សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវកំពុងស្ទាក់ស្ទើរយល់ព្រមក្នុងការផ្លាស់ប្ដូរទីលំនៅ

កាលពីចុងខែកញ្ញា ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិផ្សារតូច ខណ្ឌឫស្សីកែវ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅទៅកាន់ជាយក្រុងភ្នំពេញ ក្រោយពីរងសម្ពាធជាច្រើនខែពីអាជ្ញាធរដើម្បីយកទីតាំងសម្រាប់ការអភិវឌ្ឍ។ រូបភាពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
កាលពីចុងខែកញ្ញា ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិផ្សារតូច ខណ្ឌឫស្សីកែវ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅទៅកាន់ជាយក្រុងភ្នំពេញ ក្រោយពីរងសម្ពាធជាច្រើនខែពីអាជ្ញាធរដើម្បីយកទីតាំងសម្រាប់ការអភិវឌ្ឍ។ រូបភាពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រោយ​ពី​បាន​តស៊ូជំទាស់​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​ផ្លាស់ទី​លំនៅ​អស់​ជា​ច្រើន​ខែ អ្នក​ស្រី គីម ហេង បាន​ចាប់​ផ្ដើម​រុះរើ​ផ្ទះ​របស់​ខ្លួន​ដែល​បានសាងសង់ជិត​៤ទសវត្សន៍​ ដើម្បី​រៀប​ចំទៅ​សាងសង់ជា​​ថ្មី​ជាមួយ​នឹង​កំណាត់​ឈើ និង​ស័ង្កសីនៅ​លើ​ទី​តាំង​ថ្មីដែល​នៅ​ឆ្ងា​យ​ពី​ទី​តាំងបច្ចុប្បន្ន​។​​

មិន​ខុស​ពី​អ្នក​ភូមិ​នជា​ច្រើន​ទៀត​ដែរ អ្នក​ស្រី​ ហេង ដែល​កំពុង​រស់​នៅ​ភូមិ​ផ្សារ​តូច ក្នុង​ខណ្ឌ​ឫស្សី​កែវ​រូប​នេះ បាន​យល់​ព្រម​ផ្លាស់​ប្ដូរ​លំនៅ​ដ្ឋាន​កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ ក្រោយ​ពី​រង​សម្ពាធពី​អាជ្ញាធរ​អស់​ជា​ច្រើន​ខែ​ក្នុង​ការ​បណ្ដេញ​គ្រួសារ​ជា​ច្រើន​ចេញ​ទី​តាំង​នៅ​ជាប់​មាត់​ទន្លេ ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វារ​ ក្នុង​សង្កាត់​ទួល​សង្កែ​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​បាន​រស់​នៅទី​នេះ​តាំងពី​ឆ្នាំ​១៩៨១ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជម្រើស»។​

អ្នកស្រី ហេង​ និង​អ្នក​ភូមិ​របស់​អ្នក​ស្រី ​មិន​ដែល​បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ​លើ​ផ្ទះ​សម្បែង ​ ហើយ​ក៏​​ងាយ​រង​គ្រោះ​នឹង​ការ​បញ្ចេញ​ចេញដែរ​​។ អ្នក​ទាំង​នោះ​បាន​ទទួលដំណឹង​ពី​ការ​បណ្ដេញ​ចេញ​​កាលពី​ខែ​កក្កដា​។ ខណៈ​ដែល​កាល​នោះ​មាន​គ្រួខសារ​តែ​១០ ប៉ុណ្ណោះ​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ អាជ្ញាធរ​ក៏​បាន​ចាប់​ផ្ដើរុះ​រើ​ផ្ទះ​ប្រជា​ពល​រដ្ឋ និង​បាន​គំរាម​ចាប់​ប្រជា​ពល​រដ្ឋ​ណា​ដែល​រស់​នៅ​ដោយ​ខុសច្បាប់​នៅ​តំបន់​នោះ​។​

បើ​តាម​តំណាង​សហគម ស៊ិន សុខហួត បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ប្រហែល​ ៨០​​ភាគ​រយ នៃ​ប្រជា​ពល​រដ្ឋ​សរុប​ ៣០០​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ផ្សារ​តូច​បាន​យល់ព្រម​ទទួល​សំណង​ដី​នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ ​ដែល​មាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់​​។​

លោក ប្រាជ្ញ សីហា អភិបាល​រង​ខណ្ឌ​ឫស្សី​កែវ បានបញ្ជាក់​ថា​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ផ្សារ​តូច​នឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​រស់​នៅ​សង្កាត់​សំរោង ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លើស​ពី​នេះ​។​

សុខហួត ឲ្យ​ដឹង​ថា គ្រួសារ​ជាច្រើន​បាន​យល់ព្រម​ទទួល​សំណង​​ជា​លក្ខណៈ​បុគ្គល​ជាមួយ​អាជ្ញាធរ​ខណ្ឌ ហើយ​បាន​ទទួល​សំណង​ជា​ដីមួយ​ប្លង់ និង​សំណង​ជា​ប្រាក់ ដោយ​ផ្អែក​លើ​ទំហំផ្ទះ និង​ដី​ដែល​មាន​នៅ​ផ្សារ​តូច​។​ ​ប្រ​ជាពល​រដ្ឋ​ទាំង​នោះ​នៅ​មិន​ទាន់​រើ​លំនៅ​ទៅទីតាំង​ថ្មី​នៅ​ឡើយ ដោយសារ​ទី​តាំង​ថ្មី​កំពុង​រៀប​ចំ​។​

សុខហួត បាននិយាយថា៖ «មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​បដិសេធទទួល​សំណង​ដោះដូរជា​​ដី ពីព្រោះ​ពួក​គេ​យល់​ថាខ្លួនមាន​ប្រាក់គ្រប់​គ្រាន់​​សម្រាប់​សង់​ផ្ទះ​ថ្មី»។ សុឃួន បន្ត​ថា៖ «​ដូច​នេះ​ហើយ​បាន​ជា​ពួកគាត់​​ស្នើ​សុំជា​សាច់​ប្រាក់វិញ ​ដើម្បី​ទុក​រក​ស៊ី ឬ​រក​ទីតាំង​រស់​នៅ​ដោយ​ខ្លួន​ឯង​»។​

ការ​ផ្លាស់លំនៅ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​​ផ្សារ​តូច​ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំសោភណ្ឌ​ភាព​មាត់​ទន្លេ​រាជធានីភ្នំពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក រាជ​ ផាវឿន ចៅសង្កាត់​ទួល​សង្កែ ១។

អ្នកស្រី គឹម ហេង ជា​អ្នក​ភូមិ​ដែល​រស់​នៅ​ទី​តាំង​បច្ចុប្បន្ន​យូរ​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ទទួល​សំណង​ថ្លៃ​ផ្ទះ​ចំនួន ៦ ០០០​ដុល្លារ និង​ដី​ពីរ​ប្លង់​នៅ​សង្កាត់​សំរោង​ដោយ​ដីមួយ​ប្លង់​មាន​ទំហំ ៤,២ម៉ែត្រ គុណ​នឹង​ ១៨​ម៉ែត្រ​។​

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​មិន​គិត​ថា​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​​ធ្វើ​ផ្ទះ​ថ្មី​នៅ​ទីតាំង​ថ្មី​ទេ…​ខ្ញុំ​ចង់​បាន​សំណង​ច្រើន​ជាង​នេះ»។​

អ្នកស្រី​មាន​ប្រសាសន៍ទៀត​ថា អ្នកស្រីបាន​យក​ប្លង់​ដី​មួយ​ប្លង់​នៅ​ទីតាំង​ថ្មីក្នុង​សង្កាត់​សំរោងដាក់​បញ្ចាំ​នៅ​ធនាគារ​យក​ប្រាក់ ៥ ០០០​ដុល្លារ សម្រាប់​សង់​ផ្ទះ​ថ្មី​​នៅ​ទី​នោះ​។​ កូន​អ្នកស្រី ហេង ដែល​កំពុង​រស់​នៅ​ផ្សារ​តូច​ដែរ​នោះ ទំនង​ជា​ត្រូវ​ជួល​បន្ទប់​នៅ​ក្នុង​ក្រុង​បន្ត​ទៀត ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​។​

អ្នកស្រី ហេង ក៏​មាន​គម្រោង​យក​ចៅ​ទាំង​ប្រាំពីរ​ទៅ​រស់​នៅ​​សង្កាត់​សំរោងដែរ​ ប៉ុន្តែ​បារម្ភ​ថា​ពួកគេ​នឹង​អាច​ឆ្ងាយ​ពី​សាលារៀន និង​បារម្ភ​ពីសុវត្ថិភាព​ពេល​ទៅ​នៅ​ឆ្ងាយ​។​ អ្នក​ស្រី​ថា នៅ​ទីនោះក៏​​មិន​មាន​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​នោះ​ដែរ​។​

អ្នកស្រី ហេង ក៏​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា អ្នក​ស្រី​នឹង​អាច​ទ្រទ្រង់​ជីវភាពគ្រួសារ​បាន​ឬអត់ ពេល​ទៅ​រស់​នៅ​សង្កាត់​សំរោង​។ ប្រ​ភព​ចំណូល​សំខាន់​របស់​អ្នក​ស្រី គឺបានពី​ផ្សារ​តូច ជាទី​ដែល​អ្នកស្រី​បាន​​លក់​ភេសជ្ជៈ និង​ប្រើ​ផ្ទះ​អ្នក​ស្រី​សម្រាប់ជួល​​​ដាក់​ម៉ូតូ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​។​

អ្នកស្រី​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ដឹ​ង​ថា​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​នៅទី​នោះ​ទេ[នៅ​សង្កាត់សំរោង] ព្រោះ​នៅ​ទី​នោះ​អត់​មាន​ផ្សារ ហើយ​ក៏​មិន​មាន​មនុស្ស​ច្រើន​ដែរ ក្រៅ​ពី​ប្រជា​ពល​រដ្ឋ​ប្រហែល​ ៣០​គ្រួសារ​ដែល​កំពុងរស់​នៅទី​នោះ​ស្រាប់»។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​​រៀបចំ​ឲ្យ​អ្នក​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​លំនៅ​​អាច​ទទួល​បាន​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​នានា​។​

លោក​បន្ថែមថា៖ «​វា​ដូចជា​ការ​ចាប់​ផ្ដើម​ថ្មី​អីចឹង​សម្រាប់​ពួកគាត់»។ លោក​បន្ត​ថា៖ «ដូច​នេះ​អាជ្ញាធរ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់ និង​ដឹង​ពី​តម្រូវ​ការ​ដែល​ពួកគាត់​ត្រូវ​ការ… ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​សាលារៀន មន្ទីរពេទ្យ និង​អ្វី​ដែល​សំខាន់ គឺ​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ គាំ​ទ្រ​ដល់​ការ​ចាប់​ផ្ដើម​ជីវិត​ថ្មី​របស់​ពួកគាត់»។​

ខណៈ​កំពុង​រង់​ចាំ​ពេល​វេលា​ផ្លាស់​ប្ដូរ​លំនៅ អ្នកស្រី ហេង បាន​រុះរើ​ជញ្ជាំង​ផ្ទះ​ផ្នែក​ខាង​ក្រោយ​រួច​ហើយ ប៉ុន្តែ​ថា​ពេល​នេះ អ្នកស្រី​ទុក​តែ​ផ្នែក​ខាង​មុខ​សម្រាប់​ជ្រក​កោន​មួយ​រយៈ​ ជា​ពេល​ចុង​ក្រោយ​សម្រាប់​ការ​រស់​នៅក្នុង​​ផ្សារ​តូច​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Embattled Russei Keo Residents Reluctantly Agree to Relocate

395 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម