សម្រាប់អ្នកធ្វើការតាមផ្ទះប្រមាណជា ២៤០ ០០០នាក់ ការងារមួយនេះ បើនិយាយពីអត្ថប្រយោជន៍ការងារ និងការការពារដោយច្បាប់ អាចមានភាពខុសគ្នាខ្លាំង បើប្រៀបធៀបទៅនឹងកម្មករដែលធ្វើការក្នុងវិស័យផ្លូវការផ្សេងទៀត។
អ្នកស្រី អ៊ិន យ៉ិន អាយុ ៣៨ ឆ្នាំ ធ្លាប់ធ្វើជាអ្នកបម្រើការងារតាមផ្ទះរយៈពេល១០ឆ្នាំ ដែលពីឆ្នាំ២០០៥ ដល់ ២០១៥ អ្នកស្រីបានធ្វើការឱ្យគ្រួសារជនជាតិជប៉ុនមួយនៅរាជធានីភ្នំពេញ។
អ្នកស្រី យ៉ិន បាននិយាយថានៅពេលនោះការងាររបស់ខ្លួនល្អណាស់ ព្រោះគ្រួសារជនជាតិជប៉ុននោះគោរពស្រឡាញ់គាត់ និងចាត់ទុកគាត់ដួចជាសមាជិកម្នាក់ក្នុងគ្រួសាររបស់ពួកគេ។ នៅពេលគ្រួសារជនជាតិជប៉ុននោះ បានចាកចេញពីប្រទេសកម្ពុជា អ្នកស្រីក៏បានឈប់ធ្វើការតាមផ្ទះ ហើយទៅធ្វើការនៅសាលារៀនវិញ។ នៅដើមឆ្នាំ២០២១ អ្នកស្រីបានត្រលប់ទៅធ្វើ ការងារតាមផ្ទះឱ្យគ្រួសារជប៉ុនមួយផ្សេងទៀត។ ការរស់នៅក្នុងផ្ទះជាមួយថៅកែថ្មី អ្នកស្រី យ៉ិន មើលឃើញថាលក្ខខណ្ឌការងាររបស់ខ្លួនកាន់តែអាក្រក់ជាងពេលមុន ជាពិសេសនៅពេលដែលគ្រួសារដែលគាត់ទៅធ្វើការឱ្យ បានប្រើមូលហេតុនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ជាលេសដើម្បីគ្រប់គ្រងគាត់នៅពេលម៉ោងសម្រាកពីការងារ។
អ្នកស្រី យ៉ិន បានបន្ថែមថា៖ «អំឡុងពេលហ្នឹង ខ្ញុំត្រូវធ្វើការ ហើយខ្ញុំគ្មានពេលសម្រាកទេ ព្រោះថៅកែហាមខ្ញុំមិនឲ្យចេញទៅក្រៅទេ ព្រោះខ្លាចប៉ះពាល់នឹងកូវីដ»។ ដោយអ្នកស្រី ឲ្យដឹងថា៖ «លុយក៏ឱ្យមិនគ្រប់។ ខ្ញុំមិនដឹងថាត្រូវទាមទារយ៉ាងម៉េចទេ បើថៅកែថាអត់មានផង»។
អ្នកស្រី យ៉ិន គឺជាអ្នកធ្វើការតាមផ្ទះម្នាក់ក្នុងចំណោមអ្នកធ្វើការតាមផ្ទះជាច្រើននាក់ដែលត្រូវបានសម្ភាសន៍ដោយ ខេមបូចា ហើយពួកគេសុទ្ធតែធ្លាប់ឆ្លងកាត់បញ្ហាស្រដៀងគ្នាៗដោយសារតែកង្វះខាតការការពារផ្លូវច្បាប់សម្រាប់ប្រភេទការងាររបស់ពួកគេ ជាពិសេសអំឡុងពេលដែលមានជំងឺរីករាតត្បាតសកលនេះ។ ខណៈដែលអ្នកធ្វើការតាមផ្ទះជាច្រើននាក់ដែលបច្ចុប្បន្នមិនត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមទទួលបានអត្ថប្រយោជន៍ដូចជាកម្មករក្នុងវិស័យផ្លូវការផ្សេងទៀត អ្នកស្រី យ៉ិន និងអ្នកធ្វើការតាមផ្ទះផ្សេងទៀតចង់ឃើញការងាររបស់ពួកគាត់ ត្រូវបានទទួលស្គាល់ដោយមានការជួយជ្រោមជ្រែងពីក្រសួងការងារ។
លើសពីនេះ អង្គការ ដែលតំណាងឱ្យកម្មករ ធ្វើការតាមផ្ទះកំពុងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីកម្មករតាមផ្ទះ ដែលជាការអំពាវនាវជាសកលហើយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១១ ដើម្បីការពារសិទ្ធិរបស់កម្មករទាំងនោះ។ អនុសញ្ញានេះ អំពាវនាវឱ្យមានកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរច្បាស់លាស់ និងនីតិវិធីផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយការរំលោភបំពានទៅលើកម្មករ។
នៅទូទាំងប្រទេសកម្ពុជា អ្នកដែលធ្វើការតាមផ្ទះជាធម្មតាមិនទទួលបានប្រាក់ខែច្រើនទេ ហើយក៏មិនមានកិច្ចសន្យាការងារច្បាស់លាស់។ យោងទៅតាមការសិក្សាឆ្នាំ ២០១៨ របស់អង្គការ ILO ដែលបានរាប់ចំនួនអ្នកធ្វើការតាមផ្ទះប្រមាណ ២៤០០០០នាក់នៅក្នុងប្រទេសកម្ពុជា ក៏បានរកឃើញថាពួកគេភាគច្រើនជាស្ត្រី។ កម្មករទាំងនេះរ៉ាប់រងកិច្ចការផ្ទះជាច្រើនដូចជា បោសសម្អាត ចម្អិនអាហារ បោកគក់ និងបើកបរ រួមទាំងមើលថែទាំកុមារ មនុស្សចាស់ ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមជាដើម ។
លោកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការតាមផ្ទះ មានប្រសាសន៍ថា ក្នុងចំណោមសមាជិក៨០០នាក់របស់សមាគមអ្នកស្រី មានត្រឹមតែ ៨ នាក់ប៉ុណ្ណោះដែលទទួលបានការការពារសង្គមពីនិយោជក ដោយសារពួកគេចុះបញ្ជីជាក្រុមហ៊ុន ។ លោកស្រី សុធី បានមានប្រសាសន៍ថា ស្ត្រីដែលធ្វើការជាអ្នកបម្រើការតាមផ្ទះ តែងតែប្រឈមមុខនឹងបញ្ហាសុខភាព ជាពិសេស សុខភាពផ្លូវចិត្ត អំឡុងពេលមានភាពតានតឹងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
អ្នកស្រីបាននិយាយថា៖ «ពួកគេភាគច្រើនមិនមានការគាំពារសង្គម ហើយប្រឈមមុខនឹងនិយោជកដែលមិនគោរពច្បាប់ការងារ ហើយមិនផ្តល់សំណងនៅពេលពួកគេបញ្ឈប់ស្ត្រីទាំងនេះពីការងារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ»។
អ្នកស្រី សុធី បន្ថែមថា កន្លងមកក្រុមរបស់អ្នកស្រី ក៏បានជំរុញឱ្យក្រសួងការងារកុំរើសអើងកម្មករធ្វើការតាមផ្ទះ។ ប៉ុន្តែក្រសួងនៅតែមិនមានដំណោះស្រាយសម្រាប់ក្រុមរបស់អ្នកស្រីនៅឡើយ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា កម្មករតាមផ្ទះណាដែលទទួលរងការរំលោភបំពានពីនិយោជកគួរតែដាក់ពាក្យបណ្តឹងជាផ្លូវការទៅក្រសួង។
ចំពោះការផ្តល់សច្ចាប័នលើអនុសញ្ញា ILO សម្រាប់ពលករតាមផ្ទះ លោកថាបញ្ហានេះគួរពិនិត្យមើលនៅក្នុងបរិបទប្រទេសអាស៊ានផ្សេងទៀត។
លោក ហេង សួរ ឲ្យដឹងថា៖ «រដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ខ្លួនកំពុងសិក្សា និងពិចារណាទៅលើការផ្តល់សច្ចាប័នស្របតាមនិន្នាការក្នុងតំបន់»។ លោកបានបញ្ជាក់មុននឹងសួរសំណួរបកមកអ្នកសារព័ត៌មានវិញថាតើតំបន់ទាំងមូលបានយល់ព្រមលើអនុសញ្ញានេះឬទេ។ លោក សួរថា៖ «តើអាស៊ានទាំងមូលបានផ្តល់សច្ចាប័នហើយឬនៅ? បើអាស៊ានមិនទាន់បានផ្តល់សច្ចាប័នទេ ហេតុអ្វីបានជាកម្ពុជាផ្តល់សច្ចាប័ន?»។
យោងតាម ILO គិតត្រឹមឆ្នាំ២០២០ ហ្វីលីពីនគឺជារដ្ឋអាស៊ានតែមួយគត់ដែលផ្តល់សច្ចាប័នលើអនុសញ្ញានេះ។
ប៉ុន្តែហេតុផលនេះ មិនបានរារំាង អ្នកតស៊ូមតិផ្នែកសិទ្ធិការងារឱ្យបញ្ឃប់ការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អនុសញ្ញានេះទេ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រាប់ខេមបូចាថា អ្នកបម្រើការងារតាមផ្ទះត្រូវតែចូលរួមជំរុញឱ្យក្រសួងផ្តល់សច្ចាប័នលើអនុសញ្ញារបស់ILO ។
លោកមានប្រសាសន៍ថា៖ «ដំបូងខ្ញុំយល់ឃើញថា កម្មករក្រៅផ្លូវការ ជាពិសេសកម្មករតាមផ្ទះ ដែលច្បាប់ការងារផ្តល់ការគ្របដណ្តប់តិចតួច រដ្ឋាភិបាលហាក់ដូចជាគិតថាពួកគេជាកម្មករភាគតិចដែលមិនមានសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនោះទេ» ។
លោកបានបន្ថែមទៀតថា៖ «ទីពីរ ការមិនផ្តល់សច្ចាប័នលើអនុសញ្ញានេះ នឹងឆ្លុះបញ្ចាំងឱ្យឃើញថា និយោជកដែលមានខ្លះជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្ស អាចបាត់បង់ឱកាសក្នុងការបញ្ជូនពលករតាមផ្ទះទៅធ្វើការនៅបរទេស»។
ការពិចារណាផ្នែកសេដ្ឋកិច្ចអាចជួយបញ្ចុះបញ្ចូលអ្នកបង្កើតគោលនយោបាយមួយចំនួន ប៉ុន្តែសម្រាប់អ្នកធ្វើការតាមផ្ទះដូច អ្នកស្រី យ៉ិន បញ្ហាថវិកានេះជាបញ្ហាផ្ទាល់ខ្លួន។ ដោយបានឃើញដោយផ្ទាល់ពីបញ្ហារបស់អ្នកធ្វើការតាមផ្ទះ អ្នកស្រី យ៉ិន ចង់ឱ្យមានការទទួលស្គាល់ជាផ្លូវការសម្រាប់ក្រុមអ្នកស្រី ដោយថាការទទួលស្គាល់នេះនឹងការពារការរំលោភបំពានបន្តទៀតពីសំណាក់ថៅកែរបស់ខ្លួន។
អ្នកស្រី យ៉ិន បានបន្ថែមថា៖ «ក្រសួងគួរចាត់ទុកអ្នកធ្វើការងារតាមផ្ទះ ឱ្យដូចកម្មកររោងចក្រ ដើម្បីកុំឱ្យអ្នកធ្វើការតាមផ្ទះត្រូវបានថៅកែ ឬម្ចាស់ផ្ទះរំលោភបំពានបាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Domestic Workers Urge Official Recognition to Prevent Abuses