សាលាដំបូងខេត្តកំពតកាលពីថ្ងៃពុធ បានសម្រេចឲ្យមានការស៊ើបអង្កេតឡើងវិញ ករណីរលំអគារកំពុងសាងសង់មួយកន្លែងក្នុងខេត្តកែប បណ្តាលឲ្យមនុស្សចំនួន៣៦នាក់ស្លាប់ និងមានមនុស្ស២៣នាក់រងរបួស ដែលធ្វើឲ្យការសម្រេចសាលក្រមខុសការរំពឹងទុក។
អគារកំពុងសាងសង់កម្ពស់ប្រាំពីរជាន់នៅខេត្តកែប បានរលំបាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ លោក ឯក សារុន វ័យ៦៥ឆ្នាំ និងភរិយា ឈ្មោះ ឈីវ សុធី វ័យ៦១ឆ្នាំ ជាម្ចាស់អគារត្រូវបានចាប់ខ្លួនបន្ទាប់ពីមានហេតុការណ៍នេះ តែក្រោយមកក៏បានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។ អ្នកទាំងពីរត្រូវបានរងការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត មានប្រសាសន៍ថាតុលាការបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មីលើសំណុំរឿងនេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចនេះទេ។
លោកបន្ថែមថា៖ «តុលាការបានសម្រេចឲ្យចាត់របៀបករណីនេះ…វាជាការសម្ងាត់របស់តុលាការ ខ្ញុំមិនអាចប្រាប់លោកបានទេ»។
លោក ឯក សារុន និងលោកស្រី ឈីវ សុធី ត្រូវបានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការក្រោយពីបានបង់ប្រាក់ធានាចំនួន៨៨ ៥០០ដុល្លារ។
លោក អ៊ុក អឿន ជាកម្មករ និងជាអ្នករស់រានមានជីវិតពីការរលំអគារនេះ មានប្រពន្ធ និងសមាជិកគ្រួសារបីរូបផ្សេងទៀតបានស្លាប់ក្នុងហេតុការណ៍កាលនោះ។ លោកមានប្រសាសន៍ថា តុលាការគួរតែពន្លឿននីតិវិធី ព្រោះថាគ្រួសារលោកបានរង់ចាំយុត្តិធម៌រយៈពេលយូរមកហើយ។
លោកបន្ថែមថា៖ «យើងចង់ឲ្យតុលាការពន្លឿននីតិវិធី ព្រោះខ្ញុំ និងគ្រួសារជនរងគ្រោះផ្សេងទៀត បានរង់ចាំដំណោះស្រាយយូរមកហើយ។ យើងចង់ឲ្យតុលាការរកយុត្តិធម៌ឲ្យបានលឿន»។
លោក អឿន កំពុងធ្វើការនៅជាន់ផ្ទាល់ដីពេលហេតុការណ៍រលំអគារនោះបានកើតឡើង ហើយលោកត្រូវក្រុមសង្គ្រោះបានជួយដោយកកាយឃើញនៅក្រោមគំនរអគារបាក់បែក។
លោកស្រី ឈន អើប មានកូនពីរនាក់បានរួចជីវិតពីហេតុការណ៍នោះ តែមានកូនប្រសារបានស្លាប់។ លោកស្រី ទទូចឲ្យតុលាការឈានដល់ការចេញសាលក្រមឲ្យបានឆាប់។
លោកស្រី ឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យតុលាការបញ្ចប់សំណុំរឿងឲ្យបានឆាប់»។ លោកស្រីបន្ថែមថាជនរងគ្រោះដែលរួចពីស្លាប់គួរបានសំណងម្នាក់២០ ០០០ដុល្លារ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា មានប្រសាសន៍ថាការពន្យាពេលប្រកាសសាលក្រមនេះ មានន័យថាយុត្តិធម៌មិនទាន់ផ្ដល់ជូនជនរងគ្រោះ និងក្រុមគ្រួសារទេ។
លោកមានប្រសាសន៍ថា៖ «ជនរងគ្រោះទទួលភាពអយុត្តិធម៌ផ្ទួនៗ…ដំបូងពួកគេស្លាប់ដោយរលំអគារ និងទីពីរ ពួកគេមិនបានទទួលយុត្តិធម៌ពីតុលាការ ព្រោះការស៊ើបអង្កេតត្រូវបន្តធ្វើទៀត»។
លោកថា វាទំនងជាអ្នកមានលុយកាក់ និងអ្នកមានអំណាច អាចទទួលបានយុត្តិធម៌ពីតុលាការ តែពលរដ្ឋសាមញ្ញមិនមានសំណាងបែបនោះទេ។ លោកបន្តថា បរាជ័យក្នុងការដាក់ទោសទណ្ឌដល់អ្នកទទួលខុសត្រូវលើហេតុការណ៍នេះ នឹងលើកទឹកចិត្តឲ្យម្ចាស់អគារផ្សេងទៀតមិនគោរពច្បាប់។
លោក ខៀវ ភារ៉ូ សមាជិកក្រុមមេធាវី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចាត់តាំងឲ្យជួយលើសំណុំរឿងនេះ បានបដិសេធធ្វើអត្ថាធិប្បាយចំពោះការបន្ថែមពេលស៊ើបអង្កេតនេះ និងបានបង្វែរសំណួរទៅកាន់ លោក គី តិច ប្រធានក្រុមមេធាវី លោកនាយករដ្ឋមន្ត្រីវិញ។
លោក គី តិច មានប្រសាសន៍ថា តុលាការសម្រេចឲ្យមានការស៊ើបអង្កេតបន្តលើសំណុំរឿងនេះ ជាពិសេសលើសាក្សីប្រាំពីររូប និងអ្នកជំនាញ ដែលបានធ្វើសក្ខីកម្មក្នុងសវនាការកន្លងមក។
លោក បន្ថែមថា៖ «ករណីនេះ នឹងត្រូវលើកយកមកធ្វើសវនាការម្តងទៀត ។ ក្រុមមេធាវីនឹងបន្តការពារទាមទារផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលរងគ្រោះ ទោះក្នុងកាល:ទេស:ណា ក៏ដោយ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court sidesteps verdict, calls for reinvestigation into Kep building collapse