សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូវីដ១៩ផ្ទុះខ្លាំងនៅថៃបង្ខំពលករខ្មែររាប់រយនាក់ឱ្យត្រឡប់មកស្រុកវិញជារៀងរាល់ថ្ងៃ

រថយន្ដយោធា ដឹកពលករដែលត្រឡប់ពីថៃមកស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ នាព្រឹកថ្ងៃទី១០មិថុនា២០២១។ ខេមបូចា/ វណ្ណ វិចារ
រថយន្ដយោធា ដឹកពលករដែលត្រឡប់ពីថៃមកស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ នាព្រឹកថ្ងៃទី១០មិថុនា២០២១។ ខេមបូចា/ វណ្ណ វិចារ

អាជ្ញាធរខេត្តបន្ទាយមានជ័យពង្រឹងការធ្វើតេស្តរកកូវីដ១៩ ក្នុងចំណោមពលករមកពីប្រទេសថៃ ខណៈអាជ្ញាធរខេត្តបាត់ដំបង រកឃើញករណីពលករខ្មែរមកពីប្រទេសថៃ​មាន​ផ្ទុក​​ជំងឺ​កូវីដ១៩បម្លែងខ្លួនដែលមានប្រភពពីប្រទេសឥណ្ឌា។

កាលពីថ្ងៃទី៤ មិថុនា ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទ B.១.៦១៧ ពីក្នុងចំណោមពលករ៣រូបដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

ក្រុមការងារប្រឆាំងកូវីដ១៩ខេត្តបន្ទាយមានជ័យឱ្យដឹងថា មានពលរដ្ឋខ្មែរប្រ​មាណ​ពី​១០០​ទៅ ​២០០​នាក់បានឆ្លងដែនពីប្រទេសថៃចូលតាមច្រកព្រំដែននានាក្នុងខេត្ត ជារៀង​រាល់ថ្ងៃ នៅ២សប្ដាហ៍ចុងក្រោយនេះ។

អនុប្រធានមន្ទីរសុខាភិបាល ទទួលបន្ទុកការងារប្រឆាំង​ជំងឺ​កូវីដ១៩ខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត រឿន សុធី មានប្រសាសន៍ថា​ ករណីពលករឆ្លងដែន​មកពីប្រទេសថៃនេះជាករណីគួរឱ្យបារម្ភ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់។

វេជ្ជបណ្ឌិត រឿន សុធី មានប្រសាសន៍ថា « នៅខេត្តយើងមិនទាន់ឃើញករណីកូវីដបម្លែងខ្លួនហ្នឹងទេ តែយើងពង្រឹងការធ្វើតេស្ត ក្រែងលោមានករណីមេរោគបម្លែងខ្លួនប្រភេទថ្មីនោះដែលវាមានគ្រោះថ្នាក់ខ្លាំង ព្រោះនៅបាត់ដំបងគេរកឃើញពីក្នុងចំណោមពលករមកពីថៃហ្នឹងឯង»
លោក រឿន សុធី មានប្រសាសន៍ទៀតថា ​ អាជ្ញាធរប្រើតេស្តរហ័សដើម្បី​ធ្វើ​តេស្ត​លើពលករ​ដែល​សង្ស័យ​​​ថា​មានផ្ទុក​មេ​​​រោគ រួច​បញ្ជូនតេស្ត​នៅមន្ទីរ​ពិ​សោ​ធ​ន៍ ប៉ាស្ទ័រ​រាជធានីភ្នំពេញ។លោកថា បើរកឃើញថាមានជំងឺ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកទាំងនោះចូលព្យាបាល។  ចំពោះអ្នក​មានសុខភាពធម្មតា ត្រូវបញ្ជូនទៅមណ្ឌចត្តាឡីស័ក ។

លោក រឿន សុធី បានបន្ថែមថា « ​អ្នកមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យយើងយកទៅដាក់ចត្តាឡីស័ក អ្នកមានទីលំនៅនៅខេត្តផ្សេងយើងយោធាមានឡានជូនពួកគាត់ដល់កន្លែងធ្វើចត្តាឡីស័កនៅខេត្តពួកគាត់»

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថា គិតចាប់ពីថ្ងៃទី២៦ខែឧសភាដល់ថ្ងៃទី០៩ខែមិថុនា អាជ្ញាធរបានរកឃើញពលករខ្មែរត្រឡប់ពីថៃចំនួន១៥៣នាក់មានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះមានពលករខ្មែរត្រឡប់ពីថៃចំនួនជាង១៧០០នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក។

រដ្ឋបាលខេត្តបាត់ដំបង ប្រកាសថាគិតចាប់ពីថ្ងៃទី២៤ឧសភាដល់ថ្ងៃទី០៩ខែមិថុនា អាជ្ញា​ធរបានរកឃើញពលរដ្ឋត្រឡប់មកពី​ប្រ​ទេស​​ថៃ ដែលឆ្លងជំងឺកូវីដ១៩ ចំនួន​​១០៩នាក់ ។

ចំណែក រដ្ឋបាលខេត្តឧត្តរមានជ័យ ឲ្យថា គិតពីដើមខែឧសភាដល់ថ្ងៃទី០៩ខែមិថុនា អាជ្ញាធររកឃើញពលរដ្ឋត្រឡប់ ពីប្រទេសថៃដែលឆ្លងជំងឺកូវីដ១៩ ចំនួន​៩១​នាក់។

រថយន្ដយោធាដឹកពលករខ្មែរចេញពីមណ្ឌលចត្តាឡីស័កកងវ៉ា ឆ្ពោះទៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០មិថុនា២០២១។ ខេមបូចា/ វណ្ណ វិចារ
រថយន្ដយោធាដឹកពលករខ្មែរចេញពីមណ្ឌលចត្តាឡីស័កកងវ៉ា ឆ្ពោះទៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០មិថុនា២០២១។ ខេមបូចា/ វណ្ណ វិចារ

ពលករខ្មែររស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក វ៉ិត វិនតាំង ប្រាប់ខេមបូចា តាមទូរសព្ទថា លោកជាកម្មករចុះទូកនៅខេត្តសាមុតប្រាកានប្រទេសថៃអស់រយៈពេល៦ឆ្នាំមកហើយ។លោកបន្តថា លោកបានចូលមកប្រទេសវិញកាលពីថ្ងៃទី២១ខែឧសភា និងត្រូវរស់នៅក្នុងមណ្ឌលចត្តាឡីស័កមង្គលបុរីរហូតដល់ថ្ងៃទី៦ខែមិថុនា ទើបត្រឡប់ទៅផ្ទះវិញ។

លោក វ៉ិត វិនតាំង និយាយថា« ចេញពីថៅកែចាស់ខ្ញុំរកការងារធ្វើមិនបាន ដោយសារកូវីដផងអត់លុយផង រកងារធ្វើមិនបានផង ខ្ញុំក៏ត្រឡប់មកវិញ ចូលមកតាមច្រកប៉ោយប៉ែត។ ថ្ងៃខ្ញុំមកវិញហ្នឹងមានពលករយើងជាង៣០នាក់ មកដំណាលខ្ញុំដែរ អ្នកខ្លះមកខ្លួនឯងអ្នកខ្លះទៀតទាហានថៃចាប់បញ្ជូនមក »

លោក បន្តថា គ្រូពេទ្យបានយកសំណាកលោកចំនួន២ដងមុននឹងអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័ក ដោយលើកទី១ធ្វើនៅថ្ងៃចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ធ្វើតេស្តនៅ២ថ្ងៃមុនកាលបរិច្ឆេទចេញពីមណ្ឌលចត្តាឡីស័ក។

អ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័កកងវ៉ា ក្នុងក្រុងសិរីសោភ័ណ លោក នង វុទ្ធី អះអាងថា អាជ្ញាធរជាអ្នករ៉ាប់រងម្ហូបអាហារ និងសម្ភារចាំបាច់ផ្សេងៗ ព្រមទាំងធ្វើតេស្តរកមេរោគសម្រាប់ពលករទាំងអស់ដែលធ្វើចត្តាឡីស័ក។

លោក នង វុទ្ធី និយាយថា«អ្នករស់នៅក្នុងចត្តាឡីស័កនោះត្រូវឆ្លងកាត់ការធ្វើតេស្ត២ដង។  បើមានមេរោគគេបញ្ជូនទៅព្យាបាលបើអត់ទេយើងធ្វើលិខិតឱ្យគាត់ចេញទៅផ្ទះវិញ»

នាយកដ្ឋានត្រួត​ពិនិត្យ​ជំងឺឆ្លងនៃក្រសួងសុខាភិ​បាលថៃ បានរកឃើញអ្នកឆ្លងជំងឺ ចំនួន១៨៥ ២២៨នាក់ និងមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន១ ៣៣២នាក់ អ្នក​ជំងឺធ្ងន់ធ្ងរ​មានចំនួន ១ ២៨៦នាក់ និងមាន​អ្នក​ឆ្លងថ្មីចំនួន ២ ៦៨០នាក់ គិតត្រឹម​ព្រឹក​ថ្ងៃទី០៩ ខែមិថុនា ។ ដោយសារស្ថានភាពនេះ ទើបប្រជាពលករខ្មែរមួយចំនួនសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ទោះបីប្រឈមគ្មានការងារធ្វើ។

មន្ត្រីសិទ្ធិការងារ​ផ្នែកពលករ ប្រចាំប្រទេសថៃ នៃអង្គការ​សង់ត្រាល់ លោក លឹង សុផុន មានប្រសាសន៍ថា ក្នុងប្រទេសថៃ ជំងឺកូវីដ១៩ឆ្លងខ្លាំងនៅតាម​ទីក្រុង​និងខេត្ត ដែលមានពលរដ្ឋខ្មែរធ្វើការច្រើន រួមមាន ទីក្រុងបាងកក ខេត្តឈុន​បុរី  ខេត្តសមុទ្រប្រាកាន ខេត្តនន្ទបុរីជាដើម ។លោកបន្តថា កូវីដ១៩នេះជា​មូល​ហេតុ​សំខាន់​ដែលបង្ខំឱ្យ​ពលករ​ខ្មែរ​ឱ្យត្រឡប់ទៅប្រទេសវិញ។

លោក លឹង សុផុន និយាយថា៖«កន្លែងណាមានហារនីភ័យឆ្លងកូវីដខ្លាំងដូចជារោងចក្រ ឬការដ្ឋានសំណង់ហ្នឹងគឺអាជ្ញាធរថៃគេបិទឬផ្អាក ដល់តែអ៊ីចឹងពលករខ្មែរយើងអត់ការងារធ្វើ ខ្វះអាហារហូបចុក អ្នកខ្លះខ្លាចឆ្លងកូវីដផង ខ្លះទៀតសង្ស័យថាខ្លួនឆ្លងផង ពួកគាត់មានតែត្រឡប់ទៅខ្មែរវិញទៅ។ក្នុងពេលកូវីដផ្ទុះខ្លាំងនេះពលករខ្មែររាប់ពាន់នាក់បាត់បង់ការងារធ្វើ»

របាយការណ៍ពីក្រុមការងារប្រឆាំងជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យឱ្យដឹងថា​ សព្វថ្ងៃជំងឺកូវីដ១៩បាន​ផ្ទុះជាសហគមន៍រាយប៉ាយនៅ​ស្ទើរគ្រប់ស្រុកក្នុងខេត្ត​បន្ទាយមានជ័យ ដែលតំបន់ឆ្លងខ្លាំងនៅក្រុងប៉ោយប៉ែតឆ្លងក្នុងចំណោមបុគ្គលិក​កាស៊ីណូ រហូតដល់ក្នុងរោងចក្រ។ អាជ្ញាធរខេត្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩សរុបចំនួន៣៣៩៧នាក់ ក្នុងនោះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនជាង១ពាន់នាក់។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៤២៦ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣៦.៦៦៦នាក់ចាប់តាំងពីការ ឆ្លងរាលដាលកាលពីដើមឆ្នាំ២០២០។ ភាគច្រើននៃករណីទាំងនេះគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ។ ក្រសួងក៏បានកត់ត្រាករណីជាសះស្បើយ២៩.៨០៧ករណីនិងមានមនុស្ស៣០០នាក់បានស្លាប់ដោយសារជំងឺនេះ៕

255 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម