សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សប្រជាជនកម្ពុជាបានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបជាមួយ គណបក្សនយោបាយចំនួន២៧ ដើម្បីចងសម្ព័ន្ធភាពរវាងគ្នា នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។(រូបភាពពីតេឡេក្រាមលោក ហ៊ុន សែន)
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបជាមួយ គណបក្សនយោបាយចំនួន២៧ ដើម្បីចងសម្ព័ន្ធភាពរវាងគ្នា នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។(រូបភាពពីតេឡេក្រាមលោក ហ៊ុន សែន)

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀតបានចុះហត្ថលេខារួមគ្នាដើម្បី​ចង​សម្ព័ន្ធភាពនយោបាយក្នុងស្មារតីបង្រួបបង្រួមជាតិ រក្សាស្ថិរភាពនយោបាយ និង​ការ​អភិវឌ្ឍជាតិ។

ការចុះហត្ថលេខាចងសម្ព័ន្ធភាពជាផ្លូវការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅឯទីស្នាក់ការគណបក្សកាន់អំណាច។ ក្នុងសម្ព័ន្ធភាពនយោបាយនេះ មានគណបក្ស យុវជនកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី និងគណបក្សខ្មែររួបរួមជាតិជាដើម។

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ថ្លែងក្នុងពិធីនេះថា គណបក្សកាន់​អំណាច​​ដែលមានទ្រព្យស្ដុកស្ដម្ភជាងគេ មិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនសង្កត់សង្កិនលើ​គណបក្ស​តូចៗនៅក្នុងបក្សសម្ព័ន្ធនេះនោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «គណបក្សទាំងនេះមកទីនេះមិនមែនជាកូនចៅ​គណបក្ស​ប្រជាជនទេ ប៉ុន្តែជាដៃគូសហការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ»

លោក ហ៊ុន សែន បានណែនាំឱ្យគណបក្សដែលមានអសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់​សហការ​គ្នាក្នុងការដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ រាជធានី-ខេត្ត។

ក្រៅពីនេះ លោក ក៏បានព្រមានធ្វើការឆ្លើយតបទៅលើសង្គមស៊ីវិល និងប្រទេសមួយចំនួន​ដែល​ពាក់ព័ន្ធនឹងចលនាបដិវត្តន៍នៅកម្ពុជា។

លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះនៅកម្ពុជានៅសេសសល់លម្អិតនូវបដិវត្តពណ៌​ដែលខ្ញុំជូន​សារទៅកាន់ប្រទេសមួយចំនួន និងអង្គការក្រៅរដ្ឋាភិបាលខ្លះដែលកំពុងច្រកក្រោមម្លប់​នៃ​ចលនាបដិវត្តន៍ពណ៌ ឱ្យឆាប់ ធ្វើការដកខ្លួនយើងមិនធ្វើការអត់ឱនសម្រាប់ពួកអ្នកទេ»។

បើតាម លោក ហ៊ុន សែន បទបញ្ជាផ្ទៃក្នុងរបស់សម្ព័ន្ធភាពនយោបាយនេះ នឹងចងក្រង​ឡើង​នា​ពេលខាងមុខ។ ក្នុងការចងសម្ព័ន្ធភាព​នេះ គណបក្ស​ទាំង២៨ បាន​ឯកភាព​លើ​គោលដៅ​៨ចំណុចរួមគ្នា។

ក្នុងនោះមាន ការលើកកម្ពស់សិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ការពារសន្តិភាព និងសន្តិសុខ​សណ្ដាប់​ធ្នាប់សង្គម កំចាត់ចោលនូវនយោបាយជ្រុលនិយម សហប្រតិបត្តិការ​ល្អជាមួយគ្នា​ដើម្បីឱ្យដំណើរការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មិនឃោសនា​ប្រឆាំង​គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត ព្រមទាំងមិនចងសម្ព័ន្ធភាពជាមួយគណបក្ស​នយោបាយ​ដែលប្រឆាំងដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន។

ប្រធានគណបក្សយុវជនកម្ពុជា ដែលចូលរួមក្នុងការចងសម្ព័ន្ធភាពនេះ លោក ពេជ្យ ស្រស់ មានប្រសាសន៍ថា ការបង្កើតឱ្យមាននូវបក្សសម្ព័ន្ធនយោបាយនេះ​ជារបត់នយោបាយ​ធម្មតា​ក្នុង​សង្គមប្រជាធិបតេយ្យ។

លោក បន្តថា សម្ព័ន្ធភាពនេះ ក៏បង្ហាញនូវសាមគ្គីភាពគ្នារបស់អ្នកនយោបាយទៅកាន់​ប្រជាពលរដ្ឋ​តាមមូលដ្ឋានដែលលោកយល់ថា ជារឿយៗពួកគេមានទំនាស់នឹងគ្នា ក្រោយ​មាន​និន្នាការនយោបាយខុសគ្នា។

លោក ស្រស់ បន្តថា៖ «វាមានប្រយោជន៍សម្រាប់ជាតិបង្ហាញអំពីកុំឱ្យខ្មែរ​បែកបាក់គ្នា។ ដោយ​សារគណបក្សនយោបាយ ព្រោះពីដើមមកយើងឃើញថាបងប្អូនជនរួមជាតិ​នៅ​ថ្នាក់ក្រោម ជាពិសេស​អ្នកគាំទ្រនយោបាយតែងមើលមុខគ្នាមិនចំ មិនរាប់អានគ្នាពេលដឹងថា​ខ្លួនណាមួយ​ទៅគាំទ្របក្សណាមួយចឹង។ ដល់ពេលចងសម្ព័ន្ធចឹងទៅ ដល់ចឹងទៅថ្នាក់ក្រោម ក៏មិនចោទ​ប្រកាន់គ្នាណាទៅបក្សណាបក្សទៅ ព្រោះបក្សសម្ព័ន្ធដូចគ្នា»

ចំណែកប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលចូលរួមចងសម្ព័ន្ធមួយដែរ លោក ម៉ម សំណង់ដូ មានប្រសាសន៍ថា ការចងសម្ព័ន្ធជាមួយគណបក្សកានអំណាច អាចឱ្យ​លោក លើកយកបញ្ហាជាច្រើននៅក្នុងសង្គមទៅជជែកជាមួយបក្សដឹកនាំប្រទេស ខណៈ​លោកថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ​លោកពុំអាចដោះស្រាយ​កិច្ចការ​ជាតិ​សំខាន់ៗនោះទេ។

លោក សំណង់ដូ បន្ថែមថា៖ «កាលពីមុនខ្ញុំនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខ្ញុំមិនបានលូកដៃចូលក្នុងបញ្ហាទាក់ទងទៅនឹងការអភិវឌ្ឍប្រទេសជាតិធំដំទេ គ្រាន់ជួយ​រកយុត្តិធម៌ជូនប្រជាពលរដ្ឋ»

ក្នុងចំណោមគណបក្សនយោបាយ​ចំនួន២៧ ដែលប្រកាសសុំចងសម្ព័ន្ធភាពនយោបាយ ជាមួយ​​​នឹង​​គណ​​បក្ស​​ប្រជាជនកម្ពុជា គេសង្កេតឃើញ មានគណ​​ប​​ក្ស​​នយោបាយចំនួន១៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងនីតិកាល​​ទី៧នេះ ក៏មា​​ន​​​​វត្តមាន នៅក្នុងបញ្ជីនៃការស្នើសុំចង់សម្ព័ន្ធភាពនេះដែរ។

ប្រធានគណបក្ស​នយោបាយមួយចំនួនដែលបានចូលរួមក្នុងពិធីចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្ដាលរបស់​គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។​(រូបភាពពីតេ​ឡេក្រាមលោក ហ៊ុន សែន)

យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចងសម្ព័ន្ធនយោបាយ​ជាមួយបក្ស​បីផ្សេងទៀត ដែលពុំបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិទី៧នេះ មានដូច​ជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន៤​បាន​ព្រមព្រៀងគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ​តតាំង​ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គឹមសួរ ភិរិទ្ធ​ មានប្រសាសន៍ថា គណបក្សភ្លើងទៀន​ស្វាគមន៍ចំពោះការចងសម្ព័ន្ធភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជាមួយ​គណបក្សចំនួន២៧ផ្សេងទៀត។

លោក ចាត់ទុកថា នេះគឺជាយុទ្ធសាស្រ្តនយោបាយក្នុងសង្គមប្រជាធិបតេយ្យ ដែល​គណបក្ស​នយោបាយណាមានទំនោរស្រដៀងគ្នារត់រកគណបក្សនយោបាយនោះ។

យ៉ាងណា លោក អះអាងថា ការទទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតតាមបែប​ប្រជាធិបតេយ្យ​ គឺពឹងផ្អែកប្រជាពលរដ្ឋជាអ្នកគាំទ្រ មិនអាស្រ័យលើសម្ព័ន្ធភាពដែល​មាន​គណបក្សនយោបាយច្រើន ឬសម្ព័ន្ធភាពមានគណបក្សនយោបាយតិចនោះទេ។

លោក ភិរិទ្ធ បន្ថែមថា៖ «គេមើលកម្លាំងអ្នកបោះឆ្នោតព្រោះកត្តាកំណត់នូវជោគជ័យ គឺស្ថិតលើ​អ្នកបោះឆ្នោត»

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា លោក​ស្វាគមន៍​ក្នុងការរៀបចំបង្កើតសម្ព័ន្ធភាពនយោបាយនេះ ហើយ គជប ក៏បានត្រៀម​រៀបចំ​ចុះ​បញ្ជីឈ្មោះបេក្ខជនដោយផ្អែកតាមច្បាប់ដើម្បីឱ្យគណបក្សនយោបាយទាំងអស់ប្រកួតប្រជែងដោយស្មើភាពគ្នាផងដែរ។

លោក ពុទ្ធា បន្តទៀតថា៖ «នៅពេលដែលពេលវេលាមកដល់ គជប ទទួលស្វាគមន៍ក្នុងការចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ និងដាក់បេក្ខជន ដោយផ្អែកលើនីតិវិធីហើយ គជប នឹងអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុងការរៀបចំឱ្យគណបក្សនយោបាយទាំងអស់ បានទទួលសិទ្ធិស្មើគ្នា​ក្នុងការ​ប្រកួត​ប្រជែង»

អតីតអ្នកនយោបាយមកពីគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកំពូលរំលាយមួយរូប លោក យ៉ែម បុញ្ញឫទ្ធិ មើលឃើញថា ការព្រមព្រៀងគ្នាក្នុងសម្ព័ន្ធភាពនយោបាយ​ក្នុង​គោល​បំណង​លើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ជាករណីដាច់ដោយឡែកមួយ។ ប៉ុន្តែ លោក​ថា ប្រសិនបើចង់ឱ្យសិទ្ធិមនុស្សនិងយុត្តិធម៌សង្គមនៅកម្ពុជាប្រសើរឡើង គឺអាស្រ័យ​លើឆន្ទៈ​របស់រដ្ឋាភិបាលក្នុងការប្ដេជ្ញាចិត្តជុំវិញការអនុវត្តនូវការងារទាំងនេះ។

លោក បុញ្ញឫទ្ធិ និយាយថា៖ «ដែលយើងគួរមើលគោលនយោបាយនិងការអនុវត្តជាក់ស្ដែង រហូតដល់ពេលនេះបញ្ហាខ្លះនៅមាន ប៉ុន្តែយើងសង្ឃឹមថាកំណែទម្រង់នឹងមានប្រសិទ្ធិភាព ក៏ប៉ុន្តែកិច្ចការទាំងអស់ហ្នឹង លើកលែងតែមានឆន្ទៈពិតប្រាកដក្នុងការ​លើកកម្ពស់សិទ្ធិមនុស្ស​និងយុត្តិធម៌សង្គម»

ចំណែក សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការ​ចងសម្ព័ន្ធភាពនេះ ជាតាក់តិចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រមូលគណបក្ស​តូចៗយកមកក្រសោប ដើម្បីចៀសវាងគណបក្សទាំងនោះ ត្រូវបានអូសទាញចូល​ក្នុងសម្ព័ន្ធ​អ្នកប្រជាធិបតេយ្យដែលទើបបង្កើតឡើងកាលពីថ្ងៃមុន ក្រោមស្លាកថា «សម្ព័ន្ធភាពឆ្ពោះ​ទៅ​អនាគត»

លោកលើកឡើងថា៖ «គណបក្សប្រជាជនខ្លាចគណបក្សតូចៗរត់ចុះចូល​ជាមួយនឹង​សម្ព័ន្ធភាព​​នៃ​គណបក្សខាងមាននិន្នាការប្រជាធិបតេយ្យ ហៅថាសម្ព័ន្ធភាពឆ្ពោះទៅមុខ»

បន្ថែមពីលើនេះ អ្នកវិភាគនយោបាយរូបនេះ ចាត់ទុកការព្រមព្រៀងរួមគ្នាចំនួន៨ចំណុច​របស់​គណបក្សទាំង២៨នេះ ក្នុងនោះមានទាំងការលើកកម្ពស់សិទ្ធិមនុស្ស​ថា គ្រាន់តែដាក់លម្អនៃ​ចំណង​នយោបាយមួយនេះ។

លោកបន្ថែមថា៖ «កិច្ចព្រមព្រៀងគ្រាន់តែដាក់ឱ្យតែល្អមើលទេ ធ្វើអីមិនបានទេ។ បើគណបក្ស​ប្រជាជនខ្លួនឯងធ្វើមិនបានផងហ្នឹង លើកកម្ពស់ប្រជាធិបតេយ្យណាបើប្រជាពលរដ្ឋតវ៉ា លោក​អត់មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈសិទ្ធិរបស់គាត់ពេញលេញផងហ្នឹង»

376 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម