សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អធិការនគរបាលស្រុកត្រូវបានដកតំណែង បន្ទាប់ពីនាយប៉ុស្តិ៍នគរបាល​ម្នាក់ត្រូវបានដកពីមុខតំណែងដោយសារមានប្រវត្តិប្រព្រឹត្តបទល្មើស

អធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ។ អធិការនគរបាលស្រុកត្រូវបានដកចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីសាច់ញាតិម្នាក់របស់លោក ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ក្នុងស្រុករបស់លោក។ (រូបភាពផ្តល់ឱ្យ)
អធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ។ អធិការនគរបាលស្រុកត្រូវបានដកចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីសាច់ញាតិម្នាក់របស់លោក ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ក្នុងស្រុករបស់លោក។ (រូបភាពផ្តល់ឱ្យ)

អធិការ​នគរបាល​ស្រុក​មួយ​រូប​​នៅ​ខេត្ត​កំពង់ធំ​​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​ បន្ទាប់​​​ពី​នាយប៉ុស្តិ៍​នគរបាល​ឃុំ​មួយរូប​​ក្នុង​ស្រុក​របស់​លោក​ត្រូវ​បាន​ដកមុខ​​តំ​ណែង​ឲ្យ​មក​ជា​មន្ត្រីវិញ ដោយ​សារ​មាន​ប្រវត្តិ​​​ជាប់​ពន្ធនាគារ​ពី​បទ​លួច។ មន្ត្រី​នគរបាល​ម្នាក់​បានប្រាប់ ខេមបូចា​ ថា នាយនគរបាល​​ទាំង​ពីរ​នាក់គឺ​​ជា​សាច់​ញាតិនឹង​​គ្នា​។

លោក យ៉ង សំ អតីត​ស្នងការ​នគរបាល​ស្រុក​ស្ទោង នៅពេលនេះ នឹង​ចូលទៅ​​បម្រើ​​ការងារ​នៅការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ នេះតាមការលើកឡើង​របស់​មន្ត្រី​នគរបាល​រូប​នេះ​។ 

លោក ហុង សារ៉ុម​ នាយ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំសំព្រោជ​ត្រូវ​បាន​​តែង​តាំងកាល​ពីដើមខែ​នេះ​ ប៉ុន្តែត្រូវបានដកហូត​មុខ​តំណែងវិញកាលពីថ្ងៃចន្ទដោយសារ​មូល​ហេតុ​ «ល្មើស​វិន័យ​របស់​កងកម្លាំងនគរបាល​ជាតិ​​»  បន្ទាប់ពីនគរបាលជាតិបានសន្និដ្ឋានថា លោក​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស។ លោក សារ៉ុម​ នឹង​នៅ​ជា​មន្ត្រី​​នគរបាល​ធម្មតា។

លោក ជឹម រីណា អធិការនគរបាលស្តីទីស្រុកស្ទោង បានបញ្ជាក់ប្រាប់​ ខេមបូចា ថា លោក យ៉ង សំ ត្រូវបានដកចេញពីតួនាទី ដោយសារតែគេរក​ឃើញ​ថា លោក​​គឺ​ជាសាច់ញាតិ​របស់​លោក សារ៉ុម​។ លោក រីណា បានមាន​ប្រសាសន៍​ថា លោក​មិនដឹងអំពីព័ត៌មានលម្អិត​នៃករណី​នេះទេ ហើយនឹងមិនផ្តល់ព័ត៌មានបន្ថែម​ទេ។

លោកមាន​ប្រសាសន៍​ថា«ខ្ញុំគ្រាន់តែដឹងថាគាត់មកពីចម្ងាយហើយគាត់មកធ្វើការតាមរយៈមេ សំ ហ្នឹងឯង។ គាត់​ចូល​​មក​ក្នុង​ឆ្នាំ២០០៩»។

លោក ពាញ ពូល មេឃុំសំព្រោជ​បានប្រាប់ ខេមបូចា កាលពីថ្ងៃចន្ទថា លោក សារ៉ុម​ កំពុង​បម្រើ​​ការជាមន្ត្រីនគរបាល​ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួននៅឆ្នាំ២០​១៥ ប៉ុន្តែបាន​ក្លាយ​ជាមន្រ្តីប៉ូលីសម្តងទៀត «ក្នុងរយៈពេលពីរបី​ឆ្នាំចុងក្រោយនេះ» បន្ទាប់ពីអនុវត្ត​ទោស​ក្នុង​ពន្ធនាគាររួច​។

លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំមិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវជាសាធារណៈឱ្យមានការស៊ើប​អង្កេតលើ​ការ​តែងតាំងលោក សារ៉ុម​ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានព័ត៌​មានអំពីប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​របស់លោក សារ៉ុម​ ពី «ប្រភពផ្សេងៗ រួមទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ»

លោកបានសរសេរនៅលើទំព័រ​ហ្វេសប៊ុកថា៖ «ខ្ញុំសូម​ឱ្យមាន​ការ​ត្រួតពិនិត្យ និងវាយ​តម្លៃឱ្យ​បាន​​ច្បាស់​លាស់​ នូវ​បុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយ​ៗ ឲ្យ​បាន​ហ្មត់​ចត់​មុននឹងតែងតាំង នៅ​តាម​បណ្តា​ស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ​និងក្រោម​ជាតិ»

ខណៈដែលមន្ត្រីនគរបាល​ទាំងពីរត្រូវបានដកពីមុខ​តំណែងជាអធិការ​ និង​នាយ​ប៉ុស្តិ៍​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃបន្ទាប់ពីការថ្លែងរបស់លោក​នាយករដ្ឋមន្ត្រី ប៉ុន្តែអ្នក​ទាំងពីរនឹងបន្តនៅ​ធ្វើជាមន្ត្រី​នគរបាល​​ដដែល។

នៅ​ពេល​សួរ​អំពី​អំពើ​ពុក​រលួយ​ដែល​អាចមាន​​​ពាក់​ព័ន្ធ​​នឹង​ទំនាក់​ទំនង​គ្រួសារ​ក្នុង​ករណី​នេះ លោក អំ សំអាត នាយក​ចាត់ការទូទៅនៃអង្គការ ​លីកាដូ មាន​ប្រសាសន៍​ថា៖ «ចំពោះ​ករណី​នេះ យើង​សូម​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​គំរូ​អាក្រក់​ទៅ​ថ្ងៃ​អនាគត»

លោក​បាន​បន្ថែម​ថា៖​ «​វា​ចាំបាច់ក្នុង​ការ​​​ពិនិត្យ​មើល​សកម្មភាព​ពី​មុន​ [​របស់​អ្នកដែល​​ត្រូវ​​បាន​​តែងតាំង​] ឲ្យ​បាន​ច្បាស់​​។ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្ក​បញ្ហា​ដល់​កេរ្តិ៍ឈ្មោះ​នគរបាល​ជាតិ ឬ​ការ​តែងតាំង ហើយ​នឹង​ប៉ះពាល់​ដល់​មន្ត្រី​ល្អ​ៗជាច្រើន​ដែល​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ District Police Chief Demoted After Removal of Commune Police Chief With Criminal Record

744 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម