សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធូលីចេញពីរោងចក្រស្ករអំពៅក្រុមហ៊ុន លី យ៉ុងផាត់ បង្កជាគ្រោះថ្នាក់សុខភាពដល់សិស្សសាលា

សិស្សានុសិស្ស កំពុងរៀននៅសាលាបឋមសិក្សាច្រកចា ដែលរងផលប៉ះពាល់ដោយធូលីអំពៅ ចេញពីរោងចក្រផលិតស្ករអំពៅ របស់លោក លី យ៉ុងផាត់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
សិស្សានុសិស្ស កំពុងរៀននៅសាលាបឋមសិក្សាច្រកចា ដែលរងផលប៉ះពាល់ដោយធូលីអំពៅ ចេញពីរោងចក្រផលិតស្ករអំពៅ របស់លោក លី យ៉ុងផាត់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

ខេត្តកំពង់ស្ពឺ ស្រុកឱរ៉ាល់៖ រោងចក្រមួយបានបញ្ចេញធូលីហុយទ្រលោមឡើងលើមេឃ ដែលបណ្តាលឱ្យដើមឈើ វត្តអារាម ផ្ទះសម្បែង និងសាលារៀន ជាពិសេសតុអង្គុយរបស់សិស្សប្រលាក់ដោយល្អងធូលី។

ធូលី ចេញពីចម្ការអំពៅរបស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងផ្សែងចេញពីរោងចក្រនៅភូមិផ្លោច ក្នុងស្រុកឱរ៉ាល់ មានសភាពធ្ងន់ធ្ងរមែនទែន ដែលនេះជាការលើកឡើងរបស់គ្រូបង្រៀន អាណាព្យាបាលសិស្ស និងសកម្មជន ដោយថាសិស្សសាលាកំពុងរងផលប៉ះពាល់សុខភាពដោយសារដកដង្ហើមស្រូបល្អងធូលីអំពៅចូលរាល់ថ្ងៃ។

លោកស្រី ង៉ុក ធី ជាម្តាយរបស់សិស្សម្នាក់បាននិយាយប្រាប់ខេមបូចាថា៖«យើងបារម្ភពីសុខភាពកូនចៅយើង ក៏ដូចជាភ្នែក និងសួតរបស់ពួកគេដែរ» ដោយបន្ថែមថាភ្នែកកូនប្រុសទាំងពីររបស់គាត់ឡើងក្រហមរហូត។ ឪពុកម្តាយមួយចំនួនទៀត ក៏បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីរឿងស្រដៀងគ្នានេះដែរពីការឈឺថ្កាត់របស់ក្រុមគ្រួសារពួកគេដោយសារតែធូលីដែលចេញពីចម្ការអំពៅ។

ភាគីសាលា បានព្យាយាមស្វែងរកដំណោះស្រាយដោយបានបិទរន្ធខ្យល់ចេញក្នុងថ្នាក់រៀនដោយដបប្លាស្ទិក និងប៉ុង ដើម្បីការពារធូលីអំពៅមិនឱ្យចូល។ លោកគ្រូអ្នកគ្រូ ក៏ប្រាប់សិស្សឱ្យពាក់ម៉ាស់ផងដែរ ប៉ុន្តែសម្រាប់ភ្នែកពួកគេមិនមានអ្វីពាក់ការពារនោះទេ។

គ្រូបង្រៀនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពបានប្រាប់ថា៖«យើងត្រូវនៅក្នុងថ្នាក់ នៅពេលដែលមានខ្យល់បក់មក។ ហើយយើងក៏មិនអាចសូម្បីតែហូបបាយនៅខាងក្រៅ»។

គ្រូបង្រៀនរូបនេះ បានបន្ថែមថា៖«យើង​មិន​អាច​បង្រៀន​សិស្ស​បាន​ទេ ព្រោះ​ធូលី​ចូល​ភ្នែក ដូច្នេះ​ពេល​ខ្យល់​ខ្លាំង យើង​ប្រាប់​សិស្ស​កុំ​មកឱ្យសោះ»។

ដបជ័រ និងប៉ុង ត្រូវបានប្រើប្រាស់ក្នុងថ្នាក់រៀននៅសាលាបឋមសិក្សាច្រាក់ចា ដើម្បីការពារធូលីអំពៅមិនឱ្យចូលក្នុងថ្នាក់។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
ដបជ័រ និងប៉ុង ត្រូវបានប្រើប្រាស់ក្នុងថ្នាក់រៀននៅសាលាបឋមសិក្សាច្រាក់ចា ដើម្បីការពារធូលីអំពៅមិនឱ្យចូលក្នុងថ្នាក់។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

បញ្ហាធូលី តែងកើតមានឡើង​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់​ផ្ដើម​កិន​អំពៅ​ដែល​ប្រមូល​ផល។ អ្នកស្រុកបានប្រាប់ថាបញ្ហានេះបានកើតមានឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ បន្ទាប់ពីពលរដ្ឋចំនួន១៥០០គ្រួសារ ត្រូវបានបណ្តេញចេញ ដើម្បីយកដីឱ្យក្រុមហ៊ុនស្ករអំពៅដ៏ធំឈ្មោះ ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ (Phnom Penh Sugar Company)  ។ គ្រួសារអ្នកភូមិទាំងនោះទទួលសំណងបានតែ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រួសារនាពេលនោះ។

អ្នក​ភូមិ បាន​ប្រាប់​ថា ពួក​គេ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ដោយសារ​ដី​សម្បទានចំនួន ៩ ០០០ ហិកតា ដែលទទួលបានការ​វិនិយោគ​ដំបូង​ចំនួន ១៥០ លាន​ដុល្លារ​នោះជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច ទើប​មិន​មាន​ចំណាត់ការ​ទាល់តែសោះរហូតមកដល់ពេលនេះ។

នៅពេលដែលសុំការឆ្លើយតបជុំវិញករណីនេះ លោក សេង ញ៉ក់ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលីយ៉ុងផាត់ បានប្រាប់អ្នកសារព័ត៌មានថា៖ «មុននឹងលោកសរសេរព័ត៌មាន សូមទៅមើលឱ្យដល់កន្លែងសិនទៅ ហើយស៊ើបអង្កេត ដោយខ្លួនឯងជាមុនសិនទៅ»

អ្នកយកព័ត៌មានខេមបូចា បានធ្វើដូច្នេះ ហើយបានមើលឃើញស្ថានភាពដូចបានរៀបរាប់ខាងលើពោលគឺ ធូលីគ្រប់ដណ្តប់ពេញតំបន់នោះ។

ផាត ស្រីនិច វ័យ២២ឆ្នាំ ដែលរស់នៅផ្ទះចំងាយប្រហែល១គីឡូម៉ែត្រពីរោងចក្រ បាននិយាយថា សមាជិកគ្រួសាររបស់គាត់តែងតែផ្តាសាយ និងឈឺបំពង់ក ខណៈអ្នកស្រី គីន គ្រីម អាយុ ៤០ឆ្នាំ បាននិយាយថា កូនប្រុសរបស់គាត់រៀននៅសាលាបឋមសិក្សាច្រកចា បានហើមភ្នែក២ថ្ងៃហើយដែលបណ្តាលមកពីធូលីដែលហុយក្នុងខែនេះ។

ព្រះចៅអធិការ អ៊ំ ហម ព្រះជន្ម ៨៣ ព្រះវស្សា គង់នៅវត្តមួយ ដែលមានចំងាយប្រហែល ៦០០ ម៉ែត្រពីរោងចក្រ មានសង្ឃដីការថាព្រះតេជគុណ បានស្នើក្រុមហ៊ុនជាច្រើនដងរួចមកហើយ សុំឱ្យពួកគេជួយទប់ស្កាត់កាត់បន្ថយធូលី ប៉ុន្តែមិនបានជោគជ័យឡើយ។

ព្រះអង្គមានសង្ឃដីការបន្តថា៖ «នៅ​ពេល​ដែល​ធូលី​អំពៅ​ចូល​ភ្នែក វា​បណ្តាលឱ្យ​យើងឈឺឡើងស្រក់​ទឹក​ភ្នែក»

លោក ហម ព្រិច វ័យ៤០ឆ្នាំ ដែលជាឪពុករបស់សិស្សអាយុ១២ឆ្នាំ បាននិយាយលោកមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតនោះទេ ដើម្បីដោះស្រាយបញ្ហានេះ។

លោក បាននិយាយថា៖«យើងមិនអាចធ្វើអ្វីបានទេ។ លោកគ្រូអ្នកគ្រូបាន​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​​ច្រើន​ដង​ហើយ ប៉ុន្តែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ»  លោកបន្ថែមថា៖ «​យើង​ជា​ប្រជាជន​មិន​ហ៊ាន​ទេ​ ព្រោះ​ពួកគេ​មាន​អំណាច​»​

រោងចក្រនៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ដែលបង្កជាធូលីប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
រោងចក្រនៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ដែលបង្កជាធូលីប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

មេឃុំត្រពាំងជោ លោក ទេព ណែម មាន​ប្រសាសន៍​ថាក្រុមគ្រូបង្រៀន​បាន​លើក​បញ្ហា​នេះ​ប្រាប់​អាជ្ញាធរ​ឃុំ​កាលពី​មួយ​ឆ្នាំ​មុនហើយ ប៉ុន្តែ​ពួកគេ​មិន​ដែល​បាន​ផ្ញើ​សំណើ​សុំ​អន្តរាគមន៍​ជា​ផ្លូវការ​ទេ។

លោក​ថ្លែង​ថា​៖ «​តាំង​ពី​ពេល​នោះ​មក ​អាជ្ញាធរ​ឃុំ ​មិន​បានពាំនាំ​យក​បញ្ហា​នេះ​ទៅប្រាប់​ថ្នាក់​លើ​ទេ»។ លោក បានបន្ថែមថា៖«ស្ទើរតែគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងបញ្ហាហ្នឹងទេ ព្រោះវាភាគច្រើនប៉ះពាល់តែសាលារៀន និងពីរបីគ្រួសារនៅក្បែររោងចក្រប៉ុណ្ណឹង»

ទោះ​យ៉ាង​ណា លោក ណែម បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​លិខិតផ្លូវការ​ទៅ​ឃុំ​ ដើម្បី​ឱ្យ​អាជ្ញាធរឃុំ​អាច​បញ្ជូន​បញ្ហា​នេះ​ទៅ​ថ្នាក់​លើបន្ត។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នឹង​យក​បញ្ហា​នេះ​ទៅជជែកជាមួយ​ក្រុមហ៊ុន​ដើម្បីស្វែងរកដំណោះ​ស្រាយ»​។

ប៉ុន្តែ​លោក ព្រំ គឹមថុន ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ឱរ៉ាល់​ បាននិយាយ​ថា បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​ប្រាប់ទៅថ្នាក់លើរួចទៅហើយ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីឡើយ។

មន្រ្តីអប់រំរូបនេះ បានបន្តថា៖«យើង​បាន​រាយការណ៍​បញ្ហា​ទាំង​ក្នុង​អង្គ​ប្រជុំ និង​ក្នុង​លិខិត​ជា​លាយលក្ខណ៍​អក្សរ [ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត] ប៉ុន្តែ​យើង​មិន​បាន​ទទួល​ចម្លើយ​ណា​មួយ​ពី​ពួក​គាត់​ឡើយ»  លោក បានលើកជាសំណើថា៖«ដំណោះស្រាយដ៏ល្អតែមួយគត់គឺត្រូវផ្លាស់សាលារៀនឱ្យឆ្ងាយពីទីតាំងហ្នឹង ហើយក្រុមហ៊ុនអាចជួយក្នុងការផ្លាស់ប្តូរទីតាំងសាលាហ្នឹង»។

សិស្សានុសិស្ស កំពុងលេងនៅសាលាដែលរងផលប៉ះពាល់ដោយធូលីអំពៅចេញពីរោងចក្រស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
សិស្សានុសិស្ស កំពុងលេងនៅសាលាដែលរងផលប៉ះពាល់ដោយធូលីអំពៅចេញពីរោងចក្រស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ធូលី​ ប្រជាពលរដ្ឋនៅតំបន់នោះ ​ក៏​ទទួល​រងផលប៉ះពាល់ពី​ក្លិន​អាក្រក់​ដែល​​ចេញ​ពី​កាក​សំណល់​រោងចក្រ​នោះផងដែរ។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​គួរ​រៀបចំ​ប្រព័ន្ធ​បច្ចេកទេស​សម្រាប់ទុកដាក់ចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​»​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dust from Ly Yong Phat’s Sugarcane Plantation a Hazard for School Children

427 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម