សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្លាប់ភាគីថៃកើនឡើង ខណៈជម្លោះតាមព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹង

តំបន់ប្រាសាទតាមាន់ធំគឺជាតំបន់មួយក្នុងចំណោម៨ទីតាំងដែលទាហានថៃបើកការវាយប្រហារមកម្ពុជា នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥។ រូបភាពបង្ហោះនៅលើបណ្តាញសង្គមមន្ទីរទេសចរខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២០។
តំបន់ប្រាសាទតាមាន់ធំគឺជាតំបន់មួយក្នុងចំណោម៨ទីតាំងដែលទាហានថៃបើកការវាយប្រហារមកម្ពុជា នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥។ រូបភាពបង្ហោះនៅលើបណ្តាញសង្គមមន្ទីរទេសចរខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២០។

ជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ពេញមួយថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងនោះមានជនស៊ីវិលថៃនិងទាហានថៃម្នាក់ ខណៈមេដឹកនាំនៃប្រទេសទាំងពីរបានថ្កោលទោសគ្នាទៅវិញទៅមក និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិគោរពច្បាប់អន្តរជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើសុំឱ្យមានការប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បី«បញ្ឈប់អំពើឈ្លានពានរបស់ថៃ» ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថៃបានពិពណ៌នាសកម្មភាពរបស់កម្ពុជាថាជា«ការស្រេកឃ្លានសង្គ្រាម»។

ក្រោយមក លោក ហ៊ុន ម៉ាណែត បានបង្ហោះសារតាមបណ្តាញសង្គម ដោយជំរុញឱ្យប្រជាជនកម្ពុជាចៀសវាងធ្វើសកម្មភាពសងសឹក និងរក្សាសីលធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការពារជនជាតិថៃ អាជីវកម្ម និងស្ថានទូតថៃនៅកម្ពុជា។

មេដឹកនាំវ័យ ៤៧ ឆ្នាំរូបនេះក៏បានហៅប្រជាពលរដ្ឋកម្ពុជាដែលនៅប្រទេសថៃ ដែល«រងសម្ពាធពីការរើសអើង» ឱ្យត្រឡប់មកកម្ពុជាវិញ និងស្វែងរកជំនួយតាមរយៈស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឬស្ថានកុងស៊ុលនៅខេត្តស្រះកែវ។

បន្ទាប់ពីការផ្ទុះគ្រាប់មីនដែលបានធ្វើឱ្យទាហានថៃម្នាក់រងរបួស ពេលកំពុងល្បាតតាមព្រំដែនកាលពីថ្ងៃពុធ ដែលជាករណីរងរបួសទី ៦ដោយសារមីននៅសប្តាហ៍នេះ ប្រទេសថៃបានកោះហៅជាឯកតោភាគីឯកអគ្គរដ្ឋទូតរបស់ខ្លួនពីកម្ពុជាត្រឡប់មកវិញ និងបណ្តេញឯកអគ្គរដ្ឋទូតកម្ពុជាចេញ។

រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយកោះអ្នកការទូតទាំងអស់របស់ខ្លួនចេញពីប្រទេសថៃ ហើយប្រទេសទាំងពីរបានកម្រិតទំនាក់ទំនងការទូតឱ្យនៅទាបបំផុត។ ទីក្រុងបាងកកបានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រសួងការងារបានរាយការណ៍ថា យ៉ាងហោចណាស់កម្មករចំណាកស្រុកកម្ពុជាចំនួន ៥០,០០០ នាក់បានត្រឡប់មកពីប្រទេសថៃចាប់តាំងពីដើមខែនេះ។ រហូតមកដល់ពេលនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើនឹងមានច្រកមនុស្សធម៌ណាមួយត្រូវបានបើកឬអត់។

មន្ត្រីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បាននិយាយថា ប្រជាជនប្រមាណ ៦,០០០ នាក់ក្នុងខេត្តទាំងពីរត្រូវបានជម្លៀសចេញពីតំបន់ជិតកន្លែងប្រយុទ្ធនៅតាមព្រំដែន។

លោក Patric Phongsathorn អ្នកតស៊ូមតិជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Fortify Rights បានលើកឡើងថា៖ «កងកម្លាំងថៃ និងកម្ពុជាត្រូវតែចាត់វិធានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានឱ្យដឹងថា ទាហានកម្ពុជាមួយចំនួនបានរងរបួសនៅក្នុងជម្លោះថ្ងៃនេះ ប៉ុន្តែមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។ លោកមិនបានបញ្ជាក់ចំនួនអ្នករបួសទេ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា យ៉ាងហោចណាស់ទាហានថៃ ១៤ នាក់បានរងរបួសចាប់តាំងពីជម្លោះបានចាប់ផ្តើម។

លោក ឈុំ សុជាតិ បានឱ្យដឹងទៀតថា ការប្រយុទ្ធបានកើតឡើងនៅជុំវិញតំបន់ជម្លោះ រួមមានប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី តំបន់មុំបី និងវត្តកែវសិក្ខាគិរីស្វារៈ ដែលយន្តហោះចម្បាំងថៃ F-16 ត្រូវបានរាយការណ៍ថាបានទម្លាក់គ្រាប់បែកពីរគ្រាប់។

លោកបានអះអាងថា កងកម្លាំងកម្ពុជាបានគ្រប់គ្រងទីតាំងសមរភូមិទាំងអស់ ដោយកងទ័ពថៃបានដកថយ ហើយឥឡូវនេះកម្ពុជាគ្រប់គ្រងប្រាសាទតាក្របី តំបន់មុំបី និងទីតាំងផ្សេងទៀតនៅតាមព្រំដែន។

អ្នកវិភាគតាមដានបញ្ហានយោបាយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ លោក រ៉ូ វណ្ណៈ បានប្រាប់ខេមបូចាថាការកើនឡើងនៃជម្លោះនៅថ្ងៃព្រហស្បតិ៍ ដែលអាចមើលឃើញតាមរយៈការបាញ់ប្រហារគ្នារវាងកងទ័ពកម្ពុជា និងថៃ នេះ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច» នៃប្រទេសទាំងពីរ។

លោកបានចង្អុលបង្ហាញថា ការបន្ថយកម្រិតទំនាក់ទំនងការទូតឱ្យនៅទាបបំផុតធ្វើឱ្យទំនុកចិត្តរវាងប្រទេសទាំងពីរ និងឱកាសនៃការស្តារមករកភាពប្រក្រតីឡើងវិញ កាន់តែឃ្លាតទៅឆ្ងាយ។

លោក វណ្ណៈ បានលើកឡើងថា៖​«ការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរគឺពិតជាធ្ងន់ធ្ងរ» ដោយលោកបានបន្ថែមថា ជម្លោះនេះបានធ្វើឱ្យខូចឯកភាពក្នុងតំបន់ និងបំផ្លាញមូលដ្ឋានរបស់អាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

លោកបានអំពាវនាវឱ្យប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសម៉ាឡេស៊ី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាបន្ទាន់ ដើម្បីនាំប្រទេសទាំងពីរមកតុចរចា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបច្ចុប្បន្នជាប្រធានអាស៊ាន បាននិយាយថា លោកនឹងនិយាយជាមួយមេដឹកនាំទាំងពីរនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយហៅស្ថានភាពរវាងប្រទេសទាំងពីរនេះថា«គួរឱ្យបារម្ភ»។​

ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសខ្លួនក៏«មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃនេះដែរ។

ប្រទេសចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពសំខាន់នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាងកកបានចេញសេចក្តីក្រើនរំលឹកផ្នែកសន្តិសុខដល់ពលរដ្ឋរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឱ្យពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរនៅជិតព្រំដែនថៃ-កម្ពុជា«ធ្វើតាមការណែនាំពីសេវាសន្តិសុខថៃ និងពិគ្រោះជាមួយអាជ្ញាធរមូលដ្ឋានរបស់ប្រទេសថៃសម្រាប់ព័ត៌មានចុងក្រោយ»។

គណបក្សប្រឆាំងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយសម្តែងក្តីបារម្ភនិងការសោកស្តាយចំពោះជម្លោះតាមព្រំដែន និងថ្កោលទោសការឈ្លានពានរបស់កងទ័ពថៃ ដែលបានហៅថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

នៅក្នុងការបង្ហាញការឯកភាពដ៏កម្រមួយជាមួយរដ្ឋាភិបាល គណបក្សប្រឆាំងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនក៏បានគាំទ្រសិទ្ធិរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារខ្លួន និងអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់រួបរួមគ្នា៕

(រាយការណ៍ដោយ ឃួន ណារីម, ស៊ើង និមល់ និង Rafael Liebowitz-Thayer)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ​​Death Toll Rises as Border Clash Escalates

172 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម