ភាគីតំណាងថៅកែរោងចក្របានសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចារប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពួកគេមិនហ៊ានដំឡើងរយៈពេលពីរឆ្នាំកន្លងមក ខណៈប្រាក់ខែគោលកម្មករបច្ចុប្បន្នត្រឹមតែ១៩៤ដុល្លារ ប៉ុន្តែភាគីតំណាងកម្មករទាមទារចំនួន២១៣ដុល្លារ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមមានសហជីពតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងរដ្ឋាភិបាល បានជួបជជែកគ្នាជាលើកទី៣ នៅថ្ងៃពុធ ទី៣១ ខែសីហានេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និងនិយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៣។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ភាគីនិយោជកបានបង្ហាញសញ្ញាវិជ្ជមាន ដោយដំឡើងប្រាក់ឈ្នួលបន្ថែម២ដុល្លារពីលើប្រាក់ខែគោលបច្ចុប្បន្ន១៩៤ដុល្លារទៅជា១៩៦ដុល្លារ សម្រាប់ការចរចាលើកទី៣នេះ ប៉ុន្តែភាគីសហជីពទាមទារដំឡើង២១៣ដុល្លារ ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ១៩៧,៨៦ដុល្លារ។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ភាគីតំណាងកម្មករនិយោជិត ក្រោយបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន៣លើក បានបន្ថយតួលេខពីចំនួន២១៥ដុល្លារអាមេរិកមកត្រឹមតួលេខ ២១៣ដុល្លារ ជាមូលដ្ឋានក្នុងការចរចាវិញ។
នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃ៣១ សីហា ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក។
ទន្ទឹមនឹងនេះ តាមលក្ខណៈបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារ។
ជុំវិញករណីនេះ លោកណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាវាយនភណ្ឌ គឺស្ថិតនៅក្រោមគោលការណ៍ច្បាប់ ដោយនៅក្នុងច្បាប់បាននិយាយយ៉ាងច្បាស់ពីលក្ខខណ្ឌបច្ចេកទេសទាំង៧ចំណុច ដូច្នេះមិនមានភាគីណាទៅរំលោភលើភាគីណាឡើយ។
លោកបញ្ជាក់ថា ខាងតំណាងនិយោជក នៅតែរក្សាតួលេខចំនួន១៩៦ដុល្លារដដែល ដោយយោងទៅតាមការសិក្សា និងវាយតម្លៃពីអ្នកជំនាញជាក់ស្ដែង ដូច្នេះមិនអាចដំឡើងតាមការទាមទាររបស់ភាគីសហជីពឡើយ។
លោកឆ្លើយថា៖ «វាមិនដែលទៅឱ្យភាគីមួយទៀតយកតួលេខរបស់យើង ខ្ញុំមានតួលេខរបស់ខ្ញុំ ការសិក្សាស្រាវជ្រាវរបស់ខ្ញុំមន្ត្រីជំនាញរបស់ខ្ញុំ មិនអាចឱ្យខ្ញុំទៅយកតួលេខគាត់ យោគយល់គាត់ម៉េចកើត»។ លោកសុធី បន្តថា៖«លទ្ធភាពដែលយើងអាចដំឡើងបានគឺតួលេខម្សិលមិញហ្នឹងហើយ១៩៦ ទៅអនាគតយើងនឹងពិចារណាលម្អិតបន្តទៀត»។
ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ឃើញថា តួលេខប្រាក់ឈ្នួលដែលខាងនិយោជកដំឡើងឱ្យកម្មករត្រឹម១៩៦ដុល្លារ បង្ហាញពីការមិនបានសិក្សាឱ្យស៊ីជម្រៅអំពីស្ថានភាពនៃការរស់នៅរបស់កម្មករ ការចំណាយប្រចាំថ្ងៃ ស្របពេលដែលទំនិញឡើងថ្លៃសព្វបែបយ៉ាង។
អ្នកស្រីបន្តថា៖ «ខ្ញុំគិតថាមិនមានមូលដ្ឋានច្បាស់លាស់ទេ ព្រោះនិយោជកអត់បានពន្យល់ហេតុផល និងទឡ្ហីករណ៍នៃការដំឡើងទេ គ្រាន់តែលើកពីអំណះអំណាងផ្ទាល់មាត់ អត់មានលិខិតស្នាមត្រឹមត្រូវទេ»។
អ្នកស្រីបន្ថែមថា ការស្នើដំឡើងប្រាក់ឈ្នួលត្រឹម២១៣ដុល្លារ គឺយោងទៅតាមទិដ្ឋភាពជាក់ស្ដែង លក្ខណៈវិនិឆ្ឆ័យច្បាស់លាស់ ដូចជាអតិផរណាទីផ្សារ កត្តាសេដ្ឋកិច្ច បញ្ហាប្រឈមក្នុងគ្រួសាររបស់កម្មករនិយោជិត។ អ្នកស្រីរំពឹងថា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ នឹងកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារតែឆ្នាំចាស់មិនបានដំឡើងប្រាក់ឈ្នួល និងឆ្នាំនេះជាឆ្នាំនៃការបោះឆ្នោតផង។
លោកឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ យល់ឃើញថា តួលេខនៃការដំឡើង មិនមានការខុសប្លែកគ្នាឡើយពីឆ្នាំកន្លងទៅ តែអ្វីដែលសំខាន់ការដំឡើងប្រាក់ឈ្នួលនោះ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពសង្គម សេដ្ឋកិច្ច និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាមូលដ្ឋានរបស់កម្មករ និយោជិតឬយ៉ាងណា។
លោកថ្លែងថា៖ «នៅក្នុងច្បាប់ស្ដីពីការងារ មាត្រា១០៤និយាយច្បាស់អំពីប្រាក់ឈ្នួលអប្បបរមា ដែលធានាទៅដល់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់និយោជិត ដូច្នេះប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យវាយនភណ្ឌកាត់ដេរស្បែកជើងនេះ មិនទាន់ជាប្រាក់ឈ្នួលដែលធានាទៅដល់ប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់កម្មករនៅឡើយទេ»។
លោក ថារ៉ូ បន្ថែមថា ក្រៅតែពីទទួលបានប្រាក់ខែគោលមិនទាន់សមរម្យ កម្មករនិយោជិត បាត់បង់អត្ថប្រយោជន៍មួយចំនួន ដោយសារតែថ្ងៃឈប់សម្រាកប្រចាំឆ្នាំ២០២៣ ភាគច្រើនចំថ្ងៃអាទិត្យ ដោយមិនមានការលើកថ្ងៃ ដូច្នេះពួកគេខាតប្រមាណ៩៨ដុល្លារក្នុងមួយឆ្នាំ។
លោក ថារ៉ូ អះអាងថា ការទាមទារប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះនៅមានកម្រិត ដោយសារតែសម្លេងសហជីពឯករាជ្យចូលតុចរចាជាមួយនិយោជក មានសម្លេងតិចបំផុត ដែលធ្វើឱ្យឥទ្ធិពលនៃការចរចាមិនសូវមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «ចង់មិនចង់នៅពេលដែលការបោះឆ្នោតជាសម្ងាត់ ចឹងសហជីពឯករាជ្យគាត់មានតែ២ ទៅ៣សំឡេងក្នុងហ្នឹង ចឹងសំឡេងដ៏លើសលប់នៃតំណាងឱ្យសហជីពមាននិន្នាការទៅរាជរដ្ឋាភិបាល និងតំណាងភាគីនិយោជក វាលើសលប់ទៅហើយ»។
សូមរំលឹកដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២២ គឺមានតួលេខ១៩៤ដុល្លារក្នុងមួយខែ ដោយសារតែភាគីថៅកែមិនបានដំឡើងប្រាក់ឈ្នួល ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម២ដុល្លារទៅលើប្រាក់ខែគោលដែលបានកំណត់ធ្វើឱ្យប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២២ កើនដល់១៩៤ដុល្លារ៕