សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូវីដ១៩ផ្ទុះជាថ្មីក្នុងពន្ធនាគារខេត្តមួយចំនួននិងបណ្ដាលឲ្យអ្នកជាប់ឃុំ២នាក់ស្លាប់

ប្រជាពលរដ្ឋ ដែលតេស្តវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ប្រជាពលរដ្ឋ ដែលតេស្តវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មន្រ្តីពន្ធនាគារនាពេលថ្មីៗនេះបានរកឃើញជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបណ្តាលឲ្យអ្នកជាប់ឃុំ២នាក់ស្លាប់ និងអ្នកជាប់ឃុំជាច្រើននាក់ទៀតឆ្លងជំងឺនេះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឱ្យ​ដឹង​​ថាករណីឆ្លង​ជំងឺកូវីដ​១៩ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានបណ្ដាលឱ្យអ្នកជាប់ឃុំ២នាក់បាត់បង់អាយុជីវិតគិតត្រឹមដើមសប្ដាហ៍នេះ។ ចំណែកឯ ករណីឆ្លងក្នុងពន្ធនាគារខេត្តសៀមរាប មិនបណ្តាលឲ្យអ្នកជាប់ឃុំបាត់បង់ជីវិតនោះទេ។  

លោក នុត សវនា មានប្រសាសន៍ថា៖«ម្នាក់ស្លាប់កាលពីអាទិត្យមុន ម្នាក់ទៀតស្លាប់ពីម្ស៉ិលម៉ិញ(ថ្ងៃទី១៨កក្កដា)។ អ្នកស្លាប់កាលពីអាទិត្យមុនហ្នឹងគាត់មានជំងឺទឹកនោមផ្អែមស្រាប់ ម្នាក់នេះគាត់មានជំងឺសួតជាប្រចាំដែរ»

លោកនុត សវនា មានប្រសាសន៍ថា បន្ទាប់បានរកឃើញករណីឆ្លងជំងឺនេះ អាជ្ញាធរពន្ធនាគារបានធ្វើតេស្តលើអ្នកជាប់ឃុំទាំងអស់ក្នុងពន្ធនាគារខេត្តសៀមរាបនិងបន្ទាយមានជ័យ  ព្រមទាំងចាត់វិធានការរក្សាគម្លាតដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺនេះ។ លោកថា អាជ្ញាធរនឹងចាត់វិធានការចាក់វ៉ាក់សាំងអ្នកជាប់ឃុំជាបន្តបន្ទាប់។

លោក នុត សវនា បន្តថា៖ «បន្ទាប់ពីចាត់វិធានាការរក្សាគម្លាតរួច យើងមាន​បំណង​ចាក់​វ៉ាក់​សាំងឱ្យអ្នកជាប់ឃុំក្នុងពន្ធនាគារទាំងពីរនេះ ។ ដោយយើងបានចាក់វ៉ាក់​សាំង​ដូសទី១​ឱ្យអ្នកនៅ​បន្ទាយ​មានជ័យរួចហើយ។ ចំពោះអ្នកនៅសៀមរាបនៅ​មិនទាន់ទេ  គឺរង់ចាំ​ចំណាត់​ការពី​អាជ្ញាធរ​ខេត្តសិន »។

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន បដិសេធ​ធ្វើ​អត្ថា​​ធិប្បាយ​លម្អិតពីស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារដែលលោកគ្រប់គ្រង​នោះ​ឡើយ។

លោក អ៊ុង ស៊ីផាន មានប្រសាសន៍ថា «ករណីឆ្លងហ្នឹងមានមែន តែខ្ញុំធ្វើរបាយការណ៍ជូនផ្នែកសុខាភិបាលរួចហើយ អត់មានអីត្រូវប្រាប់អ្នកកាសែតទេ»

យ៉ាងណាក្ដីអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត រឿន សុធី ឱ្យដឹងថា ផ្នែកសុខាភិបាលទទួលបានព័ត៌មានថាមាន​អ្នកជាប់ឃុំបាន​ស្លាប់ដោយសារកូវីដ១៩។

វេជ្ជបណ្ឌិតរឿន សុធី មានប្រសាសន៍ថា« អ្នកជាប់ឃុំម្នាក់ ហ្នឹងគាត់សម្រាកនៅមន្ទីរពេទ្យខេត្តព្រោះ​​​ឃើញថាគាត់ធ្ងន់ហើយផុត [ស្លាប់]កាលពីអាទិត្យមុន។តែម្នាក់ទៀតខ្ញុំមិនទទួលបាន​​ព័តមានលម្អិតទេ»

លោកបន្តថា មានអ្នកជាប់ឃុំជាច្រើនទៀតនៅខេត្តបន្ទាយមានជ័យបានឆ្លងជំងឺ កូវីដ១៩ ប៉ុន្តែលោកមិនអាចបញ្ជាក់ចំនួនពិតប្រាកដទេ។

របាយការណ៍របស់ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដខេត្តបន្ទាយមានជ័យ ឱ្យ​ដឹងថា អាជ្ញាធរបានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ជាង៨ពាន់ករណី ក្នុងនោះ​អ្នក​កំពុងសម្រាកព្យាបាលមានចំនួនជាង២៨០០នាក់។

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៧ កក្កដា បានរកឃើញ​មន្ត្រីពន្ធនាគារនិង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀម​រាប​ យ៉ាងតិច១៩នាក់ ​ឆ្លងជំងឺ​កូវីដ​១៩ ដោយ​ក្នុង​នោះ​មាន​ទាំង​ប្រធាន​ពន្ធនាគារ​ខេត្ត លោក ភាន ឆវ័ន្ត ផង។

កាលពីខែមិថុនា ជំងឺកូវីដ១៩បានផ្ទុះខ្លាំងក្នុងពន្ធនាគារខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ មណ្ឌលកែ​ប្រែទី១ មណ្ឌលកែ​ប្រែទី២ និងពន្ធនាគារខេត្តស្វាយរៀងជាដើម។ ក្នុងនោះ​អតីត​​សមា​​​ជិក​គណបក្ស​ប្រឆាំងមួយចំនួនដែលជាប់​ពន្ធនាគារក៏បានឆ្លងជំងឺ​កូវីដ១៩​នេះដែរ ប៉ុន្តែអាជ្ញាធរអះអាងថាពួកគេជាសះស្បើយពីជំងឺរួចហើយ ។ អ្នកជាប់ឃុំស្លាប់ដោយសារជំងឺកូវីដ១៩មានមកពីពន្ធនាគារ​ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ មណ្ឌលអប់រំក្រែប្រែម១ ជាដើម។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា កាលពីដើមខែមិថុនា បានអំពាវនាវនិងជំរុញឱ្យមាន ការដោះលែងក្រុមអ្នកជាប់ឃុំជាក់លាក់មួយចំនួនជាបន្ទាន់ដើម្បីកាត់បន្ថយចំនួនចង្អៀត សំដៅគ្រប់គ្រងឱ្យបាននូវការរីលរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។

លោក នុត សវនា អះអាងថា ស្ថានភាពជំងឺឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារដែលធ្លាប់រកឃើញថាមានករណីឆ្លងរីករាលដាលខ្លាំងចាប់ផ្ដើមមានសភាពធូរស្រាល ប៉ុន្តែរកឃើញករណីឆ្លងថ្មីៗក្នុងពន្ធនាគារនៅខេត្តផ្សេងទៅវិញ។

លោក នុត សវនា មានប្រសាសន៍ថា« នៅភ្នំពេញ ព្រះសីហនុ កណ្ដាល កំពង់ស្ពឺដែលធ្លាប់ផ្ទុះឆ្លងរីករាលដាលឆ្លងទ្រង់ទ្រាយធំនោះ ពេលនេះពួកគាត់បានជាសះស្បើយស្ទើតែ១០០%ហើយ។ ដោយឡែកខេត្តមួយចំនួនថ្មីនៅកៀកនឹងព្រំដែនភាគពាយ័ព្យ យើងទើបតែរកឃើញឆ្លងថ្មីៗ ដូចជាករណីខេត្តបន្ទាយមានជ័យ សៀមរាប ជាដើម ដែលយើងកំពុងយកចិត្តទុកដាក់»

ប៉ុន្តែលោក​នុត សវនា បានបដិសេធប្រាប់ចំនួន​អ្នកជាប់ឃុំសរុបដែលស្លាប់និងឆ្លងជំងឺកូវីដ១៩។ លោកឱ្យដឹង​ថា អ្នកជាប់​ឃុំប្រមាណ២០%បានទទួលវ៉ាក់សាំងចំនួន២ដូស និង៣០% នៃ​ចំនួន​អ្នកជាប់​ឃុំសរុបនៅទូទាំងប្រទេសបានទទួលវ៉ាក់សាំង១ដូស។

លោកនុត សវនា បន្ថែមថា៖« យើងរក្សាសិទ្ធិមិនប្រាប់ពីចំនួននៃអ្នកឆ្លងទេ ព្រោះហេតុ​ផល​សន្តិសុខ។ អ្នកជាប់ឃុំដែលមិនទាន់ចាក់វ៉ាក់សាំងនឹងអាចទទួលបានវ៉ាក់សាំងពីអាជ្ញាធរខេត្តព្រោះខាងពន្ធនាគារខេត្តនឹងស្នើទៅកាន់អាជ្ញាធរខេត្តឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ»។

អង្គការការពារសិទ្ធិមនុស្សលីកាដូ ជាស្ថាប័នមួយដែលធ្វើការងារលើគម្រោង​គាំទ្រពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមន្ត្រីអង្គការនេះមិន​អាច​បំ​ពេញ​ការងារឃ្លាំមើលពន្ធនាគារបានទៀតទេ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩​រាលដាល​ជា​សហគមន៍កាលពីខែកុម្ភៈមកនោះ។

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា  អាជ្ញាធរ​ពន្ធនា​គារ​មិន​អនុញ្ញាតឱ្យសហការីរបស់លោកបាន​ទទួលព័ត៌មានជុំវិញស្ថានការ​ឆ្លង​រីករាល​ដាលនៃជំងឺកូវីដ១៩ក្នុងពន្ធនាគារឡើយ។ លោកស្នើទៅកាន់រាជ​រដ្ឋាភិ​បាល ឱ្យបើកចំហរព័ត៌មានពីស្ថានភាពជំងឺកូវីដ១៩ក្នុងពន្ធនាគារឡើងវិញឱ្យ​ស្របតាមច្បាប់និងគោលការណ៍សិទ្ធិមនុស្សជាធរមាន។

លោក អំ សំអាត មានប្រសាសន៍ថា ៖«​កន្លងមកអត់មានព័ត៌មានបង្ហាញជាក់លាក់​  ពី​ស្ថាន​​ភាពជំងឺ​កូវីដ១៩ក្នុងពន្ធនាគារហ្នឹងទេ ជាហេតុធ្វើឱ្យក្រុម​គ្រួសារអ្នក​ជាប់​ឃុំ​ហ្នឹង​បារម្ភពី​ក្រុម​គ្រួសាររបស់គេ។ពួកយើងជាសង្គមស៊ីវិល ចង់ឱ្យអាជ្ញាធរផ្ដល់​ព័ត៌មាន​បច្ចុប្បន្ន​ភាពដូចក្រសួងសុខាភិបាលធ្វើរាល់ថ្ងៃដែរ ព្រោះអ្នកជាប់ឃុំក៏ជា​មនុស្ស​ដែរ​សាច់​ញាតិរបស់ពួកគេត្រូវតែទទួលបានសិទ្ធិនេះ »។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃពុធនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨១២នាក់ និងអ្នកស្លាប់ចំនួន១៩នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់៦៩.៦០៨នាក់ និងអ្នកស្លាប់ចំនួន១.១៦៨នាក់ រីឯអ្នកជាសះស្បើយសរុប៦១.៧៧៩នាក់៕

427 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម