ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាមរតកមនុស្សរស់បានទទួលមរណភាពកាលពីវេលាម៉ោង ១២:៤០នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នាស្រុកកំណើតរបស់លោកក្នុងខេត្តកំពត ក្រោយពីលោកបានចំណាយពេលពេញមួយជីវិតដើម្បីលើកស្ទួយសិល្បៈចាប៉ីដងវែង។
បន្ទាប់ពីដំណឹងមរណភាពដ៏ក្រៀមក្រំបំផុតនេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ព្រមទាំងក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមជាច្រើនបានចេញសារចូលរួមរំលែកទុក្ខ ដោយបានសម្តែងការសោកស្តាយជាទីបំផុតចំពោះការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈចាប៉ីដងវែងដ៏មានទេពកោសល្យឆ្នើមរូបនេះ។
លោកព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានសិស្សគណរបស់លោកអធិប្បាយថា ជាមនុស្សដែលមានឫកពារស្លូតបូត និងតែងតែញញឹម គឺមានជំនាញដេញចាប៉ី និងច្រៀងរៀបរាប់ដែលមានសំឡេងធ្ងន់ដោយប្រើវោហាសព្ទចុងជួនណែងណងយ៉ាងចំណាន ខណៈចាប៉ីដងវែងខ្មែរ ត្រូវបានចុះជាសម្បត្តិវប្បធម៌អរូបីរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៦។
ជីវប្រវត្តិសង្ខេបលោកព្រឹទ្ធាចារ្យ គង់ ណៃ
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យប្រមាណជា៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការភ្នែកទាំង២ បន្ទាប់ពីកើតជំងឺអុតធំ។
បើទោះបីជាធ្លាក់ខ្លួនពិការក្តីក៏កុមារារូបនេះ បានចាប់ផ្តើមការសិក្សាអំពីចាប៉ីដងវែងនៅអាយុ១៣ឆ្នាំ ខណៈដែលជារឿយៗកុមារា គង់ ណៃ បានប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដោយសារតែភាពពិការរបស់ខ្លួន។ កុមារា គង់ ណៃ បានចាប់ផ្តើមរៀនចាប៉ីដងវែងជាលើកដំបូងពីឪពុកមារបស់លោកឈ្មោះ គង់ ទិត នៅក្នុងអំឡុងឆ្នាំ១៩៥៧។
២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៥៩ កុមារា គង់ ណៃ ដែលនៅពេលនោះមានវ័យប្រមាណជា១៥ឆ្នាំ បានចេញសម្តែងជាលើកដំបូងនៅក្នុងកម្មវិធីបុណ្យប្រចាំភូមិមួយនៅក្នុងស្រុកកំណើតរបស់លោក ហើយចាប់តាំងពីពេលនោះមក លោកក៏បានក្លាយជាអ្នកចម្រៀងចាប៉ីប្រចាំភូមិ។
នៅពេលនោះយុវជន គង់ ណៃ បានចាប់ផ្តើមធ្វើជាអ្នកចម្រៀងចាប៉ី ហើយបានកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស ហើយមិនយូរប៉ុន្មានយុវជនរូបនេះក៏បានទទួលរហសនាមថា «សង្ហា» ណៃ។
យុវជន គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ក្នុងវ័យ១៨ឆ្នាំ ជាមួយអ្នកស្រីតាត ឆេន ដែលកាលនោះមានអាយុ២០ឆ្នាំ ដែលជាអ្នកស្រុកកំពង់ត្រាច ជាមួយគ្នា។ អ្នកទាំង២ទទួលបានចំណងដៃកូន១០នាក់(ប្រុស៦នាក់) នៅក្នុងអំឡុងឆ្នាំ១៩៧៥បុរសពិការភ្នែកទាំងគូរូបនេះ ត្រូវបានអង្គការខ្មែរក្រហម ចាត់តាំងឱ្យច្រៀងឃោសនាពីរបបកម្ពុជាប្រជាធិបតេយ្យ។
បើយោងតាមឯកសារនានាលោក គង់ ណៃ បានរួចរស់ជីវិតដោយប្រផុតប្រផើយ ពីរបបវាលពិឃាដខ្មែរក្រហម។ ក្នុងឆ្នាំ១៩៧៩ លោកបានបន្តរស់នៅក្នុងស្រុកកំណើតធ្វើស្រែចំការ និងចាប់អាជីពជាសិល្បករចាប៉ីដងវែងឡើងវិញ។
លោកក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់លើវិស័យសិល្បៈចាប៉ីដងវែង។ នៅឆ្នាំ ១៩៨២ លោកទទួលបានជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្តកំពត។ ក្នុងឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធានីភ្នំពេញ។
ឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរដ្ឋាភិបាល។ ក្នុងឆ្នាំ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក គង់ ណៃ ជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងឆ្នាំ២០២៣ លោកព្រឹទ្ធាចារ្យក៏ធ្វើជាគ្រូបង្រៀនចាប៉ីដងវែងដល់សិស្សជាច្រើនជំនាន់នៅអង្គការខ្មែរអមតៈ រហូតដល់ឆ្នាំ២០០៧លោកបានចូលនិវត្តន៍។
យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ព្រះបរមរាជវាំង-Royal Palace បានឱ្យដឹងថា ក្នុងឆ្នាំ២០០៧ លោក គង់ ណៃ បានទទួលគ្រឿងឥស្សរិយយសម្ដែងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា «កោសល្យវោហារ គង់ ណៃ»។
ដោយសារមានស្នាដៃលេចធ្លោ ក្នុងការថែរក្សាវប្បធម៌ខ្មែរនៅក្នុងឆ្នាំ២០១៧ លោក គង់ ណៃ ទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣ ហើយដែលបានទទួលពានរង្វាន់ហ្វូគុអុកា នេះ បន្ទាប់ពីលោក ឆេង ផុន ជាអ្នកនិពន្ធរឿងល្ខោនដែលទទួលក្នុងឆ្នាំ១៩៩៧ និងលោក អាំង ជូលាន ជាអ្នកស្រាវជ្រាវខេមរសិក្សាបានទទួលនៅក្នុងឆ្នាំ ២០១១ សម្រាប់ជនជាតិខ្មែរ។
ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំសិស្សគណ និងមជ្ឈដ្ឋានសង្គមនានាចូលរួមសម្តែងមរណទុក្ខ
បន្ទាប់ពីមរណភាពនេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារ និងចេញលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨០ឆ្នាំ ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ»។
លោក ពេជ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ និងជាគ្រូបង្រៀនផ្នែកសិល្បៈនៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងនាមជាសិស្សគណមួយរូបបានសម្តែងការតក់ស្លុត និងរំជួលចិត្តជាពន់ពេកស្តាយស្រណោះអាឡោះអាល័យដែលលោកព្រឹទ្ធាចារ្យ គង់ ណៃ បានលាចាកពីភរិយា ពីកូនពីចៅ ក៏ដូចជាឃ្លាតចាកឆ្ងាយជារៀងរហូតពីប្រជាពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេសដែលលោកជា«បិតាសិល្បៈចាប៉ីដងវែងមួយរូបនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់ទុកមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុត ផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។
លោករដ្ឋមន្ត្រីអប់រំបានថ្លែងថា៖ «ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ»។ លោកបន្តថា៖ «មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការៈចំពោះកូនចៅគ្រប់ៗគ្នា»។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចេញលិខិតចូលរួមរំលែកទុក្ខជូនអ្នកស្រី តាក់ ឆេន និងក្រុមគ្រួសារដោយបានសម្តែងនូវក្តីរន្ធត់ក្តុកក្តួលចំពោះមរណភាពរបស់លោក គង់ ណៃ។
ក្នុងលិខិតរំលែកទុក្ខចុះថ្ងៃទី២៨ ខែមិថុនា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមលោកស្រីផ្ទាល់បានបញ្ជាក់ថា៖ «ក្នុងឱកាសវិយោគរកទីបំផុតគ្មាននេះយើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ស្វាមី ឪពុកជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌»។
សមាគមសិល្បករខ្មែរក៏បានសម្តែងសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ផងដែរ។
សមាគមសិល្បករខ្មែរបានលើកឡើងថា មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។
លោក ពេជ សារ៉ាត បានឱ្យដឹងថា លោកជាសិស្សម្នាក់ក្នុងចំណោមសិស្ស៤នាក់(ស្រី២នាក់)ដែលធ្លាប់រៀនចាប៉ីជាមួយព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅអង្គការសិល្បៈខ្មែរអមតៈនៅអតីតប៊ូឌិញតំបន់ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញ ពីឆ្នាំ២០០៣ដល់ឆ្នាំ២០៨។
លោកបានរំឭកថា៖ «លោកព្រឹទ្ធាចារ្យគង់ ណៃ ជាបុគ្គលមួយរូបដែលបានចែករំលែកសម្រាប់សិស្ស និយាយរួមទៅដូចពួកខ្ញុំដែលបានរៀនកាលពីឆ្នាំ២០០៣ គឺអត់មានដុងអត់មានធនធានធម្មជាតិជាអ្នកចាប៉ីទេ ប៉ុន្តែលោកអត់ធ្មត់បានចែករំលែកនូវចំណេះជំនាញចាប៉ីដងវែងនេះ រហូតមកដល់ខ្ញុំបានចេះ»។
លោកព្រឹទ្ធាចារ្យ គង់ ណៃ បានប្រគល់តួនាទីភារកិច្ចក្នុងការអប់រំបណ្តុះបណ្តាលសិល្បៈចាប៉ីបន្តពីលោកដល់លោក ពេជ សារ៉ាត ចាប់តាំងពីលោកចូលនិវត្តន៍នៅឆ្នាំ២០១៣។
លោក ពេជ សារ៉ាត បានថ្លែងថា លោកព្រឹទ្ធាចារ្យ គង់ ណៃបានផ្តល់ការអប់រំយ៉ាងពិសេសដល់សិស្សគណក៏ដូចជារូបលោកក្នុងអំឡុងពេលផ្តល់ការបណ្តុះបណ្តាលសិល្បៈចាប៉ីពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៨ដោយលោកតែងតែញញឹមសើចហើយបានលើកទឹកចិត្តសិស្ស។
និយាយរួមទៅលោកបានផ្តាំផ្ញើហើយផ្តាំផ្ញើទៀតថា ការរៀនចាប៉ីដងវែងនេះមិនបណ្តាលឱ្យពិការភ្នែកទេ លោកពិការភ្នែកតាំងពីមុនរៀនចាប៉ីដងវែងមកម្លេះ។
លោកបញ្ជាក់ថា៖ «និយាយរួមគាត់ជាមនុស្សល្អមែនទែនដោយលោកតែងតែលើកទឹកចិត្ត និងបញ្ជូនសារអប់រំរបស់លោកមកកាន់សិស្សគណ។ លោកព្រឹទ្ធាចារ្យបានចូលរួមផ្តល់ការអប់រំជាច្រើនដល់សង្គមតាមរយៈការសម្តែងសិល្បៈចាប៉ីដងវែងដែលមានទឹកដមដ៏ក្រអួនក្រអៅនិងវោហាសព្ទដ៏ក្បោះក្បាយរបស់លោក»។
លក្ខណៈពិសេសរបស់លោកព្រឹទ្ធាចារ្យ គឺលោកអាចសង្ខេបសាច់រឿងនៃការច្រៀងចាប៉ីរបស់លោកបានយ៉ាងល្អមានអត្ថន័យពេញលេញទៅតាមការកម្ម៉ង់របស់អ្នករៀបចំកម្មវិធីផ្សេងៗ។
លោក គង់ សារ៉ាត មិនបានដឹងច្បាស់ថាតើលោកព្រឹទ្ធាចារ្យ គង់ ណៃ បានបណ្តុះសិស្សគណបានប៉ុន្មាននាក់នោះទេ គ្រាន់តែដឹងថា ជំនាន់ដែលលោករៀនគឺមាន៤នាក់។
ប៉ុន្តែចាប់តាំងពីលោកបានបន្តតួនាទីពីលោកព្រឹទ្ធាចារ្យ គង់ ណៃ ក្នុងឆ្នាំ២០១៣រហូតមកដល់បច្ចុប្បន្ន សហគមន៍ចាប៉ីអមតៈដែលលោក គង់ ណៃ ជាប្រធានក្រុមប្រឹក្សាភិបាលបានធ្វើការបណ្តុះបណ្តាលសិស្សផ្នែកសិល្បៈចាប៉ីបានជាង២០០នាក់ក្នុងនោះមានសិស្ស៣ប្រភេទ គឺសិស្សជាអាជីព សិស្សស្វែងយល់ និងសិស្សស្រលាញ់ការសិក្សារៀនសូត្រពីសិល្បៈចាប៉ី។ ក្នុងចំណោមសិស្សទាំងជាង២០០នាក់នោះមានសិស្សអាជីពតែជាង១០នាក់ទេ។
សហគមន៍ចាប៉ីអមតៈ និងសិស្សគណប្រមាណជាង៣០នាក់នឹងទៅចូលរួមពិធីបុណ្យសពលោកព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាការទៅសុំខមាលទោស និងក្រាបថ្វាយបង្គំលាជាចុងក្រោយ លាជារៀងរហូតនៅទីតម្កល់សពរបស់លោកក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃអាទិត្យទី៣០ ខែមិថុនា។
សពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ នឹងត្រូវបញ្ចុះនៅព្រឹកថ្ងៃចន្ទទី១ ខែកក្កដា ឆ្នាំ២០២៤ ហើយពិធីបុណ្យ៧ថ្ងៃនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី៣និងទី៤ ខែកក្កដា នៅគេហដ្ឋានរបស់លោក៕