សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាសហគមន៍ដូនឪក្នុងខណ្ឌដង្កោបានដាក់ញត្តិស្នើឱ្យសាលាក្រុងជួយដោះស្រាយបញ្ហាដីធ្លី

សកម្មភាពប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មកទទួលញត្តិជំនួសមន្ត្រីសាលារាជធានីភ្នំពេញ ដោយសារមន្ត្រីកំពុងជាប់ប្រជុំ។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ
សកម្មភាពប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មកទទួលញត្តិជំនួសមន្ត្រីសាលារាជធានីភ្នំពេញ ដោយសារមន្ត្រីកំពុងជាប់ប្រជុំ។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

ប្រជាពលរដ្ឋប្រមាណជិត៨០នាក់តំណាងឱ្យ៥៦គ្រួសារក្នុងសហគមន៍ដូនឪ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែលកំពុង​បារម្ភ​ពីការ​បណ្តេញ​ចេញ បាន​ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ​ជួយ​ពន្លឿនការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ និងការអភិវឌ្ឍនៅនឹងកន្លែង​។

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ប្រជាសហគមន៍បាន​​ដាក់​​ញត្តិជាថ្មីម្តងទៀតទៅ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ឱ្យជួយពន្លឿនការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ បន្ទាប់ពី​ពួកគេបាន​ដាក់ញត្តិ​ជាច្រើន​លើក​មក​ហើយតាំងពីឆ្នាំ​​២០២០។

លិខិត​សរសេរថា៖ «យើងទាំងអស់គ្នា​សូម​[អភិបាលក្រុងភ្នំពេញ]ជួយពន្លឿន​ការផ្តល់​កម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋយើង​ខ្ញុំមានសុវត្ថិភាពដីធ្លី និងលំនៅឋាន»។ 

«ប្រជាពលរដ្ឋយើង​ខ្ញុំស្នើ​សុំរស់នៅតំបន់នេះ ដោយសារតែពួកយើងទាំងអស់គ្នា​បាន​ប្រកប​មុខរបរអាស្រ័យផល​ និងរស់នៅទីនេះអស់រយៈ ពេល​ជាច្រើន​ឆ្នាំមកហើយ»។ លិខិត​ដដែល​បន្តថា ការរស់នៅក្នុ​ងសហគមន៍នេះ​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវាសាធារណៈ មន្ទីពេទ្យ និងជិតសាលារៀនសម្រាប់កូន​របស់ពួកគេ។ 

អ្នកស្រី អាន សុខឃីម អាយុ៣៧ឆ្នាំ ជាតំណាងពលរដ្ឋរស់នៅភូមិដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអះអាងថា ​បាន​រស់នៅទីនេះ​អស់​រយៈពេល​ជាង៣០ឆ្នាំ​ បាន​ឱ្យដឹងថា​ អ្នក​ស្រីបារម្ភថានឹងមានការរឹបអូសយកដីធ្លី និងការបណ្តេញចេញ ខណៈ​កំពុង​មាន​ការចាក់ដីលុបបឹងសម្រាប់គម្រោង​អភិវឌ្ឍន៍ឯកជន។ 

អ្នកស្រីបន្តថា៖ «ពួកខ្ញុំមានការព្រួយបារម្ភថាតិចទៀតទៅចាក់មកដល់ ហើយពួកខ្ញុំ​អត់ទាន់​មាន​ប្លង់កម្មសិទ្ធិក្នុងការតវ៉ា ខ្លាចគេរឹបអូសយកដោយគ្មានសំណងគ្មានអី។ ដូច្នេះហើយ​គោល​បំណងរបស់ពួកខ្ញុំគឺ សុំប្លង់កម្មសិទ្ធិនិងការអភិវឌ្ឍនៅនឹងកន្លែង»។ 

អ្នកស្រីបន្តថា សកម្មភាពនៃ​ការចាក់ដីលុបបឹងកំពុងតែបន្តដែលនឹង គំរាមកំហែង​ដល់​លំនៅឋាន​​របស់អ្នក​ភូមិ ប៉ុន្តែអ្នក​ស្រីមិនបានដឹងថា ជាគម្រោងអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ណា​មួយនោះទេ។ 

អ្នកស្រីបន្ថែមថា៖ «ពួកគេ[ក្រុមហ៊ុន]កំពុងបន្តចាក់ដីជារៀងរាល់ថ្ងៃ ហើយវាបាន​ប៉ះពាល់​លើលំនៅឋានប្រជាពលរដ្ឋ»

ប្រជាសហគមន៍ដូនឪ បានប្រមូលផ្ដុំគ្នា​យកញត្តិមកដាក់ស្នើនៅមុខសាលារាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ 

អ្នកស្រី លី ឈុនអេង អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់​ទៀត ដែល​បានទិញដីពីអ្នកភូមិ និង​បាន​មករស់នៅទីនេះអស់រយៈពេលជាង៩ឆ្នាំហើយ បាន​ឱ្យដឹងថា ពីមុន​គ្រួសារ​អ្នកស្រី​រស់​នៅ​ពឹងលើផ្ទៃបឹង សម្រាប់​ចំណូល​ប្រចាំឆ្នាំ ប៉ុន្តែចាប់តាំងពីមានការលុបបឹងមក​អ្នក​ស្រីពឹង​លើ​​ការ​លក់ដូរបន្តិចបន្តួចនៅផ្ទះ។  

អ្នកស្រីបន្ថែមថា៖ «កាលពីមុនខ្ញុំអាចរកចំណូលបានច្រើនជាងនេះ ដោយការដើរបេះត្រកួន បេះដើមកញ្ឆែត​ និងរកត្រីនៅក្នុងបឹងក្បែរផ្ទះ»។ ​អ្នក​ស្រីបន្ត​ថា ការស្នើសុំប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ និង​ធ្វើ​ឱ្យ​អ្នកស្រី​កាន់តែមាន​សុវត្ថិភាព និង​គេចផុតពីការបណ្តេញចេញ។  

លោក កើត ឆែ អភិបាលរង​ និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា មន្រ្តី​សាលារាជធានីភ្នំពេញបានទទួលយកញត្តិនោះរួចរាល់ហើយ តែលោកថានៅពុំទាន់​បាន​ពិនិត្យ​មើលនៅឡើយទេ ដោយសារជាប់ប្រជុំពេញមួយថ្ងៃ។ លោកបន្ថែមថានឹងពិនិត្យមើល ក៏ដូចជាឆ្លើយតបនឹងដំណោះស្រាយបន្ទាប់ពីនោះ។

កាលពីឆ្នាំ២០២០ ប្រជាពលរដ្ឋ​​បាន​ដាក់ញត្តិសុំអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងនគររូបនីយកម្ម ប៉ុន្តែ​ត្រូវបាន​បង្វែរទៅ​អភិបាលរាជធានីភ្នំពេញ​ដើម្បីដោះស្រាយ។

ប្រជាពលរដ្ឋ​ដែលរងគ្រោះពីការបណ្តេញចេញ​ជារើយៗមិនទទួលបាន​សំណងសម​រម្យនោះ និងខ្លះទៀតមិនទទួល​បាន​សំណង ដែល​នាំ​ឱ្យកើតមាន​ការតវ៉ា និង​ជម្លោះដីធ្លី​រ៉ាំរ៉ៃនៅតាម​តំបន់​​ជាច្រើន​ក្នុងប្រទេស។

ទិដ្ឋភាពពីក្រោយផ្ទះប្រជាសហគមន៍ដូនឪ ក្នុងខណ្ឌដង្កោ ដែលអាចមើលឃើញពីការបន្ត​ចាក់ដី​លុបបឹង​របស់ក្រុមហ៊ុនឯ​កជន។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋជាង​៥០០គ្រួសារ ដែល​ប្រឈមនឹងការបណ្តេញចេញ​ពីតំបន់​អភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីតម្លៃ១,៥ពាន់លានដុល្លារក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ក៏បានស្នើឱ្យអាជ្ញាធរខេត្តកណ្តាល​ផ្តល់​ប័ណ្ណកម្មសិទ្ធដីធ្លី និង​ការអភិវឌ្ឍនៅនឹង​ កន្លែងផង​ដែរ​។ 

លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអា​ដហុក បាន​ឱ្យដឹងថា រាល់ការអភិវឌ្ឍត្រូវសិក្សាពីផល​ប៉ះពាល់​មក​លើ​សហ​គមន៍ ហើយ​ត្រូវធានា​ពីតម្លាភាព និងការ​ផ្តល់​សំណង​សមរម្យ។  

លោកថ្លែងថា៖ «ការដោះស្រាយវិវាទ ឬការស្នើសុំរបស់ពលរដ្ឋ អាជ្ញាធរ គួរតែដោះស្រាយ​ឱ្យ​បានឆាប់ចៀសវាងការបន្តអូសបន្លាយពេលនាំឱ្យពិបាក​ក្នុងការ​ដោះស្រាយ និងផលប៉ះពាល់​ដល់ជីវភាពប្រជាពលរដ្ឋ»។ 

យ៉ាងណាមិញ ប្រជាពលរដ្ឋថានឹងនៅតែធ្វើការតវ៉ាទាមទារ​សុំប្លង់កម្មសិទ្ធិដីធ្លី​ក៏ដូចជាបន្ត​ការ​ដាក់ញត្តិជាបន្តបន្ទាប់រហូតដល់ពួកគេអាចទទួលបានដំណោះស្រាយផងដែរ។

321 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម