ខណៈដែលថ្នាក់ដឹកនាំកំពូលរបស់គណបក្សភ្លើងទៀន ប្រឈមមុខនឹងការប្តឹងផ្តល់ និងការចាប់ខ្លួន ក្រុមមេដឹកនាំគណបក្សនេះនិយាយថា ខ្លួនកំពុងផ្តោតលើសកម្មភាពតាមមូលដ្ឋាន និងរៀបចំបង្កើតគោលនយោបាយគណបក្សនៅមុនការបោះឆ្នោតជាតិនាខែកក្កដា។
ប៉ុន្តែសម្ពាធកាន់តែខ្លាំងពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានធ្វើឲ្យមេដឹកនាំគណបក្សនេះ និងសកម្មជនប្រកាន់ជំហរសាធារណៈកាន់តែប្រយ័ត្នប្រយែងជាងមុន ខណៈគណបក្សនេះព្យាយាមគេចពីការខឹងសម្បាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គណបក្សភ្លើងទៀនបានអះអាងកាលពីថ្ងៃទី១៨ ខែមករាថា ខ្លួន«ប្រឆាំងដាច់ខាតចំពោះការគាបសង្កត់ផ្នែកនយោបាយ ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់ពីសំណាក់គណបក្សកាន់អំណាច»។ ប៉ុន្តែមិនយូរប៉ុន្មាន សេចក្តីថ្លែងការណ៍នេះត្រូវបានដកចេញពីទំព័រហ្វេសប៊ុករបស់គណបក្សវិញ ហើយបានបង្ហោះនូវសេចក្តីថ្លែងការណ៍មួយទៀតដែល«សាទរ…ភាពស្អាតស្អំ ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា»។
កាលពីថ្ងៃចន្ទ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមខេត្តបានចូលរួមកិច្ចប្រជុំបិទទ្វារមួយ ដើម្បីពិភាក្សាអំពីការពង្រឹងគោលជំហរមិនច្បាស់លាស់របស់គណបក្សនេះ បន្ទាប់ពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានបក្ស និងការគំរាមកំហែង ពីលោក ហ៊ុន សែន។
លោក កឹម មុន្នីកុសល ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិនដែលបានចូលរួមក្នុងកិច្ចប្រជុំនោះមានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សត្រូវបានណែនាំឲ្យប្រយ័ត្នការរិះគន់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែនៅតែសកម្មក្នុងការគាំទ្រសកម្មជននៅតាមមូលដ្ឋាន។
លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា ឥទ្ធិពលរបស់គណបក្សភ្លើងទៀន បើធៀបនឹងគណបក្សប្រឆាំងផ្សេងទៀត មានន័យថា គណបក្សនេះនឹងបន្តរងការវាយប្រហារបន្ថែមទៀត ហើយថ្នាក់ដឹកនាំរបស់គណបក្សនេះកាន់តែមានភាពផុយស្រួយ។
លោក មាស នី មានប្រសាសន៍ថា៖ «នៅក្នុងនយោបាយប្រទេសរបស់យើង យើងមើលឃើញថា គណបក្សមួយអាចហែលទឹកបានដោយសេរី ហើយភាគីម្ខាងទៀតត្រូវប្រកួតដោយដៃត្រូវគេចងទៅក្រោយ។ នេះគឺជាយុទ្ធសាស្ត្រនយោបាយដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនឹងបន្តកើតមាននៅក្នុងការបោះឆ្នោតឆ្នាំ២០២៣» ។
ថ្នាក់ដឹកនាំគណបក្សមកពីខេត្តកណ្តាល សៀមរាប និងកំពង់ចាមបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែតំណាងមកពីខេត្តផ្សេងទៀតបង្ហាញសុទិដ្ឋិនិយម បើទោះបីជាមានការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំថ្នាក់ជាតិរបស់គណបក្សក៏ដោយ។
លោក អេង ស្រួយ ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំមានប្រសាសន៍ថា៖ «យើងនៅតែតស៊ូទៅមុខ ហើយយើងបាននិងកំពុងពង្រឹង [ថ្នាក់មូលដ្ឋាន]។ យើងមិនបោះបង់គោលជំហររបស់យើងដែលយើងចង់បានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ» ។
លោកមានប្រសាសន៍ថា គណបក្សភ្លើងទៀនបានរៀបចំជំនួប និងវេទិកាសាធារណៈជាមួយសមាជិកគណបក្សនៅទូទាំងស្រុក និងឃុំ ដើម្បីបង្កើតបណ្តាញខេត្តសម្រាប់គណបក្ស។ ថ្នាក់ដឹកនាំគណបក្សខេត្តក៏បានណែនាំដល់សកម្មជនគណបក្សភ្លើងទៀនឲ្យសម្របសម្រួលផងដែរអំពីប្រតិកម្មពីអាជ្ញាធរមូលដ្ឋាន។
លោក ទី ប៊ុនថេង ប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺមានប្រសាសន៍ថា លោកនៅតែមានសុទិដ្ឋិនិយមថា គណបក្សនេះនៅតែអាចទទួលបានសំឡេង ៥០% នៃអ្នកបោះឆ្នោតក្នុងខេត្តរបស់លោក ខណៈប្រជាពលរដ្ឋជាច្រើនចង់ « ផ្លាស់ប្តូរ [មេដឹកនាំ] ព្រោះពួកគេមិនចង់បានអ្នកដ៏ដែលបែបនេះ» ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា [គណបក្សភ្លើងទៀនទទួលបាន] ៥០ ភាគរយ [នៃសំឡេងឆ្នោតនៅខេត្តកំពង់ស្ពឺ] ព្រោះយើងមិនមានពេលច្រើនក្នុងការរៀបចំ ហើយពលរដ្ឋមួយចំនួននៅតែសង្ស័យថា អតីតគណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ» ។
លោក ប៊ុនថេង មានប្រសាសន៍ថា សមាជិកគណបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ មិនទាន់ប្រឈមមុខនឹងការគំរាមកំហែងដ៏គួរឲ្យកត់សម្គាល់ពីអាជ្ញាធរនៅឡើយទេ។ ប៉ុន្តែលោកទទួលស្គាល់ថា អ្នកបោះឆ្នោតដែលមានសក្ដានុពលអាចនឹងភ័យខ្លាច ឬព្រួយបារម្ភអំពីសមត្ថភាពរបស់គណបក្សក្នុងការប្រជែងនឹងគណបក្សកាន់អំណាច ដូចដែលគណបក្សសង្គ្រោះជាតិធ្លាប់ធ្វើបាននៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដែលមានការប្រកួតប្រជែងយ៉ាងប្រកិតប្រកៀកនោះ។
គណបក្សភ្លើងទៀនបានប្រកាសសមាសភាពថ្នាក់ដឹកនាំខេត្តរបស់ខ្លួននៅក្នុងខែវិច្ឆិកានិងខែធ្នូ ហើយគ្រោងនឹងចេញផ្សាយគោលនយោបាយដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងខែកុម្ភៈ មុនការបោះឆ្នោត។
គោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុនបានផ្តោតលើចំណុចសំខាន់ៗចំនួនប្រាំពីរ ដែលផ្តោតចម្បងលើអភិបាលកិច្ចប្រកបដោយតម្លាភាព និងងាយស្រួល ការពង្រឹងសន្តិសុខដីធ្លី និងការកាត់បន្ថយការចំណាយលើការថែទាំសុខភាពនិងការអប់រំ។ ការសង្កត់ធ្ងន់នេះបានឆ្លុះបញ្ចាំងពីគោលនយោបាយទាំងប្រាំពីរចំណុចរបស់គណបក្សសង្គ្រោះជាតិ ដែលផ្តោតលើការកែលម្អសុខុមាលភាពសង្គម និងអត្ថប្រយោជន៍ដែលមានសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ និងកម្មករកម្ពុជា។
មេដឹកនាំគណបក្សភ្លើងទៀនបានអះអាងថា ពួកគេមិនទាន់អាចនិយាយបានថា គោលនយោបាយនេះត្រូវបានកែសម្រួលបែបណានោះទេ ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់។
លោក អេង ស្រូយ ជាប្រធានគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំមានប្រសាសន៍ថា៖ «ជាធម្មតា គោលនយោបាយគណបក្ស [គណបក្សប្រឆាំង] នឹងផ្តោតលើការដំឡើងប្រាក់បៀវត្សរ៍ ការដោះស្រាយជម្លោះ និងបញ្ហាអយុត្តិធម៌សង្គម និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ» ។
លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា សាធារណជនចង់ឃើញគោលនយោបាយជាក់លាក់ណាមួយដែលដោះស្រាយ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបច្ចុប្បន្នបានធ្វើរឿងល្អមួយចំនួន ហើយយើងចង់ឃើញសារពីគណបក្សនយោបាយ [គណបក្សភ្លើងទៀន] ដើម្បីបង្ហាញពីបញ្ហាជាក់លាក់មួយដែលគណបក្សនេះ ត្រូវផ្តោតការយកចិត្តទុកដាក់ប្រសិនបើខ្លួនកាន់អំណាច» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គណបក្សរបស់លោកមិនព្រួយបារម្ភចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សភ្លើងទៀនទេ ព្រោះលទ្ធផលបោះឆ្នោតឃុំសង្កាត់បង្ហាញថា គណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រតែ១៨ភាគរយប៉ុណ្ណោះនៅក្នុងចំណោមសំឡេងទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា នៅក្នុងការបោះឆ្នោត ពួកគេ [គណបក្សភ្លើងទៀន] អាចឈ្នះអាសនៈមួយចំនួនក្នុងរដ្ឋសភា ប៉ុន្តែវាគ្រាន់តែជាសំឡេងភាគតិច ដែលមិនអាចនិយាយអ្វីបាន ហើយនឹងត្រូវបានគ្របដណ្ដប់ដោយគណបក្សប្រជាជនកម្ពុជា» ។
លោកបានបន្ថែមថា៖ «យើងធានាថា មិនមានហានិភ័យសម្រាប់គណបក្សប្រជាជនកម្ពុជាទេ» ។
ប៉ុន្តែលោក ហ៊ុន សែន បានផ្តោតខ្លាំងលើគណបក្សភ្លើងទៀនកាលពីពេលថ្មីៗ នេះ ដោយបានរិះគន់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស និងជំរុញឱ្យលោកប្រគល់ដីនិងផ្ទះ បើមិនដូច្នេះទេនឹងប្រឈមផលវិបាកផ្លូវច្បាប់ចំពោះការបញ្ចេញមតិប្រឆាំងគណបក្សប្រជាជនក្នុងខែនេះ។ លោកបានគំរាមអ្នកវាយប្រហារលើគណបក្សប្រជាជនផ្សេងទៀតផងដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមករាថា៖ «មានជម្រើសតែពីរ៖ ទីមួយគឺ ត្រូវប្រើវិធានការផ្លូវច្បាប់។ ទីពីរគឺ ប្រើដំបង។ មានន័យថា ខ្ញុំនឹងប្រមូលអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ធ្វើបាតុកម្ម ហើយវាយអ្នកឯង។ តើលោកឯងចង់បានមួយណា ?» ។
លោកបានបន្ថែមថា៖ «ចាប់ពីពេលនេះតទៅ គ្មានការអត់ឱន គ្មានការលើកលែងពីថ្នាក់ក្រោមដល់កំពូល [សមាជិកគណបក្សប្រឆាំង]។ ប្រសិនបើយើងចាំបាច់ត្រូវវាយខ្នោះ [យើង] នឹងធ្វើភ្លាម» ។
ភាពតានតឹងផ្នែកនយោបាយបានកើនឡើងនៅដើមខែនេះ នៅពេលដែលលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេសដោយជួបជាមួយថ្នាក់ដឹកនាំនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង។
លោក សេដ្ឋា បានប្រាប់ខេមបូចាកាលពីថ្ងៃទី៣ ខែមករាថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេច [ ដើម្បីចូលរួមការបោះឆ្នោត ] ហើយយើងបានកសាងរចនាសម្ព័ន្ធរបស់យើងបាន១០០ភាគរយទូទាំងប្រទេស។ យើងសង្ឃឹមថា ប្រជាពលរដ្ឋចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ ពីព្រោះពួកគាត់ [ប្រជាពលរដ្ឋ] បានយល់យ៉ាងច្បាស់អំពីជីវិតនៅក្នុងរបបដឹកនាំពាក់កណ្តាលប្រជាធិបតេយ្យ និងពាក់កណ្តាលកុម្មុយនិស្ត» ។
លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានបរិយាកាសបើកទូលាយមួយមុនការបោះឆ្នោត ដោយមិនមានការគំរាមកំហែងបន្ថែមទៀតលើសមាជិកបក្សរបស់លោក។
ពីរសប្តាហ៍ក្រោយមក លោក សេដ្ឋា ត្រូវបានគេឃុំខ្លួននៅក្នុងពន្ធនាគារ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite Threats, Candlelight Leaders Say They’re Focused on Platform, Grassroots Activism