អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា រដ្ឋាភិបាលបានប្រើប្រាស់វិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩ ជាមូលហេតុក្នុងការចាប់ខ្លួនសហជីព រឹតបន្តឹងការចុះឈ្មោះសហជីព និងបិទសិទ្ធិធ្វើកូដកម្ម ខណៈដែលនិយោជកក្នុងវិស័យកាត់ដេរនិងទេសចរណ៍ក៏ប្រើប្រាស់យុទ្ធសាស្ត្ររារាំងសហជីព ដែលនេះជាការគំរាមកំហែងដល់ការបង្កើតសហជីពឯករាជ្យ។
របាយការណ៍ដែលមានចំណងជើងថា «មានតែសហជីពមីកញ្ចប់ ឬសហជីពស្និទ្ធនិងថៅកែទេ អាចបន្តរស់រានបាន៖ការធ្វើទុក្ខបុកម្នេញសហជីពនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ទេសចរណ៍របស់កម្ពុជា» ចេញកាលពីថ្ងៃចន្ទបង្ហាញពីវិធីដែលរដ្ឋាភិបាល រោងចក្រកាត់ដេរ ក្រុមហ៊ុនកាស៊ីណូ និងអាជីវកម្មផ្សេងទៀតបានប្រើប្រាស់ផ្លូវច្បាប់ និងរដ្ឋបាល–រាប់តាំងពី ការចោទប្រកាន់ព្រហ្មទណ្ឌដល់ការិយាធិបតេយ្យរបស់រដ្ឋាភិបាល–ដែលធ្វើឱ្យសហជីពឯករាជ្យចុះខ្សោយ និងរំលោភសិទ្ធិកម្មករ ខណៈដែលនិយោជកនិងសហជីពដែលមានទំនោរកាន់ជើងរដ្ឋាភិបាលអាចចងក្រងឬចុះឈ្មោះបានលឿនដូចឆុងមីមួយកញ្ចប់។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានលើកឡើងថា ក្រុមការងារខ្លួនបានកត់ត្រាករណីបណ្តេញចេញ និងការកាត់រំសាយការងារទ្រង់ទ្រាយធំចំនួន៥ករណីដែលមិនយុត្តិធម៌ សំដៅចំពោះមេដឹកនាំសហជីព និងសមាជិកសកម្មជន ដែលនេះវាបានបន្ថែម«បញ្ហាដែលកម្ពុជាមានមកជាយូរហើយទាក់ទងដល់ការបំពានលើការងារសហជីព»។
សមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលបានបន្តការតវ៉ាជាប្រចាំនៅជិតកាស៊ីណូនៅភ្នំពេញអស់រយៈពេលជិតមួយឆ្នាំ បាននិយាយថា ការបញ្ឈប់កម្មករជាង ១ ៣០០នាក់កាលពីខែមេសាឆ្នាំមុន ផ្តោតលើមេដឹកនាំ និងសមាជិករបស់សហជីព។ ក្រុមហ៊ុនបាននិយាយថាការរំសាយកម្មករគឺដោយសារមួលហេតុការធ្លាក់ចុះសេដ្ឋកិច្ចអំឡុងពេលមានជំងឺរាតត្បាតសកល។
កម្មករ សហជីព និងអង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យទទួលយកកម្មករដែលត្រូវបានបញ្ឈប់ពីការងារ ផ្តល់ប្រាក់បំណាច់អតីតភាពការងារ និងគោរពតាមច្បាប់ការងារ។
ចាប់តាំងពីកូដកម្មបានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ២០២១ មេដឹកនាំនិងសមាជិក LRSU បានរងរបួសក្នុងអំឡុងពេលតវ៉ា រងការចាប់ដាក់ពន្ធនាគារ ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងកូដកម្មរបស់ពួកគេ ដែលរដ្ឋាភិបាលបានចាត់ទុកកូដកម្មជាអំពើខុសច្បាប់ ហើយបានចាប់កូដកររុញចូលរថយន្តក្រុង និងបានបានយកទៅឃុំខ្លួននៅកន្លែងធ្វើចត្តាឡីស័ក។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) ត្រូវបានឃុំខ្លួនក្រោមបទចោទថា៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» ជុំវិញការរៀបចំកូដកម្មរបស់សហជីពដើម្បីទាមទារយកកម្មករចំនួន៣៦៥នាក់ចូលធ្វើការវិញ និងការសងសំណងសមរម្យពីក្រុមហ៊ុនណាហ្កាវើលដ៍។ មេដឹកនាំសហជីពរូបនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាងពីរខែ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែមីនា រួមជាមួយនឹងសមាជិក LRSU ប្រាំពីរនាក់ផ្សេងទៀត ប៉ុន្តែការចោទប្រកាន់របស់ពួកគេនៅតែមានដដែល។
នៅថ្ងៃដដែលដែលពួកគេត្រូវបានដោះលែង ក្រសួងការងារបានទទួលស្គាល់សហជីពថ្មីនៅណាហ្គាវើលដ៍ ដែលក្រុមសិទ្ធិមនុស្សបានព្រមានថាអាចរារាំងការចរចាដើម្បីបញ្ចប់វិវាទការងាររវាង LRSU និងក្រុមហ៊ុន។
កញ្ញា ស៊ីថរ បាននិយាយថា វិធានការប្រឆាំងនឹងសហជីពរបស់ណាហ្គាវើលដ៍ និងអាជ្ញាធរគឺសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបំបែកសហជីពឯករាជ្យរបស់ពួកគេ ហើយជំនួសដោយក្រុមជួរមុខមួយវិញ។
«បន្ទាប់ពីយើងចាប់ផ្តើមធ្វើកូដកម្មរបស់យើង [ប្រឆាំងនឹងកាស៊ីណូណាហ្គាវើលដ៍] សហជីពថ្មីមួយស្រាប់តែលេចរូបរាងឡើង ដែលយើងហៅថាសហជីព «មីកញ្ចប់» ព្រោះវាបានចុះបញ្ជីជាមួយក្រសួង [ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ] លឿនដូចឆុងមីដែលចំណាយពេលតែ២នាទី» កញ្ញា ស៊ីថរ បានថ្លែងដោយយោងទៅតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។ កញ្ញា បានបន្ថែមថា៖ «កម្មករនៅណាហ្គាវើលដ៍មិនដឹងថាមានការបោះឆ្នោតជ្រើសរើសសហជីពបានកើតឡើងទេ ហើយអ្នកណាបានបោះឆ្នោតឱ្យមេដឹកនាំនោះទេ»។

មេដឹកនាំសហជីពត្រូវបានគំរាមកំហែង
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសម្ភាសន៍ជាមួយមេដឹកនាំសហជីពឯករាជ្យចំនួន៣២នាក់ និងសមាជិកសកម្មជនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍នៅកម្ពុជា និងការចែករំលែកព័ត៌មានគ្នាជាមួយអ្នកតស៊ូមតិវិស័យការងារនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងការទំនាក់ទំនងទៅកាន់បណ្តាក្រុមហ៊ុននានាក្នុងចន្លោះពេលពីខែមិនាដល់ខែមិថុនា ឆ្នាំ ២០២២។
របាយការណ៍ដដែលបង្ហាញថា ក្នុងករណីបួនដែលបានចងក្រងដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ គេបានរកឃើញថា អាជ្ញាធរ និងក្រុមហ៊ុនបានប្រើប្រាស់ ឬគំរាមប្រើប្រាស់ប្រព័ន្ធតុលាការកម្ពុជាក្នុងការចោទប្រកាន់ជាបទព្រហ្មទណ្ឌមានលក្ខណៈនយោបាយ«ដើម្បីបំបិទមាត់មេដឹកនាំសហជីព និងសមាជិកសកម្មជន តាមការចាប់ខ្លួន ការឃុំឃាំងតាមអំពើចិត្ត ការកាត់ទោស ឬគំរាមកាត់ទោស បើមិនបានបញ្ឈប់សកម្មភាព»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឱ្យដឹងទៀតថា អាជ្ញាធរបានលើកឡើងពីការចោទប្រកាន់ពីបទល្មើសទាំងមិនពិតមួយចំនួនដូចជា«ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសមានស្ថានទម្ងន់ទោស» និងការរំលោភបំពានដែលមិនបានបញ្ជាក់ចំពោះច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស «គ្មានមូលដ្ឋាន» ហើយថាអ្នកណាក៏ដោយដែលបំពានច្បាប់ មិនថាសកម្មជនការងារ ឬអ្នកផ្សេងទៀតនឹងត្រូវចាប់ខ្លួននិងដាក់ពន្ធនាគារតាមច្បាប់។
លោកបានបន្តថា៖ «កម្ពុជាតម្រូវឱ្យធ្វើកិច្ចការនេះ។ ទោះជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរំលោភច្បាប់កម្ពុជា គាត់ក៏នឹងត្រូវជាប់ពន្ធនាគារដែរ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា ការសន្និដ្ឋានក្នុងរបាយការណ៍អំពីការបង្ក្រាបរបស់រដ្ឋាភិបាលលើសហជីពឯករាជ្យ និងកូដកម្មរបស់កម្មករក្នុងអំឡុងពេលជំងឺរាតត្បាតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សគឺមានភាពត្រឹមត្រូវ។
អ្នកស្រីបន្តថា៖ «ពេលគេឃើញសហជីពចូលរួមគាំទ្រសមាជិកយើង យើងបានទទួលការព្រមាន ឬត្រូវបានគេគំរាម ទោះបីយើងបានអនុវត្តតាមច្បាប់ក៏ដោយ។ រដ្ឋបានប្រើគ្រប់មធ្យោបាយដើម្បីការពារក្រុមហ៊ុនឯកជន ហើយពួកគេបានរំលោភសិទ្ធិកម្មករ [ធ្វើកូដកម្ម]»។
នៅឆ្នាំ២០២០ ក្រសួងការងារបានចេញលិខិតមួយដោយចោទប្រកាន់លោកស្រី សុភ័ណ្ឌ ពីបទញុះញង់កម្មករនៅរោងចក្រកាត់ដេរ Violet Apparel ឱ្យគាបសង្កត់ និងគំរាមកំហែងនិយោជក ដោយអះអាងថា សកម្មភាពរៀបចំរបស់អ្នកស្រី បន្ទាប់ពីរោងចក្របិទទ្វារបានបំពានច្បាប់ស្តីពីសហជីព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
កាលពីខែសីហា ក្រសួងការងារបានព្រមានជាថ្មីម្ដងទៀងប្រឆាំង អ្នកស្រី សុភ័ណ្ឌ ដោយលើកនេះចោទថាបង្ខំកម្មករណាហ្គាវើលដ៍ឱ្យបន្តការតវ៉ា ដោយក្រសួងនឹងគំរាមដាក់ទណ្ឌកម្ម ប្រសិនបើអ្នកស្រីនៅតែបន្តសកម្មភាពខុសច្បាប់។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថា «មិនត្រឹមត្រូវ» និង «គ្មានវិជ្ជាជីវៈ» ដោយបន្ថែមថា រដ្ឋាភិបាលបានធ្វើការដើម្បីរក្សាការងារ និងជីវភាពរបស់មេដឹកនាំ និងសកម្មជនសហជីព។
លោកបានមានប្រសាសន៍ថា៖ «ក្នុងកំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនត្រឹមតែបានខិតខំការពារសុខភាព អាយុជីវិត ការងារ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនោះទេ គឺថែមទាំងផ្តល់ការអន្តរាគមន៍គាំពារ និងប្រាក់ឧបត្ថម្ភយ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មានប្រសាសន៍ថា ខណៈពេលដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិការងារអន្តរជាតិសំខាន់ៗ ប៉ុន្តែប្រទេសនេះ«បរាជ័យជាមូលដ្ឋានក្នុងការអនុវត្តតាមអនុសញ្ញាទាំងនេះជាប្រចាំ»។
លោក Robertson បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលផ្សាយផ្ទាល់ថា ការរំលោភបំពានលើសហជីពរួមមានការលំអៀងរបស់ក្រសួងការងារប្រឆាំងនឹងការចុះបញ្ជីសហជីពឯករាជ្យ ក្រសួងបានចាត់ទុកវិវាទការងារជារឿងបុគ្គលជាជាងករណីសមូហភាព ដូច្នេះបញ្ហាទាំងនេះមិនត្រូវដោះស្រាយក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលសម្របសម្រួលវិវាទការងារ ហើយនិយោជកប្រើប្រាស់ដោយខុសនូវកិច្ចសន្យារយៈពេលកំណត់ជាមធ្យោបាយរារាំងកិច្ចខិតខំប្រឹងប្រឹងរបស់សហជីព។
នៅឆ្នាំ២០១៩ ក្រសួងការងារបានចេញសេចក្តីណែនាំថ្មីដែលអនុញ្ញាតឱ្យនិយោជកប្រើប្រាស់កិច្ចសន្យាប្រើកិច្ចសន្យាមានរយៈពេលកំណត់ដែលជាធម្មតាមានរយៈពេលពី២ទៅ៦ខែសម្រាប់រយៈពេល៤ ឆ្នាំ។ មេដឹកនាំសហជីពបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា កិច្ចសន្យាមានរយៈពេលកំណត់«ជារឿយៗត្រូវបានប្រើប្រាស់ក្នុងការបញ្ឈប់ដោយគ្មានមូលហេតុ ឬការជូនដំណឹង ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពសហជីពរបស់កម្មករ»។
មេដឹកនាំសហជីពក្នុងវិស័យកាត់ដេរដែលត្រូវបានបណ្តេញចេញបាននិយាយថាពួកគេជឿថា ឈ្មោះរបស់ពួកគាត់ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងត្រូវរារាំង ពីការទទួលឱ្យចូលធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្សេងទៀតណាមួយទេ បន្ទាប់ពីត្រូវបានបណ្តេញចេញ។
លោក Robertson បាននិយាយថា រដ្ឋាភិបាលបរទេស រួមទាំងទីផ្សារនាំចេញសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គួរតែអនុវត្តស្តង់ដារសិទ្ធិការងារលើប្រទេសកម្ពុជា ដែលជាតម្រូវការជាមុនសម្រាប់ប្រទេសដែលទទួលបានការអនុគ្រោះពាណិជ្ជកម្មពីបរទេស។
លោកបានបន្ថែមថា សម្ពាធពីខាងក្រៅគួរតែមកពីម៉ាកអន្តរជាតិដែលទិញទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយជាឱកាសមួយដើម្បីកែទម្រង់វិស័យនេះ។
តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងណាហ្គាវើលដ៍ មិនអាចទាក់ទងបានទេកាលពីថ្ងៃចន្ទ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Covid Used as Cover for Union Busting in Cambodia: Human Rights Watch