អ្នកស្រី គឹម ម៉ាណែត បានរស់នៅតាមបណ្ដោយមាត់ទន្លេក្នុងខេត្តកណ្ដាលបួនទសវត្សរ៍មកហើយមុនមានហេតុការណ៍បាក់ស្រុតនេះ ដែលបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្សេងទៀតរងការខូចខាត ខណៈដែលសកម្មភាពបូមខ្សាច់បានកើតឡើងជាច្រើនឆ្នាំមកហើយដែរ។
ស្រ្តីវ័យ៦២ឆ្នាំរូបនេះមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការតក់ស្លុតណាស់ ពីព្រោះខ្ញុំមិនដែលបានជួបហេតុការណ៍បែបនេះពីមុនទេ វាដូចជាឡានបុកគ្នាអីចឹង»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានខិតខំធ្វើការយ៉ាងលំបាកទម្រាំបានដី និងផ្ទះនេះ ប៉ុន្តែពេលនេះអស់រលីងហើយ»។
ផ្ទះរបស់អ្នកស្រីស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ សង់តាមបណ្ដោយផ្លូវជាតិលេខ២១អា ដែលមានចម្ងាយ៤០ម៉ែត្រពីច្រាំងទន្លេបាសាក់។ ចំណែកការបូមខ្សាច់នៅតំបន់ក្បែរនោះវិញត្រូវគេមើលឃើញថាបានទាញយកខ្សាច់រាប់លានម៉ែត្រគូប និងគិតជាប្រាក់លាប់លានដុល្លារ ដែលជាមុខជំនួញរបស់អ្នកស្និទ្ធនឹងអ្នកមានអំណាច។
របាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាលបង្ហាញថាប្រជាពលរដ្ឋ២១គ្រួសារ និងផ្ទះចំនួន៤០ខ្នងបានរងផលប៉ះពាល់ ដោយមានផ្ទះពីរខ្នងបានបាក់ចូលទន្លេ ២៨ខ្នងផ្សេងទៀតរងការខូចខាតធ្ងន់ធ្ងរ និង១០ខ្នងផ្ទះទៀតរកការខូចខាតតិចតួច។
របាយការណ៍អះអាងថាការបាក់ស្រុតផ្ទះប្រជាពលរដ្ឋគឺដោយសារទឹកបានស្រកចុះ ហើយដីក៏បានបាក់ដោយសារប្រជាពលរដ្ឋបានសង់ផ្ទះជិតមាត់ទន្លេពេក ដែលនាំឲ្យមានទម្ងន់ខ្លាំងលើច្រាំងទន្លេ។ ក្នុងរបាយការណ៍មិនបានបញ្ជាក់ថាការបូមខ្សាច់ជាមូលហេតុនោះទេ។ ប្រជាពលរដ្ឋនៅទីនោះជាច្រើនបានប្រាប់ខេមបូចាថា ពួកគេជឿថាការបូមខ្សាច់គឺជាមូលហេតុនាំឲ្យមានការបាក់រលំផ្ទះបែបនេះ។
អ្នកស្រី ម៉ាណែត បន្ថែមថា៖ «ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ ខ្ញុំចាស់ហើយ ខ្ញុំមានកម្លាំងឯណារកប្រាក់សង់ផ្ទះទៀតនោះ»។ អ្នកស្រីឲ្យដឹងថាគាត់បានចំណាយប្រាក់«រាប់ម៉ឺនដុល្លារ»ដើម្បីសង់ផ្ទះនេះ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគុណភាពសំណង់។
អ្នកស្រីបន្តថា៖ «ខ្ញុំយល់អំពីសំណង់នៅជិតទន្លេ ដូចនេះកុំមកបន្ទោសម្ចាស់ផ្ទះ»។
អ្នកស្រី ម៉ាណែត «មិនហ៊ាន» និយាយថាការបូមខ្សាច់ជាមូលហេតុនាំឲ្យមានការបាក់ស្រុតផ្ទះនេះទេ។ ប៉ុន្តែអ្នកស្រីថា សាឡង់បូមខ្សាច់បានបើកពីក្រោយផ្ទះអ្នកស្រីជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋផ្សេងទៀតបដិសេធនិយាយជាមួយអ្នកសារព័ត៌មាន ដោយថាអាជ្ញាធរបានព្រមានពីការផ្ដល់ព័ត៌មានទៅអ្នកកាសែត។
អ្នកភូមិម្នាក់និយាយថា៖ «ខ្ញុំមិនហាននិយាយអ្វីជាមួយអ្នកសារព័ត៌មានទេ…ម្សិលមិញប៉ូលិសហាមខ្ញុំ [មិនឲ្យនិយាយ] ដូចនេះខ្ញុំមិនហាននិយាយទេ»។
ពលរដ្ឋវ័យកណ្ដាលម្នាក់កំពុងឆ្លងទូកដ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ឱ្យដឹងថា រូបគេជឿថាការបូមខ្សាច់បានរួមចំណែកដល់ការបាក់ស្រុតនេះ។
ពលរដ្ឋដដែលនិយាយថា៖ «តាំងពីខ្ញុំកើតរហូតមកដល់ប៉ុននេះ មិនដែលឃើញមានការបាក់រលំផ្ទះបែបនេះទេ ពីព្រោះការបូមខ្សាច់ជីកជ្រៅនៅកណ្ដាលទន្លេជាយូរមកហើយ មិនមែនទើបតែឥឡូវនេះទេ»។
របាយការណ៍បរិស្ថានរបស់ស្ថាប័ន Mongabay ចេញផ្សាយក្នុងឆ្នាំ២០២២ បានឲ្យដឹងថាក្រសួងរ៉ែ និងថាមពលបានចេញអាជ្ញាបណ្ណដល់អ្នកធ្វើអាជីវកម្មបូមខ្សាច់ចំនួន៤៩ ដែលមានផ្ទៃ២ ៣២០ហិកតា នៅក្នុងទន្លេមេគង្គ និងទន្លេបាសាក់។
យ៉ាងហោចណាស់គិតចាប់ពីឆ្នាំកន្លងទៅ អាជីវកម្មនាំខ្សាច់ចេញបានចាប់ផ្ដើមដំណើរការស្ងាត់ៗឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់កាលពីឆ្នាំ២០១៧។
អ្នកស្រី ម៉ាណែត លើកឡើងទៀតថា៖ «មានអ្នកនិយាយថាមានការបូមខ្សាច់នៅពេលយប់ ប៉ុន្តែយើងមិនមានភស្តុតាងទេ ដូចនេះយើងមិនអាចបន្ទោសអ្នកណាបានទេ»។ អ្នកស្រីថា៖ «ទុកឲ្យអ្នកជំនាញធ្វើការរបស់គេចុះ ដើម្បីដឹងថាការបាក់ស្រុតផ្ទះនេះដោយសារការបូមខ្សាច់ ឬក៏គ្រោះធម្មជាតិ»។
ពេលអ្នកសារព័ត៌មានខេមបូចាបានទៅមើលកន្លែងកើតហេតុមួយថ្ងៃបន្ទាប់ពីមានការបាក់ស្រុត ម្ចាស់ផ្ទះជាច្រើនបានចាប់ផ្ដើមជួសជុលផ្ទះដែលខូចខាត ខណៈអ្នកខ្លះនៅសល់តែជញ្ជាំងបាក់បែក និងផ្ទះខ្លះបាក់ចូលទន្លេសឹងតែទាំងស្រុង។ សម្រាប់ម្ចាស់ផ្ទះមួយចំនួនផ្សេងទៀត បានប្រមូលរបស់របរចេញ និងបានចាក់សោផ្ទះដើម្បីសុវត្ថិភាពផងដែរ។
អភិបាលរងខេត្តកណ្ដាល លោក នូវប៉េង ច័ន្ទតារា មានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់បានដឹងពីដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយទេ ហើយឥឡូវពួកគាត់ត្រូវការកន្លែងសុវត្ថិភាពជាមុនសិន»។
ចំណែកអ្នកស្រី ម៉ាណែត ថ្លែងថាពេលនេះអ្នកស្រីកំពុងស្នាក់នៅផ្ទះសាច់ញាតិ រហូតដល់អ្នកស្រីជួសជុលផ្ទះដែលខូចខាតនោះហើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៉ូឡា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dozens of Houses Destroyed After Bassac River Bank Collapses Following Years of Sand Dredging