សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ទារក និងកុមារនៅជំរំភៀសសឹកប្រឈមជំងឺរ៉ាំរ៉ៃដោយសារផ្ដាសាយ គ្រុនក្ដៅ និងរាករូសញឹកញាប់

ម្តាយអង្គុយយោលអង្រឹងកូនប្រុសដែលក្ដៅខ្លួន និងម្ដងម្កាលក្រឡេកមើលកូនស្រីដែលកំពុងឈឺដូចគ្នាគេងនៅក្បែរនោះ នៅជំរំភៀសសឹកវត្ត ឧត្តរគិរីទួល អណ្តែត នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
ម្តាយអង្គុយយោលអង្រឹងកូនប្រុសដែលក្ដៅខ្លួន និងម្ដងម្កាលក្រឡេកមើលកូនស្រីដែលកំពុងឈឺដូចគ្នាគេងនៅក្បែរនោះ នៅជំរំភៀសសឹកវត្ត ឧត្តរគិរីទួល អណ្តែត នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ទារក និងកុមារជាច្រើននៅជំរំភៀសសឹកក្នុងខេត្តព្រះវិហារ បានទទួលរងនូវជំងឺគ្រុនក្តៅ ក្អក ក្អួត និងរាកចាប់តាំងពីពួកគេមកដល់ទីនោះ ខណៈអ្នកជំនាញបានលើកឡើងថា វដ្តនៃជំងឺបន្តបន្ទាប់គ្នាអាចនាំឱ្យមានបញ្ហារ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ពួកគេទៅថ្ងៃមុខ​។

អង្គុយក្នុងអង្រឹងក្នុងតង់បើកចំហជាមួយកូនប្រុសអាយុ៣ឆ្នាំ និងកូនស្រីអាយុ១ឆ្នាំដែលមានហៀរសំបោរទាំងពីរនាក់ អ្នកស្រី ម៉ែន ផល្លី ជាម្ដាយបាននិយាយថា កូនៗរបស់អ្នកស្រីមានជំងឺញឹកញាប់ ដូចជាគ្រុនក្តៅ ក្អក ហៀរសំបោរ ក្អួត និងរាកដោយមានហូរឈាមតិចតួច ចាប់តាំងពីពួកគេបានផ្លាស់ទៅស្នាក់នៅទីជំរំភៀសសឹក កាលពីថ្ងៃទី២៤ ខែកក្កដា។

ម្តាយវ័យ៣២ឆ្នាំរូបនេះ បានរៀបរាប់ថា នៅយប់ដំបូងដែលទើបមកដល់ជំរំ គ្រួសាររបស់គាត់ត្រូវសម្រាកដោយគ្មានតង់ និងក្នុងស្ថានភាពសើម ដោយសារភ្លៀងធ្លាក់ ហើយហេតុការណ៍នេះ បណ្តាលឱ្យពួកគេធ្លាក់ខ្លួនឈឺពីពេលនោះមក។ អ្នកស្រីថា ទោះ​បី​ជា​មាន​ការ​ព្យាបាល​ក៏ពួក​គេ​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​ដែរ។

«ខ្ញុំអាណិតកូនៗខ្ញុំណាស់ គ្រាន់តែមកដល់ហ្នឹង គឺវាចាប់ផ្ដើមឈឺបណ្ដោយ» នេះជាសម្ដីរបស់អ្នកស្រី ផល្លី ដោយ​បាន​កត់​សម្គាល់ថា ការ​ប្រែ​ប្រួល​ពី​អាកាស​ធាតុពី​ក្តៅ​ខ្លាំង​ទៅ​ជាធ្លាក់​ភ្លៀង​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​កុមារ​ដែល​កំពុងមានជំងឺស្រាប់ ដែល​ធ្វើ​ឱ្យកម្ដៅខ្លួនរបស់ពួកគេកាន់តែកើនឡើង។

អ្នកស្រីបន្តថា៖ «ខ្ញុំបារម្ភថា ដោយសារនៅតំបន់នេះវាឈឺវិលជុំគ្នា ដូច្នេះបើយើងនៅកាន់តែយូរទៅខ្លាចវាឈឺកាន់តែខ្លាំងទៅៗ។ ណាមួយគ្នាមក១ខែជាងហើយ អត់មានថាអន់ធូរស្រាលផង នៅតែដដែលៗរហូត ខ្ញុំខ្លាចវាឈឺរ៉ាំរ៉ៃ។ ខ្ញុំតែងតែបារម្ភ ណាមួយទៅផ្ទះក៏មិនកើតទៀត អត់លុយអត់កាក់ត្រូវរត់ទៅរត់មកដូចគេផង»

ដោយទទួលបានប្រាក់តិចតួចពីសាច់ញាតិនៅខេត្តផ្សេង អ្នកស្រី ផល្លី បាននាំកូនស្រីទៅព្យាបាលនៅគ្លីនិកឯកជនប្រមាណបីដង ដោយក្នុងមួយដងត្រូវចំណាយលុយអស់ប្រមាណ ៥ម៉ឺនរៀល (ស្មើនឹង ១២,៥០ ដុល្លារ)។

អ្នកស្រីបន្ថែមថា ទាំងគ្រូពេទ្យប្រចាំការនៅជំរំភៀសសឹក និងគ្លីនិកឯកជន បានប្រាប់គាត់ថា កូនរបស់គាត់បន្តគ្រុនផ្តាសាយ ក្អួត និងរាកមិនឈប់ គឺបណ្តាលមកពីការឡើងស្លេសដែលបង្កពីការក្ដៅខ្លួនខ្លាំង ហើយកុមារមិនដឹងពីរបៀបខ្ជាក់ស្លេសចេញ។ បន្ថែម​ពី​លើ​នេះ អ្នកស្រី​ថា មនុស្ស​រស់នៅ​ជិត​គ្នា​ក្នុង​ជំរំ ដូច្នេះ​ពេល​ខ្យល់​បក់​មក​ធ្វើ​ឱ្យឆ្លងឈឺគ្រប់គ្នា។

ម្តាយអង្គុយលើអង្រឹងពេលកំពុងបញ្ចុកដំឡូងស្ងោរដល់កូនរបស់នាងដែលឈឺ​ នៅជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

ខ្ញុំចង់តែយំ ពេលឃើញអាការៈគាត់បែបនេះ

អត្ថបទនេះធ្វើឡើងដោយផ្អែកលើបទសម្ភាសន៍ជាមួយមាតាបិតា និងអាណាព្យាបាលចំនួន ៧នាក់ដែលមានកូនឈឺ នៅជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួនពីរ រួមមានជំរំភៀសសឹកវត្តឧត្តរគិរីទួលអណ្តែត និងជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម។ ក្នុងនោះ បទសម្ភាសន៍ផ្ទាល់ត្រូវបានធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពតាមទូរសព្ទនៅដើមខែតុលា ដែលបង្ហាញថាសុខភាពរបស់កុមារមិនទាន់មានភាពប្រសើរឡើងពេញលេញនោះទេ។

នៅឯជំរំភៀសសឹក អ្នកសារព័ត៌មាន បានសង្កេតឃើញថា ក្មេងៗបានដើរលេងនៅខាងក្រៅតង់របស់ពួកគេ ហើយលេងជាក្រុម រួមទាំងអ្នកដែលហៀរសំបោរផងដែរ។ ក្មេងតូចៗខ្លះពាក់តែអាវយឺតដោយគ្មានខោហើយអង្គុយលេងនឹងដី។ ក្នុងតង់ខ្លះ ក៏ឃើញមានក្មេងដែលកំពុងសម្ងំគេងដោយមានបិទបន្ទះ​បញ្ចុះកម្ដៅនៅ​លើ​ថ្ងាស។

ម្ដាយវ័យ២៣ឆ្នាំម្នាក់ទៀតដែលកំពុងពរកូនតូចដែលក្អកនៅក្នុងដៃ គឺអ្នកស្រី ម៉េង ចន្ធូ បាននិយាយថា កូនរបស់អ្នកស្រីបានចាប់ផ្ដើមឈឺតាំងពីពួកគេផ្លាស់មកស្នាក់នៅជំរំ ដែលអ្នកស្រីថាកូនរបស់ខ្លួនមិនដែលឈឺញឹកញាប់បែបនេះ ពេលនៅផ្ទះនោះទេ។

អ្នកស្រីថា ដំបូង​ឡើយកូនប្រុសគាត់បាន​ក្តៅ​ខ្លួនរយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ហើយ​មានឡើង​កន្ទួល​ក្រហម រមាស់​ពេញ​ខ្លួនទំនងជាកើតកញ្ជ្រឹល ដែល​គាត់​គិត​ថា អាចឆ្លងមកពីក្មេងៗ​នៅ​តង់​ក្បែរ​នោះ។ អ្នកស្រី​បាន​និយាយ​ថា អាការៈគ្រុន​ក្តៅ​របស់​កូនគាត់​បាន​ចាប់ផ្ដើមរើឡើងវិញបន្ទាប់ពីថយចុះបានប៉ុន្មានថ្ងៃ ហើយជួន​កាល​ឡើង​ដល់ ៣៨°C ឬ ៣៩°C។ អ្នកស្រីបន្ថែមថា បន្ទាប់ពីលេបថ្នាំជាបន្តបន្ទាប់ អាការៈគ្រុនក្ដៅរបស់កូនក៏បានថយចុះ តែថារូបគេនៅតែក្អក និងផ្ដាសាយ។

ក្មេងប្រុសពីរនាក់កំពុងឈរលេងក្រោមតង់បើកចំហមួយ នៅជំរំភៀសសឹកវត្តឧត្ដរគិរីទួលអណ្ដែត នៅថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

អ្នកស្រី ចន្ធូ ឱ្យដឹងដែរថា វាកាន់តែពិបាកនៅពេលដែលពួកគេទាំងពីរធ្លាក់ខ្លួនឈឺតំណាលគ្នា។ ដោយគាត់និយាយថា៖ «ជូតខ្លួនកូនផង ជូតខ្លួនឯងផង។ និយាយរួមទៅ ពេលកូនឈឺម្ដងៗចង់តែយំ។ វាឈឺ វាពិបាកវា ពេលខ្លះវាដេកថ្ងូរ ព្រោះវាតឹងច្រមុះ វាពិបាកដកដង្ហើម»

អ្នកស្រីបន្ថែមថា ព្រោះតែក្ដីបារម្ភគាត់បាននាំកូនទៅជួបពេទ្យនៅជំរំ​ជា​រៀង​រាល់​ថ្ងៃ ដោយត្រូវបានពេទ្យប្រាប់​ឱ្យ​បន្តលេប​ថ្នាំ​ទៀត ដោយថា វា​​ប្រើពេល​យូរ​បន្តិច​​ទើប​ជា​សះស្បើយ។

ថ្មីៗនេះ អ្នកស្រី ចន្ធូ បានត្រឡប់មកផ្ទះវិញដើម្បីច្រូតស្រូវ ហើយនឹងត្រឡប់ទៅជំរំវិញក្នុងរយៈពេលពីរទៅបីថ្ងៃ ប៉ុន្តែអ្នកស្រីបានកត់សម្គាល់ថា ទោះបីជាកូនតូចរបស់នាងឈឺដោយក្អក និងផ្តាសាយក៏ដោយ ក៏រូបគេហាក់ដូចជាប្រសើរជាងកាលនៅក្នុងជំរំដែរ។ ដោយអ្នកស្រីបាន​និយាយ​ថា ប្រសិន​បើកូន​គាត់​អាច​នៅ​ផ្ទះ​បាន​យូរ​បន្តិច រូបគេ​នឹង​ឆាប់​ជា​សះស្បើយ។

គ្មានប្រាក់ដើម្បីធ្វើដំណើរ

ស្រដៀងគ្នានឹងអ្នកស្រីចន្ធូដែរ ម្ដាយវ័យកណ្ដាលម្នាក់ទៀតគឺ អ្នកស្រី ណៃ សុជាតិ អាយុ ៣៥ឆ្នាំ បាននិយាយថា ក្នុងចំណោមកូនទាំងប្រាំនាក់ កូនតូចអាយុប្រាំពីរខែរបស់គាត់តែងតែធ្លាក់ខ្លួនឈឺ និងក្តៅខ្លួនសឹងតែរាល់ថ្ងៃ បើទោះជាពេលខ្លះបានធូរស្រាលក៏ដោយ។

អ្នកស្រីបារម្ភខ្លាចកូនរបស់គាត់កើតជំងឺគ្រុនឈាម ដែលបណ្តាលពីមូសខ្លាខាំ ប៉ុន្តែថាបានដាក់មុងពេលសម្រាកយប់ឡើង។

«នៅពេលលេបថ្នាំអត់បាត់អ៊ីចឹង ខ្ញុំខ្លាចគាត់កើតគ្រុនឈាម ព្រោះមួយខែទល់មួយខែក្ដៅខ្លួនរហូត ហើយគាត់នៅតូច ទើបអាយុ៧ខែ» នេះបើតាមសម្ដីអ្នកស្រី សុជាតិ ដោយភ្ជាប់ថា កូនរបស់កាត់មានអាការៈហៀរសំបោរ និងដកដង្ហើមញាប់។

កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ អ្នកស្រី សុជាតិ បានចាកចេញពីជំរំជាមួយកូនៗដើម្បីទៅផ្ទះវិញក្រោយស្ថានការណ៍ស្ងប់ស្ងាត់។ លុះស្នាក់នៅផ្ទះបានប្រមាណមួយសប្ដាហ៍ ក្រោយមកក៏មានការផ្ទុះអាវុធរបស់ទាហានថៃនៅតំបន់អានសេះកាលពីថ្ងៃទី២៧ ខែកញ្ញាថ្មីៗនេះ អ្នកស្រីបានប្រញាប់ធ្វើដំណើរត្រឡប់មកជំរំវិញ ហើយនៅតាមផ្លូវក៏ជួបឧបទ្ទវហេតុក្រឡាប់គោយន្ត ដែលបង្កឱ្យកូនៗរបស់គាត់មានរបួស ហើយកូនប្រុសអាយុ៧ខែរបស់គាត់កាន់តែក្តៅខ្លួនថែមទៀត​។ អ្នកស្រី ​ត្រូវ​បាន​គ្រូពេទ្យនៅជំរំណែនាំ​ឱ្យ​យក​កូនគាត់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

អ្នកស្រីនិយាយថា៖ «គេណែនាំឱ្យយើងទៅពេទ្យគន្ធបុប្ផាសៀមរាប ឬភ្នំពេញ  តែខ្ញុំអត់លុយ។ បើមានលុយក៏ខ្ញុំនាំទៅដែរ បើគាត់ឈឺតែរហូតអ៊ីចឹង»

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា អាជ្ញាធរខេត្តតែងតែចុះទៅជំរំ ដើម្បីពិនិត្យមើលថាតើពលរដ្ឋភៀសសឹកបានរស់នៅក្នុងលក្ខខណ្ឌសមរម្យ និងមានទីជម្រកត្រឹមត្រូវដែរឬទេ។ លោក​ក៏បាន​លើក​ឡើងដែរ​ថា សុខភាព​របស់​ប្រជាពលរដ្ឋ​ គឺជា​អាទិភាព ហើយអាជ្ញាធរក៏បានដាក់ឱ្យមាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃដែរ។

ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​រាប់​ពាន់​នាក់​មក​ពី​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ផ្លាស់​ទី​ទៅ​ជំរំភៀសសឹកជាបណ្ដោះ​អាសន្ន។

គួរឱ្យដឹងថា ​ខេត្ត​ព្រះវិហារមាន​ជំរំភៀសសឹក​ចំនួន ១៥ ទីតាំង ដែល​ភាគ​ច្រើន​ក្នុងវត្តអារាម ដែលអាចផ្ដល់កន្លែងស្នាក់នៅ​សម្រាប់ពលរដ្ឋយ៉ាង​ហោច​ណាស់ ១២ ០០០ គ្រួសារ ឬ​ជាង ៤ ម៉ឺន​នាក់។

ជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម គឺជាជំរំភៀសសឹកដ៏ធំបំផុតក្នុងខេត្តព្រះវិហារ ដែលមានគ្រួសារភៀសសឹកស្នាក់នៅជាង ៦ពាន់គ្រួសារ ស្មើនឹងជាង ២ ម៉ឺននាក់។ ជំរំនេះត្រូវបានបើកដំបូងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដំបូងក្នុងខែឧសភា បានធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់ នេះបើយោងតាមការឱ្យដឹងរបស់អភិបាលរងខេត្ត។

ទាក់ទង​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​របស់​កុមារ លោក ចាន់បញ្ញា បាន​និយាយ​ថា ប្រហែល​មក​ពី​ពួកគេ «ដើរលេង​ក្រោមទឹកភ្លៀង ​និងលើដី»

លោកបានមានប្រសាសន៍ថា៖ «យើងមិនព្រងើយកន្តើយទេ គឺយើងយកចិត្តទុកដាក់ណាស់ចំពោះសុខភាព ជាពិសេសកុមារ ហើយយើងក៏មានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោង។ បើស្ថានភាពវាមិនស្រួលទេ យើងអាចមានឡានពេទ្យប្រចាំការនៅទីនោះ ដើម្បីបញ្ចូនគាត់មកមណ្ឌលសុខភាព ឬទៅពេទ្យបង្អែកខេត្តតែម្តង»

លោក ចាន់បញ្ញា បាននិយាយថា គិតត្រឹមថ្ងៃទី២ ខែតុលា ប្រជាពលរដ្ឋជិត ៣ ០០០ គ្រួសារកំពុងជ្រកកោននៅក្នុងជំរំចំនួនប្រាំមួយ ដោយក្នុងនោះជាង ១ ១០០ នាក់គឺជាអ្នកជម្លៀសថ្មីៗបន្ទាប់ពីហេតុការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញា នៅពេលដែលយោធាថៃបើកការវាយប្រហារមកលើទីតាំងកងទ័ពកម្ពុជានៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ។

ងាយប្រឈមនឹងជម្ងឺរ៉ាំរ៉ៃ

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៅជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម និងជំរំភៀសសឹកវត្តឧត្តរគិរីទួលអណ្តែត ឱ្យដឹងថា ពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងការហូរចូលនៃជំងឺតាមរដូវ ដែលភាគច្រើនប៉ះពាល់ដល់កុមារ និងមនុស្សចាស់។

បើតាមគ្រូពេទ្យពីអង្គភាពTYDA ដែលប្រចាំការនៅជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម គឺលោក ណាល់ មុន្នីឧត្តម បានឱ្យដឹងថា រដូវវស្សាបានបណ្តាលឱ្យមានការរីករាលដាលនៃជំងឺគ្រុនឈាមជាបន្តបន្ទាប់នៅជំរំនេះ។ លោកបន្តថា កុមារនៅទីនោះក៏ទទួលរងពីជំងឺតាមរដូវដូចជា មេរោគផ្លូវដង្ហើម (RSV) និងកន្ទួលលើស្បែក។

លោក មុន្នីឧត្តម បាននិយាយថា ជារៀងរាល់ថ្ងៃមានអ្នកជម្ងឺជាង ១០០នាក់ បានមកទទួលការពិនិត្យ ដោយភាគច្រើនជាមនុស្សពេញវ័យដែលមានអាយុចន្លោះពី ៤០ទៅ ៦០ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ ដែលមានជំងឺផ្តាសាយ រាគ និងរលាកក្រពះ។

គ្រូពេទ្យម្នាក់ទៀត គឺលោក ជិន រតនា ប្រចាំការនៅជំរំឧត្តរគិរីទួលអណ្តែត បានបញ្ជាក់ថា កុមារអាយុក្រោម ១៥ឆ្នាំ បានឆ្លងជំងឺផ្តាសាយញឹកញាប់ ដែលបណ្តាលមកពីតង់បិទជិត និងអាកាសធាតុក្ដៅ។ លោក​បាន​បន្ថែម​ថា ក្រុម​របស់​លោក​បាន​ព្យាបាល​អ្នក​ជំងឺ​ជាង ៥០នាក់​ជា​រៀង​រាល់​ថ្ងៃ ដែល​ពាក់​កណ្តាល​ក្នុង​ចំណោម​ពួកគេ​ជា​កុមារ។

លោកបន្ថែមថា៖ «បញ្ហាប្រឈមខ្លាំង គឺមានតែទារកហ្នឹងឯង ដែលយើងពិបាក ដោយសារគាត់ក្មេង អ៊ីចឹងសុខភាពរបស់គាត់នៅខ្សោយ អ៊ីចឹងគាត់ច្រើនតែជួបបញ្ហាច្រើនជាងក្មេងដែលពេញកម្លាំង។ ភាគច្រើនដែលយើងជួប គឺបញ្ហារលាកបំពង់ក ហើយផ្តាសាយ»

ម្តាយដាក់កូនស្រីឱ្យអង្គុយនៅនឹងភ្លៅដើម្បីឱ្យគ្រូពេទ្យប្រចាំការពីអង្គភាពTYDA ​ពិនិត្យ​សុខភាព នៅជំរំភៀសសឹកវត្តពោធិ៍ ៥០០០ ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

ទោះបីជាគ្រូពេទ្យបានផ្ដល់ថ្នាំ និងការណែនាំអំពីអនាម័យ ក៏លោក​ មុន្នីឧត្តម និង លោក រតនា បានលើកឡើងដូចគ្នាថា ឪពុកម្តាយជាច្រើនខ្វះការយល់ដឹងអំពីការការពារជំងឺ រួមទាំងជំងឺគ្រុនឈាមផងដែរ។

អ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកសុខភាព និងអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា អ្នកស្រី ឡាយ សំបូរ បានកត់សម្គាល់ថា គ្រួសារភៀសសឹកនៅមានកង្វះខាតការថែទាំសុខភាពបឋម និងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យរយៈពេលវែងធ្ងន់ធ្ងរដល់កុមារ។

ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកស្រីបានឱ្យដឹងថា អង្គការទស្សនៈពិភពលោកបានផ្តល់ការគាំទ្រផ្នែកអាហារូបត្ថម្ភ បង្កើតទីតាំងសុវត្ថិភាពសម្រាប់ក្មេងលេង និងរៀន ផ្តល់នូវសម្ភារៈប្រើប្រាស់ដើម្បីអនាម័យ រួមនិងការសាងសង់បង្គន់អនាម័យជាដើម ដើម្បីបង្ការការឆ្លងជំងឺ ពង្រឹងភាពស៊ាំរបស់កុមារ និងធានាថាគ្រួសារអាចថែទាំកូនរបស់ពួកគេ ទោះបីស្ថិតក្នុងស្ថានភាពលំបាក​។

អ្នកស្រីបន្តថា សម្រាប់កុមារ ប្រសិនបើពួកគេបន្តបម្លាស់ទីរស់នៅរយៈពេលយូរជុំជាមួយមនុស្សច្រើន ហើយនៅតែបន្តឈឺញឹកញាប់ ដោយមិនមានការព្យាបាលសះស្បើយត្រឹមត្រូវ នោះពួកគេអាចប្រឈមមុខនឹងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺចម្លងតាមទឹក ព្រូន រាក  ឬជំងឺពោះវៀន។ មិនតែប៉ុណ្ណោះ ពួកគេក៏ប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដូចជាទម្ងន់ទាបធៀបនឹងអាយុ  ស្គមស្គាំង និងឈានដល់ការក្រិសក្រិន ដែលបណ្តាលឱ្យការអភិវឌ្ឍទាំងរាងកាយ និងប្រាជ្ញាស្មារតីរបស់ពួកគេក៏ត្រូវពន្យារពេលដែរ។

អ្នកស្រីមានប្រសាសន៍ថា៖ «បញ្ហាទាំងនេះអាចបណ្តាលឱ្យមានផលប៉ះពាល់ពេញមួយជីវិត ប្រសិនបើមិនបានដោះស្រាយ[…]ជម្ងឺរយៈពេលវែងក៏ប៉ះពាល់ដល់ការលូតលាស់ សមត្ថភាពសិក្សា និងសុខុមាលភាពផ្លូវចិត្តផងដែរ»

អង្គការទស្សនៈពិភពលោកកម្ពុជា និងដៃគូផ្ដល់នូវអំណោយ និងការណែនាំស្ដីពីសុខភាពដល់ស្ត្រីមានផ្ទៃពោះ និងម្តាយកូនខ្ចី នៅជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជា លោក នុត សម្បត្តិ បាន មានប្រសាសន៍ថា ការរស់នៅប្រមូលផ្ដុំគ្នាស្របពេលអាកាសធាតុក្តៅ និងសើម នឹងបង្កភាពងាយស្រួលដល់មេរោគផ្លូវដង្ហើម ក្នុងការរីករាលដាលក្នុងចំណោមកុមារ និងទារកដែលខ្វះជីវជាតិ។ លោកបន្ត​ថា ជម្ងឺរលាកផ្លូវ​ដង្ហើម​ងាយ​នឹង​កើត​ឡើង​វិញ ហើយ​អាចវិវត្តទៅជា​ធ្ងន់ធ្ងរ។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើការព្យាបាលមិនបានដិតដល់ល្អ វាអាចបណ្តាលឱ្យគាត់កើតជំងឺសួតរ៉ាំរៃ»។ ដោយលោកបន្ថែមថា បញ្ហា​នេះ​ទាមទារ​ឱ្យ​មានការ​ព្យាបាល​កម្រិត​ខ្ពស់ និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ទើបឆាប់ជាសះស្បើយ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Displacement Camp Infants and Children Struck by Unending Flu, Fever and Diarrhea; Vulnerable to Chronic Illness

419 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម