សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រួសារអ្នកពិការភ្នែកនៅសៀមរាបស្នើឱ្យបើកប្រាក់ឧបត្ថម្ភទៀងទាត់

លោក ឡូយ លុយ បង្ហាញប័ណ្ណសមធម៌ ដែលផ្តល់ដោយអាជ្ញាធរដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ឡូយ លុយ បង្ហាញប័ណ្ណសមធម៌ ដែលផ្តល់ដោយអាជ្ញាធរដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គ្រួសារមួយនៅខេត្តសៀមរាប ដែលមានអ្នកពិការភ្នែក៤នាក់ ក្នុងចំណោមសមាជិក៥នាក់ អំពាវនាវសុំឱ្យរដ្ឋជួយបើកប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ ព្រោះពួកគាត់ខកខានក្នុងការទទួលប្រាក់ចំនួនបាន៤ខែ ដោយមិនដឹងមូលហេតុ ខណៈដែលពួកគាត់ជួបការលំបាកដោយសារបាត់បង់ចំណូលទាំងស្រុងអំឡុងពេលវិបត្តិកូវីដ១៩។

លោក ឡូយ លុយ ឱ្យដឹងថា រូបលោកផ្ទាល់ និងប្អូនថ្លៃស្រីម្នាក់មានបញ្ហាភ្នែកពីកំណើតគឺមើលឃើញតិចតួច ចំណែកប្រពន្ធរបស់លោក និងប្អូនថ្លៃប្រុសម្នាក់ទៀតពិការភ្នែកទាំងស្រុង។​ ចំណែកកូនប្រុសអាយុ១០ឆ្នាំភ្នែកភ្លឺធម្មតា។

លោក ឡូយ លុយ អាយុ៣៤ឆ្នាំ  ជួលបន្ទប់មួយរស់នៅជុំគ្រួសារនៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយប្រកបរបរជាអ្នកម៉ាស្សាព្យាបាលសរសៃ និងលក់ភេសជ្ជៈ។ ចំណែកប្អូនប្រុសម្នាក់អាយុ១៧ឆ្នាំពិការភ្នែកទាំងស្រុងកំពុងរៀននៅសាលាគ ថ្លង់ ចំណែកប្អូនស្រីអាយុ២០ឆ្នាំមើលឃើញតិចតួចជួយលក់ភេសជ្ជៈដើម្បីរកកម្រៃជួយផ្គត់ផ្គង់ជីវភាព។​

អំឡុងពេលនៃការផ្ទុះឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩ ទាំងរបរម៉ាស្យា និងលក់ភេសជ្ជៈត្រូវបិទទាំងស្រុងតាំងពីដើមខែមេសាឆ្នាំ២០២១ ដោយសារមិនមានអតិថិជន​ នាំឱ្យគ្រួសារនេះមិនមានចំណូលសម្រាប់ចិញ្ចឹមជីវិត។​

លោកឡូយ លុយ ឱ្យដឹងថា លុយឧបត្ថម្ភពីរដ្ឋដែលលោកទទួលបានក្នុងស្ថានភាពជាគ្រួសារក្រីក្រ គឺបើកបានរអាក់រអួលដោយបើកបានខែសីហា​ ខែធ្នូ ឆ្នាំ២០២០ និងខែមករា ដល់ខែមេសាឆ្នាំ២០២១។ ចំណែកលុយដែលមិនបានបើកចំនួន៤ខែគឺនៅក្នុងឆ្នាំ២០២០ខែកញ្ញា ខែតុលា និងខែវិច្ឆិកា ហើយនៅក្នុងឆ្នាំ២០២១គឺនៅខែឧសភា។​

លោក ឡូយ លុយ ថ្លែងថាក្នុងស្ថានភាពលំបាកនេះលោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយបើកលុយឧបត្ថម្ភនេះដល់គ្រួសារលោកឱ្យបានទៀងទាត់ដើម្បីដោះស្រាយការលំបាកដោយចំណាយលើចំណីអាហារ បន្ទប់ជួល និងកូនរៀន។

លោក ឡូយ លុយ និយាយថា៖«ចង់បានគ្រប់ចំនួនដូចគេដែរ ដើម្បីអាចជួយលើការលំបាកយើងទាំងអស់»។​

លោក ឡូយ លុយ និងសមាជិកគ្រួសារបស់លោកដែលពិការភ្នែក។រូបភាពផ្តល់ឲ្យ

អ្នកស្រី អឿត ហ៊ីម អាយុ៣១ឆ្នាំ ភរិយាលោក ឡូយ លុយ ថ្លែងថា ពេលជួបការលំបាកអ្នកស្រីរំពឹងលើលុយដែលរដ្ឋជួយឧបត្ថម្ភនេះ។

អ្នកស្រី អឿត ហ៊ីម៖«ឮថ្នាក់លើគេនិយាយមិនដឹងមន្ទីរឬសង្គមកិច្ចទេគេប្រាប់ថា កុំភ័យអីលុយវាមិនបាត់ទេ។ លុយវាមិនបាត់ទេ តែបើបើកវាមិនបាននោះ រំពឹងលើវាហើយ១ខែៗនោះ»

អ្នកស្រី បង្ហាញការក្តីបារម្ភថា បើលុយបើករអាក់រអួលដោយមិនដឹងមូលហេតុនេះអាចត្រូវគេបិទឈ្មោះឈប់ជួយឧបត្ថម្ភទាំងស្រុងនៅពេលខាងមុខ។

អ្នក អឿត ហ៊ីម បន្តថា៖«ខ្ញុំចង់ឱ្យគាត់បើកលុយឱ្យធម្មតាតែប៉ុណ្ណឹងឯងព្រោះថា ខ្ញុំពិបាកខ្លាំង បើពេលមុនខ្ញុំលក់ដូរបាន តក់ៗ ហើយឥឡូវខ្ញុំលក់អត់បាន ហើយម្យ៉ាងខ្ញុំឃើញតួលេខលុយវាឡើងច្រើនៗទៀតទៅ ខ្លាចគេបិទទាំងអស់»

អ្នកស្រី អឿត ហ៊ីម ឱ្យដឹងថា លុយឧបត្ថម្ភដែលគ្រួសារអ្នកស្រីទទួលបានពីរដ្ឋ១ខែ៤៨ម៉ឺនរៀលគឺបើកពេលចុងខែ។​

ប្តីប្រពន្ធពិការនេះឱ្យដឹងថា ពួកគាត់បានព្យាយាមទាក់ទងទៅអាជ្ញាធរថ្នាក់ភូមិ និងសង្កាត់ ដើម្បីសួរនាំជុំវិញការបើកលុយឧបត្ថម្ភរអាក់រអួលនេះ ប៉ុន្តែអាជ្ញាធរទាំងនោះអះអាងថា ពួកគាត់មិនបានដឹងមូលហេតុជុំវិញករណីនេះទេ។​

ចៅសង្កាត់ស្លរក្រាម លោក ខៀវ សត មានប្រសាសន៍ថា  លោកបានព្យាយាមទំនាក់ទំនងទៅថ្នាក់លើដែរ នៅតែមិនដឹងមូលហេតុច្បាស់លាស់។​

លោក ខៀវ សត និយាយថា៖«មានដឹងៗ ព្រោះរហូតបានយកសេដ្ឋកិច្ចទៅឱ្យគាត់ទៀត មានអង្ករមានអីយកទៅ២លើកហើយ។​ ឃើញទិដ្ឋភាពរបស់គាត់បើកលុយសមធម៌របស់យើងអត់ទាន់បាន។​ យើងឃើញភាពរអាក់រអួលនៅក្នុងក្រសួងផែនការមិនដឹងថាម៉េច? ភាពរអាក់រអួលបើកថវិកាហ្នឹងមិនដឹងថា ម៉េច? មានបញ្ហាអីជាប់លេខកូដអីគេ?»។

លោក ខៀវ សត ថ្លែងថា លោកអាណិតគ្រួសារនេះ ហើយចាត់ឱ្យមន្ត្រីរបស់លោកជួយទាក់ទងបន្តបន្ទាប់ដោះស្រាយបញ្ហាបើកលុយរអាក់រអួលនេះ។​

ប្តីប្រពន្ធពិការនេះឱ្យដឹងថា មុនព្រឹត្តិការណ៍ឆ្លងរាលដាលមេរោគកូវីដ១៩ថ្ងៃទី២០ខែកុម្ភៈ ពួកគាត់រកដំណូលបានចន្លោះពី១ម៉ឺនទៅ២ម៉ឺនរៀលក្នុង១ថ្ងៃ លុះដល់ក្រោយព្រឹត្តិការណ៍២០កុម្ភៈចំណូលបានបាត់ទាំងស្រុង។ ពួកគាត់អះអាងថា មួយរយៈចុងក្រោយនេះពួកគាត់ធ្វើដំណើរទៅផ្ទះសាច់ញាតិនៅឃុំដូនកែវ ស្រុកពួក ញឹកញាប់ដើម្បីទៅនេសាទ និងទទួលបានអាហារពីសាច់ញាតិ។​  ឃុំដូនកែវមានចម្ងាយជាង៣០គីឡូម៉ែត្រពីក្រុងសៀមរាប។​

លោក ឡូយ លុយ អង្គុយក្នុងបន្ទប់ជួលរបស់លោក នៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេបូចា/ បញ្ញា ឆព័ណ្ណ

អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា ថ្លែងថា ពលរដ្ឋកម្ពុជាក៏ប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារឥទ្ធិពលនៃមេរោគកូវីដ១៩ ដូចពលរដ្ឋនៅប្រទេសនានាលើពិភពលោកដែរ។​ លោកថា រដ្ឋាភិបាលកម្ពុជាបានស្រាវជ្រាវរកពលរដ្ឋដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដើម្បីជួយឧបត្ថម្ភ ហើយថា ចំពោះដំណើរការបើកប្រាក់ឧបត្ថម្ភ មិនមានបញ្ហារអាក់រអួលអ្វីដូចការលើកឡើងរបស់គ្រួសារជនពិការនៅខេត្តសៀមរាបនោះទេ។​

លោក ស្រី ដា៖«ចំពោះការបើកប្រាក់ឧបត្ថម្ភដូចជាមិនមានបញ្ហាអ្វីទេ យើងមានផែនការត្រឹមត្រូវពិសេសខាងក្រសួងសង្គមកិច្ច ក៏គាត់បានតាមដានពិនិត្យយ៉ាងម៉្មត់ចត់ផងដែរ»។​

ចំពោះសំនួរបញ្ជាក់បន្ថែមដែល ខេមបូចា សួរតាមតេឡេក្រាមថា តើលោកបានដឹងពីបញ្ហាគ្រួសារជនពិការនៅខេត្តសៀមរាបបើកលុយរអាក់រអួលនេះទេ? លោកមិនបានឆ្លើយតាមតេឡេក្រាម ហើយទាក់ទងតាមទូរសព្ទក៏មិនទទួលដែរ។​

របាយការណ៍របស់ក្រសួងសង្គមកិច្ច ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧កម្ពុជាមានជនពិការជិត១លាននាក់។​

លោកស្រី ម៉ាក់ ម៉ូលីកា នាយិកាអង្គការជនពិការកម្ពុជាមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ ជនពិការកើនឡើងប្រមាណ២០ទៅ៣០ភាគរយដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំងហើយទទួលការឧបត្ថម្ភពីរដ្ឋ។ លោកស្រីអំពាវនាវឱ្យស្ថានប័នពាក់ព័ន្ធយកចិត្តទុកដាក់ជួយដល់ជនពិការលើផ្នែកអាហារ និងតម្រូវការចាំបាច់ផ្សេងៗទៀត។

លោកស្រី ម៉ាក់ ម៉ូលីកា និយាយថា៖«ស្បៀងសំខាន់សម្រាប់គាត់ទី១។ ទី២អត្រាអត់ការងារក៏ជាបញ្ហាសំខាន់សម្រាប់គាត់ ទី៣ ត្រូវការជួយគាំទ្រពីស្ថាប័នពាក់ព័ន្ធរួមមានសេវាផ្សេងៗដូចអូនដឹងហើយនៅតាមខេត្តមានស្ថាប័នមួយចំនួនគាត់បិទទ្វារដោយសារតែកូវីដនេះចឹងធ្វើឱ្យគាត់បាត់បង់ឱកាសទទួលបានសេវាទាំងអស់ហ្នឹង។ យើងឃើញថា ជនពិការជាជនងាយរងគ្រោះអំឡុងពេលកូវីដ»។​

តាមរបាយការណ៍ក្រសួងសង្គមកិច្ចបង្ហាញនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១គឺបញ្ជាក់ថា ចាប់ពីខែមិថុនាឆ្នាំ២០២០ដល់ខែឧសភាឆ្នាំ២០២១ រដ្ឋបានចំណាយលុយអស់៣២២,៨១លានដុល្លារ ដើម្បីយកទៅជួយដល់ដល់គ្រួសារចំនួន​៧០ម៉ឺនដែលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារកូវីដ១៩៕

632 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម