សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងអយ្យការថា មេដឹកនាំគណបក្សសង្គ្រោះជាតិ «ដើរហួសបន្ទាត់ក្រហម» និងស្នើឲ្យផ្តន្ទាទោសធ្ងន់ធ្ងរបំផុត

នគរបាលបានបិទប្រកាសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបង្ហាញមុខរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយថា ពួកគេនឹងត្រូវចាប់ខ្លួននៅពេលមកដល់កម្ពុជា។
នគរបាលបានបិទប្រកាសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបង្ហាញមុខរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយថា ពួកគេនឹងត្រូវចាប់ខ្លួននៅពេលមកដល់កម្ពុជា។

តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា មេដឹកនាំចំនួន ៩នាក់នៃគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្រៅប្រទេសគួរទទួលការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំដោយសារប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩ ។

អំឡុងសវនាការចុងក្រោយលើមេដឹកនាំបក្សប្រឆាំងទាំង៩រូបដែលកំពុងនិរទេសខ្លួននិងត្រូវកាត់ទោសកំបាំងមុខ តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលបានលើកឡើងថា សារតាមបណ្តាញសង្គមដែលអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនិងរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការសន្យាឧបត្ថម្ភប្រាក់ដល់កងទ័ពដែលផ្តាច់ខ្លួនថា បានទៅហួសបន្ទាត់ក្រហមប្រជាធិបតេយ្យហើយ។

លោក គួន សារឿន មេធាវីរដ្ឋាភិបាលបានប្រាប់តុលាការថា៖ «រាល់ពាក្យសម្តីនិងសារទាំងអស់នេះ គឺជាការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប្រសិនបើអាជ្ញាធរមិនរារាំងសកម្មភាពនេះទេ ប្រទេសកម្ពុជានឹងមានភាពវឹកវរនិងអស្ថិរភាព» ។

លោកបានមានប្រសាសន៍ថា៖ «យើងស្នើសុំឱ្យតុលាការផ្តន្ទាទោសធ្ងន់ធ្ងរបំផុតចំពោះជនជាប់ចោទទាំង ៩ នាក់» ដោយទាមទារសំណងជំងឺចិត្ត ២០០ លានរៀលក្នុងម្នាក់ៗក្រៅពីការផ្តន្ទាទោសជាប់ពន្ធនាគារ ដែលមានចន្លោះពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំតាមមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ។

លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន លោកស្រី ជូឡុង សូមូរ៉ា និងលោក នុត រំដួល ត្រូវបានចោទប្រកាន់ពីបទរៀបចំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ នៅពេលដែលពួកគេបានសន្យាត្រឡប់មកប្រទេសកម្ពុជាវិញនិង «ស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ» ។

សវនាការនិងការចោទប្រកាន់នេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយរួមជាមួយ នឹងសវនាការស្រដៀងគ្នានេះមួយចំនួនទៀតលើមេដឹកនាំ សមាជិកនិងអ្នកគាំទ្រគណ បក្សប្រឆាំង ដែលក្នុងនោះមួយចំនួនក្នុងចំណោមមេដឹកនាំទាំងប្រាំបួននាក់ក៏ត្រូវបានចោទប្រកាន់ផងដែរ។ អ្នកទាំងនោះ ត្រូវបានភ្ជាប់ទៅនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលត្រូវបានរារាំង បន្ទាប់ពីរដ្ឋាភិបាលបានដាក់បំរាមលើការធ្វើដំណើរនិងស្នើក្រុមហ៊ុនអាកាសចរណ៍កុំអនុញ្ញាតឱ្យលោក សម រង្ស៊ី ឡើងយន្តហោះធ្វើ ដំណើរមកប្រទេសកម្ពុជា។

សារតាមបណ្តាញសង្គមនិងការប្រជុំរវាងមេដឹកនាំបក្សប្រឆាំងនៅសហរដ្ឋអាមេរិកត្រូវបានបង្ហាញជាភស្តុតាងនៃការប៉ុនប៉ងផ្តួលរំលំលោកនាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។

ព្រះរាជអាជ្ញារង សេង ហៀង បានប្រាប់តុលាការថា៖ «រាល់ចំណុចទាំងអស់នេះបង្ហាញពីធាតុផ្សំនៃការវាយប្រហារ ដែលមានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរដ្ឋាភិបាលដែលនេះគឺជាដើរហួសបន្ទាត់ក្រហមប្រជាធិបតេយ្យ»

ដោយសំដៅទៅលើគ្រោះថ្នាក់នៃ«ការធ្វើបដិវត្តពណ៌» និងអំពាវនាវឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរលើជនជាប់ចោទទាំង ៩ នាក់នេះ លោកបានមានប្រសាសន៍ថា៖ «កងទ័ពគឺជាបញ្ហារសើបមួយសម្រាប់រដ្ឋាភិបាល ជាពិសេសការបំបាក់ទឹកចិត្តកងទ័ព» ។

មន្ត្រីគណបក្សសង្គ្រោះជាតិនិងសមាជិកពាក់ព័ន្ធរងការវាយប្រហារចាប់តាំងពីគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូលក្នុងឆ្នាំ ២០១៧ បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងការបោះឆ្នោតជាតិនិងការបោះឆ្នោតឃុំសង្កាត់ ។

ខណៈលោក សម រង្ស៊ី ស្ថិតនៅក្រៅប្រទេស ស្របពេលបទចោទព្រហ្មទណ្ឌប្រឆាំងនឹងលោកមានកាន់តែច្រើន លោក កឹម សុខា សហមេដឹកនាំត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចាប់ទាំងកណ្តាលយប់នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញហើយត្រូវបានឃុំខ្លួននៅពន្ធនាគារតែម្នាក់ឯងពីបទក្បត់ជាតិ។

មន្ត្រីកំពូលៗ ចំនួន ១១៨ នាក់របស់បក្សប្រឆាំងត្រូវបានហាមឃាត់មិនឱ្យធ្វើនយោ បាយរយៈពេល ៥ ឆ្នាំ  ហើយមនុស្សរាប់សិបនាក់ ដែលមានសញ្ជាតិពីរត្រូវបានលុបចោលលិខិតឆ្លងដែនកម្ពុជារបស់ពួកគេរួមទាំងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើយុទ្ធនាការមិនបានសម្រេច ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជាវិញ ដើម្បីប្រឈមមុខនៅតុលាការ។

លោកស្រី មូរ សុខហួរ បានប្រាប់ខេមបូចាពីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖ «ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាអាវុធ…ដើម្បីរំលាយគណបក្សប្រឆាំងដ៏ខ្លាំងនិងអាចប្រកួតប្រជែង គឺធ្វើឱ្យអន្តរាយដល់សន្តិភាពនិងយុត្តិធម៌ពិតប្រាកដ។ រឿងនេះ ប្រាកដជាត្រូវបានរារាំងនិងថ្កោលទោសតាមរយៈវិធានការនិងទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់»។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានហៅការចោទប្រកាន់និងសវនាការលើមេដឹកនាំគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះថា ជាសវនាការ «ក្លែងក្លាយ» ខណៈអង្គការ លើកលែងទោសអន្តរជាតិបានអះអាងថា នេះគឺជា «ដំណាក់កាលចុងក្រោយនៃការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ»។

មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា តុលាការគួរតែទម្លាក់ការចោទ ប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់ ដោយលើកហេតុផលថា ការបង្ហោះនិងសារតាមបណ្តាញសង្គមមិនមែនជាភស្តុតាងរឹងមាំនៃការចោទប្រកាន់ប៉ុនប៉ងធ្វើរដ្ឋប្រ ហារនោះទេ។

លោកក៏បានជំទាស់នឹងការចោទប្រកាន់នៃ «ឧបឃាត» ប្រឆាំងរដ្ឋាភិបាល ដែលលោកបាននិយាយថា គួរតែមានអំពើហិង្សាមួយឬច្រើន ដែលបង្កគ្រោះថ្នាក់ដល់ស្ថាប័ននានារបស់រដ្ឋឬរំលោភលើបូរណភាពទឹកដីរបស់ខ្លួន។

លោក សំ សុគង់ មានប្រសាសន៍ថា៖ «ភស្តុតាងតែមួយគត់ ដែលយើងបានឃើញគឺសារនិងវីដេអូឃ្លីប។ កូនក្តីរបស់ខ្ញុំមិនទាំងមានវត្តមាន ដើម្បីបញ្ជាក់ថា តើវាពិតឬមិនពិតផងនោះទេ»។

លោកបានបន្ថែមថា៖ «ភស្តុតាង ដែលត្រូវបានដកយក គឺមិនពាក់ព័ន្ធនឹង [បទល្មើស] ទេ។ វាជាសារនយោបាយ។ ជាធម្មតានៅក្នុងប្រទេសប្រជាធិបតេយ្យ គណបក្សប្រឆាំងអាចលើកឡើងនូវទស្សនៈផ្ទុយពីគណបក្សកាន់អំណាច»

តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី ២៣ ខែកុម្ភៈ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Crossed a red line’: prosecution requests maximum penalty for 9 CNRP leaders over attempted ‘coup’

457 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម