ម៉ោងប្រមាណជា៤រសៀល ក្រុមអ្នករត់ស៊ីក្លូ ដែលភាគច្រើនមានវ័យចាស់ជរា បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្បែរមាត់ទន្លេនៃក្រុងភ្នំពេញ ជាកន្លែងដែលពួកគាត់ធ្លាប់រង់ចាំដឹកភ្ញៀវទេសចរបរទេសទស្សនាទីក្រុងភ្នំពេញ។
ក្នុងវ័យ ៧០ ទៅ ៨០ឆ្នាំទៅហើយ ពួកគាត់នៅតែរស់ពឹងលើរបរប្រើប្រាស់កម្លាំង ដែលបានចំណូលតិចតួច ហើយប្រភេទរបរនេះជិតផុតរលត់ ប៉ុន្តែចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ជិតពីរឆ្នាំមក អ្នកប្រកបរបរក្រៅប្រព័ន្ធពឹងលើការដឹកភ្ញៀវបរទេស និងដែលងាយរងគ្រោះបំផុតនេះ កំពុងរស់ដោយពឹងផ្អែកលើជំនួយសប្បុរសធម៌។
មានស្បែកជ្រីវជ្រួញ ក្នុងទឹកមុខក្រៀមក្រំ អង្គុយលើស៊ីក្លូ លោក ងួន សុខ អាយុ៨៧ឆ្នាំ មានប្រសាសន៍ថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ និងការបិទទីក្រុង គាត់ស្ទើរដាច់បាយនៅពេលខ្លះ។
បុរសចំណាស់រូបនេះបានបន្តថា តាំងពីមានជំងឺកូវីដ១៩ ពិបាករកលុយផ្ញើទៅអ្នកផ្ទះណាស់។ លោកថាពេលខ្លះបានលុយឧបត្ថម្ភពីសប្បុរសជន លោកអាចឆ្លៀតផ្ញើលុយតិចតួចទៅឱ្យអ្នកផ្ទះ។ ពេលមានវិបត្តិកូវីដ មានប្រជាពលរដ្ឋមួយចំនួនបានផ្តល់ដល់រូបលោកដូចជា មី អង្ករ ត្រីខ ជាដើមដែលអាចជួយសម្រួលជីវភាពពេលនេះបាន។
លោកមានប្រសាសន៍ថា៖ «តាំងពីកូវីដ១៩ ខ្ញុំរកចំណូលមិនបានទាល់តែសោះ គ្មាននរណាជិះទេ។ ពីមុនមានភ្ញៀវបរទេសគេមកលេងស្រុកយើង ហើយពួកយើងក៏រកចំណូលបានខ្លះ»។
ក្រោយពេលទីក្រុងត្រូវបានបើកឡើវិញ លោកតា សុខ អាចរកចំណូលបាន ៥០០០រៀល ទៅ៦០០០រៀល ពីពលរដ្ឋក្នុងស្រុកខ្លះដែលដឹកពួកគាត់ទៅផ្សារ។
លោកថ្លែង៖ «យើងសឹងតែរកបាយហូបមិនបាន ពិបាកណាស់ខ្ញុំជាតិនឹង ប៉ុន្តែសំណាង ដែលបានបងប្អូន អ្នកខ្លះឲ្យ១ម៉ឺនរៀល ខ្លះឲ្យ២ម៉ឺនរៀល ហើយពេលនឹកឃើញចង់ស្រកទឹកភ្នែក មិនគួរណាអាយុ៨០ជាងហើយ នៅតែប្រឹងធាក់ស៊ីក្លូសោះ ហើយកុំតែបានសប្បុរសជនជួយឧបត្ថម្ភទេ កុំអីគ្មានលុយទិញបាយសម្រាប់ហូបឡើយ»។
មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោកតា សុខ អះអាងថា គាត់បានប្រកបមុខរបរអ្នករត់ស៊ីក្លូនេះតាំងពីមានអាយុ១៩ឆ្នាំមកម្ល៉េះ។ លោកថា ទោះកន្លងមកលោករកចំណូលមិនសូវបានច្រើន ប៉ុន្តែវាមិនអាក្រក់ដូចនៅពេលនេះទេ។
ជាមួយនឹងការស្នាក់នៅតាមសំយ៉ាបផ្ទះ និងតាមដងផ្លូវ លោកតា សុខ បានបង្ហាញពីក្តីព្រួយបារម្ភពីការឆ្លងកូវីដ ខណៈអាយុច្រើនទៅហើយ។ លោកបន្តថា៖ «ឃើញគេស្លាប់ដោយសារកូវីដនឹង ចេះតែគិតដែរ តែធ្វើម្តេចអាយុចេះតែច្រើនហើយ មានតែតាមវាសនាតាមកម្មផលទៅចុះ ហើយខ្ញុំគ្មានប្រាថ្នាចង់រកលើសលុបអីនោះទេ ចង់បានតែមួយរស់បុណ្ណោះ»។ លោកសំណូមពរឲ្យអាជ្ញាធរជួយឧបត្ថម្ភដល់ពួកគាត់បន្ថែម ដោយសារអ្នករត់ស៊ីក្លូសត្វថ្ងៃ នៅមានការខ្វះខាតច្រើន។
មិនខុសពីគ្នានោះទេ លោក ជ្រៃ ឆេង អាយុ៧២ ដែលជាអ្នករត់ស៊ីក្លូម្នាក់ទៀតមកពីខេត្តព្រៃវែង បានមានប្រសាសន៍ថាចាប់តាំងពីកូវីដមក លោកចំណាយពេលស្ទើរពេញមួយថ្ងៃនៅលើស៊ីក្លូ ដោយសារតែគ្មានភ្ញៀវ។
លោកបន្តថា៖ ថ្ងៃខ្លះរកបានច្រើនបំផុត១ម៉ឺនរៀលអីទេ ហើយថ្ងៃខ្លះអត់តែម្តង ចេះតែអង្គុយតាមផ្លូវ ជួនកាលគេឃើញអាណិត គេឲ្យលុយ ៣ ០០០រៀល ៥,០០០រៀល ដែរ បើពឹងរត់ស៊ីក្លូមិនបានទេ»។
លោកតាឆេង បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនហ៊ានហូបច្រើនទេ ព្រោះរកបានតិចដែរខ្លាចអស់ មិនដែលបានហូបគុយទាវទេ ។ សព្វថ្ងៃនេះពឹងស្ទើរតែទាំងស្រុងលើសប្បុរសជន ហើយបើអត់ជំនួយនេះទេ ខ្ញុំដាច់បាយហើយ»។ មុនកូវីដ ខែខ្លះលោកតាឆេង អាចផ្ញើលុយបាន២០ម៉ឺនរៀលទៅឲ្យប្រពន្ធនៅស្រុកដែលមានជម្ងឺ។
លោក អ៊ីវ សំណាង ដែលជាអ្នកផ្តួចផ្តើមរៃអង្គាសថវិកាដើម្បីជួយអ្នករត់ស៊ីក្លូ បានថ្លែងថា ស្ថានភាពអ្នករត់ស៊ីក្លូមានស្ថានភាពលំបាករួចស្រាប់ទៅហើយ តាំងពីមុនជំងឺកូវីដ-១៩។
លោកបន្តថា ស៊ីក្លូមិនត្រឹមតែប្រើជាមធ្យោបាយរកប្រាក់កំរៃសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែវាក៏ជាផ្ទះសម្រាប់ស្នាក់នៅរបស់ពួកគាត់ផងដែរ។
លោមានប្រសាសន៍ថា៖ «ពួកគេរកមួយថ្ងៃ សម្រាប់តែមួយថ្ងៃប៉ុណ្ណោះ មិនមានសល់អ្វីនោះទេ ដោយសារស្ថានភាពជំងឺកូវីដមានករណីឆ្លងកើនឡើងជាគំហុក ធ្វើឱ្យពួកគាត់កាន់តែលំបាកមួយកម្រិតទៀត»។
ដោយមើលឃើញទុក្ខលំបាករបស់ក្រុមអ្នករត់ស៊ីក្លូ លោក សំណាង បានបង្កើតកម្មវិធីរៃអង្គាសថវិកាពីសាធារណជន។ កម្មវិធីរៃអង្គាសនេះ លោក សំណាង ប្រមូលថវិកាបានជិត៣ម៉ឺនដុល្លារដើម្បីឧបត្តម្ភដល់អ្នកងាយរងគ្រោះទាំងនោះដោយម្នាក់ទទួលបាន៦០ម៉ឺនរៀល។
រដ្ឋាភិបាលបាននឹងកំពុងបង្កើនការចាក់វ៉ាក់សាំងកូវីដ ១៩។ កាលពីថ្ងៃទី១៧ ខែកញ្ញា អាជ្ញាធររាជធានីភ្នំពេញបានប្រកាសស្ដីពីការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជូនបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះក៏មានក្រុមអ្នករត់ស៊ីក្លូដែលងាយរងគ្រោះជាងគេផងដែរ។
ក្រសួងសុខាភិបាលនៅបន្តរកឃើញករណីឆ្លងកូវីដជាង៦០០ករណីក្នុងមួយថ្ងៃៗ ទោះបីអត្រាអ្នកស្លាប់ធ្លាក់ចុះក៏ដោយ។ អ្នកឆ្លងសរុបបានកើនដល់ជាង ១០ ០០០ករណី និងអត្រាអ្នកស្លាប់មានជាង២០០០នាក់គិតចាប់តាំងពីការផ្ទុះនៃព្រិត្តិការ២០ គុម្ភៈ។
រដ្ឋាភិបាលកាលពីខែឧសភាបានបិទខ្ទប់ទូទាំងប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដែលប្រកបរបក្រៅប្រព័ន្ធដែលងាយរងគ្រោះ។ ក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏បានផ្តល់សាច់ប្រាក់ដល់ពលរដ្ឋដែលមានបណ្ណក្រីក្រផងដែរ។ ទោះបីយ៉ាងនេះក្តីក្រុមអ្នករត់ស៊ីក្លូទាំងនោះអះអាងថាពួកគាត់មិនមានបណ្ណក្រីក្រនោះទេ។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាធានីភ្នំពេញ មិនបានឆ្លើយតបសំនួររបស់អ្នកយកព័ត៌មាន ទាក់ទងនឹងវិធានការរបស់សាលាក្រុងក្នុងការជួយដល់ក្រុមងាយរងគ្រោះទាំងនោះទេ។
ប្រធានសមាគមអ្នកភិរក្សស៊ីក្លូ លោក អ៊ឹម សម្បត្តិ បានឲ្យដឹងថា ក្នុងអំឡុងពេលបិទខ្ទប់កាលពីខែឧសភា ក្រុមអ្នករត់ស៊ីក្លូ៦០នាក់ បានទទួលការឧបត្តម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលតែមួយដងប៉ុណ្ណោះ ក្នុងចំណោមអ្នករត់ស៊ីក្លូជិត៣០០នាក់នៅភ្នំពេញ។
លោកបន្តថា អ្នកប្រកបរបរធាក់ស៊ីក្លូបានប្រឈមនឹងបញ្ហាសុខភាពរួចទៅហើយ ដោយសារពួកគាត់ភាគច្រើនជាមនុស្សចាស់។ លោថា នៅឆ្នាំ២០២១មានអ្នកធាក់ស៊ីក្លូ ៨នាក់បានស្លាប់ ដោយសារតែបញ្ហាសុខភាព ជាអត្រាខ្ពស់ជាងឆ្នាំមុនៗ។
លោកមានប្រសាសន៍ថា៖«អ្នកធាក់ស៊ីក្លូស្លាប់ភាគច្រើនដោយសារជំងឺ មិនមែនបណ្តាលពីជំងឺកូវីដទេ ព្រោះវ័យកាន់តែចាស់ សុខភាពមិនសូវល្អ គួបផ្សំពិបាកធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ខ្វះថវិកា ជាពិសេសពេលគេបិទខ្ទប់តែម្តង»។
លោកថ្លែងទៀតថា៖ «មុនមានបញ្ហាកូវីដ គាត់មានភ្ញៀវបរទេសដឹកជាហូរហែ ប៉ុន្តែតាំងពីកូវីដមកនឹង បញ្ហារបស់ពួកគេគឺទាក់ទងដាច់ស្បៀង ដោយសារវិស័យទេសចរណ៍ធ្លាក់ក្រោមសូន្យ ហើយភ្ញៀវក្នុងស្រុកមិនសូវមានទេ ផ្សារមួយចំនួនត្រូវបានបិទ»។
លោកបន្តថា កន្លងមកសមាគមអភិរក្សស៊ីក្លូ បានសហការជាមួយសប្បុរសជនដោយបានផ្តល់ជូននូវម្ហូបអាហារ ម៉ាស់ អាល់កុល ថ្នាំពេទ្យ និងសម្លៀកបំពាក់ជាដើម។ លោក សម្បត្តិ អំពាវនាវដល់រដ្ឋាភិបាល ជួយសម្រួលដល់កន្លែងស្នាក់របស់អ្នករត់ស៊ីក្លូនៅពេលយប់ ខណៈពួកគេស្នាក់នៅតាមចញ្ចើមផ្លូវ សំយាបផ្ទះជាដើម។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា រដ្ឋាភិបាលគួរបង្កើតមុខរបរងាយៗសម្រាប់ជនងាយរងគ្រោះក្នុងបរិបទកូវីដនេះ ដូចជាការសំអាតបន្ទប់ទឹកសាធារណៈជាដើម។
លោកបានបន្តទៀតថា៖ «តាមពិតវាស្ថិតនៅគម្រោង មួយដែលគេហៅថា សេវាកម្មរបបសន្តិសុខសង្គម តែកម្ពុជាយើងមិនទាន់បានធ្វើពេញលេញនៅឡើយទេ។ បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែរៀបចំគោលនយោបារបបសន្តិសុខសង្គមនេះ ដើម្បីជួយគាំទ្រដល់ជនងាយរងគ្រោះ ចាស់ជរា ជនក្រីក្រដែលត្រូវទទួលពីរបបសន្តិសុខសង្គមនេះ »។
លោកបានបន្ថែមថា ដើម្បីអភិរក្សស៊ីក្លូដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ទៅថ្ងៃមុខសមាគមស៊ីក្លូត្រូវប្រើសក្តានុពលទេសចរណ៍ ដើម្បីទាញប្រភពចំណូលឲ្យបានច្រើន ជាជាងការដឹកភ្ញៀវធម្មតា និងឥវ៉ាន់តាមផ្សារ។ ក្នុងវ័យ៨៨ឆ្នាំ លោក សុខ ខេង មកពីខេត្តកំពង់ស្ពឺបានរស់ពឹងចំណូលស្ទើរតែទាំងស្រុងពីសំណាក់សាធារណជននៅក្នុងទីក្រុងភ្នំពេញ។
លោកនិយាយថា៖ «អំឡុងពេលកូវីដនេះពិបាកតែម្តង អត់មានមនុស្សជិះទេ តិចគេបិទៗ មួយថ្ងៃចំណាយតែ១០ ០០០រៀលប៉ុណ្ណោះ សម្រាប់មនុស្សបីនាក់ ព្រោះត្រូវសន្សំទុកថ្លៃឈ្នួលបន្ទប់ យ៉ាប់ណាស់ ខែខ្លះក៏គ្មានលុយបង់ថ្លៃបន្ទប់»៕