សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទោះបីមានការសន្យាពីរដ្ឋាភិបាល ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនៅតែបារម្ភពីការបាត់បង់ដីស្រែ

ក្រុមប្រជាពលរដ្ឋជម្លោះដីធ្លីក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នាមួយថ្ងៃបន្ទាប់ពីទាហានបាញ់ និងធ្វើឲ្យអ្នកភូមិម្នាក់រងរបួស ដើម្បីការពារមិនឲ្យទាហានបោះបង្គោលព្រំដី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ក្រុមប្រជាពលរដ្ឋជម្លោះដីធ្លីក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នាមួយថ្ងៃបន្ទាប់ពីទាហានបាញ់ និងធ្វើឲ្យអ្នកភូមិម្នាក់រងរបួស ដើម្បីការពារមិនឲ្យទាហានបោះបង្គោលព្រំដី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នក​ភូមិ​ជាង​៣០០​គ្រួសារ ​ក្នុងឃុំទួលពេជ្រ​ក្នុង​ខេត្ត​កណ្ដាល ​នៅ​តែ​បារម្ភ​ពី​ការបាត់​បង់​ដី​ធ្លី​ដែល​ខ្លួន​បាន​ធ្វើ​អាស្រ័យផល​​អស់ជាច្រើនទសវត្ស​មក​ហើយ ទោះបីជា​មាន​ការ​សន្យា​ពី​អាជ្ញាធរ​ខេត្ត​ថា​​នឹង​ដោះ​ស្រាយ​​ក្នុងរយៈ​មួយ​សប្ដាហ៍។ ការ​សន្យា​​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​បាន​បាញ់មក​លើ​ក្រុម​អ្នក​ភូមិ​ដែល​តវ៉ារឿង​ដីធ្លី​នេះ​កាលពី​ថ្ងៃព្រហស្បតិ៍​មុន ដែលបណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​រង​របួស​។​

លោក ហេង សុភា ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​ប្រាំពីរ​ភូមិ ​បារម្ភ​​ថា​តើ​ជម្លោះនេះ​នឹង​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា។​

លោក​លើក​ឡើង​ថា៖ «យើងដូចជាមិនមាន​ទំនុក​ចិត្តលើការ​ដោះស្រាយ​របស់​អាជ្ញាធរ​សោះ  ព្រោះពួកគាត់​បាន​សន្យា​ច្រើន​ដង​មក​ហើយ​តាំង​ពីជម្លោះ​កើត​មាន​កាលពី​ឆ្នាំ​កន្លង​ទៅ…​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​»។​

លោក​បាន​ប្រាប់​ខេមបូចា​ថា អាជ្ញាធរមូល​ដ្ឋាន​ធ្លាប់​បាន​ជួយ​សម្របសម្រួលដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ការ​លក់​ដី​នេះ ​ក្នុង​មួយ​ម៉ែត្រការ៉េតម្លៃ​ចន្លោះពី​៣​ទៅ​៥​ដុល្លារ ដោយ​មាន​អ្នក​ភូមិ​ខ្លះ​បាន​ទទួល​ប្រាក់​កក់​ពី​៣០០​ទៅ​៥០០​ដុល្លារ​។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «តាម​ខ្ញុំដឹង​រហូត​មក​ដល់​ពេល​នេះ​វាមាន​រយៈពេល​ប្រាំមួយ​ខែ​ហើយ មិន​ទាន់​មាន​អ្នក​ភូមិ​ណា​ទទួល​បាន​ថ្លៃ​លក់​ដីគ្រប់​ទេ» ដោយលោកបន្ថែមថា៖ «ប៉ុន្តែ​បែរជា​យើង​ឃើញ​ទាហាន​មក​ឈូស​ឆាយ​ព្រំដី និង​ហាមប្រ​ជា​ពល​រដ្ឋ​មិន​ឲ្យ​ធ្វើ​ស្រែ​ យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ទោះ​បីជា​តំបន់​នេះ​កំពុង​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ចម្រុះ ប្រ​ជា​ពល​រដ្ឋ​ក៏​មិន​បាន​ទាមទារ​ថ្លៃ​ខ្ពស់​ដែរ»។​

ស្ថិត​នៅជាប់​​​ផ្លូវជាតិ​លេខ​៥១​ ក្នុង​ឃុំ​ទួលពេជ្រ ស្រុក​អង្គស្នួល ដី​ជម្លោះ​មាន​ទៅ​ដោយ​ដី​ស្រែ​រាប់​រយ​ហិកតា ព្រៃឫស្សី និង​ដើម​អាកាស្យា​។ កាល​ចុង​ឆ្នាំ​មុន ទាហាន​បាន​មក​បោះប៉ុស្តិ៍​យាម និង​បាន​ប្រាប់ អ្នក​ភូមិ​​ថា​មិន​ឲ្យធ្វើ​ស្រែ។​

កំពុង​ឈរ​ជិត​របង្គោល​របង​ថ្ម​ កន្លែង​ដែល​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវទាហាន​បាញ់​ឲ្យ​របួស​កាល​ពី​ថ្ងៃព្រហស្បតិ៍ លោក ឌឿន សាន វ័យ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង បាន​ចង្អុល​ទៅ​ដី​ដែល​គ្រួសារ​លោក​បាន​ធ្វើស្រែ​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​។​​

លោកនិយាយ​ថា៖ «​លោក​ឃើញ​ព្រៃ​ឫស្សី​ព័ន្ធជុំវិញ​នោះទេ  ប៉ុន្តែ​នៅខាង​ក្នុង​គឺ​ជា​ដីស្រែ​របស់​អ្នក​ភូមិ យើង​ពឹង​លើ​ដី​នោះ​ដើម្បី​ចិញ្ចឹមគ្រួសារ»។​

លោក​បន្ត​ថា៖ «គេ​ប្រាប់​ថា​ដីនោះជា​ដី​របស់​រដ្ឋ ពួកគេ​តែងតែ​និយាយ​បែប​នេះ ប៉ុន្តែ​ប្រ​ជា​ពល​រដ្ឋ​មិន​ព្រម​ទេ ហើយ​យើង​មិន​អនុញ្ញាត​ឲ្យគេ​យក​ដី​នេះ​ដោយ​គ្មាន​សំណង​នោះទេ…​ពីព្រោះ​​ថាបើ​យើងបាត់​បង់​ដី ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នេះ​នឹង​កាន់​តែ​ដុនដាប ព្រោះ​យើង​កំពុង​ខ្វះ​ខាត​ជីវភាពស្រាប់ទៅហើយ»។​

លោក សាន អះអាង​ថា ក្រោយ​ពី​មាន​ការ​បាញ់​មក​លើ​ប្រ​ជា​ពល​រដ្ឋ​កាលពី​សប្ដាហ៍​កន្លង​ទៅ អ្នក​ភូមិ​ទាំង​អស់​ប្ដេជ្ញា​ការ​ពារ​​ដី​រហូត​មាន​ដំណោះ​ស្រាយ​។​

លោក​និយាយ​ថា៖ «​យើង​នឹង​មិន​មាន​អង្ករ​ហូបគ្រប់គ្រាន់ទេ ហើយ​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ទុក្ខវេទនា​របស់ប្រជា​ពល​រដ្ឋ​ផង ​…​ហេតុ​អ្វី​បានជា​ពួកគេ​ចង់​បាន​ដី​របស់​យើងដោយ​មិន​មាន​ផ្ដល់​ដំណោះ​ស្រាយ?»។

អាជ្ញាធរ​ខេត្ត​បាន​និយាយ​ថា​ដី​នោះ​​ពីមុន​គេហៅ​​ថា​ «ចម្ការបារាំង» គឺ​ជា​ដី​របស់​រដ្ឋ​បម្រុង​ទុក​សម្រាប់​ចាក់​សំរាម និង​មូលដ្ឋានទ័ព។ តំបន់​នេះ​ត្រូវ​គេ​មើល​ឃើញ​​ពី​ការ​កើត​មាន​​គម្រោង​អភិវឌ្ឍន៍ផ្សេងៗ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រួម​មាន​ទាំង​សួន​ឧស្សាហកម្មអភិវឌ្ឍន៍ចម្រុះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស។​

ប្រ​ជា​ពល​រដ្ឋ​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​​ជាមួយ​ក្រ​សួង​ការពារ​ជាតិ​លើ​ដី​ជាង​២៨០ហិកតា ក្រោយ​ពេល​ទាហាន​បាន​មកដល់ និង​ហាម​ឃាត់​ប្រ​ជា​ពល​រដ្ឋ​មិន​ឲ្យ​ចូលធ្វើស្រែ​កាលពី​ចុង​ឆ្នាំ​២០២០​។​

ទាហានបោះតង់ នៅលើដីជម្លោះ ដោយមានគ្រឿងចក្រមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង។
ទាហានបោះតង់ នៅលើដីជម្លោះ ដោយមានគ្រឿងចក្រមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង។

មន្ត្រី​មក​ពី​ក្រ​សួង​ការពារ​ជាតិ​ជា​ច្រើន​រូប​បាន​អះអាង​ថា​ដី​នោះជា​ដី​របស់​ក្រសួង​ការពារជាតិ ប៉ុន្តែ​បដិសេធធ្វើអត្ថាធិប្បាយ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​កាន់អ្នកនាំពាក្យ​ក្រ​សួង​ការពារ​ជាតិ ​លោក ឈុំ សុជាតិ។ លោក ឈុំ សុជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​

អភិបាល​ខេត្ត​កណ្ដាល​ លោក គង់ សោភ័ណ្ឌ ប្រាប់​ខេមបូចា ថា ប្រជា​ពល​រដ្ឋ​បាន​យល់ព្រម​ជួប​ចរចា​ជាមួយ​អាជ្ញាធរ ដើម្បី​រក​ដំណោះ​ស្រាយ នឹងកំពុង​រង់​ចាំ​ដំណោះស្រាយ​ពី​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាវទំនាស់​។ លោក​មាន​ប្រ​សាសន៍​ថា ក្នុង​កិច្ច​ប្រ​ជុំ​កាល​ពី​ថ្ងៃចន្ទ គណៈកម្មការ បាន​សម្រេច​ថានឹង​ចុះ​វាស់​វែង​ដី​ប្រ​ជា​ពល​រដ្ឋ​ជា​ថ្មី​។ ​

លោក​មានប្រសាសន៍​ថា៖ «​ពី​មុន​ពួកគាត់​មិន​យល់ និង​ខ្លាច​បាត់​បង់​ដី​ដោយ​មិន​មាន​សំណង» ដោយលោកបន្ថែមថា៖ «​យើង​នឹង​ផ្ដល់​ជូន​ពួក​គាត់តាម​គោល​ការណ៍​របស់​រដ្ឋ មិនច្រើន​តាម​ការ​ចង់បាន​របស់​ពួកគាត់ទេ ពីព្រោះ​ពួកគាត់​គ្រាន់​មក​ធ្វើ​ស្រែ​លើ​ដី​រដ្ឋ។ យើង​ក៏​នឹង​​ស៊ើប​អង្កេត​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ក្នុង​ការ​ដោះ​ដូរ​ដី​ដែល​នាំ​ឲ្យ​កើត​មាន​​បញ្ហា​ផង​ដែរ»។​

លោក​អភិបាល​ខេត្តបាន​បញ្ជាក់ថា នៅ​ជំហាន​បន្ទាប់​លោក​នឹង​ពិភាក្សា​លើ​ដំណោះស្រាយ​លើ​តម្លៃ​ដោយ​ផ្អែក​តាម​គោលនយោបាយ​រដ្ឋ​។​

ទោះបី​យ៉ាងណា លោក គង់ សោភ័ណ្ឌ ឲ្យ​ដឹងថា​ទំនង​ជា​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​បាញ់​ពល​រដ្ឋ​ឲ្យ​រង​របួស​ទេ ដោយ​ថា​ហេតុការណ៍​នោះ​កើត​ឡើង​មិន​មែន​ដោយ​សារ​រឿង​បុគ្គល​។

លោក​បានមានប្រសាសន៍ថា​៖ «​ភាគីម្ខាង​ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ ហើយ​បើ​សិន​ជា​អ្នក​នោះ​ប្រព្រឹត្ត​បទល្មើស​ផ្ទាល់​ខ្លួន​ ឬការពារ​ដីឲ្យ​ឯកជនយើង​នឹង​ចាប់​ខ្លួន​គេ​ភ្លាម…​អាជ្ញាធរ​បាន​ចេញ​ថ្លៃសំណង​ដល់​ជនរង​គ្រោះ និង​បាន​ចំណាយ​លើ​ថ្លៃ​ព្យាបាល។ យើង​បាន​សុំ​ទោស​សម្រាប់កំហុស​ឆ្គង ដែល​កើត​ឡើង​ដោយ​អចេតនា​»​។​

​លោក ង៉ែត សុភាព ជាប្អូន​ថ្លៃ​របស់​ជន​រងគ្រោះ បាន​បញ្ជាក់​ថា​ អ៊ុំ ចន្ថា បាន​ទទួល​ប្រាក់​ជាង​៣ ០០០​ដុល្លារ​ពី​សប្បុរសជន​ផ្សេងៗ​រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​ស្រុក​។ យ៉ាងណា លោក​ថា គ្រួសារ​ជន​រង​គ្រោះ​នៅ​មិនទាន់​ពិចារណា​ដាក់​ពាក្យ​បណ្ដឹងទេ​​។​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​​តាម​ឃ្លាំង​មើល​ករណី​នេះ បាន​និយាយ​ថា​ជន​រងគ្រោះ​បាន​ចេញពី​មន្ទីរពេទ្យ​កាលពីព្រឹក​ថ្ងៃចន្ទ​។ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ នៅ​តែទទូច​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​លើ​ពល​រដ្ឋ​នេះ​។​​

លោក​មានប្រសាសន៍ថា៖ «​ក្នុង​ករណី​ខ្លះ ពេល​ដែល​ជន​រងគ្រោះ​បាន​ទទួល​សំណង គាត់​អាច​មិនដាក់បណ្ដឹង​រដ្ឋប្បវេណី ហើយនេះជា​សិទ្ធិ​របស់​អ្នក​ទាំង​នោះ ប៉ុន្តែ​បទល្មើស​ព្រហ្មទណ្ឌ​នៅតែ​មាន​…​ដូច​នេះ​នគរបាល​យុត្តិធម៌​គួរ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​ដើម្បី​រក​យុត្តិ​ធម៌​ជូន​ជន​រងគ្រោះ ដើម្បី​បញ្ចប់​និទណ្ឌភាព»។​

បើ​តាម​របាយការណ៍​​របស់​អង្គការ​លី​កាដូ មានការ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ាជម្លោះ​ដី​ធ្លី​ ដោយ​កម្លាំង​ចម្រុះ​មាន​ទាំង​ទាហា​ផង​​ក្នុង​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ រួម​​មាន​បុរស​ម្នាក់​ត្រូវ​គេ​បាញ់​នៅ​ខេត្ត​ព្រះ​សីហនុ កាលពីខែ​មករា ឆ្នាំ២០១៩ និង​បានធ្លាក់​ខ្លួនពិការ។​ ក្នុង​ខែ​មីនា ឆ្នាំ​២០១៨ មនុស្ស​បី​នាក់​ត្រូវ​កម្លាំង​ចម្រុះ​បាញ់​ឲ្យរបួស​ក្នុង​ការ​តវ៉ាមួយ​​របស់​អ្នក​ភូមិ​ដែល​មាន​គ្នា​ប្រហែល​៣០០​នាក់ ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​​ក្នុង​ខេត្ត​ក្រចេះ​។​

អ្នកស្រី​ សែម សុខុម វ័យ​៤៣​ឆ្នាំ ឲ្យ​ដឹងថា​អ្នក​ស្រី​នៅ​តែមាន​ចិត្ត​ខឹង​ពេល​នឹកដល់​អំពើហិង្សា​នោះ។

អ្នកស្រី​និយាយ​ថា៖ «​ពួកគេ​មិន​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​នោះទេ …​តាម​ខ្ញុំ​យល់​ រដ្ឋាភិបាល​បានកាត់​តែដីព្រៃឲ្យ​​ទាហានប៉ុណ្ណោះ​ និង​ទុក​ដី​ស្រែ​ឲ្យ​ប្រជា​ពល​រដ្ឋ ​ហេតុ​អ្វី​បានជា​ពួកគេ​ចង់​យក​ទាំង​អស់?»

អ្នកស្រី សុខុម ជឿថា​តម្លៃដី​ឡើង​ថ្លៃ​ក្នុង​តំបន់​ ជាមូល​ហេតុ​នៅ​ពី​ក្រោយ​ជម្លោះដី​ធ្លី​នេះ​។​

អ្នកស្រីបន្ថែមថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​តំបន់​នេះ​បានអភិវឌ្ឍ ​តម្លៃ​ដីនឹង​ឡើង​ថ្លៃ ពួកគេ​មក​យក​ដី ហើយ​ប្រជា​ពល​រដ្ឋ​មិនដឹង​អី​ទាំង​អស់…ពេល​តម្លៃ​ដី​នៅ​ថោក ពួកគេ​មិនខ្វល់​អ្វីទេ ពួកគេ​មិន​ដែល​មក​ហាមឃាត់​ពល​រដ្ឋ​ធ្វើ​ស្រែ​ទេ ប៉ុន្តែ​ពេល​ដី​ឡើង​ថ្ងៃ ពួកគេ​មក​យក​ដី»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite government pledge, Kandal villagers still fear losing their land

338 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម