ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ ដែលមានរយៈពេលមួយខែមកហើយនោះបានបិទបញ្ចប់ក្នុងសប្ដាហ៍នេះ។ ជាលទ្ធផលមានមនុស្ស១៨នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្ន ចំណែកមនុស្សប្រាំនាក់ផ្សេងទៀតថ្វីបើមិនទាន់រងបទចោទណាមួយ ក៏ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តដោយត្រូវរង់ចាំការសាកសួរ និងបន្តនីតិវិធីតុលាការ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីអនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម រួមមានកម្លាំងកងរាជអាវុធហេត្ថលើផ្ទៃប្រទេស កងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់។ មន្ត្រីខេត្តពោធិ៍សាត់ឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបនេះបានដកហូតដីដែលគេចូលកាន់កាប់ដោយខុសច្បាប់បានចំនួន ៤០ ០០០ហិកតានៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់ខេមបូចាថា មន្ត្រីថ្នាក់ជាតិនឹងបន្តឈរជើងនៅក្នុងតំបន់ការពាររហូតមានការរៀបចំជាថ្មី ដើម្បីដាក់ឲ្យស្រមច្បាប់ទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។
លោកមានប្រសាសន៍ថា៖ «យើងនឹងចាប់ផ្ដើមដាំដើមឈើឡើងវិញនៅតំបន់ណាដែលបានឈូសឆាយដោយខុសច្បាប់ និងប្រគល់ដីទាំងនោះទៅឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងភាគី ពាក់ព័ន្ធជាអ្នកគ្រប់គ្រង។ នៅពេលដែលពួកគេអាចរៀបចំឯកសារផ្លូវច្បាប់រួចរាល់ នោះគឺជាពេលដែលយើងអាចដកកងម្លាំងដែលដាក់ពង្រាយនោះបានវិញហើយ»។
បើតាមដីការរបស់តុលាការខេត្តពោធិ៍សាត់ ជនជាប់ឃុំទាំងនោះប្រឈមមុខនឹងការចោទប្រកាន់ពីបទឈូសឆាយ និងកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់តាមមាត្រា៥៦ និង៦១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ អ្នកទាំងនោះប្រឈមមុខនឹងជាប់ពន្ធនាគារពីប្រាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានទៅ១៥០លានរៀល។ បើតាមច្បាប់ រាល់ភស្តុតាងដែល ប្រមូលបានពីប្រតិបត្តិការនេះ គឺអាចត្រូវដកហូតទុកជាសម្បត្តិរដ្ឋ។
លោក ខូយ រីដា បន្តថា៖ «យើងចាត់ការសំណុំរឿងនេះដោយផ្អែកតាមច្បាប់ មិនថាពួកគេកាន់កាប់ដីដោយស្របច្បាប់ ឬខុសច្បាប់ ឬទិញពីម្ចាស់មុន។ អាជ្ញាធរដែលធ្វើការលើសំណុំរឿងនេះដឹងថាវាយ៉ាងម៉េចហើយ»។
ប្រតិបត្តិការនេះចាប់ផ្ដើមអនុវត្ត ក្រោយមានកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែមីនា រវាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីពិភាក្សាលើការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែធ្នូ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។
អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ឃាង សុមុនី មិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនោះទេ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា៖ «យើងនឹងពិនិត្យលើសំណុំរឿងនីមួយៗរបស់ជនល្មើស ដើម្បីនាំយកពួកគេឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ដូចនេះហើយបានជាយើងបញ្ជូនពួកគេទៅតុលាការ។ សម្រាប់អ្នកដែលធ្វើការស៊ីឈ្នួលគេប្រចាំថ្ងៃវិញ យើងគ្រាន់តែណែនាំឲ្យបញ្ឈប់សកម្មភាព និងយល់ដឹងពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ»។
បើតាមការផ្សាយរបស់សារព័ត៌មានអនឡាញ Fresh News អាជ្ញាធរនឹងស្នើគោលការណ៍សម្រេចពីក្រសួងបរិស្ថានដើម្បីកំណត់ថាតើដីដែលដកហូតបានអាចផ្ដល់ទៅឲ្យអ្នកភូមិជាដីសម្បទានសង្គមកិច្ចឬយ៉ាងណា ដោយក្រោមការរៀបចំរបស់អាជ្ញាធរភូមិ ឃុំ និងស្រុក។
លោក ប៉េ រ៉ានី អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់ ប្រាប់ ខេមបូចា ថា ស្ថាប័នរបស់លោកមិនបានទទួលពាក្យបណ្ដឹងណាមួយពីពលរដ្ឋក្នុងខេត្តពោធិ៍សាត់នោះទេគិតរហូតមកដល់ពេលនេះ។
លោកលើកឡើងថា៖ «យើងនឹងជួយប្រជាពលរដ្ឋទៅតាមផ្លូវច្បាប់បើសិនជាពួកគាត់ដាក់បណ្ដឹងមកកាន់យើង។ ដូចនេះយើងនឹងស្រាវជ្រាវមើលថាពួកគាត់កាន់កាប់ដីដោយស្របច្បាប់ ឬអត់ និងស្វែងរកមេធាវីដើម្បីជួយពួកគាត់នៅក្នុងនីតិវិធីរបស់តុលាការ។ បើសិនជាពួកគាត់ពិតជាចូលកាន់កាប់ដីរដ្ឋមែន យើងមិនអាចជួយពួកគាត់បានទេ។ វាស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ»។
យ៉ាងណា លោក រ៉ានី បានជំរុញឲ្យអាជ្ញាធរផ្ដល់ដីទាំងនោះទៅឲ្យសហគមន៍ក្រីក្រក្នុងទម្រង់ជាដីសម្បទានសង្គមកិច្ច ក្នុងករណីដែលអ្នកទាំងនោះមិនមានដីគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ប្រជាពលរដ្ឋកម្ពុជានៅតាមខេត្តជាច្រើននៅមិនទាន់បានទទួលប្លង់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួន ហើយដំណើរការផ្ដល់ប្លង់កម្មសិទ្ធិនេះទៀតសោធក៏មិនទាន់បានទៅដល់ប្រជាពលរដ្ឋគ្រប់គ្នាដែរ។
លោកថា៖ «អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាច្រើននាក់ក្នុងប្រតិបត្តិការនេះ និងចោទប្រាកាន់អ្នកទាំងនោះថាបានចូលរុករានដីរដ្ឋដោយខុសច្បាប់។ ប៉ុន្តែមិនច្បាស់ថាតើមានប្រសិទ្ធភាព និងយុត្តិធម៌កម្រិតណាលើសកម្មភាពទាំងនោះ»។
លោកបន្ថែមថា៖ «ជារួមមនុស្សកើតនៅលើដី ហើយមិនអាចរស់ដោយគ្មានដីនោះទេ…បើសិនជាមនុស្សគ្មានដីសម្រាប់សង់ផ្ទះ និងបង្កបង្កើនផល ពួកគាត់ [អាជ្ញាធរ] គួរតែពិចារណាផ្ដល់ដីដល់ពួកគាត់ សម្រាប់បំពេញតម្រូវការជាមូលដ្ឋានរបស់ពួកគាត់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Crackdown on Natural Resource Crimes in Pursat Ends with 23 in Jail