លោក ឌិត ទីណា ជាបេក្ខភាពដែលត្រូវជ្រើសរើសសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម នេះបើតាមរបៀបវារៈរបស់រដ្ឋសភា និងតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែតុលា។
លោក ឌិត ទីណា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ហើយលោកនឹងត្រូវជំនួសតំណែងរដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្មពីលោក អូន ព័ន្ធមុនីរ័ត្ន ដែលបច្ចុប្បន្នក៏ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង។ លោក អូន ព័ន្ធមុនីរ័ត្ន ចូលកាន់តំណែងបណ្តោះអាសន្នរបស់ លោក វេង សាខុន ដែលត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មដោយព្រះរាជ្យក្រឹត្យចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា នឹងត្រូវស្វែងរកការគាំទ្រសេក្តីទុកចិត្តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នេះបើតាមរបៀបវារៈកិច្ចប្រជុំរបស់រដ្ឋសភាដែលខេមបូចាទទួលបាន។ បើសិនជាបេក្ខភាពលោក ឌិត ទីណា ត្រូវបានគាំទ្រដោយគណៈកម្មាធិការ នោះរដ្ឋសភានឹងរៀបចំការបោះឆ្នោតសម្រេចលើបេក្ខភាពរបស់លោកដើម្បីក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក ឌិត ទីណា ប្រាប់ខេមបូចា ថាលោកត្រូវរង់ចាំរហូតដល់មានសេចក្ដីសម្រេចចុងក្រោយសិន ហើយលោកបដិសេធអត្ថាធិប្បាយលើសពីនេះ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានសរសេរថា៖ «ខ្ញុំសូមស្នើ…ដល់ប្រធានរដ្ឋសភារៀបចំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថាលោកមិនទាន់អាចបញ្ជាក់ពីការស្នើបេក្ខភាពលោក ឌិត ទីណា បានទេ ហើយលោកមិនអាចបញ្ជាក់លើលិខិតដែល Fresh News បានផ្សាយដែរ។
មូលហេតុដែលលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះត្រូវបានដកតំណែងមិនមានបញ្ជាក់ក្នុងព្រះរាជ្យក្រឹត្យនោះទេ ហើយការចេញព្រះរាជ្យក្រឹត្យនេះក៏ចំពេលដែលលោកកំពុងធ្វើបេសកម្មនៅអឺរ៉ុបផងដែរ។ យ៉ាងណា កន្លងមកលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ស្ដីបន្ទោសលោក វេង សាខុន ពីការមិនព្រមសហការជាមួយរដ្ឋមន្ត្រីផ្សេងៗលើគោលនយោបាយនាំជ្រូកចូលផងដែរ។
លោក វេង សាខុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ គិតតាំងពីការចូលកាន់តំណែងតាំងពីឆ្នាំ២០១៦ មក លោកក៏បានលើកឡើងពីការធ្វើកំណែទម្រង់ក្រសួងផងដែរ។
កាលពីឆ្នាំ២០១៩ លោក វេង សាខុន បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា លោកចង់ឲ្យមានការបញ្ចូលគ្នានូវក្រសួងមួយចំនួនដែលធ្វើការជាន់គ្នាលើវិស័យកសិកម្ម ដោយក្រសួងទាំងនោះមានដូចជាក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ គួរតែជាផ្នែកមួយរបស់ក្រសួងកសិកម្ម។
លោក សាខុន ក៏បានលើកឡើងពីការខ្វះខាតមូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដែលជាមូលហេតុរាំងស្ទះដល់ការអភិវឌ្ឍវិស័យមួយនេះ។
លោក វេង សាខុន កាលពីខែកញ្ញា ឆ្នាំ២០២០ បានប្រាប់កាសែតខ្មែរថាមស៍ដែរថា៖ «យើងត្រូវគេចោទថាមិនបានធ្វើអ្វីសោះដើម្បីលើកកម្ពស់វិស័យនេះ ដូចជារកទីផ្សារសម្រាប់កសិករ និងរៀបចំតម្លៃផលិតផលកសិកម្ម ប៉ុន្តែជាការពិត យើងមិនបានវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗនោះទេ»។ លោកបន្ថែមថា៖ «ក្នុងនាមជារដ្ឋមន្ត្រីម្នាក់ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ ហើយខ្ញុំក៏សោកស្ដាយដែរ»។
ភាពតានតឹងរវាងលោក វេង សាខុន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រកាសឲ្យរៀបចំដំណើរការដេញថ្លៃលើការនាំជ្រូកចូលកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ។ លោក វេង សាខុន ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងកសិកម្មបានជំទាស់នឹងគោលនយោបាយនេះ ដោយថានឹងធ្វើឲ្យកសិករខ្មែររងគ្រោះ។
ក្រោយមកទៀតក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្មក្នុងខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសដល់លោក វេង សាខុន និងបានព្រមានពីការដកតំណែងផងដែរ។
ពេលនោះលោកនាយរដ្ឋមន្ត្រីថ្លែងថា៖ «ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ ខ្ញុំសុំបញ្ជាក់ថារដ្ឋមន្ត្រីដែលបដិសេធធ្វើកិច្ចសហការជាមួយរដ្ឋមន្ត្រីផ្សេងៗទៀត គឺរដ្ឋមន្ត្រីក្រសួងកសិកម្ម»។
លោកបន្ថែមថា៖ «ការដកតំណែងរដ្ឋមន្ត្រីម្នាក់មិនមែនជារឿងពិបាកទេ ខ្ញុំត្រូវការពេលតែ ២៤ម៉ោងដើម្បីដករដ្ឋមន្ត្រីម្នាក់»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបដិសេធអត្ថាធិប្បាយលើការដកតំណែងលោក វេង សាខុន ក៏ដូចជាសមិទ្ធផលរបស់លោក។ យ៉ាងណា លោកថាវិស័យចិញ្ចឹមជ្រូកបានលូតលាស់ល្អ ហើយអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក ៨ ០០០ក្បាលក្នុងមួយថ្ងៃ។
លោកបន្ថែមថា៖ «ការផ្គត់ផ្គង់ជ្រូករស់របស់កសិករក្នុងស្រុកនៅពេលនេះលើសតម្រូវការ…កម្ពុជាមិនបាច់ត្រូវការនាំជ្រូកចូលទេ វាអាចសម្លាប់[មុខរបរ]កសិករ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dith Tina Set to Replace Agriculture Minister Veng Sakhon