សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំងនៅថ្ងៃអង្គារ ខណៈស្រុកមួយក្នុងខេត្តកណ្តាលមានអាត្រាឆ្លងច្រើនជាង៦០ករណី

បុគ្គលិកសុខាភិបាលត្បាររន្ធច្រមុះរបស់បុរសម្នាក់ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីងសំរាំង
បុគ្គលិកសុខាភិបាលត្បាររន្ធច្រមុះរបស់បុរសម្នាក់ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីងសំរាំង

ស្រុកមួយក្នុងខេត្តកណ្តាល ដែលនៅជាប់ព្រំដែនត្រូវបានរាយការណ៍ថា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង៦០ករណីកាលពីថ្ងៃអង្គារ ខណៈករណីឆ្លងចង្កោមក្នុងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ បានកើនដល់១០៥ករណី។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារបង្ហា ញថា មានករណីឆ្លងថ្មី១០៥ករណី ត្រូវបានរាយការណ៍នៅខេត្តកណ្តាល ភ្នំពេញ កោះ កុងនិងនៅខេត្តព្រះសីហនុ។

៦៤ករណីត្រូវបានរាយការណ៍កើតមាននៅខេត្តកណ្តាលក្នុងនោះមានជនជាតិខ្មែរ ១៤នាក់និងជនជាតិបរទេសចំនួន៥០នាក់។

ការហក់ឡើងខ្លាំងនៃករណីឆ្លងថ្មីនេះ មានន័យថា ការឆ្លងជាចង្កោមនៃសហគមន៍ថ្ងៃទី ២០ ខែកុម្ភៈ បានបន្តកើនឡើងក្នុងចំនួនច្រើននិងតាមភូមិសាស្ត្រនានា។ មាន ៩១៥ ករណី ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន ដែលបានរាលដាលដល់ខេត្តយ៉ាងហោចណាស់ចំនួន ១០ ។

ករណីឆ្លងនៅក្នុងខេត្តកណ្តាលគឺផ្តើមចេញពីភូមិព្រែកស៊ឹងក្នុងស្រុកកោះធំ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមនិងជាទីប្រជុំជនកាស៊ីណូតូចមួយ។

លោក អ៊ុក ស្រ៊ន មេឃុំសំពៅពូនបានមានប្រសាសន៍ថា ឃុំរបស់លោកមានករណីឆ្លងសរុបចំនួន១៣៦ករណី ដែលភាគច្រើនកើតចេញពីបុគ្គលិកកាស៊ីណូនៅតំបន់ជ្រៃធំទីដែលមានកាស៊ីណូនៅព្រំដែន។

លោក អ៊ុក ស្រ៊ន បានមានប្រសាសន៍ថា៖ «អាជ្ញាធរបានហាមប្រជាជនមិនឲ្យចេញចូលក្នុងតំបន់ជ្រៃធំនោះទេ»។

លោក អ៊ុក ស្រ៊ន មានប្រសាសន៍ថា អ្នកភូមិខ្លាចឆ្លង ប៉ុន្តែថា ពួកគេកំពុងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមហើយបានបង្វែរសំណួរទៅអាជ្ញាធរខេត្តកណ្តាល។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តនេះមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន១៧៣ករណីក្នុងអំឡុងព្រឹត្តិការណ៍ថ្ងៃទី២០ខែកុម្ភៈ។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងបានរៀបចំកន្លែងមួយសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩នៅជ្រៃធំ»

លោក ច័ន្ទតារា មានប្រសាសន៍ថា ជនជាតិបរទេស ដែលបានធ្វើតេស្តវិជ្ជមានគឺមកពីខេត្តព្រះសីហនុ ហើយបានទៅលេងកាស៊ីណូនៅក្នុងស្រុកនេះ។ លោកបានមានប្រសាសន៍ថា តំបន់នេះត្រូវបានបិទមិនឲ្យចេញចូលតាំងពីពាក់កណ្តាលខែកុម្ភៈ ម៉្លេះ។

លោក ច័ន្ទតារា បានមានប្រសាសន៍ថា៖ «មានកាស៊ីណូចំនួន៦ កន្លែងជាប់ទាក់ទងនឹងមនុស្សឆ្លងកូវីដ១៩ ហើយយើងបានបិទតំបន់នោះនិងកាស៊ីណូទាំង៦កន្លែង»

លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំបានបដិសេធមិនធ្វើអត្ថាធិប្បាយនិងបានបង្វែរសំណួរទៅអ្នកនាំពាក្យខេត្តកណ្តាល។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលមិនអាចទាក់ ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអង្គារ។

បុគ្គលិកសុខាភិបាលប្រមូលសំណាកពីស្ត្រីម្នាក់សម្រាប់ការធ្វើតេស្តរកជំងឺ-១៩ កាលពីថ្ងៃអង្គារនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានី។ ខេមបូចា/ ព្រីង សំរាំង

នៅក្នុងសារជាសំឡេងដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានមានប្រសាសន៍ថា កន្លងមក លោកបានផ្តល់សិទ្ធិអំណាចដល់អភិបាលខេត្ត ដើម្បីផ្អាកពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបែបសាសនាផ្សេងៗនៅពេលចាំបាច់។

ប៉ុន្តែលោកបានមានប្រសាសន៍ថា ពិធីមង្គលការនិងពិធីដទៃទៀតនៅតែបន្តដែលបង្កហានិភ័យខ្ពស់ដល់អ្នកចូលរួម ដោយលោកអំពាវនាវឱ្យមានការផ្អាកពិធីទាំងអស់នេះ។ លោកមានប្រសាសន៍ថា ក្រុមគ្រួសារអាចរៀបចំកម្មវិធីតូចៗ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំអភិបាលរាជធានីខេត្តចេញបទបញ្ជាឱ្យផ្អាកពិធីមង្គលការឬពិធីផ្សេងៗនៅតាមបណ្តាខេត្ត»

អាជ្ញាធរខេត្តតាកែវបានចេញលិខិតជូនដំណឹងមួយនៅថ្ងៃទី១៥ខែមីនា ហាមរាល់ពិធីមង្គលការ ពិធីជប់លៀងនិងពិធីសាសនាទូទាំងខេត្ត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ខេត្តរបស់លោកកំពុងធ្វើការជាមួយអាជ្ញាធរខេត្តកណ្តាល ដើម្បីទាក់ទងរកករណីឆ្លងដែលអាចមាន បន្ទាប់ពីបុរសម្នាក់ ដែលបានចូលរួមពិធីមង្គលការមួយនៅឃុំរវៀង ស្រុកសំរោងកាលពីសប្តាហ៍មុន នឹងបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

លោក អ៊ូច ភា បានមានប្រសាសន៍ថា៖ «អ្នកដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវបានដាក់ ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ»

កាលពីសប្តាហ៍មុន បុរសជនជាតិខ្មែរអាយុ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ- ១៩ ជាករណីស្លាប់ដំបូងនៅក្នុងប្រទេសកម្ពុជាដោយសារជំងឺនេះ។ ករណីឆ្លងសរុបនៃជំងឺ-១៩ បានកើនដល់១.៤៣០នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ដែលក្នុងនោះជាង ៩០០ នាក់ស្ថិតនៅក្នុងករណីឆ្លងចង្កោមបច្ចុប្បន្ននេះ។

យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋជាង១៧០.០០០នាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំងពីរប្រភេទ ដែលមាននៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែមីនា។

លើសពីនេះទៀត កម្លាំងប្រដាប់អាវុធចំនួន ១០៨.៦៤៨ នាក់ ក៏ត្រូវបានចាក់វ៉ាក់សាំងផងដែរ ដែលភាគច្រើនទើបទទួលបានដូសដំបូងនៃវ៉ាក់សាំងប៉ុណ្ណោះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ COVID-19 Cases Surge Tuesday, Kandal border district records 60-plus infections

284 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម