សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហមេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងជួបកូនក្តីរបស់ខ្លួន

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំ នៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំ នៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

សហមេធាវី​ ​លោក កឹម​ សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លៃការណ៍មួយកាល​ពីថ្ងៃអង្គារថា ពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​កូន​ក្តី​របស់ខ្លួន ដោយ​អះអាងថា ​​ជាការរំលោភសិទ្ធិ​​កូន​ក្តី​ ដែល​មេធាវី​​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ជួប​ពិគ្រោះយោបល់ច្បាប់​ ដើម្បីរៀប​ចំពាក្យបណ្តឹងឧទ្ធរណ៍លើ​សាលក្រម​ផ្តន្ទាទោស​របស់លោក​ ពីបទ​ក្បត់ជាតិ​នោះទេ​។

សេចក្តីថ្លែងការណ៍ដែល​ត្រូវ​បាន​បង្ហោះជាសាធារណៈ​​នៅលើ​បណ្តាញ​សង្គម​បាន​សរសេរថា៖ «សិទ្ធិទទួល​បាន​ជំនួយមេធាវី​​ដែល​មាន​ចែង​ក្នុងច្បាប់​ ដែល​ឯកឧត្តម​ កឹម សុខា ត្រូវ​ទទួល​បាន ​ក៏ត្រូវ​បាន​រំលោភយ៉ាងធ្ងន់ធ្ងរ​»។

សហមេធាវី​របស់​លោក កឹម សុខា បានអះអាងថា ខ្លួ​ន​បាន​ព្យាយាម​ទៅជួប​កូន​ក្តី​នៅគេហដ្ឋាន​កាល​ពី​ថ្ងៃអង្គារ​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សន្តិសុខដែល​យាម​នៅមុខ​គេហដ្ឋាន​ និង​បាន​ប្រាប់​ឲ្យសហមេធាវីត្រូវ​សុំការអនុញ្ញាតពី​ព្រះរាជអាជ្ញា​ជាមុន​សិន​។​

លោក​ កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងគេហដ្ឋាន​របស់​លោក​និង​រារាំង​មិន​ឲ្យ​ជួប​ប្រាស្រ័យទាក់ទងជាមួយអ្នក​ដទៃ​លើក​លែងតែ​សមាជិក​គ្រួសារ​របស់​លោក បន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​ចេញសាលក្រម​ផ្តន្ទាទោស​លោក​ដាក់ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំ​កាលពីថ្ងៃទី​៣ ខែមីនា​ បន្ទាប់ពី​ដំណើរ​ការ​កាត់​ក្តី​រយៈពេល​៣ឆ្នាំ ​ដែលពាក់ព័ន្ធករណីញុះញង់​ឲ្យ​មាន​«បដិវត្តន៍ពណ៌»។

លោក អាង ឧត្តម​ ជា​មេធាវីម្នាក់ក្នុងចំណោម​សហមេធាវីរបស់​លោក កឹម សុខា បាន​ប្រាប់​ខេមបូចាថា បំណងនៃការជួប​កូន​ក្តី​គឺ​ដើម្បី​ពិភាក្សា​រៀបចំពាក្យបណ្តឹងឧទ្ធរណ៍​ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុងរយៈ​ពេលមួយ​​ខែ​បន្ទាប់ពីការ​ប្រកាសសាលក្រម​។

លោកថ្លែង​ថា៖ «​យើង​មិន​អាច​ធ្វើ​អ្វីបាន​ទេនៅពេលនេះ ហើយ​ដំណើរការ​ប្តឹងឧទ្ធរណ៍​ជួបការ​លំបាក​ ប៉ះពាល់​សិទ្ធិរបស់​សហមេធាវីនិង​សិទ្ធិ​របស់ឯកឧត្តម​ កឹម សុខា​»។

លោក ឧត្តម បន្ត​ថា សហមេធាវី​មាន​សិទ្ធិជួបកូន​ក្តី​របស់​ខ្លួន​ដោយ​មិន​តម្រូវ​ឲ្យ​សុំ​ការអនុញ្ញាតពី​ព្រះរាជអាជ្ញា​នោះទេ។

សាលាដំបូង​រាជធានីភ្នំពេញ​បាន​លើក​ឡើង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃពុធ​ថា សិទ្ធិរបស់​លោក កឹម សុខា និង​សិទ្ធិ​របស់​សហមេធាវី​មិន​ត្រូវ​បាន​រំលោភបំពាន​ទេ ហើយថា សេចក្តី​ថ្លែងការណ៍របស់​សហមេធាវី​គឺជា​ការ​លើកឡើង​ប្រាសចាកពីការពិតនិងធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំពីសាធារណជន។

សេចក្តី​ថ្លែងការណ៍សរសេរថា៖ «​បើ​សហមេធាវីការពារសិទ្ធិ​មាន​បំណងចង់​ជួបពិរុទ្ធជន​ កឹម សុខា សូមរៀបចំការស្នើសុំរបស់ខ្លួន​ជា​លាយលក្ខណ៍អក្សរហើយ​ប្រសិនបើ​ក្នុងករណីបន្ទាន់​សហមេធាវី​អាចធ្វើ​ការ​ស្នើ​សុំ​ដោយ​ផ្ទាល់មាត់​មកតំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។​

សាលក្រម​របស់​តុលាកា​រ​ក៏បាន​ហាមឃាត់​លោក កឹម សុខា​ មិន​ឲ្យ​ចាកចេញពី​គេហដ្ឋាន​របស់​លោក ដើម្បីជួប​ឬ​ប្រាស្រ័យទាក់ទងជាមួយបុគ្គលណាម្នាក់​ឬជួបតាម​ប្រព័ន្ធបច្ចេកវិទ្យា​ក្រៅពី​សមាជិកគ្រួសារ​ លើកលែងតែមាន​ការ​អនុញ្ញាតដោយ​ព្រះរាជអាជ្ញា។

ប្រធាន​ក្រុមប្រឹក្សា​ក៏បាន​ដក​សិទ្ធិ​នយោបាយ​របស់​លោក​ កឹម សុខា អស់មួយជីវិត​ផងដែរ​។​​ បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​នៅពាក់កណ្តាល​អាធ្រាត្រ​និង​ឃុំខ្លួន​កាលពីខែ​កញ្ញា ឆ្នាំ​២០១៧​ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨។ គណបក្ស​សង្គ្រោះជាតិ​ដែល​លោក កឹម សុខា គឺជា​ប្រធាន​នៅពេលនោះ ​គឺជាគូប្រជែង​ដ៏លេចធ្លោ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​កាន់អំណាច។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​បាន​លើកឡើង​កាល​ពីថ្ងៃពុធតាម​ទំព័រហ្វេសបុក​របស់លោកថា សហមេធាវី​របស់​លោក កឹម សុខា ត្រូវតែ​អនុវត្តតាម​សេចក្តីសម្រេចរបស់តុលាការ​។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។

លោកបានប្រាប់ខេមបូចាបន្ថែមតាមតេឡេក្រាមថា៖ «មេធាវី​ក៏ស្ថិតក្រោមច្បាប់ដែរ ហើយ​ការអនុវត្ត​របស់​គាត់​នៅក្រោម​ច្បាប់  ហើយ​សាលក្រម​របស់​តុលាការ​មាន​អំណាច​​ដូចជា​ច្បាប់​អញ្ចឹង ដែលចាប់បង្ខំ​ត្រូវ​អនុវត្ត»។

លោក សុខ សំអឿន ជា​ប្រធានមេធាវី​ប្រចាំ​ក្រុម​អ្នក​ច្បាប់និងជា​ទីប្រឹក្សា​អមរិន្ទបាន​មាន​ប្រសាសន៍ថា គ្មាន​ច្បាប់​ណាតម្រូវឲ្យ​មេធាវី​សុំការអនុញ្ញាត ដើម្បីជួប​ជាមួយ​កូន​ក្តី​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុងផ្ទះទេ។ ប៉ុន្តែលោកអះអាងថា ​កង្វះនីតិវិធី​ច្បាប់​ច្បាស់លាស់​ បូករួម​នឹង​សាលក្រម​របស់​ចៅក្រម​ មានន័យថា ព្រះរាជអាជ្ញា​មាន​សិទ្ធិ​សម្រេចចុងក្រោយ​។

លោក សុខ សំអឿន ថ្លែងថា៖ «មានតែ​ព្រះរាជអាជ្ញាប៉ុណ្ណោះ​អាចគ្រប់គ្រង​ [សំណុំរឿង​]»។

ស្ថានទូតបរទេស​និង​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​សាលក្រម​ផ្តន្ទាទោស​លោក កឹម សុខា។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក W. Patrick Murphy បាន​សរសេរ​នៅលើ​ទ្វីតធើ​របស់​លោក​បន្ទាប់ពី​សាលក្រម​ផ្តន្ទាទោស​លោក សុខា ថា «ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់សមគំនិត​​បែបប្រឌិត​ សវនាការនេះគឺជា​ការ​ខុស​ឆ្គង​ក្នុងការ​ជម្រះក្តី​» ។

សភាអឺរ៉ុប​គ្រោង​នឹង​ «ពិភាក្សា​» និង​បោះ​ឆ្នោត​ជុំវិញ​ស្ថានភាព​របស់​លោក កឹម សុខា​ នៅ​ថ្ងៃព្រហស្បតិ៍នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Detained Ex-Opposition Leader Kem Sokha Denied Meeting With His Lawyers

339 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម