ខណៈកំពុងជួសជុលលំនៅដ្ឋានរបស់ខ្លួនឡើងវិញ ក្រោយរងគ្រោះដោយសារទឹកជំនន់ជិតមួយសប្ដាហ៍ កាលពីចុងខែតុលា ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ជំរុញឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកជំនន់ដែលចេះតែកើតឡើង និងមានសភាពកាន់តែធ្ងន់ធ្ងរ។
មន្ទីរសាធារណការរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីខែតុលា ទឹកជំនន់ដែលកើតមានឡើងជាប្រចាំពីស្ទឹងព្រែកត្នោត បានប៉ះពាល់ប្រជាពលរដ្ឋចំនួន១០សង្កាត់ក្នុងខណ្ឌដង្កោ។ មន្ទីរសាធារណការ បានកត់ត្រាសង្កាត់ចំនួនប្រាំរួមមានសង្កាត់ គងណយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ថាជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេដោយសារទឹកជំនន់។
អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប ប្រាប់ខេមបូចាថា ប្រជាពលរដ្ឋចំនួន ១ ៥៣០គ្រួសារបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលក្នុងនោះមានប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារត្រូវជម្លៀសចេញពីលំនៅដ្ឋាន។ មកដល់ពេលនេះ ស្ថានភាពទឹកជំនន់បានស្រកចុះទៅវិញ ហើយប្រជាពលរដ្ឋក៏បានវិលទៅលំនៅដ្ឋានវិញ និងប្រមូលរបស់របរទុកដាក់វិញ។
ទឹកស្ទឹកព្រែកត្នោតហូរធ្លាក់ពីខេត្តកំពង់ស្ពឺ និងបានហូរកាត់មកដល់ខណ្ឌដង្កភាគខាងត្បូង។ ទោះបីជាទឹកស្ទឹងនេះបានបង្កជាទឹកជំនន់រាល់ឆ្នាំក៏ដោយ ប្រជាពលរដ្ឋថាស្ថានភាពទឹកជំនន់ចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗ ដោយថាអាចមកពីបញ្ហាលុបបឹង ប្រឡាយ និងកន្លែងស្ទុកទឹកផ្សេងៗទៀត។ ការសិក្សាមួយចំនួនលើតំបន់នោះ បានលើកឡើងពីបញ្ហាអាកាសធាតុដែរ ដែលជាមូលហេតុមួយទៀតធ្វើឲ្យមានព្យុះកាន់តែអាក្រក់ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ស្ពឺ ក៏រួមចំណែកក្នុងបញ្ហានេះដែរ។
ដោយមិនគិតថាមកពីមូលហេតុអ្វីនោះទេ ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោថា ខ្លួនចង់ឃើញរដ្ឋាភិបាលចាត់វិធានការជួយសង្គ្រោះផ្ទះរបស់ពួកគេឲ្យរួចផុតពីគ្រោះមហន្តរាយនេះ។
អ្នកស្រី គុណ សោភា វ័យ ៣០ឆ្នាំ រស់នៅតាមមាត់ស្ទឹងព្រែកជ្រៃក្នុងខណ្ឌដង្កោ លើកឡើងថាទឹកជំនន់ឆ្នាំនេះអាក្រក់ជាងឆ្នាំកន្លងទៅដែលអ្នកស្រីបានជួបក្នុងតំបន់នេះ។
អ្នកស្រីបាននិយាយថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថាអាជ្ញាធរមូលដ្ឋានគូរតែប្រើដំណោះស្រាយជាក់លាក់ណាមួយដើម្បីគ្រប់គ្រងទឹកស្ទឹងព្រែកត្នោតឲ្យមានប្រសិទ្ធភាពជាងនេះ និងអាចចៀសផុតពីទឹកជំនន់បានដោយប្រសិទ្ធភាព»។ ដោយសអ្នកស្រីបន្តថា៖ «ដូចយើងបានឃើញឆ្នាំនេះស្រាប់ យើងជួបគ្រោះទឹកជំនន់ធំ ដែលយើងមិនធ្លាប់ជួបពីមុនមក»។
ក្រៅពីគំរាមកំហែងដល់លំនៅដ្ឋាន អ្នកស្រីថា ទឹកជំនន់ធ្វើឲ្យប៉ះពាល់គ្រួសារអ្នកស្រីជាច្រើនយ៉ាងទៀត។
អ្នកស្រីបន្ថែមថា៖ «ទីមួយ វាប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃ ដូចជាប្ដីរបស់ខ្ញុំដែលជាអ្នករកចំណូលសម្រាប់គ្រូសារ ត្រូវបង្ខំចិត្តផ្អាកធ្វើការបីបួនថ្ងៃ។ បញ្ហាប្រឈមផ្សេងទៀត គឺអាចទាក់ទងទៅនឹងសុវត្ថិភាព ជាពិសេសកូនៗទាំងពីរបស់ខ្ញុំ ដែលមានអាយុមិនដល់ប្រាំឆ្នាំនៅឡើយ»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក ស៊ុំ ប៊ុនធឿន វ័យ ២៣ឆ្នាំ រស់នៅសង្កាត់ទៀន ជាសង្កាត់ប្រឈមខ្ពស់នឹងទឹកជំនន់ដែរនោះ បាននិយាយថា ទឹកជំនន់បានបង្កការលំបាកជាច្រើនដល់ការរស់នៅរបស់លោកក្នុងតំបន់នោះ ដោយបានរំខានដល់ការរកស៊ី និងបំផ្លាញទ្រព្យសម្បត្តិ និងដីស្រែផងដែរ។ លោកឲ្យដឹងទៀតថា ភូមិរបស់លោកមិនសូវរងផលប៉ះពាល់ខ្លាំងពីទឹកជំនន់នៅឆ្នាំនេះ ដូចឆ្នាំមុនទេ ប៉ុន្តែថាភូមិផ្សេងទៀតគឺត្រូវទឹកលិចតែម្ដង។
លោកបានឲ្យដឹងថា៖ «សំណាងបន្តិចដែរសម្រាប់យើង ដែលមិនរងផលប៉ះពាល់ពីទឹកជំនន់ខ្លាំងដូចភូមិផ្សេងទៀតក្នុងសង្កាត់នេះ។ ប៉ុន្តែឆ្នាំមុនយើងជួបការលំបាកដូចគ្នា»។ ដោយលោកបន្តថា៖«ផ្ទះរបស់ខ្ញុំទឹកលិច។ ត្រីនៅក្នុងស្រះទាំងអស់ត្រូវរួចអស់ ហើយសត្វចិញ្ចឹមផ្សេងទៀតងាប់ក្រោយទឹកជំនន់»។
ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោក ប៊ុនធឿន ជំរុញឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទឹកជំនន់កើតមាននៅក្នុងសង្កាត់នេះ ដោយអាចថាសាងសង់ទំនប់ទឹកខ្ពស់ជាមុន។ លោកថា បើសិនជាមិនធ្វើអ្វីទេ ប្រជាពលរដ្ឋនឹងបន្តខូចខាតទ្រព្រសម្បត្តិ និងពិបាកទប់ទល់នឹងការខូចខាតនេះ។
អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ប្រឈមខ្លាំងទាំងនោះបានឲ្យដឹងថារដ្ឋាភិបាលមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទឹកជំនន់ ប៉ុន្តែថាគម្រោងនេះមិនទាន់ដឹងថាចេញជារូបរាងនៅពេលណានោះទេ។
ចៅសង្កាត់គងណយ លោក អ៊ុន សុខរុំ មានប្រសាសន៍ថា រដ្ឋាភិបាលមានបំណងស្ដារស្ទឹងព្រែកត្នោតឡើងវិញ និងកសាងទំនប់ឲ្យខ្ពស់ជាងមុនដើម្បីដោះស្រាយបញ្ហាទឹកជំនន់។
យ៉ាងណា លោកថា៖ «មកដល់ពេលនេះ យើងមិនទាន់ឃើញមានអ្វីកើតឡើងនៅឡើយ»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងធ្វើរឿងនេះឆាប់ៗ។ បើសិនជាអត់ទេ ទឹកជំនន់នឹងនៅតែកើតមាន ហើយវាអាចនឹងបង្កបញ្ហាជាច្រើនទៀត ដូចដែលយើងបានឃើញឆ្នាំនេះស្រាប់»។
លោក សុខរុំ ប្រាប់ខេមបូចាទៀតថា សង្កាត់គងណយ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ឆ្នាំនេះបើធៀបនឹងឆ្នាំកន្លងទៅ។ លោកថាប្រជាពលរដ្ឋប្រហែល ៥០០គ្រួសាររងគ្រោះដោយទឹកជំនន់នេះ និងមានជាង ១០០គ្រួសារត្រូវជម្លៀងចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព។
ចំណែកសង្កាត់ទៀន វិញ លោកចៅសង្កាត់ ស៊ុំ រិន ថាបញ្ហាទឹកជំនន់មិនសូវធ្ងន់ធ្ងរដូចឆ្នាំមុនទេ តែថាទឹកឆ្នាំនេះឡើងលឿនជាងធម្មតា។
យ៉ាងណា លោក ស៊ុំ រិន ថាអាជ្ញាធរមូលដ្ឋានបានត្រៀមខ្លួនបានល្អ ដោយដកស្រង់បទពិសោធន៍កាលឆ្នាំចាស់ និងថាមានតែភូមិចំនួនបួន ក្នុងចំណោមប្រាំមួយបានរងការជន់លិច។
លោកបន្ថែមថា៖ «ស្ថានភាពទឹកជំនន់អាក្រក់ជាងឆ្នាំកន្លងទៅ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានត្រៀនខ្លួនបានល្អមុនមានបញ្ហាកើតឡើង ដូចនេះតំបន់ខ្លះនៅក្នុងសង្កាត់មិនបានជន់លិចទេ»។
ប្រជាពលរដ្ឋ ៣៤៦គ្រួសាររស់នៅក្នុងភូមិចំនួនបួនបានរងផលប៉ះពាល់ ប៉ុន្តែលោកថា មិនរងគ្រោះដល់ថ្នាក់ត្រូវជម្លៀសពីលំនៅដ្ឋាននោះទេ។
ទោះបីជាអាជ្ញាធរមូលដ្ឋានបានជួយទប់ស្កាត់ពីបញ្ហាអាក្រក់ដែលអាចកើតឡើង ក៏លោក ស៊ុំ រិន នៅតែបារម្ភថាបញ្ហាទឹកជំនន់ធ្ងន់ធ្ងរនឹងនៅបន្តកើតមានបើសិនជាទំនប់ស្ទឹងព្រែកត្នោតមិនត្រូវបានសាងសង់ខ្ពស់ជាងសព្វថ្ងៃនោះទេ។ លោកប្រាប់ខេមបូចា ទៀតថា លោកមានជំនឿលើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ។
មិនមែនគ្រប់គ្នាសុទ្ធតែគិតដូចគ្នានោះទេ
លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ ខេមបូចា ថា ទោះបីជាបញ្ហាទឹកជំនន់ជារឿងប្រឈមខ្លាំង តែរដ្ឋាភិបាល និងក្រសួងធនធានទឹក មិនទាន់មានវិធានការជាក់លាក់លើប្រព័ន្ធធារាសាស្រ្តនៅឡើយ។ បើសិនជាបញ្ហាទឹកជំនន់នៅតែបន្តកើតឡើង លោកថា បញ្ហានេះនឹងបន្តកាន់តែអាក្រក់ជាងមុន។
លោកមានប្រសាសន៍ថា៖ «ដើម្បីបញ្ចៀសបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ក្រសួងធនធានទឹក គួរតែកសាងទំនប់ និងអាងស្តុកទឹកនៅផ្នែខាងលើស្ទឹង ស្ដារស្ទឹង និងស្ដារដៃស្ទឹង ដាំដើមឈើឡើងវិញ ឈប់លុបបឹងនៅខ្សែទឹកស្ទឹងផ្នែកខាងក្រោម និងពង្រីកផ្លូវទឹកចូលទៅទន្លេបាសាក់»។
អ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា មានប្រសាសន៍ថា ក្រសួងពិតជាមានគម្រោងដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។
លោកបន្ថែមថា៖ «រឿងទីមួយដែលយើងត្រូវធ្វើគឺស្ដារស្ទឹងព្រែកត្នោតឡើងវិញ ហើយឥឡូវនេះយើងមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើវា។ ក្រុមហ៊ុនដែលទទួលបន្ទុកស្ដារ ក៏ដូចជាក្រសួង បានទៅពិនិត្យមើលរួចហើយនៅកន្លែងដែលយើងត្រូវចាប់ផ្ដើមធ្វើការ និងកន្លែងដែលយើងត្រូវធ្វើបន្ទាប់ នៅពេលទឹកស្រកទៅវិញ»។ ដោយលោកបន្តថា៖ «យើងនឹងចាប់ផ្តើមការងាររបស់យើងក្នុងពេលឆាប់ៗ»។
យ៉ាងណា មូលហេតុពិតប្រាកដបង្កឲ្យមានគ្រោះទឹកជំនន់នេះនៅមិនទាន់ដឹងច្បាស់ ខ្លះថាមកពីការកាប់បំផ្លាញព្រៃឈើ ឬលុបបឹងធម្មជាតិ។ បញ្ហានេះ បានក្លាយជាបញ្ហានយោបាយក្ដៅគគុកមួយនៅភ្នំពេញ ជាទីដែលវិស័យសំណង់ និងការអភិវឌ្ឍនៅតែជាគន្លឺះសំខាន់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dangkor residents urge government to address worsening floods