សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បទល្មើសបច្ចេកវិទ្យាកំពុងកើតឡើងកាន់តែច្រើនឡើងៗលើ​ប្រជាពលរដ្ឋកម្ពុជា

ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

យោងតាមសមត្ថកិច្ចលើកឡើងថា ក្នុងរយៈពេលថ្មីនេះ ពលរដ្ឋកាន់តែ​ច្រើន​ឡើង​បានចាញ់​បោកក្រុម​ឧក្រិដ្ឋជន​តាមប្រព័ន្ធបច្ចេកវិទ្យាស្ទើររាល់ថ្ងៃ ជាពិសេស​បទល្មើស​បច្ចេកវិទ្យា​នេះ​ត្រូវ​បានរកឃើញថា​ មានចំនួនបួនខេត្ត​ និងរាជធានី បានកើតឡើងច្រើន​ជាងគេ។ 

អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារបទល្មើស​បច្ចេកវិទ្យា​ច្រើនជាង​គេ មានអ្នករស់នៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានី​ភ្នំពេញ។ បន្ថែមពីលើនេះ លោកបានអំពាវនាវដល់​ពលរដ្ឋធ្វើការ​ដាក់​ពាក្យ​ប្ដឹងឲ្យបានលឿន ក្នុងករណីរងការឆបោកពីឧក្រិដ្ឋជន តាមរយៈការដាក់​ពាក្យបណ្ដឹង​អនឡាញ​(Hotline Scam)សម្រាប់​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យានេះ។ 

អ្នកជំនាញសន្តិសុខប្រព័ន្ធអ៊ីនធឺណិតស្នើឱ្យរដ្ឋាភិបាលទម្លាយទិន្នន័យអំពី​ចំនួន​ពលរដ្ឋ​ដែល​រងគ្រោះ និងប្រភេទនៃបទល្មើសបច្ចេកវិទ្យា​ដែលឧក្រិដ្ឋជនធ្វើឡើងមានទម្រង់​យ៉ាង​​ដូចម្ដេច​ខ្លះ ដើម្បីឱ្យពួកគេអាចស្វែងយល់ និងការពារខ្លួនបានទាន់ពេលវេលា។

ទន្ទឹមនេះ អ្នកបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ទទូចឱ្យពលរដ្ឋពិនិត្យមើលឱ្យ​បាន​ល្អិត​ល្អន់អំពីទំព័រហ្វេសប៊ុក​ដែលផ្សព្វផ្សាយអំពីអាជីវកម្ម ជាពិសេសប្រវត្តិ​នៃទំព័រ​​​ហ្វេសប៊ុក​ដែលធ្វើអាជីវកម្មទាំងនោះ។

អគ្គស្នងការនគរបាលជាតិ លោក ស ថេត ថ្លែងថា៖ «ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋ​​ជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះ​ អគ្គស្នងការដ្ឋាន​​​នគរបាលជាតិ បានបង្កើតក្រុមការងារនេះ(Hotline Scam)ឡើង ដោយបន្ថែមលើយន្ដការដែល​មាន​ស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ»។

លោក ថេត ក៏បានអំពាវនាវឱ្យនគរបាលត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ទើប​អាច​ទប់ស្កាត់​បទល្មើសនេះ និងណែនាំពលរដ្ឋអំពីកលល្បិចនៃការបោកបញ្ឆោតពីក្រុម​ឧក្រិដ្ឋ​បច្ចេកវិទ្យា។

អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន លោក ជា ពៅ មានប្រសាសន៍ថា រាប់ចាប់ពីការ​ដាក់ដំណើរការ​នៃ​ការទទួលពាក្យបណ្ដឹងប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមអនឡាញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងមួយថ្ងៃជាមធ្យមមានអ្នកដាក់ពាក្យប្ដឹង​តាមរយៈកម្មវិធី​បណ្ដឹង​អនឡាញ​នេះ​ជាង១០ករណី (ពាក្យបណ្ដឹងផ្លូវការ)។

លោក ជា ពៅ អះអាងថា ឧក្រិដ្ឋជនដែលបោកប្រាស់ពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ភាគច្រើន គឺជាជនបរទេសដែលមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា។

 លោកលើកឡើងថា៖ «នៅកន្លែងណាដែលអាចមានអ៊ីនធឺណិត គាត់(ឧក្រិដ្ឋជន) អាចធ្វើ​បាន គឺគាត់ធ្វើហើយ»។ […] ចឹងបានយើងបង្កើត Hotline Scam (ដាក់ពាក្យបណ្ដឹង​អនឡាញ​សម្រាប់​បទល្មើសបច្ចេកវិទ្យា) ដោយសារគិតថាវាប៉ះពាល់សណ្ដាប់ធ្នាប់ សន្តិសុខ ហើយនឹង​ការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ»

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបដិសេធក្នុងការផ្ដល់ទិន្នន័យលម្អិតអំពីចំនួន​ពលរដ្ឋ​រង​គ្រោះដោយសារបទល្មើសនេះ ដោយណែនាំឱ្យអ្នកកាសែតត្រូវដាក់ពាក្យ​ស្នើសុំជួបលោក​ដោយផ្ទាល់នៅការិយាល័យ។

ទម្រង់នៃបទល្មើសបច្ចេកវិទ្យា និងកលល្បិចរបស់ឧក្រិដ្ឋជន

មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បទល្មើសបច្ចេកវិទ្យាមាន២ប្រភេទ​ដែលបានកើតឡើងនៅកម្ពុជា ក្នុងនោះមាន បទល្មើសកម្រិតទាប (cyber enable crime) និង​បទល្មើសកម្រិតខ្ពស់(High Tech crime)។

ប្រភពដដែលបញ្ជាក់ថា ជាទូទៅនៅប្រទេសកម្ពុជាត្រូវបានរកឃើញភាគច្រើន គឺបទល្មើស​កម្រិត​ទាប ដូចជា ការឆបោកតាមទូរសព្ទដៃ (ខលមកថាឈ្នះរង្វាន់ជាដើម) ការគំរាមបង្ហោះ​រូបអាក្រាត ការលួចអត្តសញ្ញារបស់អ្នកប្រើប្រាស់ ការលក់រូបភាពអាសអាភាសកុមារ​លើ​អនឡាញ និងបទល្មើសដែលកំពុងកើតឡើងច្រើនជាងគេនោះគឺ លួងលោមស្នេហា (Roman scam)។

ជាក់ស្ដែង ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសមួយថា មានឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានយករូបភាព អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌​កម្ពុជា ដាក់ក្នុងក្រុមតេឡេក្រាម ដែលមានឈ្មោះថា EMPIREGAIN-TRADE.COM និងមាន​សមាជិកជិត១ម៉ឺននាក់ ដោយមានបំណងបំភាន់ភ្នែក​ប្រជាពលរដ្ឋ​​​ដើម្បីឆបោកឱ្យ​ដាក់ប្រាក់​វិនិយោគ។

ទន្ទឹមនឹងនេះ នគរបាល បានអះអាងថា បទល្មើសចំនួន៣ ដែលក្រុមឧក្រិដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាក្នុងការប្រព្រឹត្តដើម្បីបោកប្រាស់ប្រជាពលរដ្ឋបាន និងកំពុងរីករាល​ដាល​យ៉ាង​ខ្លាំងនៅកម្ពុជាហើយមនុស្សគ្រប់វ័យទាំងអស់ គឺសុទ្ធតែអាចក្លាយខ្លួនទៅ​ជា​ជនរង​គ្រោះ​នៃបទល្មើសប្រភេទនេះ។ 

បទល្មើសបច្ចេកវិទ្យាទាំងនេះរួមមាន ការទិញផលិតផល​ក្លែងក្លាយ លួងលោមស្នេហា និង​ការឆបោកឱ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។

ក្រៅពីបទល្មើសដ៏ពេញនិយមទាំង៣នេះ ក៏មានបទល្មើសបច្ចេកវិទ្យាជាច្រើនប្រភេទទៀត​ដែល​ពលរដ្ឋកម្ពុជាកំពុងជួបប្រទះ ហើយជនរងគ្រោះនៃបទល្មើសទាំងអស់នោះ គឺគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ មិនថា ចាស់ ក្មេង ស្រី ឬប្រុស ឱ្យតែជាអ្នកប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គមដែលមានចំណេះដឹងទាបផ្នែកបច្ចេកវិទ្យា។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះបទល្មើសកម្រិតខ្ពស់ ឧក្រិដ្ឋជនមានគ្នាច្រើន​នាក់មាន​អង្គការ​​​ចាត់​តាំង និងរចនាសម្ព័ន្ធច្បាស់លាស់ ព្រមទាំងប្រើប្រាស់ប្រព័ន្ធ​កុំព្យូទ័រ​មាន​បច្ចេកវិទ្យា​ខ្ពស់​។

បទល្មើសបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ឧក្រិដ្ឋជនបានប្រើប្រាស់ជាទម្រង់ច្រើនរួមមាន ការបន្លំ​ខ្លួន​ជាភ្នាក់ងារធនាគារ និងការបង្កើតព័ត៌មានមិនពិតដែលគួរឱ្យចាប់អារម្មណ៍ រួចបញ្ចុះបញ្ចូល​ពលរដ្ឋ​ឱ្យចុចតំណភ្ជាប់ក្លែងក្លាយ ហើយលួចយកព័ត៌មាន ឬឈានទៅ​ដល់ការ​គ្រប់គ្រង​គណនីធនាគារ។ 

នរគបាលជាន់ខ្ពស់ លោក ជា ពៅ បានឱ្យដឹងថា ក្នុងរយៈពេលជាង១ខែនេះ បទល្មើសដែល​ប្ដឹង​ច្រើន រួមមាន ការទិញទំនិញតាម​អនឡាញដោយមិនមានគុណភាព ការឆបោកប្រាក់​ឱ្យ​វិនិយោគ ការផ្លាស់​ប្ដូរ​វត្ថុអនុស្សាវរីយ៍ និង​ការ​ប្រើ​ប្រាស់ពលកម្មក្លែងក្លាយជាដើម។ 

លោកបានពន្យល់ថា បទល្មើសនៃការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ គឺឧក្រិដ្ឋជនបាន​ខលមក​ជនរង​គ្រោះ​ដោយប្រាប់ថា បានឈ្នះរង្វាន់​និងតម្រូវឱ្យផ្ទេរប្រាក់ដើម្បីរៀបចំឯកសារ។

ចំណែកការប្រើប្រាស់ពលកម្មក្លែងក្លាយ គឺឧក្រិដ្ឋជនបានប្រើប្រាស់បណ្ដាញសង្គម​ដើម្បី​អូស​ទាញ​​អ្នកកំពុងរកការងារ ដោយផ្ញើកម្មវិធីធ្វើការ រួចទាមទារឱ្យបង់ប្រាក់១០ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀលជាមុន។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក សុខ នីត្យា មានប្រសាសន៍ថា បទ​ល្មើស​វិនិយោគឆបោក ឧក្រិដ្ឋជនបានបញ្ចុះបញ្ចូលជនរងគ្រោះ​ឱ្យដាក់​ប្រាក់​វិនិយោគ ដោយ​សន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។

ចំណែកជនរង​គ្រោះ​នៃ​ការ​ឆបោក​តាមទូរសព្ទ ដោយកុហកថា មានសាច់ញាតិ​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍ រួចតម្រូវឱ្យ​ផ្ទេរប្រាក់ ភាគច្រើនជាមនុស្សមានវ័យចំណាស់។

លោកបានបន្ថែមថា៖ «មួយរយៈចុងក្រោយនេះយើងឃើញថាចាញ់បោកតូចៗ ពាក់ព័ន្ធ​ជាមួយ​​​​ការទិញ​​អីវ៉ាន់​លើបណ្ដាញសង្គមច្រើនជាងគេ និងមានការឆបោកតាមការវិនិយោគ​ផងដែរ។ […] គេវិនិយោគ១០ដុល្លារ បាន១០០ដុល្លារ ដាក់១ពាន់ដុល្លារ បាន១ម៉ឺនដុល្លារចឹង តាមពិតជាការ​ឆបោកទេ»។

បុរសម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់

ករណីជាក់ស្តែងមួយ នៅដើមសប្ដាហ៍មុន អ្នកសារព័ត៌មានខេមបូចា បានសម្ភាស​ជាមួយ​ស្ត្រី​ម្នាក់រស់នៅរាជធានីភ្នំពេញ បាន​រង​គ្រោះ​តាមរយៈការផ្ទេរប្រាក់ខុស បន្ទាប់ពី​គណនេយ្យ​​ហ្វេសប៊ុកបងស្រីរបស់នាងត្រូវបាន​ឧក្រិដ្ឋជនគ្រប់គ្រង ប៉ុន្តែអ្នកស្រីរូបនោះ​មិន​ហ៊ានដាក់​ឈ្មោះ​​ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ 

អ្នកស្រីបន្តថា ឧក្រិដ្ឋជនបានបន្លំដើរតួជាបងស្រីរបស់ខ្លួន​ដោយការប្រើប្រាស់ពាក្យពេចន៍ក្នុង​ការ​ឆ្លើយ​ឆ្លងស្រដៀងគ្នា ដែលនាងធ្លាប់បានធ្វើជាមួយបងស្រី កាលពីពេលកន្លង​ទៅលើកម្ម​វិធីផ្ញើរសារនៅហ្វេសប៊ុក។

អ្នកស្រីបញ្ជាក់ថា ឧក្រិដ្ឋបានទម្លាក់ QR code ដើម្បីខ្ចីប្រាក់ចំនួន២៥០ដុល្លារ ដោយប្រើ​ពាក្យ​ថា​ «លាក់បាំងអីចែចង់ថាឆក់អូនបង្វិលឥវ៉ាន់២៥០$សិនបានអត់? ថ្ងៃ០៨ [ខែកុម្ភៈ] ចែវេរ​អោយ​វិញ អត់អោយខកទេណា  អរគុណច្រើនណាអូន»

អ្នកសារព័ត៌មានបានពិនិត្យមើល QR code របស់ឧក្រិដ្ឋជនដែល​ទម្លាក់ឱ្យ​ជនរងគ្រោះ​ដើម្បី​ផ្ទេរ​ប្រាក់​ បានសង្កេតឃើញថា QR code នោះ មានឈ្មោះបងស្រីរបស់ជនរង​គ្រោះពិត​ប្រាកដ ប៉ុន្តែត្រូវបានថែមដោយពាក្យ«by R.THA»។

ជនរងគ្រោះបានសម្ដែងការសោកស្ដាយ ភាពសៅហ្មង ជាពិសេសការប៉ះទង្គិចផ្លូវចិត្ត​រហូត​លែង​​ឃ្លានបាយ និងទឹក ដោយសារការស្ដីបន្ទោស​និងនិយាយបែបលេងសើចពីមនុស្ស​នៅ​ជុំវិញខ្លួន។

លើសពីនេះ ជនរងគ្រោះបានលើកឡើងថា ខ្លួនបានបាត់បង់ទំនុកចិត្តក្នុង​ការផ្ទេរប្រាក់តាម​រយៈប្រព័ន្ធ«QR code»តទៅទៀត។

នារីរងគ្រោះបន្ថែមថា«វាបាត់បង់លុយហើយប៉ះពាល់សតិអារម្មណ៍ហ្នឹងទៀត ចង់ឱ្យចាប់​ជន​ល្មើស​ឱ្យបានភ្លាមៗដើម្បីប៉ះប៉ូវអារម្មណ៍»។

ខេមបូចា មិនទាន់អាចសុំការអត្ថាធិប្បាយពី លោកស្រី លី វិទ្យា ប្រធានអង្គភាព​ធនធាន​មនុស្ស​​​នៃធនាគារ ABA  បានទេ ដោយសារទូរសព្ទ​ចូលពុំមានអ្នកទទួល។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​មើលឈ្មោះឱ្យបានច្បាស់លាស់មុននឹងសម្រេចផ្ទេរប្រាក់ បើទោះបីខុសបន្តិចបន្តួចក្ដី។

លោក​បានអះអាងថា ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយប្រសិនបើមាន​បញ្ហា​​ណាមួយកើតឡើង ធនាគារនឹងសហការជាមួយពលរដ្ឋជានិច្ច​ក្នុងការរក​ដំណោះ​ស្រាយ​។

បន្ថែមពីលើនេះ លោក ចាន់នី បន្តថា ធនាគារអេស៊ីលីដា មិនអនុញាតឱ្យមានការកែប្រែ​ឈ្មោះ​ខុសពីឈ្មោះដែលធនាគារបង្កើតឱ្យនោះទេ។ 

លោកបន្ថែមថា៖​«ចំពោះការកែឈ្មោះ ធនាគារអេស៊ីលីគ្មានទេ ហើយយើងមិនអនុញ្ញាតទេ បើមានការកែខុសពីអ្វីដែលធនាគារឱ្យ ចាត់ទុកជាបទបន្លំហើយយើងចាត់វិធានការភ្លាម រកមើលប្រភពដើមភ្លាម»។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ជំរុញឱ្យប្រជាពលរដ្ឋ​ដាក់ពាក្យ​ប្ដឹង​ឱ្យទាន់ពេលវេលាក្នុងករណីជួបប្រទះបទល្មើសនេះ។ 

ការដូឈ្មោះនៅលើ QR code នេះ លោក តុងងី បញ្ជាក់ថា មានធនាគារតិចតួចដែល​បាន​អនុញ្ញាត។

លោកបានបញ្ជាក់ថា៖«កន្លងមកយើងមានបញ្ហាផ្សេង វាអត់ដូចជាការដូរឈ្មោះនៅលើ QR codeហ្នឹង។ តាមបងដឹងដូចជាមានធនាគារតែប៉ុន្មានទេដែលអនុញ្ញាត ដូចជា ១, ២ [ធនាគារ] អីទេ (ដូរឈ្មោះបាន)»

បទល្មើសបច្ចេកវិទ្យាកម្រិតទាប

ជាអ្នកខេត្តកំពង់ឆ្នាំង លោក ញឿន ឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ លោក​រងការឆ​បោកពីក្រុមឧក្រិដ្ឋនបច្ចេកវិទ្យាចំនួន​៥ដង​ក្នុងការទិញទំនិញ​និងខ្ចីប្រាក់​តាម​អនឡាញ។

លោកបន្ថែមថា លោកបានកម្មង់ទំនិញ បន្ទាប់ពីឃើញការផ្សព្វផ្សាយលក់បញ្ចុះតម្លៃ​លើ​​​ទំព័រហ្វេសប៊ុក។ ក្នុងនោះ លោកបានចំណាយប្រាក់១៦០ដុល្លារ ដើម្បីកម្មង់ទិញទូរសព្ទ​ម៉ាក​អាយហ្វូន (Iphone)​ម៉ូលឌែល១៤ប្រូម៉ាក (14 promac) ប៉ុន្តែអ្វីដែលលោកទទួលបាន គឺជា​ទូរសព្ទមិនអាចប្រើប្រាស់បាន។

លោកបានកម្មង់ទិញ គ្រឿងសម្អាង តម្លៃជាង១០ដុល្លារ បែរជាអ្នកលក់តាម​អនឡាញផ្ញើឱ្យ​លោក​នូវចានចំនួន៤។ នៅពេលចូលឆ្នាំចិន​ខិតចូលមកដល់ លោកបានកម្មង់កង់អាគុយ ដែល​​បញ្ចុះតម្លៃសល់ត្រឹម១០០ដុល្លារ (តម្លៃពេញ៣០០ដុល្លារ) និងឡេលាបខ្លួនជាមួយ​នឹង​ការ​​បន្ថែមផ្សេងៗ ប៉ុន្តែលោកមិនទទួលបានទំនិញទាំងនោះទេ។   

មួយករណីផ្សេងទៀត បុរសរូបនេះបានដាក់ពាក្យខ្ចីប្រាក់តាមអនឡាញ​ចំនួន១ពាន់ដុល្លារ​ក្នុង​គោលបំណងយកមកប្រកបរបររកស៊ី បន្ទាប់ពីឃើញការផ្សព្វផ្សាយកម្ចីអនឡាញ​លើបណ្ដាញ​សង្គម​​ហ្វេសប៊ុក។

ក្នុងដំណើរការខ្ចីប្រាក់នេះ លោកថា ឧក្រិដ្ឋជនបានប្រាប់លោកឱ្យថតរូបភាពនៅកន្លែងធ្វើការ ហើយតម្រូវឱ្យបង់ប្រាក់ចំនួន៥០ដុល្លារ ជាថ្នូរនឹងការធ្វើឯកសារ និងក្រុមការងាររបស់គេ​ធ្វើ​ដំណើរ​មកពិនិត្យ ខណៈលោកពុំបានទទួលប្រាក់កម្ចីនោះទេ បន្ទាប់ពីបង់ប្រាក់ថ្លៃឯកសាររួច។

ជុំវិញករណីបោកប្រាស់តាមអនឡាញទាំង៥លើកនេះ លោក ញឿន ថា ឧក្រិដ្ឋជនបានបិទ​ផេក និងលេខទូរសព្ទមិនឱ្យទាក់ទងបាន បន្ទាប់ពីលោកផ្ញើរប្រាក់ឱ្យគេរួចរាល់។

លោកបន្តទៀតថា៖ «យើងមិនដឹងដាក់ពាក្យប្ដឹងទៅតាមណា  ខ្ញុំចង់ដាក់ពាក្យបណ្ដឹង​ចាប់ពួក​ហ្នឹងឱ្យដាក់គុកឱ្យអស់ម្ដង ព្រោះវារកស៊ីចឹង វាធ្វើបាបប្រជាពលរដ្ឋដែលអត់ហើយ គាត់ចាញ់​បោកអាពួកចឹងៗទៀត»។

អ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

វិធានការរបស់អាជ្ញាធរនិងទម្រង់នៃការឆបោកតាមបច្ចេកវិទ្យាក្នុងតំបន់រងគ្រោះខ្លាំង

លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង​របស់​ពលរដ្ឋ។

លោកលើកឡើងថា ជនរងគ្រោះបានដាក់ពាក្យប្ដឹងប្រឆាំងបទល្មើសបច្ចេកវិទ្យា​ជាច្រើន​ប្រភេទ ក្នុងនោះក៏មាន ការឆបោកប្រាក់វិនិយោគ និងការទិញផលិតផលក្លែងក្លាយ​តាម​អនឡាញ។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចាប់ឧក្រិដ្ឋជន លោក វិច្ឆិកា បន្តថា សមត្ថកិច្ចកំពុងអភិវឌ្ឍ​សមត្ថភាពរបស់ខ្លួន ដោយសារបទល្មើសនេះទាមទារឱ្យយល់ដឹងពីបច្ចេកវិទ្យា។

លោកបន្ថែមថា៖«ពាក់ព័ន្ធនឹងបទល្មើសនេះយើងឃើញថា ជាបទល្មើសមួយ​ដែលស្មុគស្មាញ​ដែលសមត្ថកិច្ចយើងជាពិសេស ជាបទល្មើសហៅថាជនសង្ស័យគាត់មានសមត្ថភាព​ជំនាញ​ច្បាស់​លាស់ក្នុងការធ្វើអំពើបោកប្រាស់របស់ពួកគាត់ ចឹងវាទាមទារសមត្ថកិច្ច​យើងគាត់ធ្វើការ​ប្រើប្រាស់គ្រប់សមត្ថភាពគ្រប់ជំនាញដើម្បីធ្វើការអនុវត្តប្រសិទ្ធិលើការបង្កាទប់ស្កាត់ និង​បង្រ្កាប​បទល្មើសបច្ចេកវិទ្យានេះ»។  

ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត មានប្រសាសន៍ថា នៅខេត្តសៀមរាម​មានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងប្រមាណ៤នាក់ក្នុងមួយខែពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។ លោកបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះត្រូវបានគេឆបោកឱ្យទិញទំនិញក្លែងក្លាយ និង​ការ​វិនិយោគឆបោកតាមអនឡាញ។ 

លោកកត់សម្គាល់ថា ក្រុមឧក្រិដ្ឋជនបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន​តាមអនឡាញ​ដោយ​​​មានតម្លៃថោក ដើម្បីអូសទាញជនរងគ្រោះ។ អ្នករងគ្រោះក្នុងបទល្មើស​ប្រភេទនេះភាគ​ច្រើន​ជាមនុស្សវ័យចាប់ពី២០ឆ្នាំទៅ៣០ឆ្នាំ ដោយសារគេចង់រកស៊ីលក់រាយ​បន្ត បន្ទាប់ពីទិញ​ទំនិញបោះដុំលើអនឡាញ។

លោក បន្ថែមថា យុវជនទាំងនេះបានខាតបង់ប្រាក់ក្នុងម្នាក់ចន្លោះពី១ពាន់ដុល្លារ​ទៅ៥ពាន់​ដុល្លារ លើការកម្មង់ឥវ៉ាន់ក្លែងក្លាយតាមអនឡាញម្ដងៗ ខណៈផលិផល​ដែលទទួលបាន​មិន​មាន​គុណភាពដូចទៅនឹងការផ្សព្វផ្សាយនិងពេលខ្លះទៀតមិនមានអ្នកផ្ញើរឥវ៉ាន់មកឱ្យឡើយ។

ដើម្បីទប់ស្កាត់បទល្មើសនេះ ក្រៅពីការផ្សព្វផ្សាយ លោក ច័ន្ទណាត ថា សមត្ថកិច្ចក៏បានឃ្លាំ​មើល​ទំព័រ​​ហ្វេសប៊ុកមួយចំនួនដែលបង្ហោះការលក់ផលិតផលផងដែរ។

លោកបន្ថែមថា៖ «ភាគច្រើនគាត់ចាប់ផ្ដើមរកស៊ីអីចឹងទៅ គាត់ជឿទៅ ឬក៏គាត់ទិញផលិតផល​ណាមួយ​ទៅ គឺថាឃើញផលិតផលថោកជាងគេទៅ គាត់ក៏វិនិយោគចឹង»

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា  មានប្រសាសន៍ថា​ ជារៀងរាល់ខែ​ក្នុងការខេត្តនេះ មានពលរដ្ឋដាក់ពាក្យប្ដឹងប្រមាណ២នាក់ទាក់ទិននឹងបទល្មើសបច្ចេកវិទ្យា។

លោកអះអាងថា ក្នុងខេត្តមណ្ឌលគិរី បទល្មើសបច្ចេកវិទ្យាភាគច្រើនកើតលើក្មេងស្រីវ័យជំទង់ ដោយរងការឆបោកតាមបណ្ដាញសង្គមពីបុរសៗពាក់ព័ន្ធនឹងការលួងលោមសុំស្រលាញ់ ដើម្បី​បោកយកខ្លួនប្រាណ។

ក្នុងការទប់ស្កាត់ករណីនេះ លោក​​ សុខា ថា សមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងបទ​ល្មើស​​បច្ចេកវិទ្យារហូតដល់សហគមន៍ សាលារៀន និងតំបន់ដាច់ស្រយាល។ 

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក សុខ នីត្យា អំពាវនាវឱ្យប្រជាពលរដ្ឋ​ធ្វើការពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់​មុននឹងសម្រេចផ្ញើប្រាក់​ទៅ​កាន់​នណារម្នាក់។

ជាផ្នែកមួយនៃការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ក្រសួងពាណិជ្ជកម្ម និងក្រសួង​ទូរគមនាគមន៍ កំពុងសហការគ្នាក្នុងការឃ្លាំមើលការធ្វើអាជីកម្មរបស់ពលរដ្ឋ​តាម​អនឡាញ​ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រកបរអាជីវកម្មទាំងនោះឱ្យបានច្បាស់លាស់។ នេះបើតាម លោក ប៉ែន​ សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

លោក សុវិជាតិ បានថ្លែងថា ប្រសិនបើមានពលរដ្ឋដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការលក់​ផលិតផល​ក្លែងបន្លំ​តាមអនឡាញនោះ ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការ ដោយសារ​ក្រសួងមិនអាចឃ្លាំមើលការផ្សព្វផ្សាយផលិតផលតាមអនឡាញបានទាំងអស់នោះទេ។

បុរស​ម្នាក់​កំពុងមើល​ទំនិញ​តាមអនឡាញ ដើម្បីបញ្ជាទិញ ​​រាជធានី​ភ្នំពេញ​។ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកជំនាញលើកឡើងអំពីគន្លឹះជុំវិញការទប់ស្កាត់ និងប្រុងប្រយ័ត្ន

អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ ជំរុញឱ្យនគរបាលបញ្រ្ចាបការយល់ដឹង​ពាក់​ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យានេះទៅកាន់ពលរដ្ឋគ្រប់វ័យ ជាពិសេសជនជាតិដើមភាគតិច និងមនុស្សវ័យចំណាស់។

លោកបន្តថា ប្រសិនបើមនុស្សចាស់ជឿជាក់លើអ្វី គេនឹងមានឥទ្ធិពលលើកូនចៅ​របស់​ខ្លួន ខណៈ​ជនជាតិដើមភាគតិចងាយក្នុងការក្លាយជាជនរងគ្រោះ​ដោយសារ​ការរស់នៅ​តំបន់​ដាច់​ស្រយាល និងមិនសូវយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា។

លោក ម៉ុសេ បន្ថែមថា ប្រជាពលរដ្ឋកម្ពុជាបានរង​ការ​ខាត​បង់ប្រាក់ជាច្រើនដោយសារ​បទល្មើសបច្ចេកវិទ្យានេះ។

ដើម្បីចៀសវាងការខាតបង់ប្រាក់ដោយសារអាជីវកម្មឆបោកតាមអនឡាញ កញ្ញា ហ៊ន ចិន្តា គ្រូបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៃក្លឹបប្រព័ន្ធផ្សព្វផ្សាយ១០១ ផ្ដល់យោបល់ថា ប្រជាពលរដ្ឋគួរពិនិត្យមើលប្រវតិ្តនៃទំព័រ​​ហ្វេសប៊ុកប្រកបអាជីកម្មថាតើទំព័រនេះកន្លងមក បាន​ផ្សព្វផ្សាយអំពីជីវកម្មប្រភេទនេះមែនឬអត់ ឬក៏ទើបតែផ្សព្វផ្សាយឥឡូវនេះ។

ជាពិសេសសង្កេតមើលយោបល់របស់ពលរដ្ឋក្នុងទំព័រ​​ហ្វេសប៊ុកអាជីវកម្មនោះ​តើគេបាន​និយាយ​​​អ្វីខ្លះ​ មុននឹងសម្រេចចិត្តទិញទំនិញ។ បន្ថែមពីលើនេះ កញ្ញា ចិន្តា ថា ពលរដ្ឋក៏អាច​កត់សម្គាល់​មើលទំព័រហ្វេសប៊ុកអាជីកម្មនោះ មាន​ឬមិនមាន ដោយសារសញ្ញាធីកពណ៌ខៀវ​ដែលជាការទទួលស្គាល់ទំព័រផ្លូវការ​ដោយ​ក្រុមហ៊ុន​ហ្វេសប៊ុក។

កញ្ញា ចិន្តា បន្ថែមថា៖ «គាត់ត្រូវតែមើលថាតើផេក (ទំព័រហ្វេសបុក) ហ្នឹងពិតជាលក់ទំនិញ​ហ្នឹង​មែនអត់។ មួយវិញទៀត គាត់មើលដែរថាតើការចុះផ្សាយរបស់គេហ្នឹង វាមាន Feed Back (ការផ្ដល់យោបល់មកវិញ) អីអត់។ ជាពិសេសទាក់ទងនឹងករណីអនឡាញហ្នឹង អ្នកខ្លះ​ឃើញគេលក់ថោក ទម្លាក់លេខទិញ ប៉ុន្តែដល់មើល Comment(ប្រអប់បញ្ចេញមតិ)ទៅ « [អ្នកទិញ] អូ!… បង (អ្នកលក់អនឡាញ) អត់បានដឹកឱ្យខ្ញុំផង»

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានពន្យល់​អំពី​កលល្បិចថ្មីរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យាដោយការបង្កប់ខ្សែសាកថ្មទូរសព្ទមានមេរោគនៅតាម​កន្លែងសាកថ្មសាធារណៈដើម្បីលួចទិន្នន័យ គណនីបណ្ដាញសង្គម និងប្រើប្រាស់​ទូរសព្ទដៃ​ជន​រង​គ្រោះក្នុងគោលបំណងផ្សេងៗ។  នគរបាល បានស្នើឱ្យប្រជាពលរដ្ឋ កុំចុចតំណភ្ជាប់ដែលមានប្រភពមិនច្បាស់លាស់ ដើម្បី​ចៀស​វាងការប្រឈមបញ្ហាផ្សេងៗ ដោយសារ​ឧក្រិដ្ឋជនអាចជាអ្នកបង្កើតវាឡើង ក្រោម​រូបភាព​ទទួលបានរង្វាន់ ឬអត្ថប្រយោជន៍ផ្សេង៕

1,365 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម