មេដឹកនាំនិងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប រួមមានកញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ខណៈ៣នាក់ផ្សេងទៀតកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់ពីលោក អំ សំអាត នាយករងនៃអង្គការលីកាដូ។
បើតាមលោកអំ សំអាត បានបញ្ជាក់ប្រាប់ខេមបូចាថា ថ្នាក់ដឹកនាំសហជីពចំនួនទាំង៨នាក់ ត្រូវបានដឹកចេញពីមណ្ឌលម២ នាម៉ោង៨យប់ ដោយមិនទាន់ដឹងថានឹងបញ្ជូនទៅទីណាបន្តឡើយ។
លោក សំអាត បានលើកឡើថា៖«ដោះលែងរួចហើយ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន យើងមិនទាន់ដឹងថាទៅណាទេ ដឹងតែលែងហើយ តែមកដល់ឥឡូវមិនទាន់ដល់ផ្ទះទេ»។
លោក សំអាត បន្តទៀតថា នេះជាទម្លាប់ដដែល ដែលអាជ្ញាតែងតែដោះលែងមនុស្សឱ្យនៅក្រៅឃុំពេលយប់។ លោកកត់សម្គាល់ឃើញថា មុនមានការដោះលែងឱ្យនៅក្រៅឃុំ ពួកគេទាំង៨នាក់ បានដាក់លិខិតស្នើទៅក្រសួងការងារសុំនៅក្រៅឃុំ ដើម្បីមានលទ្ធភាពចូលតុចរចាររកដំណោះស្រាយ។
លោក សំអាត ថ្លែងយ៉ាងដូច្នេះថា៖«វាជាទម្លាប់ដដែល ដែលយើងឃើញកន្លងមកឱ្យតែគេចង់លែង គេលែងតែពេលយប់ ត្រូវទៅទៅទាំងយប់ចឹង កន្លងមកចឹងដែរ ហើយឃើញថ្ងៃមិញ គាត់ដាក់លិខិតទៅក្រសួងការងារ»។
យ៉ាងណាមិញ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីលោក ខ្លូត តារ៉ា ប្រធានមណ្ឌលកែប្រែទី២ និងលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ជុំវិញការដោះលែងមេដឹកនាំនិងសមាជិកសហជីពទាំង៨រូបឱ្យនៅក្រៅឃុំបានទេ។
ថ្វីបើមានការដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨រូប ឱ្យនៅក្រៅឃុំក៏ពិតមែន តែសមាជិកសហជីពណាហ្គាវើលដ៍ចំនួន៣នាក់ទៀត មិនទាន់មានការដោះលែងឱ្យនៅក្រៅឃុំនៅឡើយទេ នេះបើតាមការបញ្ជាក់ពីលោក សំអាត។
គួរជម្រាបជូនថា ថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៨រូប បានស្នើទៅក្រសួងការងារសុំនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីរសៀលថ្ងៃទី១៤ ខែ មិនា នេះ។
បើតាមលិខិតដាច់ដោយឡែកចំនួន៨សន្លឹក ដែលពួកគេបានផ្ញើទៅក្រសួងការងារ មានខ្លឹមសារចំនួន៣ ដោយពួកគេបានអំពាវនាវឱ្យកូដករមិនទាន់ចូលធ្វើការទៅធ្វើការធម្មតាវិញ ចំពោះបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ពីការងារត្រូវសម្រាកនៅផ្ទះសិន និងចុងក្រោយស្នើកុំឱ្យក្រុមហ៊ុនមានការគុំគួន ឬដាក់ទោសបុគ្គលិកដែលបានចូលរួមធ្វើកូដកម្មកន្លងមក។
គួររំលឹកដែរថា បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់ បានធ្វើកូដកម្មដោយអហិង្សាចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឱ្យក្រុមហ៊ុនល្បែងមួយនេះ គោរពតាមគោលការណ៍ការងារ និងអនុញ្ញាតឱ្យពួកគេទាំង៣៦៥នាក់ វិលត្រឡប់ទៅធ្វើការឡើងវិញ បន្ទាប់ពីមានការបញ្ឈប់ក្នុងទ្រង់ទ្រាយធំ ក្រោមហេតុផលវិបត្តិហិរញ្ញវត្ថុកំឡុងកូវីដ១៩។
យ៉ាងណាមិញ នៅក្នុងអំឡុងពេលកូដកម្មដោយអហិង្សារបស់កូដករ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុគ្គលិក និងសមាជិកសហជីពចំនួន១១នាក់ ក្រោមបទចោទពីរផ្សេងគ្នាមួយ គឺបទញុះញង់ និងបង្កភាពវឹកវរក្នុងសង្គម និងបទចោទមួយទៀត គឺរំលោភបំពានវិធានការសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
តែយ៉ាងណាមិញ កាលពីថ្ងៃពុធទី៩ ខែមិនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានជួបជាមួយនឹងនគរបាល និងមន្រ្តីពាក់ព័ន្ធ ដើម្បីព្យាយាមដោះស្រាយជម្លោះការងាររបស់បុគ្គលិកនយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយអស់រយៈជាច្រើនខែមកនេះ។
កិច្ចប្រជុំខាងលើនេះរួមមានតំណាងពីក្រសួងការងារក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក៏ដូចជាអភិបាលក្រុងភ្នំពេញ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលាដំបូងរាជធានីភ្នំពេញ ផងដែរ៕