សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អភិរក្សសត្វផ្សោត លើកស្ទួយជីវភាព​សហគមន៍​ក្នុងខេត្តក្រចេះ

សត្វផ្សោតហែលក្នុងអន្លង់កាំពីនៃទន្លេងមេគង្គ ខេត្ត​ក្រចេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ ឃុត ពិសី)
សត្វផ្សោតហែលក្នុងអន្លង់កាំពីនៃទន្លេងមេគង្គ ខេត្ត​ក្រចេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ ឃុត ពិសី)

ក្រចេះ៖ ក្នុងរវាងពីរទៅបីវិនាទីម្តង សត្វផ្សោតមួយ​ក្រុមឆ្លាស់វេនគ្នា​អើតក្បាល​នៅលើផ្ទៃ​ទឹក​នៅ​អន្លង់ផ្សោតកាំពី នៃទន្លេមេគង្គ។ មួយមុជក្បាលចុះ មួយទៀតអើតក្បាលឡើង បញ្ចេញ​សូរដក​ដង្ហើម​ដែល​បំបែក​ភាព​ស្ងប់ស្ងាត់​នៅលើផ្ទៃទឹក និងហាក់បីដូចជាឱ្យសញ្ញាថា ពួកវា​សុខ​សប្បាយទេ។

ជាងបីឆ្នាំក្រោយពីមានការស្លាប់ច្រើនក្បាល សត្វផ្សោតមានចំនួនកើនឡើងជាលំដាប់ ផ្តល់​ពន្លឺ​​ក្តីសង្ឃឹម​ឡើង​វិញ​សម្រាប់​​​អនាគតរបស់សត្វកម្រមួយនេះ និងសម្រាប់អ្នកស្រុកក្រីក្រ ដែល​ធ្លាប់​តែពឹង​ផ្អែកលើរបរនេសាទ​ដើម្បីចិ​ញ្ចឹម​ជីវិត។

«ពីមុនយើងអត់មានអី យើងរកតែត្រី តាំងពីមានការធ្វើរូបចម្លាក់មក យើងរកបានចំណូល​ពី​រូប​ចម្លាក់​សត្វផ្សោត … ចឹងអាចជួយបានច្រើន ដែលជាហេតុធ្វើឱ្យប្រជាជននៅទីនេះ​ធូរធារ​ជាង​មុន ដែលពីមុនយើងរកតែត្រី រកបានព្រឹក ខ្វះល្ងាច»។ នេះជាសម្តីរបស់ អ្នកស្រី ឈាង រីណា អ្នករស់នៅតំបន់​រមណីយដ្ឋា​នអន្លង់​ផ្សោត​កាំពី​ក្នុងខេត្តក្រចេះ។

ណារី នៅចាំកាលពីប៉ុន្មានឆ្នាំមុន អំពីកង្វល់នៅពេលណាគាត់ឮដំណឹងថា​មាន​សត្វ​ផ្សោត​ស្លាប់​ម្តងៗ ដោយ​និយាយ​ថា៖ «ខ្ញុំមានការភ័យបារម្ភ ព្រោះអីសត្វផ្សោតជាសត្វដែលអាច​ទាក់​ទាញ​ភ្ញៀវទេសចរ  ដើម្បីជួយ​ដល់​ប្រជា​ជន​យើងក្នុងការកស៊ីផងដែរ»។

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជាតំបន់អភិរក្សសត្វផ្សោតតាមដងទន្លេមេគង្គមួយ មានចម្ងាយប្រមាណជា ១៥ គីឡូ​ម៉ែត្រ ពីក្រុងក្រចេះ។

យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) ផ្សោត ឈ្មោះ​ជា​ភាសា​អង់គ្លេសថា Irrawaddy Dolphin ជាប្រភេទសត្វថនិកសត្វដ៏កម្រ ដែលមានតែនៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ក្រៅពីប្រទេសកម្ពុជា។

វាត្រូវបានចាត់ទុកថា​កំពុង​ប្រឈម​គ្រោះថ្នាក់ខ្លាំង នៅក្នុងបញ្ជី​ក្រហម​នៃសត្វរងការ​គំរាម​កំហែង របស់អង្គការសហភាព​អន្តរជាតិដើម្បីអភិរក្សធម្មជាតិ (International Union for Conservation of Nature/IUCN)។ សកម្មភាពនេសាទខុសច្បាប់ និងការ​បំពុល​បរិស្ថាន ដូចជាសំរាមថង់ផ្លាស្ទិក ត្រូវបានគេដឹងថាជាមូលហេតុចម្បងធ្វើឱ្យសត្វនេះស្លាប់ គួបផ្សំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និងការប្រែប្រួល​របប​ទឹកដោយសារការ​សាងសង់ទំ​នប់វារីអគ្គិសនី​នាប៉ែក​ខាង​លើនៃ​ទន្លេមេគង្គ ដែល​បង្កផលប៉ះពាល់ដល់ទីជម្រក​ធម្ម​ជាតិសម្រាប់អត្ថិភាព និងការបន្តពូជរបស់វា។

នៅក្នុងឆ្នាំ២០២២ សត្វនេះបានស្លាប់ច្រើន រហូតដល់ទៅ ១១ក្បាល ក្នុងនោះ​ចំនួន៣ក្បាល​ស្លាប់បន្ត​គ្នាក្នុង​ខែធ្នូ​តែ​មួយ​ ​ដោយសារជាប់ជំពាក់មងរបស់អ្នកនេសាទ ដែលជា​សញ្ញាអាសន្ន​តម្រូវឱ្យ​ចាត់វិធាន​ការជាបន្ទាន់​ដើម្បី​ទប់​ស្កាត់​​ការវិនាសរបស់វា។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​ចេញអនុក្រឹត្យមួយ​កំណត់តំបន់​គ្រប់គ្រង និង​អភិរក្សសត្វផ្សោតក្នុងទន្លេមេគង្គ ប្រវែង ១២០គីឡូម៉ែត្រ ដោយ៣៥គីឡូម៉ែត្រ​នៅក្នុង​​ខេត្តស្ទឹងត្រែង និង ​៨៥​គីឡូ​ម៉ែត្រ​នៅក្នុងខេត្តក្រចេះ គិតជាផ្ទៃសរុបមាន ១២៤២ម៉ែត្រក្រឡា។

ការនេសាទត្រី​នៅក្នុងតំបន់នេះ​ត្រូវបានហាម​ឃាត់​ស្ទើរតែទាំងស្រុង ជាពិសេសការនេសាទ​ដោយប្រើមង ឬសន្ទូចរនង និងឧបករណ៍ខ្នាតមធ្យម និងខ្នាតធំ​ផ្សេង​ទៀត។ ការធ្វើនាវាចរ​ក្នុង​ល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានហាមឃាត់ ទូកមាន​ឧបករណ៍នេ​សាទ​ហាមឆ្លងកាត់ ហើយការតាំងលំនៅក៏មិនត្រូវឱ្យមានដែរ នៅក្នុងតំបន់អភិរក្ស ដើម្បី​បញ្ចៀស «ផលប៉ះពាល់ដល់​ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេស​សត្វផ្សោត … ដែលជារតនសម្បត្តិ ធម្មជាតិមានជីវិត​ដ៏​ពិសិដ្ឋ» របស់កម្ពុជា។

ចាប់តាំងពីពេលនោះមក វត្តមានរបស់សត្វផ្សោតបានកើនឡើងបន្តិចម្តងៗ ហើយគិតត្រឹម​ខែឧសភា ឆ្នាំ២០២៥ វាមានចំនួនសរុប ១១១ក្បាល ជាចំនួនខ្ពស់ជាងគេ បើគិតពីឆ្នាំ២០២១ ដោយមិនទាន់មានស្លាប់ មួយនៅ​ឡើយ​ទេ។

ទូកដឹកភ្ញៀវទេសចរមើលសត្វផ្សោតនៅ​អន្លង់កាំពី ក្នុង​ទន្លេមេគង្គ ខេត្ត​ក្រចេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ ឃុត ពិសី)

លោក នុត​ ឫទ្ធី​ មន្រី្តខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងប្រធានឆ្មាំប៉ុស្តិ៍អន្លង់កាំពី មាន​ប្រសាសន៍ថា វិធាន​ការ​តាមរយៈអនុក្រឹត្យឆ្នាំ២០២៣ បានធ្វើឱ្យសកម្មភាព​ខុសច្បាប់ ​ថយចុះ​ច្រើននៅក្នុងតំ​បន់អភិរក្ស​សត្វផ្សោត​។​ ប៉ុន្តែ​លោកបានពោលបន្ថែមទៀតថា ទោះបីជា​មាន​ការ​ខិតខំប្រឹងប្រែង​យកចិត្តទុកដាក់​ការពារខ្លាំងយ៉ាង​ណាក៏​ដោយ ក៏​នៅមានជនឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើសខុសច្បាប់ដែរក្នុងពីរឆ្នាំចុងក្រោយនេះ។

លោកមានប្រសាសន៍ថា៖ «យើង​ចាប់​បានជនសង្ស័យ ហើយយើងបានបញ្ចូនទៅតុលាការ​ជាច្រើននាក់ដែរហើយ»។

ទាក់ទាញទេសចរណ៍

លោក អោក ដារុណ អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និយាយថា ការអភិរក្សសត្វ ផ្សោត​មានសារៈសំខាន់ខ្លាំងសម្រាប់ការរស់រានរបស់សត្វដ៏កម្រមួយនេះ  ដែល​ជា ចំណុចទាក់ទាញមួយផ្នែក ទេសចរណ៍ នាំមកនូវការផ្លាស់ប្តូរមុខមាត់​របស់​សហគមន៍​កាំពីបានប្រសើរឡើងជាងមុនច្រើន។

លោកថ្លែងថា៖ «តាំងពីបង្កើត​សហគមន៍​កាំពីនេះមក ទីមួយគឺការបង្កើតមុខរបរថ្មីដែលឱ្យ​ពួកគាត់ធ្វើរូបចម្លាក់ផ្សោត ចម្លាក់ផ្សេងៗ ដើម្បីលក់នៅ​តំបន់​ទេសចរណ៍អន្លង់កាំពី អ៊ីចឹង​ជីវភាពរបស់ពួកគាត់ប្រែប្រួលច្រើន ជាពិសេស​តំបន់ផ្សោត គាត់អាចចែវទូក លក់​វត្ថុអនុស្សវរីយ៍ ហើយមួយផ្នែកទៀត គឺគាត់​ជួល​តូបដើម្បីធ្វើសេវាកម្មផ្សេងៗ»។

លោក ទុយ សុវណ្ណា ប្រធានសហគមន៍កាំពី បានលើកឡើងថា សឹងតែ ៨០ភាគរយ នៃ​ប្រជាពលរដ្ឋ​​រស់នៅ​តំបន់​នោះ​បាន​ផ្លាស់ប្ដូរមុខរបរពីអ្នកនេសាទត្រី មកជាអ្នកប្រកប​អាជីវកម្ម​ផ្សេងៗ​នៅ​ក្នុងតំបន់ទេសចរណ៍មួយនេះ ដោយ​សារ​តែ​សត្វ​ផ្សោត។

លោកបានបន្តថា៖ «កាលពី១០ឆ្នាំមុន យើងធ្លាប់​តែ​មាន​​ផ្ទះតូចៗ មួយៗ តែឥឡូវនេះ អ្នកមកក្រោយទៀត មក​មើលលែង ចង់ស្គាល់ព្រោះ​ប្រែប្រួល​ច្រើន ដោយសារ​តែ​វិស័យទេសចរណ៍នឹងហើយ»។

មន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ ខេត្តទទួលបានទេសចរចំនួន ៤២៨ ៨៨៣​នាក់ គឺច្រើនជាងពីរដង បើធៀបទៅនឹងចំនួន ១៩២ ០៣៧នាក់ ក្នុងឆ្នាំ២០២២។

លោក ប្រាក់ វិបុល ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តក្រចេះ និយាយ​ថា កាលណា មាន សត្វផ្សោតស្លាប់ វាអាចជះផលមិនល្អទៅលើផ្នែកទេសចរណ៍ដែរ ព្រោះ «ភ្ញៀវទេសចរបរទេសរំពឹង មកមើល ចង់​ឃើញ​សត្វផ្សោតហ្នឹងហើយដែលហៅ​បានថា ជារបស់កម្រ ជាសត្វមួយដែលជាសម្បត្តិបេតិកភណ្ឌជាតិ»។

លោក​បានបន្តទៀតថា តាម​ធម្មតា ភ្ញៀវទេសចរអន្តរជាតិមកទស្សនាសត្វផ្សោត ច្រើនជាង​ភ្ញៀវទេសចរជាតិ ដែលពុំសូវ​មាន​​ចំណាប់អារម្មណ៍ទៅមើលរមណីយដ្ឋានអន្លង់ផ្សោតកាំពី ទេ។

លោក សរ ម៉ុល ស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរជាតិដែលបាន​ទៅលេងនៅរមណីយដ្ឋាន​អន្លង់កាំពី កាលពីពេល​ថ្មីៗនេះ។ លោកបាននាំសមាជិកគ្រួសារជាច្រើននាក់មកពី​ខេត្ត​កំពង់ធំ ហើយសម្រាប់លោកផ្ទាល់ គឺជាលើក​ដំបូង​ហើយដែលបានឃើញសត្វផ្សោត​ផ្ទាល់​ភ្នែក។

លោកមានប្រសាសន៍ដូច្នេះថា៖ «តាំងពីខ្ញុំនៅតូចរហូតដល់​អាយុ​ដល់ ៥០ជាងហើយ ទើប​បាន​ឃើញសត្វផ្សោតច្បាស់ៗ លើកទីមួយ។ ការអភិរក្សរបស់គេល្អ ព្រមទាំងសំណូម​ពរ​ឱ្យប្រជាជនខ្មែរទាំងអស់មកទស្សនាសត្វផ្សោតឱ្យបានច្រើន»។

ភ្ញៀវទេសចរកំពុងទិញសំបុត្រជិះទូកមើលសត្វផ្សោតនៅអន្លង់ផ្សោតកាំពី ​ក្នុងទន្លេមេគង្គ ខេត្ត​ក្រចេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ ឃុត ពិសី)

លោក ច្រឹក សុធា ដែលជាភ្ញៀវទេសចរជាតិបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ប្លែកនៅពេល​បានឃើញសត្វផ្សោត ដោយសារយើងអត់ដែរបានមកទេ។ ហើយមានអារម្មណ៍ថាល្អ ដែល​យើង​អាចអភិរក្សបានចឹង ដើម្បី​ទុក​ឱ្យ​កូន​ចៅ​នៅប្រទេសកម្ពុជាយើង ឱ្យភ្ញៀវទេសចរ​មក​លេង​កាន់តែច្រើន»។

សម្រាប់លោក Ciarán ភ្ញៀវទេសចរមកពីប្រទេសអៀរឡង់ សត្វផ្សោតគឺជាគោលដៅ​មួយដែលគាត់​មិនអាចរំ​លង​បាន​​​នៅក្នុងកម្មវិធីដើរកម្សាន្តរបស់គាត់នៅប្រទេសកម្ពុជា។ លោកនិយាយដូច្នេះថា៖ «ខ្ញុំបានធ្វើដំណើរកំសាន្ត​ជុំវិញ​ប្រទេស​កម្ពុជាអស់រយៈពេល ពីរ-បី សប្ដាហ៍ ហើយខ្ញុំពិតជាចង់ឃើញភាពស្រស់ស្អាត និងភាពទាក់ទាញ​របស់​សត្វ​ផ្សោត​ណាស់​។ ខ្ញុំជ្រើសរើសការជិះកាយ៉ាក់ ដើម្បីគយគន់ និងទស្សនាសត្វផ្សោត វាពិតជា​មាន​ភាព​ស្រស់​ស្អាត និង​អស្ចារ្យមែនទែន»។

លោក កែប សុហ៊ាង អ្នកបើកទូកដឹកភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានកាំពី បង្ហាញក្តីសង្ឃឹម​ថា ពីនេះតទៅ ចំនួន​សត្វ​ផ្សោតនឹងកើនកាន់តែច្រើន ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ឆ្មាំ​ក្នុងការល្បាតនៅក្នុងតំបន់ការពារ និង​អភិរក្ស​សត្វផ្សោត។

លោក សុហ៊ាងបានឱ្យដឹងថា៖ «កាលណាបាត់បង់ផ្សោត យើងក៏បាត់ការងារដូចគ្នា»។  លោក​បា​នលើកឡើងបន្តទៀតថា៖ «តំបន់ទេសចរណ៍​នេះបានផ្តល់ឱ្យខ្ញុំមានចំណូលចិញ្ចឹម​គ្រួសារ ទោះបីជាថ្ងៃខ្លះបានតិច តែក៏មានថ្ងៃខ្លះក៏បានលុយច្រើនដែរ អ៊ីចឹង​យើងអាចផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានសមរម្យ»។

លោកបានបន្ថែមថា៖ «បើសិនជាអត់សហគមន៍នេះ យើងមានតែចំណាកពីភូមិនេះទៅ​ទីក្រុង ធ្វើសំណង់ ឬ​ធ្វើអី​តាម​ដែលយើងអាចរក​បាន​ធ្វើ។ តែបើមានផ្សោតកាន់តែច្រើន ភ្ញៀវកាន់តែច្រើន ធ្វើឱ្យ​ខ្ញុំមាន​ចំណូលកាន់តែច្រើន អ៊ីចឹង ខ្ញុំសង្ឃឹម​ថ្ងៃមុខ​ទៀត ផ្សោត​កាន់តែកើនឡើងទៀត ហើយចង់​បាន​ឱ្យភ្ញៀវមកកាន់តែច្រើនទៀត»។

លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បាន​ធ្វើការសង្កត់ធ្ងន់ថា ការចូល​រួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច មានសារៈសំខាន់ណាស់ ដើម្បីការ​រស់​រាន និងរីកចម្រើនរបស់សត្វផ្សោត​យូរអង្វែងទៅមុខ ពីព្រោះ «សត្វផ្សោតគឺជាសម្បត្តិរួម» របស់ខ្មែរទាំងអស់គ្នា៕

អត្ថបទព័ត៌មាននេះ គឺជាស្នាដៃរបស់និស្សិតឆ្នាំទី២ ជំនាន់ទី២៣ របស់ឌីអឹមស៊ី (DMC) ជាផ្នែកមួយនៃមុខវិជ្ជា រាយការណ៍ព័ត៌មាន និងសរសេររឿង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម