អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់ខេមបូចាកាលពីថ្ងៃចន្ទថា ការធ្វើតេស្ត DNA កាលពីសប្តាហ៍មុនបង្ហាញថា ជនជាតិខ្មែរម្នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែតកាលពីខែធ្នូ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ «ឥឡូវនេះ លទ្ធផលបានបញ្ជាក់ថា បុរសជនជាតិខ្មែរម្នាក់បានស្លាប់ ហើយយើងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានអះអាងថា នៅរង់ចាំលទ្ធផល DNA របស់សាកសពម្នាក់ ចំណែកសាកសពពីរនាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថា ជាជនជាតិថៃ ដោយអាជ្ញាធរបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារពួកគេរួចហើយ។
ប៉ុន្តែយ៉ាងហោចណាស់មានពលរដ្ឋខ្មែរពីរគ្រួសារបានអះអាងថា ពួកគេនៅខ្វះព័ត៌មានបញ្ជាក់អំពីការស្លាប់សាច់ញាតិពីរនាក់របស់ខ្លួន អំឡុងគ្រោះអគ្គិភ័យ ដែលអាចជួយឲ្យពួកគេទទួលបានទាំងដំណោះស្រាយនិងការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល។
យ៉ាងហោចណាស់ មនុស្ស២៧នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនៅសណ្ឋាគារនិងកាស៊ីណូហ្គ្រែនដាយមិនស៊ីធីនៅខេត្តបន្ទាយមានជ័យក្បែរព្រំដែនថៃកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន ។
ជនរងគ្រោះជនជាតិខ្មែរត្រូវបានគេស្គាល់ថា ជាបុរសឈ្មោះ កែវ វិសុទ្ធ ដែលបម្រើការជាអ្នករៀបចំបន្ទប់នៅកាស៊ីណូនេះ។ ក្រុមគ្រួសាររបស់លោក វិសុទ្ធ បានទទួលសាកសពកាលពីថ្ងៃពុធសប្តាហ៍មុន។
លោក ម៉េងជ្រួន មានប្រសាសន៍ថា៖ «យើងបានផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួនហើយនឹងកើនឡើង [ យើង] កំពុងរង់ចាំក្រុមហ៊ុនដោះស្រាយសំណងតាមច្បាប់ការងារ»។
លោក ម៉េងជ្រួន បានដាក់ទូរសព្ទចុះនៅពេលខេមបូចាសួរនាំអំពីក្រុមគ្រួសារខ្មែរនៅសេសសល់ដែលបាត់សាច់ញាតិដែលធ្វើការងារនៅកាស៊ីណូនេះ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
អ្នកស្រី កែវ វណ្ណឌី ជាភរិយារបស់លោក វិសុទ្ធ បាននិយាយថា អាជ្ញាធរបានផ្តល់ប្រាក់៥លានរៀលដល់គ្រួសាររបស់អ្នកស្រី ដើម្បីរៀបចំធ្វើបុណ្យ។
អ្នកស្រី វណ្ណឌី វ័យ៣២ឆ្នាំបាននិយាយថា ស្វាមីរបស់អ្នកស្រីគឺជាកម្មករស្របច្បាប់ ប៉ុន្តែអ្នកស្រីមិនទាន់ទទួលបានសំណងពីរបបសន្តិសុខសង្គមឬសំណងសម្រាប់ម៉ូតូរបស់ស្វាមីដែលត្រូវបានបំផ្លាញក្នុងគ្រោះអគ្គិភ័យនោះទេ។
ច្រើនខែ បន្ទាប់ពីអគ្គិភ័យនេះ ក្រុមគ្រួសារផ្សេងទៀតទំនងជាខ្វះព័ត៌មាននិងលទ្ធភាពក្នុងការទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ការងារកម្ពុជា។
សំ សូនី បានប្រាប់ខេមបូចាកាលពីចុងខែមករាថា ប្អូនស្រីរបស់នាងឈ្មោះ អឿ ធី ជាបុគ្គលិកកាស៊ីណូបានបាត់ខ្លួន ចាប់តាំងពីយប់កើតហេតុអគ្គិភ័យ។ សូនី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
នៅពេលអ្នកសារព័ត៌មានខេមបូចាបានទាក់ទងទៅសណ្ឋាគារហ្គ្រែនដាយមិនស៊ីធីតាមរយៈទំព័រហ្វេសប៊ុក សារដែលលោតដោយស្វ័យប្រវត្តិបានឆ្លើយថា ទំព័រហ្វេសប៊ុកត្រូវបានបិទ «ដើម្បីជួសជុល»។
លោក ហៀង ប៊ុននឿន ដែលជឿថា ប្អូនថ្លៃស្រីដែលបាត់ខ្លួនឈ្មោះ អឿ ធី បានស្លាប់នៅក្នុងកាស៊ីណូបាននិយាយថា «អាជ្ញាធរបានមកផ្ទះយើងហើយផ្តល់អំណោយមួយចំនួននិងបានប្រាប់យើងថា ពួកគេមិនទាន់ដឹងនៅឡើយថា នាងស្លាប់ឬអត់នោះទេ ហើយ [ប្រាប់យើង] រង់ចាំលទ្ធផល DNA»។
លោក ប៊ុននឿន បានប្រាប់ខេមបូចាកាលពីខែមករាថា តំណាងមិនស្គាល់ឈ្មោះម្នាក់របស់កាស៊ីណូហ្គ្រែនដាយមិនស៊ីធីបានផ្តល់សំណងឲ្យក្រុមគ្រួសាររបស់ អឿ ធី ចំនួន៧៥០ដុល្លារ សម្រាប់ចំណាយធ្វើបុណ្យនិងសម្រាប់ផ្គត់ផ្គង់កូនៗរយៈពេលបីខែ។
លោក ប៊ុននឿន បាននិយាយថា ចាប់តាំងពីពេលនោះមក អាជ្ញាធរបានផ្តល់អាហារនិងទឹក រួមជាមួយប្រាក់២០០.០០០រៀល ឬប្រហែល៥០ដុល្លារ។ ប៉ុន្តែវាមិនគ្រប់គ្រាន់ ដើម្បីប៉ះប៉ូវការបាត់បង់ចំណូលរបស់ អឿ ធី ជាស្ត្រីមេម៉ាយវ័យ៤១ឆ្នាំមានកូន៧នាក់ដែលបម្រើការងារជាអ្នកសម្អាតនៅកាស៊ីណូនេះទេ។
ពួកគេបានប្រាប់លោកឲ្យរង់ចាំលទ្ធផលតេស្ត DNA ច្រើនខែមកហើយ។
លោក ប៊ុននឿន បាននិយាយថា៖ «ខ្ញុំគ្មានសង្ឃឹមថា នាងនៅរស់ទេ ពីព្រោះសាកសពម្នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណ ហើយខ្ញុំកំពុងរង់ចាំលទ្ធផលផ្លូវការ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ DNA Test Confirms One Cambodian Died in Poipet Casino Fire, But More Still Missing