សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជំងឺកូវីដ-១៩នៅតែបន្តឆ្លងរាលដាលក្នុងរោងចក្រកាត់ដេរ ទីដែលកម្មករមិនអាចជៀសផុតពីការប្រមូលផ្តុំ

កម្មករកាត់ដេរធ្វើដំណើរទៅរោងចក្ររបស់ពួកគេតាមរថយន្តដឹកកម្មករដែលមានភាពចង្អៀតណែននៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា។ ខេមបូចា/ ព្រីង សំរាំង
កម្មករកាត់ដេរធ្វើដំណើរទៅរោងចក្ររបស់ពួកគេតាមរថយន្តដឹកកម្មករដែលមានភាពចង្អៀតណែននៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា។ ខេមបូចា/ ព្រីង សំរាំង

នៅពេលរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញចាប់ផ្តើមដំណើរការឡើងវិញកាលពីខែ មុន បន្ទាប់ពីមានការបិទខ្ទប់ មន្ត្រីនិងម្ចាស់រោងចក្របានអះអាងថា កម្មករនឹងមានសុ វត្ថិភាព។ រោងចក្រនឹងត្រូវបែងចែកកម្មករជាពីរវេន ដើម្បីធ្វើឲ្យមានគម្លាតសង្គមគ្រប់ គ្រាន់ ហើយការធ្វើតេស្ត ការតាមដាននិងការចាក់វ៉ាក់សាំងនឹងអាចជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប៉ុន្តែចាប់តាំងពីការបិទខ្ទប់បានបញ្ចប់ ករណីឆ្លងវីរុសនេះ ជាថ្មីម្តងទៀតស្ទើរតែឈានដល់កម្រិតខ្ពស់បំផុតដែលកើតមានកាលពីចុងខែមេសា។ ដោយប្រឈមនឹងអត្រាខ្ពស់បំផុតនៃការឆ្លងរាលដាលក្នុងសហគមន៍ ប៉ុន្តែមិនអាចខកខានការងារដោយសារបញ្ហាជីវភាពក្រីក្រ កម្មកររោងចក្រនិយាយថា ពួកគេមានអារម្មណ៍ថា ពួកគេមានជម្រើសតិចតួច ក្រៅពីប្រថុយគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ។

អ៊ឹម ណេន ជាកម្មករមកពីសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅក្នុងរាជធានីភ្នំពេញបាននិយា យថា៖ «យើងសម្អាតដៃរបស់យើងជាមួយអាល់កុលនិងពាក់ម៉ាស់ ប៉ុន្តែយើងនៅតែប្រមូលផ្តុំគ្នានៅពេលយើងបរិភោគអាហារ ប្រើបន្ទប់ទឹកនិងពេលធ្វើការ»

អ្នកស្រី ណេន អាយុ៤០ឆ្នាំនិងមានកូនបួននាក់ក្នុងបន្ទុកបានចំណាយពេលប្រហែលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើដំណើរទៅមកពីរោងចក្ររបស់គាត់នៅខណ្ឌកំបូល។ ដូចកម្មករភាគច្រើនដែរ អ្នកស្រីចំណាយប្រាក់ប្រហែល១២ដុល្លារក្នុងមួយខែសម្រាប់ការធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃតាមរថយន្ត ដែលដឹកកម្មករកាត់ដេរជាច្រើននាក់ឈរណែនតាន់តាប់ ជាមធ្យោបាយតែមួយគត់ដែលមានតំលៃសមរម្យសម្រាប់កម្មករភាគច្រើន ដើម្បីធ្វើដំណើរទៅធ្វើការ។

រថយន្តដឹកកម្មករបែបនេះបង្កគ្រោះថ្នាក់ដល់កម្មករហូរហែមកហើយដោយពេលខ្លះកម្មកររងរបួសឬក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការដឹកលើសទម្ងន់។ ប៉ុន្តែកង្វះបទបញ្ញត្តិមានន័យថា ការដឹកជញ្ជូនបែបនេះនៅតែជាមធ្យោបាយធ្វើដំណើរចម្បង ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដក៏ដោយ។

អ្នកស្រី ណេន បាននិយាយថា បើទោះបីជាកម្មករភាគច្រើនចង់អនុវត្ត ប៉ុន្តែវាមិនអាចទៅរួចទេ ក្នុងការអនុវត្តតាមវិធានការភាគច្រើនរបស់ក្រសួងសុខាភិបាលជុំវិញការរក្សាគម្លាតសង្គម។

អ្នកស្រីបាននិយាយថា៖ «ចា៎! ខ្ញុំខ្លាច [កូវីដ] ព្រោះមានកម្មករពី៥០ទៅ៦០នាក់នៅលើ រថយន្តដឹកកម្មករ» ប៉ុន្តែអ្នកស្រីបានបន្ថែមថា៖ «ប្រសិនបើខ្ញុំនៅផ្ទះ…ខ្ញុំនឹងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ការហូបចុកទេ»

លោក យ៉ាង សូយឿន អាយុ៤០ឆ្នាំរស់នៅក្នុងសង្កាត់តែមួយបាននិយាយថា លោកមានការព្រួយបារម្ភបំផុតអំពីការឆ្លងមេរោគតាមរថយន្តដឹកកម្មករដែលលោកជិះទៅមកពីរោងចក្ររៀងរាល់ថ្ងៃ។

ដើម្បីការពារកុំឲ្យឆ្លងដល់ប្រពន្ធនិងកូនប្រុសទាំងពីររបស់លោក លោកបាននិយាយថា៖ «ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំដោះសម្លៀកបំពាក់ចេញ ហើយបោកគក់វាមុនពេលចូលក្នុងផ្ទះ»។ ទោះបីជា លោករកបានប្រាក់តិចជាង២០០ដុល្លារក្នុងមួយខែក៏ដោយ ក៏លោក សូយឿន យល់ថា លោកនៅតែគ្មានលទ្ធភាពចំណាយប្រាក់លើការទិញម៉ាស់និងអាល់កុល ដើម្បីការពារការឆ្លងនោះទេ។ លោកនិយាយថា៖«ខ្ញុំតែងតែរក្សាអនា ម័យបានល្អ ប៉ុន្តែយើងមិនអាចដឹងមុន [ពីការឆ្លងនេះទេ] ពីព្រោះយើងមិនអាចមើល ឃើញ»។

ដូចកម្មករដទៃទៀតដែរលោក សូយឿន បាននិយាយថា លោកមានលទ្ធភាពតិចតួចក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងជៀសវាងការប្រមូលផ្តុំនៅកន្លែងការងាររបស់លោក។

លោកបាននិយាយថា៖ «ប្រសិនបើខ្ញុំមិនទៅធ្វើការ ខ្ញុំនឹងប្រឈមមុខនឹងកង្វះអាហារហើយមិនអាចសងបំណុលរបស់ខ្ញុំបានទេ»។ ទោះបីជាលោកខ្លាចឆ្លងជំងឺកូវីដនៅលើឡានដឹកកម្មករ លោកនៅតែជិះដដែល៖ «ខ្ញុំមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទេ ខ្ញុំត្រូវជិះឡានជាមួយអ្នកផ្សេងទៀត»

ខណៈករណីឆ្លងនៅតែបន្តកើនឡើង ទាំងលោក សូយឿន និងអ្នកស្រី ណេន បាននិយាយថា ពួកគាត់ទទូចឲ្យថៅកែរោងចក្រផ្តល់ពេលសម្រាកខ្លះដោយមានប្រាក់ឈ្នួលដល់កម្មករ ដើម្បីកាត់បន្ថយការឆ្លងរាលដាល។

លោកបាននិយាយថា៖ «មានហានិភ័យដែលថា [ករណីឆ្លង] នឹងកើតមានឡើងនៅពេលយើងនៅតែត្រូវធ្វើដំណើរតាមរថយន្តដឹកកម្មករដ៏ចង្អៀតណែន»

កាលពីថ្ងៃទី១០ ខែមិថុនា សង្កាត់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកំណត់ជាតំបន់ពណ៌លឿងទុំនិងមានការរឹតបន្តឹងបន្ថែម។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ ពីកម្មកររាប់សិបនាក់មកពីរោងចក្រGrand Twins International ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។

អ្នករស់នៅក្នុងតំបន់ពណ៌លឿងទុំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេលើកលែងតែទិញអាហារនិងរបស់របរចាំបាច់ផ្សេងៗ ឬក្នុងគោលបំណងបំពេញការ ងារ ប្រសិនបើពួកគេមានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។

កម្មករបាននិយាយថា ខណៈពេលរោងចក្រ Grand Twins International ត្រូវបានបិទទ្វារ រោងចក្រក្បែរខាងនៅបន្តបើកដំណើរការនៅឡើយ។

កម្មករកាត់ដេរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មករកាត់ដេរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកស្រី តូ ឡាង អាយុ៣៦ឆ្នាំ ដែលធ្វើការនៅរោងចក្រក្បែរនោះ បាននិយាយថា អ្នកស្រីបារម្ភខ្លាចវីរុសនេះអាចឆ្លងរាលដាលដល់រោងចក្ររបស់អ្នកស្រី ហើយសង្ឃឹម ថា គេនឹងបិទរោងចក្រនេះ ដើម្បីទប់ស្កាត់ជាមុន។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំខ្លាចថា វីរុសនឹងអាចឆ្លងចូលមកក្នុងរោងចក្ររបស់ខ្ញុំ»

កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៥៤២ករណី ដែលធ្វើឱ្យចំនួនសរុបកើនដល់៣៨.៩៦៩នាក់ ចាប់តាំងពីការឆ្លង រាតត្បាតចាប់ផ្តើមកាលពីដើមឆ្នាំ២០២០។ ភាគច្រើននៃករណីទាំងនេះត្រូវបានកត់ ត្រាចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ជាពេលដែលមានការផ្ទុះឡើងជាបន្តទៀតនៃករណីឆ្លងសហគមន៍។ ក្រសួងក៏បានរាយការណ៍នូវករណីសះស្បើយចំនួន ៣២.៩ ៦៧ករណីនិង៣៤៨នាក់បានស្លាប់ដោយសារជំងឺនេះ។

នៅខាងក្រៅទីក្រុងភ្នំពេញឯណោះវិញ កម្មកររាប់រយនាក់បានធ្វើតេស្តរកឃើញវិជ្ជ មានជំងឺកូវីដ-១៩ នៅតំបន់ដែលសម្បូរដោយរោងចក្រដូចជា ខេត្តកំពង់ស្ពឺ ខេត្តព្រះ សីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តតាកែវ ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានមានប្រសាសន៍ថា វិធាន ការណ៍បច្ចុប្បន្ន ដែលក្រសួងសុខាភិបាលបានណែនាំមិនត្រូវបានអនុវត្តទាំងស្រុងដោយរោងចក្រនោះទេ ដូច្នេះវាលំបាកក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុង ចំណោមកម្មករកាត់ដេរ។

លោកបានមានប្រសាសន៍ថា ទោះបីជាកម្មករកាត់ដេរអនុវត្តតាមវិធានការណ៍ក្នុងជីវ ភាពប្រចាំថ្ងៃរបស់ពួកគេក៏ដោយក៏«យើងមិនអាចដោះស្រាយបញ្ហាហានិភ័យនៃការឆ្លងនេះបានដែរ ពីព្រោះពួកគេត្រូវបានប្រមូលផ្តុំគ្នាពេលជិះរថយន្ត [ទៅធ្វើការ] និង ប្រមូលផ្តុំគ្នានៅកន្លែងធ្វើការទៀត»។

លោកបានមានប្រសាសន៍ថា៖«រឿងសំខាន់ ដែលយើងគួរពិចារណា គឺត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ននិងធ្វើតេស្តកម្មករទាំងអស់ ដូច្នេះយើងអាចកាត់ផ្តាច់ការឆ្លងនិងរកប្រភពនៃការចម្លង»  ដោយលោកបានបន្ថែមថា លោកបារម្ភអំពីការឆ្លងរាល ដាលនេះនឹងបន្ថែមបន្ទុកសេដ្ឋកិច្ចលើកម្មករកាត់ដេរ។

លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ (FTU) មានប្រសាសន៍ថា វិធានការរបស់ក្រសួងសុខាភិបាលមិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពទេ នៅតាមរោងចក្រជាច្រើន ដែលនៅតែមានមនុស្សកកកុញ។

លោកបានបន្ថែមថា៖ «យើងបានឃើញថា ពួកគាត់នៅតែជិះរថយន្តដឹកកម្មករចង្អៀតណែន ដែលបានបង្កឲ្យមានការឆ្លងក្នុងសហគមន៍»

កម្មកររោងចក្រកាត់ដេរមកដល់រោងចក្ររបស់ពួកគេនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មកររោងចក្រកាត់ដេរមកដល់រោងចក្ររបស់ពួកគេនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោក ខេន លូ អគ្គលេខាធិការនៅសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងថា រោងចក្រកំពុងអនុវត្តតាមវិធានការណ៍ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។

លោក ខេន លូ បានមានប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភ [អំពីការឆ្លងដល់កម្មករ] ប៉ុន្តែអ្វីដែលយើងកំពុងធ្វើ គឺអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលនិងរដ្ឋាភិបាល» លោកបានបន្ថែមថា ការផ្អាកដំណើរការនឹងធ្វើឡើងភ្លាមៗនៅពេលកម្មករមួយចំនួនតេស្តឃើញវិជ្ជមាន។ទោះបីជាមានការទទូចពីកម្មករនិងសហជីពក៏ដោយ ក៏លោក ខេន លូ បាននិយាយថា វាមិនអាចទៅរួចទេ ក្នុងការបិទរោងចក្រជាមុននោះ។

លោកបានមានប្រសាសន៍ថា៖ «យើងមិនអាចផ្អាក [ដំណើរការ ] នៅពេលពួកគេមិនបានរកឃើញឆ្លងវីរុសនោះទេ» «នៅពេលរោងចក្រមិនអាចផលិតបាន យើងនឹងគ្មានផលិតផលសម្រាប់នាំចេញ ហើយកម្មករនឹងមិនទទួលបានប្រាក់ខែដែរ ដូច្នេះវានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ច ប្រសិនបើយើងផ្អាកប្រតិបត្តិការ»។

លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា នៅក្នុងរោងចក្រ ពួកគេមានវិធានការណ៍ល្អ ដើម្បីការពារកម្មករ»

មន្រ្តីសុខាភិបាលនិងមន្ទីរការងារខេត្តបាននិយាយថា លក្ខខណ្ឌនៅក្នុងរោងចក្របង្កការលំបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺនេះ។

លោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថា៖«ប្រ សិនបើពួកគាត់នៅតែធ្វើដំណើរជាមួយគ្នា ហើយពួកគាត់មិនបានរក្សាគម្លាតទេ ការឆ្លងនឹងនៅតែបន្ត»។

លោក អ៊ូ សុឃឿន ប្រធានមន្ទីរការងារខេត្តស្វាយរៀងមិនអាចទាក់ទងសុំការអត្ថាធិ ប្បាយបានទេ ប៉ុន្តែកាលពីដើមខែមិថុនា លោកបានប្រាប់ខេមបូចាថា ក្នុងចំណោម៩១២ករណី ដែលបានកត់ត្រានោះ មានជាង៤០០នាក់ជាកម្មកររោងចក្រ។ ជារួម កម្មកររោងចក្រជាង៣.០០០នាក់ ដែលបានប៉ះពាល់ជាមួយបុគ្គលដែលឆ្លងជំងឺនេះ ត្រូវធ្វើចត្តាឡីស័ក។

សុខឃឿន បាននិយាយថា៖«មូលហេតុនៃការឆ្លងគឺដោយសារតែពួកគាត់ស្ថិតនៅកន្លែងតែមួយជាមួយគ្នា ដែលវាពិបាកក្នុងការរក្សាគម្លាតសង្គម។ ពួកគាត់ធ្វើដំណើរជាមួយគ្នា ធ្វើការជាមួយគ្នានិងបរិភោគជាមួយគ្នា។ អ្នកឆ្លងភាគច្រើន គឺកម្មកររោង ចក្រនិងបុគ្គលិកកាស៊ីណូ»

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវមានប្រសាសន៍ថា កម្មករ«នៅតែប្រឈមនឹង [ការឆ្លង] ព្រោះពួកគាត់ជិះលើរថយន្តជាមួយគ្នា»។ លោកបានបន្ថែមថា៖ «ការណែនាំរបស់យើងគឺនៅបន្តពាក់ម៉ាស់ សម្អាតដៃរបស់យើងនឹងអាល់កុលនិងរក្សាគម្លាត ហើយកុំជិះលើរថយន្តប្រជ្រៀតគ្នា។ វានឹង មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរាលដាល»

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជំរុញឲ្យកម្មករកាត់ដេរអនុវត្តតាមវិធាន ការរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការដឹកជញ្ជូនដែលមានមនុស្សច្រើនទៅកន្លែងធ្វើការ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ពួកគេមានជម្រើសតិចតួចក្នុងការធ្វើបែបនេះ។

លោកបានមានប្រសាសន៍ថា៖ «យើងមិនមានវិធានការណ៍អ្វីទេ ចេះបានតែប៉ុណ្ណឹង ពីព្រោះយើងមិនដឹងថានរណាហ៊ានចេញមុខទិញរថយន្តដាច់ដោយឡែកសម្រាប់ដឹកកម្មករនោះទេ»។ ដោយលោកបន្ថែមថា៖«យើងគ្មានជម្រើសក្រៅពីការរក្សាអនាម័យ លាងដៃជាមួយអាល់កុល ពាក់ម៉ាស់និងកុំនិយាយរកគ្នាច្រើនពេកទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Covid-19 continues to spread in garment factories, where workers cannot avoid a crowd

272 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម