សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋភៀសសឹកសង្ឃឹម​ថា ឆាប់បានត្រឡប់ទៅផ្ទះវិញ ក្រោយកម្ពុជា-ថៃ ឯកភាពលក្ខខណ្ឌថ្មី

ស្ត្រី​ម្នាក់កំពុង​ដើរ​ក្បែរ​កន្លែង​បោះ​ជំរំ​នៅក្នុង​វត្តឧត្តរគីរីទួល​អណ្តែត ស្ថិតក្នុងភូមិ​ថ្នល់បែក ឃុំ​ថ្មី ស្រុក​គូលែន នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៥។ (ខេមបូចា/វ៉ា សុភានុត)
ស្ត្រី​ម្នាក់កំពុង​ដើរ​ក្បែរ​កន្លែង​បោះ​ជំរំ​នៅក្នុង​វត្តឧត្តរគីរីទួល​អណ្តែត ស្ថិតក្នុងភូមិ​ថ្នល់បែក ឃុំ​ថ្មី ស្រុក​គូលែន នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៥។ (ខេមបូចា/វ៉ា សុភានុត)

ខេត្តព្រះវិហារ៖ បន្ទាប់ពីឆ្លងកាត់ការលំបាកក្នុងការរស់នៅក្នុងជំរំ ដែលខ្វះបង្គន់អនាម័យ ភ្លើង កន្លែងសម្រាក និងម្ហូបស្រស់ ជនភៀស​សឹក​ ដោយសារជម្លោះប្រដាប់អាវុធ សង្ឃឹមថានឹងទទួលបានសន្តិភាពយូរអង្វែង ហើយអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ចំនួន១៣ចំណុច រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី៧ ខែសីហា។

ទោះបីជាពួកគេទទួលបានអាហារគ្រប់គ្រាន់ដូចជា អង្ករ ត្រី ទឹកស៊ីអ៊ីវ សាច់ក្រក ត្រីងៀត របស់របរប្រើប្រាស់ផ្សេងទៀត និងថវិកាមួយចំនួនក៏ដោយ ប៉ុន្តែពលរដ្ឋភៀសខ្លួនចង់ត្រឡប់ទៅផ្ទះវិញ ដោយសារពួកគេមិនមានប្រាក់ចំណូល ហើយកូនៗរបស់ពួកគេក៏ខកខានការសិក្សានៅសាលារៀន។

អ្នកស្រី លន់ លៀម អាយុ ៤៨ ឆ្នាំ ដែលជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភៀសសឹករាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីផ្ទះបន្ទាប់ពីការប៉ះទង្គិចរវាងកម្ពុជា-ថៃ រយៈពេលប្រាំថ្ងៃ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកក្កដា បាននិយាយថា ការស្នាក់នៅក្នុងជំរំពិតជាមានសុវត្ថិភាព ហើយពួកគេបានទទួលប្រាក់ និងសម្ភារៈប្រើប្រាស់ ប៉ុន្តែគាត់នៅតែត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីទិញម្ហូបស្រស់ៗសម្រាប់ចៅៗ។

អ្នកស្រី​ លៀម បានភៀសខ្លួនជាមួយសមាជិកគ្រួសារ៩នាក់ ពីភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៥ ខែកក្កដា ទៅស្នាក់នៅជំរំភៀសសឹកវត្តឧត្តរគីរីទួលអណ្តែត ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ដោយទុកប្តីឱ្យនៅម្នាក់ឯងមើលថែទាំសត្វជ្រូក មាន់ និងទា។

អ្នកស្រី និយាយថា៖ «មិនចង់ឱ្យ​ [សង្រ្គាម] កើតទេ ចង់តែបានទៅផ្ទះ​ឱ្យ​លឿនៗ កូនខ្ញុំពោះធំទៀតពិបាកនៅទៀត ចង់តែបានទៅផ្ទះវិញទេ ​ឱ្យ​ចប់សង្រ្គាមនឹងបានទៅផ្ទះ»។

អង្គុយលើក្រដាសកេសកាតុង កំឡុងពេលនិយាយជាមួយ អ្នកសារព័ត៌មានខេមបូចា អ្នកស្រីបាននិយាយថា គាត់បានសម្រាន្តលើក្រដាសកេសនេះជារៀងរាល់យប់ តែគេងមិនសូវស្កប់នោះឡើយ ជាពិសេសពេលមានភ្លៀងធ្លាក់។ លើសពីនេះ អ្នកស្រីបន្តថា បន្ទប់ទឹកនៅចម្ងាយប្រមាណ៥០ម៉ែត្រ ហើយជារៀងរាល់ព្រឹកត្រូវរង់ចាំអស់រយៈពេល៣០នាទី ទើបបានចូលព្រោះមានមនុស្សច្រើន។

អ្នកស្រី និយាយថា៖ «គេង [ជាប់] ដីនេះ បានអីដេកលក់ កូនចៅខ្ញុំ៨ទៅ៩នាក់ [ដេកក៏មិនកើត] បានតែមីពោះធំនោះទេ បានដេកលើគោយន្ត»។

អ្នកស្រី បន្តថា៖ «បើភ្លៀងរត់ទៅដេកជាមួយកូន [ស្រីដែលមានផ្ទៃពោះ] លើគោយន្តទៅ ខ្លះអង្គុយ ខ្លះក៏ដេកទៅ ពិបាក ពិបាកខ្លាំង ខ្ញុំបន់ឱ្យតែគេចប់សង្រ្គាម នឹងបានទៅផ្ទះទេ កម្មវេទនាណាស់ កម្មនឹងដេក កម្មនឹងបត់ជើង កូនចៅផង កម្មអាអ្នកពោះធំ ដេកមិនស្រួលផង»។

អ្នកស្រី លន់ លៀម កំពុងអង្គុយនៅជំរំភៀសសឹកក្នុងបរិវេណវត្ត ឧត្ដរគីរីទួលអណ្ដែត ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់ថ្មី ស្រុកគូលែន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះ បានរំលឹកពីសង្រ្គាមស៊ីវិលនៅកម្ពុជា នៅពេលដែលអ្នកស្រីរត់ទៅនៅតាមប្រឡាយ ឬអូរ ហើយមិនបានទទួលជំនួយដូចពេលនេះទេ ខណៈអ្នកស្រីបានប្រាប់ថា អ្នកស្រីកំពុងស្នាក់នៅជំរំជាមួយកូនៗ និងចៅចំនួន៦នាក់ ដែលមានអាយុពី៥ ទៅ ១០ឆ្នាំ។

ជាមួយគ្នា អ្នកស្រី ឱ្យដឹងទៀតថា គាត់បានទទួលដំណឹងពីអាជ្ញាធរដែលបានអំពាវនាវឱ្យមានការប្រជុំជាសាធារណៈកាលពីថ្ងៃអង្គារ ថា ពួកគេនឹងបង្កើតសាលារៀនក្នុងពេលឆាប់ៗនេះសម្រាប់ក្មេងៗបានសិក្សា។

ការប៉ះទង្គិចដោយប្រដាប់អាវុធនេះ បានបណ្តាលឱ្យសិស្សជាង ១៥០,០០០ មិនអាចចូលរៀនបាន ដោយសារសាលារៀននៅក្នុងតំបន់រងផលប៉ះពាល់បន្តបិទទ្វារនៅឡើយ។ គួរឱ្យដឹងថា បទ​ឈប់​បាញ់​ត្រូវ​បានចូលជាធរមាន​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី២៨ ខែ​កក្កដា ប៉ុន្តែ​ការ​ប៉ះ​ទង្គិច និង​ការ​ញុះញង់​របស់​ថៃ​នៅតែត្រូវ​បាន​គេ​រាយការណ៍​បន្ទាប់​ពី​នោះ។

កាលពីថ្ងៃទី៧ ខែសីហា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងចំនួន១៣ចំណុច រួមមានបទឈប់បាញ់ និងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ការវាយប្រហារលើជនស៊ីវិល និងដើម្បីបញ្ចៀសការបាញ់ប្រហារដោយឥតញញើតចំពោះគ្នាទៅវិញទៅមក។

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក៏ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមជាអ្នកសង្កេតការណ៍។

កម្ពុជា និងថៃបានពង្រីកលក្ខខណ្ឌក្នុងបទឈប់បាញ់របស់ពួកគេ រួមទាំងការហាមប្រាមលើការចល័តទ័ពថ្មី  ការពារជនស៊ីវិល ការទំនាក់ទំនងគ្នាកាន់តែរឹងមាំ និងធ្វើការបញ្ជូនទាហានដែលត្រូវបានចាប់ខ្លួនក្រោយពេលបទឈប់បាញ់ចូលជាធរមាន មកកាន់កម្ពុជាវិញភ្លាមៗ។

បច្ចុប្បន្នក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី នឹងត្រួតពិនិត្យលើបទឈប់បាញ់នេះ ខណៈដែលក្រុមអ្នកសង្កេតការណ៍ជាតិដែលសម្របសម្រួលជាមួយមន្ត្រីការពារជាតិម៉ាឡេស៊ីនឹងប្រតិបត្តិការដោយឯករាជ្យនៅក្នុងប្រទេសនីមួយៗ។

ភាគីកម្ពុជា-ថៃ ​បាន​យល់​ស្របដូចគ្នាថា​ «​មិន​ត្រូវ​បំពានអ្នកណាមុនទោះស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ»។

ត្រឡប់​មក​អ្នកស្រី លៀម វិញបាន​និយាយ​ថា គាត់​ទៅ​ផ្សារ​រៀង​រាល់​ពីរ​ថ្ងៃ​ម្តង ដើម្បី​ទិញ​ម្ហូប​ស្រស់​ឱ្យ​ចៅ ព្រោះ​ពួកគេ​មិន​សូវ​ចូលចិត្ត​អាហារ​ដែល​គេបរិច្ចាគឱ្យ​ទេ។ ក្នុងនោះ ក្រុម​គ្រួសារ​របស់​អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់​ខ្លះ​ពី​ម្ចាស់​ជំនួយ​ផង​ដែរ។

អ្នកស្រី លៀម ដែលជាប់បំណុលធនាគារចំនួន ១៥លានរៀល បានស្នើឱ្យស្ថាប័នហិរញ្ញវត្ថុ អនុញ្ញាតឱ្យបន្តការពន្យាពេលក្នុងការសងបំណុលសម្រាប់អ្នកស្រី និងជនភៀសខ្លួនផ្សេងទៀត ដោយសារពួកគេនៅតែមិនអាចរកប្រាក់ចំណូលបាន។

អ្នកស្រី ថាំ មករា ដែលទើបតែសម្រាលកូនបានមួយខែមុន និយាយថា គាត់មិនមានទឹកដោះគ្រប់គ្រាន់ទេ ដោយសារគាត់ធ្វើដំណើរ ៦ម៉ោងពីផ្ទះរបស់គាត់ តាមគោយន្ត ដែលបណ្តាលឱ្យរាងកាយរបស់គាត់ឈឺ ទាស់សរសៃ និងកំណកឈាម។

អ្នកស្រី និយាយថា៖ «សម្រាលកូនហើយ បានមួយខែ ជិះគោយន្តមក រលាក់ៗឈឺក្នុងខ្លួន ឈឺតាមខ្លួន»។

អ្នកស្រី​ក៏​បាន​និយាយ​ដែរ​ថា ការ​រស់​នៅ​ដោយ​គ្មាន​ភ្លើង និង​កង្ហារ​ពេល​យប់​គឺ​លំបាក ហើយ​សង្ឃឹម​ថា​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់ៗ។

អ្នកស្រីបន្ថែមថា៖ «បើមានភ្លើងអាចទិញកង្ហារដាក់ខ្លួនឯង យប់ឡើងពិបាកត្រង់ក្ដៅ ងងឹត»។​

ជនភៀសខ្លួនម្នាក់ទៀតគឺអ្នកស្រី លាវ ចម្រើន មកពីភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ឱ្យដឹងថា នេះជាលើកទីមួយហើយដែលអ្នកស្រីជួបប្រទះស្ថានភាពបែបនេះក្នុងជីវិត។

កសិករ​វ័យ​៤០​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​ស្នាក់​នៅ​វត្ត​ពោធិ៍​កែវ​មាន​ជ័យ ស្ថិតក្នុងឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ជាមួយ៤១០គ្រួសារផ្សេងទៀត។

អ្នកស្រី ​សង្ឃឹម​ថា នឹងមានសន្តិភាព ​ព្រោះ​គាត់​ព្រួយ​បារម្ភ​ពី​ប្ដី​ដែល​នៅ​មើល​ថែ​សត្វ​ចិញ្ចឹម​នៅឯផ្ទះ។ ប្តី​របស់​អ្នកស្រីបានហាម​គាត់​មិន​ឱ្យ​ត្រឡប់​មកផ្ទះ​វិញ ដោយ​ខ្លាច​ផលប៉ះពាល់​នៃ «ផ្សែង​ពុល» ដែល​បាចចេញដោយ​យន្តហោះ​ចម្បាំង​ថៃ។

អ្នកស្រី បានឱ្យដឹងដែរថា គាត់បានត្រឡប់មកផ្ទះវិញ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី ២៨ ខែកក្កដា ដោយមានអារម្មណ៍អាណិតប្ដីដែលនៅម្នាក់ឯង ហើយស្នាក់នៅទីនោះចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ប៉ុន្តែក្រោយមកមេភូមិបានប្រាប់ប្រជាជនឱ្យចាកចេញម្ដងទៀត ព្រោះទាហានថៃបានវាយលុកនៅតំបន់អានសេះ។ គ្រានោះ អ្នកស្រី​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ខ្យល់​ពុលផងដែរ។

អ្នកស្រីនិយាយថា៖ «ឃើញគេស្ងាត់ហើយ អាណិតប្ដីនៅ ជ្រូកស្អីៗក៏ពិបាក ក៏ទៅ ទៅមិនទាន់បានស្រួលរត់មកវិញទៀត ខ្លាចពុលទេ បានរត់មក បើគ្រាប់មិនសូវប៉ុន្មាន។ មានអ្នកពុលខ្លះ ល្ងីល្ងើ ពេទ្យគេថា រលាកផ្លូវដង្ហើមដល់សួត គាត់ជាទាហាន គាត់មកដេកពេទ្យ»។

អ្នកស្រី ចំរើន បាន​មាន​ប្រសាសន៍​បន្តថា៖ «ថាគេស្ងាត់នឹងទៅ តេសួរប្ដីរហូត គាត់ថា គេអត់បាញ់ទេ តែខ្លាចថ្នាំ (ខ្យល់) ពុល»។

អ្នកស្រី លាវ ចម្រើន កំពុងផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានខេមបូចា នៅបរិវេណវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) សហការជាមួយអង្គការផ្លែនអន្តរជាតិ (Plan International) បើកសាខាបណ្តោះអាសន្ននៅជំរំភៀសឹកវត្តឧត្តរគីរីទួលអណ្តែត ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ដែលជាជម្រកសម្រាប់ជនភៀសខ្លួនប្រមាណ ៣០០០នាក់ ដើម្បីផ្តល់ការអប់រំ និងជំនួយសុខភាពផ្លូវចិត្តដល់ស្ត្រី បុរស ឬកុមារដែលកំពុងប្រឈមមុខនឹងបញ្ហាទាំងនេះនៅគេចចេញពីសង្គ្រាម។

អ្នកស្រី ផន ចាន់វាសនា អ្នកចិត្តសាស្រ្តនៅអង្គការ TPO បាននិយាយថា ជម្លោះ និងការផ្លាស់ទីលំនៅបានរួមចំណែកដល់ភាពតានតឹងដែលអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត ប្រសិនបើមិនទទួលបានការព្យាបាល។

អង្គការ TPO បានបើកការិយាល័យបណ្តោះអាសន្ននៅវត្តឧត្តរគីរី និងក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ការអប់រំសុខភាពផ្លូវចិត្ត និងជំនួយផ្លូវចិត្តដល់បុគ្គល និងក្រុមដែលមានអារម្មណ៍តានតឹង។

អ្នកស្រី ចាន់វាសនា បាននិយាយថា កុមារចំនួន ២០០នាក់ ស្នាក់នៅជំរំនៅវត្តឧត្តរគីរី ត្រូវបានលើកទឹកចិត្តឱ្យគូររូប លាបពណ៌ លេងបាល់ និងវាយសី។ ចំណែកឯ ស្ត្រីខ្លះដែលមានគ្រួសារ ដែលជាទាហានជួរមុខ និងស្ត្រីជនភៀសខ្លួនចំនួន ១៨ នាក់នៅក្នុងជំរំក៏បានរៀនអំពីការអប់រំសុខភាពផ្លូវចិត្តផងដែរ។

អ្នកស្រី បានមានប្រសាសន៍ថា៖ «តាមការសង្កេតពីកុមារ ស្ដាប់ពីកុមារ ដែលកត់សម្គាល់ទៅលើឪពុកម្ដាយរបស់គាត់ [ឪពុកម្ដាយ] ហាក់ដូចជាមានអារម្មណ៍តានតឹងហើយ ឆាប់ខឹង ឆេវឆាវ ហើយពួកគាត់ [ឪពុកម្ដាយ] ភាគច្រើនដើរមកកាន់ទីនេះថា អរគុណហើយដែលមានកន្លែងនេះឱ្យកុមារលេង»។

ក្មេងៗ​ក្នុង​ទីតាំងភៀស​សឹក​បាន​ទទួល​វគ្គអប់​រំ​ផ្លូវ​ចិត្ត​ពី​បុគ្គលិក​អង្គការ​ TPO ​កាលពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៥​។ (ខេមបូចា/ វ៉ា សុភានុត)

អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានប្រាប់ អ្នកសារព័ត៌មានខេមបូចា ថា ជំហានដំបូងគឺត្រូវធានាថា ប្រជាពលរដ្ឋមានអាហារហូបចុកគ្រប់គ្រាន់។ រដ្ឋបាល​របស់​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ហើយ​ក៏​បាន​សាងសង់​បន្ទប់ទឹក​ចំនួន ១០ បន្ថែម​ទៀត​លើចំនួន ៦ ដែលមានស្រាប់។ ពួកគេ​គ្រោង​នឹង​រៀបចំ​បន្ទប់ទឹក​ចំនួន ២០ បន្ថែមទៀត​នៅក្នុងវត្តឧត្ដរគីរី ដែលជា​ជំនួយ​ពី​សប្បុរសជន។

លោកមានប្រសាសន៍អំឡុងពេលចុះទៅជំរំភៀសសឹកថា៖ «វាមិនបបូរ វាមិនហូរហៀរ ប៉ុន្តែយើងអាចរស់នៅបានក្នុងកាលៈទេសៈបែបនេះ វាមិនដូចដែលយើងនៅផ្ទះផ្ទាល់ខ្លួននោះទេ»។ ដោយបន្ថែមថា ជំរំជនភៀសខ្លួនមានចំនួន ១៩ ទីតាំង នៅខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋចន្លោះ ៣០ ០០០ ទៅ ៤០ ០០០ នាក់ ដែលភាគច្រើនបានភៀសខ្លួនពីស្រុកជាំក្សាន្ត ដែលជាស្រុករងផលប៉ះពាល់ខ្លាំងជាងគេ។

លោក ស៊ីថា បាន​អះអាង​ថា ឥឡូវ​នេះ ស្រុក​ជាំក្សាន្ត​ ទាំងមូល​ពោរពេញ​ដោយ​ខ្យល់​ពុល ដោយសារ​តែ​ផ្សែង​គីមី​ដែល​បញ្ចេញ​ដោយ​យោធា​ថៃ។

លោកថា មិនទាន់អាចកំណត់ពេលវេលាឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញបានទេ ដោយសារគ្រាប់បែកចង្កោមមួយចំនួនដែលថៃប្រើនោះមិនទាន់ផ្ទុះ ខណៈសារធាតុគីមីអាចនៅបន្តបន្ទាប់ ប៉ះពាល់ដល់ទឹក បន្លែ និងត្រី។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង សាលារៀន វត្តអារាម ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោកបានថ្លែងថា៖ «បើសិនជាបងប្អូនខ្ញុំនៅស្រុកជាំក្សាន្តទាំងមូល គាត់វិលត្រឡប់ទៅលំនៅឋានគាត់វិញ ប្រាកដណាស់ពួកគាត់គឺជាកសិករ ដែលដាំដុះដំណាំ គាត់ទៅភ្ជួររាស់ វានឹងអាចធ្វើឱ្យផ្ទុះគ្រាប់នោះ ហើយនឹងធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់។ ចំណុចទី២ ពួកគេបានប្រើយន្តហោះ បាចផ្សែងគីមី ម្សៅគីមី ហើយម្សៅទាំងអស់ សុទ្ធតែជាធាតុពុល លក្ខណៈពុលទៅដល់ទឹក ទៅដល់ខ្យល់ ទៅដល់បន្លែបង្ការ ត្រីសាច់ជាដើម»។ លោកបានបន្តថា៖ «ការណ៍ទៅបរិភោគចំណីចំណុកនៅទីនោះគឺធ្វើឱ្យពុលដែរ។ ហើយបច្ចុប្បន្ននេះ ស្រុកជាំក្សាន្តទាំងមូល គឺពោរពេញទៅដោយខ្យល់ពុល ដូច្នេះយើងមិនអាចចូលទៅដល់ស្រុកបានទេ បើសិនទៅលុះត្រាតែយើងពាក់ម៉ាស់អីត្រឹមត្រូវ»។

ទិដ្ឋភាពប្រជាពលរដ្ឋភៀសសឹក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​វត្ត​ពោធិ៍​កែវ​មាន​ជ័យ ស្ថិតក្នុងឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា ក្នុងខេត្តព្រះវិហារ គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​សីហា ប្រជាពលរដ្ឋ​សរុប ៩ ៦៨០ គ្រួសារ ឬស្មើនឹង ៣១ ៩០៤ នាក់​បាន​ភៀស​ខ្លួន​ទៅ​ជំរំភៀសសឹក ឬ​ផ្ទះ​សាច់ញាតិ។

ប្រជាពលរដ្ឋចំនួន ៧ ឃុំ ក្នុងចំណោម ៨ ឃុំ ក្នុងស្រុកជាំក្សាន្ត ដែលមានចំនួនសរុប ១៣ ១៦០ គ្រួសារ ឬ ៣៤ ៣៣៦ នាក់ ត្រូវបានជម្លៀសចេញ។ ជំរំភៀសសឹកវត្តឧត្តរគីរីទួលអណ្តែត កំពុងមាន ១ ០០០ គ្រួសារ ឬប្រជាពលរដ្ឋ ៣ ១០៤ នាក់ស្នាក់នៅ។

ខណៈដែលរង់ចាំពេលវេលាសមស្របណាមួយសម្រាប់ប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព អភិបាលខេត្តរូបនេះ ក៏បានបញ្ជាដល់អាជ្ញាធរមូលដ្ឋានឱ្យសន្សំសំចៃ និងរក្សាទុកស្បៀងបម្រុងជូនប្រជាពលរដ្ឋ ដើម្បីអាចដឹកជញ្ជូនឱ្យពួកគេពេលត្រឡប់ទៅផ្ទះវិញ។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ប្រជាជន​តាម​បណ្តោយ​ព្រំដែន និង​តាម​ភូមិ​នានា​ក្នុង​ការ​សាងសង់​ផ្ទះ អណ្តូងទឹក សាលារៀន និង​មណ្ឌល​សុខភាព។

គិតត្រឹមថ្ងៃទី៤ ខែសីហា ចំនួនជនភៀសខ្លួនសរុបមានដល់ ១២៤ ៩៤០ នាក់ នេះបើយោងតាមក្រសួងការពារជាតិ។ ក្នុងនោះខេត្តឧត្តរមានជ័យមាន ៣៤ ០២៧នាក់, ព្រះវិហារ ៤២ ០១៦នាក់, សៀមរាប ៣៩ ៤៨៦ នាក់, បន្ទាយមានជ័យ ៨ ៥០៥ នាក់ និងពោធិ៍សាត់ ៩០៦ នាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Displaced Families Hope to Return Soon as Cambodia, Thailand Agree to New Terms

ព័ត៌មានថ្មី

អត្ថបទពេញនិយម