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះដែលស្លាប់ និង៥០ម៉ឺនដុល្លារ​ដល់ភាគីដែលរងរបួសពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបង្គាប់ឱ្យសងម្ចាស់ផ្ទះចំនួន៥ម៉ឺនដុល្លារទៀត ពីបទរំលោភលើលំនៅឋាន ព្រមទាំងពិន័យចូលរដ្ឋសរុបទាំងបីរបទចោទ គឺចំនួន ៦លានរៀល។

ទាក់ទងទៅនឹងការផ្តន្ទាទោសចំនួន៣១ឆ្នាំលើលោក ស៊ីណា តុលាការបានផ្តន្ទាទោសតាមបទចោទបីផ្សេងៗគ្នា ដូចជា តុលាការបានផ្តន្ទាទោស១៥ឆ្នាំ ពីបទឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង១៥ឆ្នាំទៀតពាក់ព័ន្ធនឹងបទប៉ុនប៉ងមនុស្សឃាត និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង១ឆ្នាំទៀតសម្រាប់ការចូលលំនៅឋានដោយខុសច្បាប់​។

នៅក្នុងសំណុំរឿងដែល អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចាប់ខ្លួននៅខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា  បន្ទាប់ពីគេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើស ដែលបណ្តាលឲ្យឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងគូដណ្តឹងរបស់គាត់ឈ្មោះ ឃិន កញ្ចនា អាយុ២៦ឆ្នាំ ស្លាប់ និងអ្នករងរបួស២នាក់ផ្សេងទៀតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកស្រី ស៊ីម សុខគីម ជាម្តាយរបស់ជនរងគ្រោះ ឃិន កញ្ចនា បានប្រាប់ សារព័ត៌មានខេមបូចា ថា សំណង និងការដាក់ទោសលើជនល្មើស គាត់អាចទទួលយកបាន ប៉ុន្តែអ្នកស្រីមិនទាន់ពេញចិត្តទាំងស្រុងនោះទេ ព្រោះតម្លៃជីវិតរបស់កូនស្រីអ្នកស្រី មិនអាចប្តូរមកវិញជាលុយសំណងបាននោះទេ។

អ្នកស្រីមានប្រសាសន៍ថា៖ «សំណង និងទោសព្រណ្ឌទណ្ឌហ្នឹងអាចទទួលយកបាន ប៉ុន្តែបើឲ្យពេញចិត្តទាំងស្រុងវិញគឺមិនពេញចិត្តទេ [….] សំខាន់ចង់បានជីវិតកូនមកវិញទើបមានសុភមង្គល ប៉ុន្តែតុលាការសម្រេចថាជាទោសអតិបរមាហើយក៏គិតតាមចឹងទៅណា»។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ សារព័ត៌មានខេមបូចា ថា  នៅក្នុងការសម្រេចរបស់តុលាការគឹវាសមស្របទៅនឹងគោលការណ៍ច្បាប់ ដែលក្នុងកម្រិតនៃអតិបរមារង្វង់នៃច្បាប់។  មួយវិញទៀតពាក់ពន្ធ័ទៅនឹងសំណងវិញគឺវាសមរម្យទៅតាមគោលការណ៍ច្បាប់ដែលបានចែង។

លោកសង្តេតឃើញថា នៅក្នុងការសម្រេចផ្តន្ទាទោសក្នុងករណីមួយនេះ វាជាសញ្ញាមួយដែលវិជ្ជមានរកយុត្តិធម៌ដល់ជនរងគ្រោះ ក្នុងការដាក់ទណ្ឌកម្មឲ្យបានស្របទៅនឹងផ្លូវច្បាប់។ បើប្រៀបធៀបទៅនឹងការផ្តន្ទាទោសគន្លងមកមានបុគ្គលដែលមានអំណាច ប្រព្រឹត្តស្រដៀងនឹងគ្នាមានមិនសូវប្រឈមទៅនឹងការផ្តន្ទានោសច្រើនករណីនោះទេ។

លោកមានប្រសាសន៍ថា៖ «ទាក់ទងទៅនឹងការអនុវត្តទោស ឬក៏ការអនុវត្តនូវសំណងរដ្ឋប្បវេណី​ទោសទាំងពីរនោះគឺ មានរដ្ឋប្បវេណីផង និងសំណងរដ្ឋប្បវេណីផង ចឹងការអនុវត្តទោសទាំងពីរហ្នឹងចង់ឃើញឲ្យបានត្រឹមត្រូវដើម្បីជៀសវាងក្នុងការប្រញាប់ប្រញាល់ក្នុងការលើកលេង ឬក៏បន្ធូរបន្ថយ គឺយើងចង់ឃើញការអនុវត្តទោសធ្ងន់ធ្ងរកម្រិតជាអតិបរមា»

លោកបន្តថា រួមទាំងសំណងដល់ជនរងគ្រោះ សំណងនឹងត្រូវបានរៀបចំដល់ដៃជនរងគ្រោះ ជៀសវាងថា មិនត្រឹមតែមាននៅក្នុងសាលក្រមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃើញសំណងជាក់ស្តែងដែលផ្តល់ដល់ជនរងគ្រោះក្នុងទម្រង់ជាប្រាក់ដើម្បីរ៉ាប់រងការបាត់បង់ផលប្រយោជន៍។

កាលពីចុងខែមិថុនា ក្រសួងយុត្តិធម៌លើកឡើងថា ក្រសួងនឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ «ស្ថាន​​ទម្ងន់ទោស​» នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​៕

279 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម