សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនបរិស្ថានសម្ដែងកង្វល់អំពីការបាត់បង់ធនធានធម្មជាតិ

សកម្មជន​បរិស្ថាន​ដែល​ភាគ​ច្រើន​ជា​យុវជន ​សម្ដែង​ក្ដី​កង្វល់​អំពី​ផលប៉ះពាល់​នៃ​ការ​អភិវឌ្ឍ ការ​បាត់បង់​ធនធាន​ធម្មជាតិ ដែលនាំមក​នូវ​បម្រែបម្រួល​​​អាកាសធាតុ ក៏​ដូច​ជា​ហេតុ​ដែល​នាំ​ឱ្យ​កើនឡើង​នូវ​​កម្ដៅ​នៃ​ភពផែនដី ។ ​​ក្ដី​កង្វល់​របស់​ក្រុម​យុវជនបានត្រូវ​បាន​បង្ហាញ​តាម​រយៈ​យុទ្ធនាការ​ និង​កម្មវិធី​​​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​២០២៤ ក្រោម​ប្រធាន​បទ “សុខមាលភាព​ពិភពលោក​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង” ។ ជាសកល ទិវា​បរិស្ថាន​ពិភពលោក​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ប៉ុន្តែ​ដើម្បី​សម្រួល​តាម​ពេល​វេលា​និង​លទ្ធភាព​របស់​អ្នក​ចូលរួម សកម្មជន និង​អ្នក​រៀបចំកម្មវិធី មក​ពី​​សមាគម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ បាន​មូល​មតិ​គ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោកក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​ ទី​២ ខែ​មិថុនា ។ តំណាង​គណបក្ស​នយោបាយចំនួន​បី​​បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវាបរិស្ថាន​ពិភពលោក គឺ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច គណបក្ស​ ឆន្ទៈខ្មែរ និង​គណបក្ស​ កម្លាំង​ជាតិ ។ អ្នក​រៀបចំ​កម្មវិធី​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ក៏​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ដែរ ប៉ុន្តែ​តំណាង​រូប​នោះ​ជាប់​រវល់​បំពេញ​បេសកកម្ម ។

69 views