សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជំងឺកូវីដ១៩ឆ្លងជាចង្កោមនៅប៉ោយប៉ែត បានរីករាលដាលដល់ក្រុងសិរីសោភ័ណ

អគារមួយនៃសកលវិទ្យាល័យមានជ័យត្រូវបានអាជ្ញាធរយកធ្វើកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ
អគារមួយនៃសកលវិទ្យាល័យមានជ័យត្រូវបានអាជ្ញាធរយកធ្វើកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ទីក្រុងប៉ោយប៉ែតចាប់តាំងពីថ្ងៃទី២៤ខែមេសា ដើម្បី​ទប់​ស្កាត់កុំឱ្យមេរោគ​កូវីដ១៩ឆ្លងរីករាលដាលទៅតំបន់ផ្សេងៗនៃខេត្ត ប៉ុន្តែវិធានការនេះនៅមិនទទួលជោគជ័យនោះទេ ក្រោយរកឃើញមនុស្ស៦នាក់នៅក្រុងសិរីសោភ័ណបានឆ្លងជំងឺកូវីដ១៩។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ វេជ្ជបណ្ឌិត រឿន សុធី ថ្លែងប្រាប់ខេមបូចាថា ប្រភពចម្លងជំងឺពីប៉ោយប៉ែតមកសិរីសោភ័ណនេះ ជាបុរសម្នាក់វ័យជាង២០ឆ្នាំ ដែលប្រកបរបររត់តាក់ស៊ី។ លោកថា បុរសនោះចូលស្នាក់នៅ​ក្រុងប៉ោយប៉ែត​កាលពី​ថ្ងៃទី​២៣ខែមេសាគឺមុនអាជ្ញាធររឹតបន្តឹងការចេញចូលក្រុងប៉ោយប៉ែត។ បញ្ហានេះធ្វើឲ្យស្ថានភាព​ឆ្លងរីករាលដាលនៅខេត្តនេះគួរឲ្យបារម្ភ។

វេជ្ជបណ្ឌិត រឿន សុធីមានប្រសាសន៍ថា៖ «អាជ្ញាធរនិងក្រុមគ្រូពេទ្យ បារម្ភថាបើមានកំណើនច្រើនទៀតយើងនឹងជួបបញ្ហាពិសេសខ្វះខាតកន្លែងសម្រាកព្យាបាលផង។កាលណាមកធ្វើតេស្ត យើងនៅតែបន្តរកឃើញច្រើន។ ច្រើនខ្លាំងនៅប៉ោយប៉ែតហ្នឹងហើយជាង៥០០នាក់ បន្ទាប់មក​ស្វាយ​(សិរី​សោ​ភ័ណ)៦នាក់ហ្នឹង»។

លោកបន្តថា អាជ្ញាធរខេត្តព្យាយាមទប់ស្កាត់កាត់ផ្ដាច់ការចម្លងទៅកាន់តំបន់ផ្សេងដើម្បីងាយស្រួលគ្រប់គ្រង និងព្យាបាល។

អភិបាលក្រុងសិរីសោភ័ណ លោក ហិល រ៉ាយ៉ា មានប្រសាសន៍ថា អាជ្ញាធរក្រុងសិរីសោភ័ណនៅអាចគ្រប់គ្រងស្ថានការណ៍ឆ្លងកូវីដ១៩នេះបាន បន្ទាប់ពីរកឃើញពលរដ្ឋឆ្លងកូវីដ១៩ចំនួន៦នាក់នោះ។

លោក ហិល រ៉ាយ៉ា៖ «យើងយក៦នាក់ហ្នឹងទៅដាក់សម្រាកព្យាបាល នៅមណ្ឌលសម្រាលព្យាបាលទឹកថ្លាក្នុងក្រុងសិរីសោភ័ណរួចហើយនិងបន្តស្រាជ្រាវរកអ្នកពាក់ព័ន្ធ និងទប់ស្កាត់ទៀត ខ្ញុំជឿថាយើងគ្រប់គ្រងបាន»។

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបង្ហាញឈ្មោះមនុស្សទាំង៦នាក់ដែលឆ្លងជំងឺកូវីដ១៩ និងអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តរកមេរោគ។

ក្រុងសិរីសោភ័ណ្ឌមានសភាពកាន់ស្ងប់ស្ងាត់ ។ ភោជនីយដ្ឋាន ហាងកាហ្វេទំនើបមួយចំនួន បានបិទទ្វារ តូបក្នុងផ្សារស្ទើតែពាក់កណ្ដាលក៏បានផ្អាកលក់ដូរ ហាងខ្លះបំពាក់ម៉ាស៊ីនវាស់កំដៅ និងទឹកអាល់កុល ព្រមទាំងផ្ដល់ជូនម៉ាស់សម្រាប់អតិថិជន ខណៈដែលភោជនីយដ្ឋានខ្លះលក់ត្រឹមអាហារខ្ចប់ប៉ុណ្ណោះ។នៅតាមតូបលក់ដូរសាមញ្ញនៅតែរក្សាទម្លាប់ចាស់ដដែល ប៉ុន្តែមនុស្សម្នាពាក់ម៉ាស់ច្រើនជាងមុន។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យទទួលបន្ទុករៀបចំកន្លែងធ្វើចត្តាឡីស័ក លោក នង វុទ្ធី ឱ្យដឹងថា សព្វថ្ងៃខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋជាង១ពាន់នាក់ កំពុងរស់នៅក្នុងមណ្ឌល​​

ចត្តាឡីស័កចំនួន៩ទូទាំងខេត្ត។

លោក នង វុទ្ធី មានប្រសាសន៍ថា៖ «ខ្ញុំជម្រាបបានតួលេខមូល គឺមានពលរដ្ឋជាង១ពាន់នាក់ ដែលអាជ្ញាធរយើងដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា»។ 

ទោះជាយ៉ាងចំនួនអ្នកធ្វើចត្តាឡីស័កនៅផ្ទះ និងក្នុងអគារឯកជន ដូចសណ្ឋាគារនិងកាស៊ីណូ ​ផ្ទះល្វែងនៅតំបន់បិទខ្ទប់ នាក្រុងប៉ោយប៉ែតមិនត្រូវបានរាប់បញ្ចូលឡើយ។

ក្រសួងសុខាភិបាលនៅថ្ងៃទី០៤ខែឧសភាបានចេញសេចក្ដីប្រកាសមួយ ដោយដាក់ខេត្តបន្ទាយមានជ័យទាំងមូលជាតំបន់ដែលមានហារនីភ័យខ្ពស់ក្នុងការ ឆ្លងជំងឺកូវីដ១៩ជាសហគមន៍ ហើយតម្រូវឱ្យពាក់ម៉ាស់និងរក្សាគម្លាត។

អ្នកលក់បន្លែនៅផ្សារសិរីសោភ័ណ អ្នកស្រី សេង ម៉ាលី និយាយថា ផ្សារសិរីសោភ័ណចាប់ផ្ដើម​ស្ងាត់ខ្លាំងនៅពេលអាជ្ញាធររកឃើញអ្នកជំងឺកូវីដ១៩ក្នុងក្រុង។

អ្នកស្រី សេង ម៉ាលី និយាយថា៖ «ស្ងាត់មែនទែន គេបិទតូបមួយចំហៀងផ្សារ​ព្រោះអីលឺថាម៉ែ​របស់​អាអូន​អ្នកឆ្លងហ្នឹងលក់ក្នុងផ្សារហ្នឹងដែរ។ ខ្ញុំវិញភ័យបារម្ភខ្លាចឆ្លងតែមិនដឹងធ្វើម៉េច យើងអត់យើង​ត្រូ​វតែខំរក ខ្ញុំមានតែ​ពាក់​ម៉ាស់​​ហើយប្រយ័ត្នៗទៅ»។

នៅក្នុងតំបន់បិទខ្ទប់ក្រុងប៉ោយប៉ែតឯណោះវិញ ពលរដ្ឋមួយចំនួនកំពុងត្រូវការជំនួយ​ស្បៀង​អាហារ។ អ្នកធ្វើការនៅកាស៊ីណូមួយកន្លែងនៅប៉ោយប៉ែត វ័យ២២ឆ្នាំ លោក រឿង សំណាង ថ្លែងថា​លោកកំពុងទន្ទឹងរង់ចាំជំនួយស្បៀងអាហារ ខណៈដែលលោករស់នៅក្នុងតំបន់បិទខ្ទប់​តាំងពីថ្ងៃទី២៤ខែមេសាមកនោះ។

លោក រឿង សំណាង និយាយថា៖ «ខ្ញុំសល់លុយមិនដល់១០ម៉ឺនផង ។ពួកខ្ញុំអ្នកធ្វើការជាមួយគ្នា​ហ្នឹងច្រើន​នាក់​ដែរ កំពុងចាំជំនួយក្រែង​បានមី​បានត្រីខអី តែអត់ទាន់ឃើញ​។ ខាងក្រុមហ៊ុនគេឱ្យ​តែ​កន្លែង​​យើង​ស្នាក់នៅរឿងហូប​ចុកអី​ដោះស្រាយខ្លួនឯង »។

អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល មានប្រសាសន៍ថា អាជ្ញាធរនឹងចែកស្បៀង​អាហារ​​ជូន​ពលរដ្ឋទាំងអស់ដែលខ្វះខាតមិនឱ្យពលរដ្ឋណាម្នាក់អត់អាហារនោះឡើយ។លោកថា ពលរដ្ឋ​អាចផ្ដល់​ដំណឹង​ពីតម្រូវការរបស់ខ្លួន ទៅកាន់​អាជ្ញាធរដែលជិតបំផុតដើម្បីបាន​ទទួលជំនួយ​ទាន់​ពេលវេលា។

លោក គៀត ហ៊ុល៖ «យើងបានផ្សព្វផ្សាយលេខទូរសព្ទ បើបងប្អូនកូនក្មួយណាខ្វះខាត​បន្ទាន់​អាចទាក់ទងមកបាន ខមិនមកផេកហ្វេសប៊ុកសាលាក្រុងក៏បាន យើងនឹងយកជំនួយជូនកុំឱ្យ​ពួកគាត់អត់ឃ្លាន»។

បើតាមលោកគៀត ហ៊ុល ក្នុងសប្ដាហ៍នេះអាជ្ញាធរក្រុងប៉ោយប៉ែតនឹងបន្តចែកស្បៀងសង្គ្រោះ​បន្ទាន់ជូនពលរដ្ឋចំនួនជាង៣ពាន់គ្រួសារដែលរស់នៅតំបន់បិទខ្ទប់។ ចំពោះការបិទខ្ទប់ក្រុង​នៅតែបន្ត ហើយមិនទាន់កំណត់កាលបរិច្ឆេទបើកក្រុងនៅឡើយទេ។ ក្រសួងសុខាភិបាល រកឃើញករណីជំងឺកូវីដ១៩ឆ្លងជាចង្កោមឬឆ្លងជាសហគមន៍ដំបូងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ខែមេសា។

ក្រសួងសុខាភិបាលប្រកាសថា ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន​៦១៦​នាក់​ គិតត្រឹមថ្ងៃទី០៤ឧសភា។ខេត្តបន្ទាយមានជ័យបានធ្វើតេស្តរកកូវីដ១៩លើមនុស្សចំនួន៣៨៧៤នាក់ បន្ទាប់ពីព្រឹត្តិ​ការណ៍ឆ្លងជាសហគមន៍នៅប៉ោយប៉ែតគិតពីថ្ងៃទី២៣មេសាដល់ល្ងាចថ្ងៃទី០៤ខែឧសភា។ តួលេខថ្ងៃដដែលនេះ នាំឱ្យខេត្តបន្ទាយមានជ័យក្លាយជា ជាខេត្ត​ដែល​មាន​ចំនួនអ្នកឆ្លង​ច្រើនជាង​គេ​លំដាប់ទី៤នៅក្នុងប្រទេស ដោយរាជធានីភ្នំពេញ​មានអ្នក​ឆ្ល​ង​ច្រើន​ជាងគេ ចំនួន១១​២០២នាក់ លេខ២គឺខេត្តព្រះសីហនុដែលមានចំនួនអ្នកឆ្លង ២០​២៣​នាក់​និង​ខេត្តកណ្ដាលមានអ្នកឆ្លងជំងឺលំដាប់ទី៣ មានចំនួន១ ៣៨៧នាក់៕

464 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម