អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឱ្យបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា «ស្តាលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»។
សង្គមស៊ីវិល សមាជិកសហជីព និងសកម្មជនបរិស្ថានប្រមាណ១០០០នាក់បានចូលរួមប្រារព្ធខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែតុលា។
ក្នុងពិធីនោះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា រដ្ឋាភិបាលមិនទាន់បានប្រកាន់ខ្ជាប់តាមស្មារតីប្រជាធិបតេយ្យ និងគោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩១នៅឡើយទេ។
លោក នី សុខា មានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសនេះក្នុងឆ្នាំ២០១៧»។
លោក នី សុខា មានប្រសាសន៍បន្តថា៖ «យើងសង្កេតឃើញថា សិទ្ធិជាមូលដ្ឋានដែលគាំទ្រដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានរងនូវការបំភិតបំភ័យ និងការគាបសង្កត់ជាប្រចាំ»។
លោកបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចបាននឹងកំពុងកាត់ទោស និងឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងបរិស្ថាន សហជីព ព្រមទាំងសកម្មជននយោបាយ។ ការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការបង្រ្កាបការតវ៉ារបស់កម្មករ ក៏កាន់តែរីករាលដាលផងដែរ។
លោកបានស្នើឱ្យប្រទេសហត្ថលេខី រួមទាំងអង្គការសហប្រជាជាតិ បន្តគាំទ្រកិច្ចព្រមព្រៀងនេះ ស្របពេលដែលលោកទទូចឱ្យរដ្ឋាភិបាលគោរពគោលការណ៍ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។
លោក ស្រ៊ុន ស្រ៊ន អ្នកគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននិយាយថា ក្រុមរបស់លោកដែលមានជាង១០០នាក់នឹងធ្វើយុទ្ធនាការនៅខេត្តបាត់ដំបង និងពិភាក្សាជាមួយពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាក់ទងនឹងសន្ធិសញ្ញានេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងអប់រំប្រជាពលរដ្ឋ និងមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ក៏ដូចជាការយល់ដឹងអំពីរដ្ឋធម្មនុញ្ញកម្ពុជា និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបាននិយាយថា៖ «កិច្ចព្រមព្រៀងនេះ គឺជាព្រលឹង នៃប្រជាជាតិខ្មែរ ដែលបានត្រួសត្រាយផ្លូវឆ្ពោះទៅរកឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។
លោក ស្រ៊ុន ស្រ៊ន បាននិយាយថា៖ «រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មិនទាន់បានបង្ហាញឆន្ទៈគោរពតាមកិច្ចព្រមព្រៀង ដូចដែលគាត់អះអាងនឹងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលកើតចេញពីកិច្ចព្រមព្រៀងនេះនៅឡើយទេ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីសដោយរដ្ឋាភិបាលចំនួន១៨ប្រទេស និងអង្គការសហប្រជាជាតិ ដែលបង្កើតបានជាអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ អាជ្ញាធរនេះបានកំណត់មូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតជាតិលើកដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ និងការអនុម័តច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបានសន្យាថា នឹងលើកកម្ពស់ និងគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងគោរពតាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែជនណាក៏ដោយមិនអាចឆ្លៀតប្រើប្រាស់សិទ្ធិទាំងហ្នឹង ដោយរំលោភលើសិទ្ធិរបស់អ្នកដទៃ ធ្វើឱ្យប៉ះពាល់ទំនៀមទម្លាប់វប្បធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ»។
លោកគូសបញ្ជាក់ថា មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ និងការជួបប្រជុំ។
លោក បូណា មានប្រសាសន៍ថា៖ «ប្រសិនបើគ្រប់គ្នាអនុវត្តបានប៉ុណ្ណឹង នៅស្រុកយើងអត់មានបញ្ហាទាក់ទងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ។ សព្វថ្ងៃ មានបញ្ហាខ្លះៗនិងដោយសារ [សេរីភាពនៃការបញ្ចេញមតិ] ការរំលោភសិទ្ធិរបស់ខ្លួនទៅលើអ្នកដ៏ទៃ ទៅលើច្បាប់និងសណ្ដាប់ធ្នាប់សាធារណៈ»។
លោកបានមានប្រសាសន៍បន្តថា៖ «ប្រសិនបើយើងចង់បានសេរីភាពមួយដែលរំលោភបំពានបែបហ្នឹង ប្រជាមាននឹងមានបញ្ហា»។
ទាក់ទងនឹងការអំពាវនាវរបស់សង្គមស៊ីវិលឱ្យដោះលែងសកម្មជន លោក បូណា បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកសេចក្តីសម្រេចរបស់តុលាការបានទេ។ «រដ្ឋាភិបាលគ្មានអំណាចជ្រៀតជ្រែកក្នុងតុលាការថា ត្រូវដោះលែងអ្នកទាំងនេះ ឬអ្នកណាផ្សេងនោះទេ» លោកបានបន្ថែម។
លោក បូណា មានប្រសាសន៍ថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំដោះប្រទេស ដោយថ្ងៃ៧ មករា ត្រូវបានទទួលស្គាល់ថា ជាទិវាជ័យជម្នះ។ នៅក្នុងឆ្នាំ១៩៩១ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ហ៊ុន សែន បានផ្តួចផ្តើមការចរចាមួយស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សហគមន៍អន្តរជាតិបានទាមទារឱ្យមានការស្តាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដែលបានធ្លាក់ចុះចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលកាលពីឆ្នាំ២០១៧។
តុលាការសម្រេចថា គណបក្សសង្គ្រោះជាតិតាមចោទថា ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា ជាមេដឹកនាំគណបក្សនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទក្បត់ជាតិ និងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។ តុលាការក៏បានហាមឃាត់លោកមិនឲ្យចូលរួមក្នុងឆាកនយោបាយអស់មួយជីវិតផងដែរ។
កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បាននិយាយថា សង្រ្គាមស៊ីវិលដែលចាប់ផ្តើមដោយកម្ពុជាប្រជាធិបតេយ្យក្នុងរបប ប៉ុល ពត នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដោយ។
លោកបានមានប្រសាសន៍តាមរយៈបណ្តាញសង្គម Telegram ផ្លូវការរបស់លោកថា៖ «សង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុក្នុងឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ»។
ជាមួយគ្នានេះ លោក មាស នី អ្នកវិភាគនយោបាយបានយល់ស្របនឹងសកម្មជនផ្សេងទៀតដែលលើកឡើងថា រដ្ឋាភិបាលមិនបានអនុវត្តឱ្យបានពេញលេញនូវអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដែលមានន័យថា នាំមកនូវសន្តិភាពដល់កម្ពុជា។
លោក មាស នី មានប្រសាសន៍ថា៖ «លទ្ធិប្រជាធិបតេយ្យបានដើរថយក្រោយ និងមិនគោរពសិទ្ធិមនុស្ស។ សម្រាប់ខ្ញុំ កិច្ចព្រមព្រៀងនេះនៅតែមានតម្លៃ»។
សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលរួមមានគណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរ បានអះអាងថា ក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ គោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រូវបានគោរព ឬអនុវត្តឲ្យបានពេញលេញឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ សម្ព័ន្ធភាពនេះបានលើកឡើងថា គោលការណ៍ទាំងនោះរួមមានការបង្រួបបង្រួមនិងឯកភាពជាតិ ការគោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។
សម្ព័ន្ធភាពនេះក៏បានអំពាវនាវដល់បណ្តាប្រទេសហត្ថលេខីទាំងអស់បន្តជួយជំរុញឲ្យរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជាមានប្រសាសន៍ថា គោលការណ៍ក្នុងកិច្ចព្រមព្រៀងមានសុពលភាព និងមានតម្លៃ ទោះបីជារដ្ឋាភិបាលបានអះអាងថា គោលការណ៍ទាំងនោះត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយក៏ដោយ។
លោកបានមានប្រសាសន៍ថា៖ «ទោះបីជាអត្ថន័យ [នៃពាក្យក្នុងកិច្ចព្រមព្រៀងនេះ] មានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែរដ្ឋាភិបាលមិនទាន់បានឆ្លើយតបតាមគោលការណ៍ទាំងនេះ ឱ្យបានគ្រប់គ្រាន់នៅឡើយ [ជាពិសេស] ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម»។
លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ «អធិបតេយ្យភាពទឹកដីរបស់យើងក៏មានការខ្វែងគំនិតគ្នា ដោយឃើញថា ពលរដ្ឋជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារបន្ទាប់ពី [លើកឡើង] បញ្ហាព្រំដែន»។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជា «ខ្វះការឯកភាពជាតិ» ដែលក្នុងរដ្ឋាភិបាលបច្ចុប្បន្នតាមចោទថា លម្អៀងទៅរកចិន ប៉ុន្តែរដ្ឋាភិបាលគួរតែពិចារណាលើទស្សនៈរបស់ប្រទេសលោកខាងលិចផងដែរ អំពីការស្តាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក គឹម ឈន នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ស្ថានការណ៍បច្ចុប្បន្នហាក់ដូចជាផ្ទុយនឹងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទីដែលមាន តែ «ការឃុំខ្លួន និងចាប់ដាក់ពន្ធនាគារ» ចំពោះសកម្មជននយោបាយ សកម្មជនសង្គម និងជនស៊ីវិល។
លោកបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមែនបង្កើតឡើងដោយគ្រប់គណបក្សនោះទេ ដែលនាំឲ្យមានទម្រង់លម្អៀងខ្លះ។
លោកមានប្រសាសន៍ថា៖ «អស់រយៈពេល៣២ឆ្នាំកន្លងមកហើយ ដែលកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តស្របតាមការបោះឆ្នោត ឬគោលការណ៍ដែលបានកំណត់ក្នុងឆ្នាំ១៩៩១»។
លោកបន្តថា៖ «ច្បាប់បោះឆ្នោតឬច្បាប់គណបក្សនយោបាយបច្ចុប្បន្នមិនទាន់ការពារឆន្ទៈអ្នកបោះឆ្នោតនៅឡើយទេ។ តើយើងគួរទាមទារឲ្យធ្វើវិសោធនកម្មច្បាប់ទាំងនេះដែរឬទេ?»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រទេសហត្ថលេខីដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និង ជប៉ុន បានឆ្លើយតបទៅនឹងសំណួរតាមរយៈអ៊ីមែល ដោយបញ្ជាក់ពីការគាំទ្ររបស់ខ្លួនក្នុងការពង្រឹងពហុនិយម ប្រជាធិបតេយ្យគណបក្ស និងការគោរពសិទ្ធិមនុស្ស។
អ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា សហរដ្ឋអាមេរិកគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរំលឹកឡើងវិញនូវសមិទ្ធផល និងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងលើកទឹកចិត្តឱ្យមានការអនុវត្តន៍ពេញលេញនូវគោលការណ៍ទាំងនេះ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកនៅតែបន្តឈរជាមួយប្រជាជនកម្ពុជា និងប្រទេសហត្ថលេខីផ្សេងទៀត ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CSOs, Political Parties Call for the Restoration of Democracy, Human Rights in line with Paris Peace Agreements