សកម្មជនបរិស្ថានវ័យក្មេងប្រមាណ៣០នាក់បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ឱ្យជំរុញទៅស្ថាប័នអយ្យការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកអ្នកផ្ដើមគំនិត និងអ្នកពាក់ព័ន្ធលើឃាតកម្មលោក ឈុត វុទ្ធី មកផ្ទន្ទាទោសតាមច្បាប់ បន្ទាប់ពីគាត់ត្រូវបានគេធ្វើឃាតអស់រយៈពេល១១ឆ្នាំមកហើយ ត្បិតក្រុមសកម្មជនជឿថាមិនទាន់រកឃើញឃាតកពិត។
អស់រយៈពេល១១ឆ្នាំមកហើយ ដែលសកម្មជនព្រៃឈើដ៏សកម្ម គឺលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅពេលដែលលោកចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង ប៉ុន្តែរឿងក្ដីនេះ នៅតែមានសកម្មជនបរិស្ថាន និងសង្គមស៊ីវិល ទទូចឱ្យស្ថាប័នពាក់ព័ន្ធបន្តស៊ើបអង្កេត ដើម្បីកំណត់នូវអត្តសញ្ញាណអ្នកពាក់ព័ន្ធពិតប្រាកដមកទទួលខុសត្រូវចំពោះមុខច្បាប់។
នៅថ្ងៃពុធ ទី២៦ ខែមេសា នេះ គឺជាថ្ងៃគម្រប់ខួប១១ឆ្នាំនៃការស្លាប់របស់លោកឈុត វុទ្ធី។ ក្រុមសកម្មជនបរិស្ថានបាន ដាក់ញត្តិមួយច្បាប់ទៅក្រសួងយុត្តិធម៌ ដើម្បីស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឱ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មក្នុងឆ្នាំ២០១២ ។
ក្នុងញត្តិនោះ ក្រុមយុវជនបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ គឺមានរយៈពេល ១១ឆ្នាំហើយ ដែលលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនព្រៃឈើដ៏ឆ្នើមមួយរូប ដែលធ្វើការងារបណ្តុះបណ្តាល អប់រំ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានឱ្យយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ត្រខេត្តកោះកុង ។
ប្រភពដដែល បន្តទៀតថា លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត កំពុងបំពេញ បេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាកន្លែងដែលលោកបានជីកកកាយអំពីសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់ ។
ជុំវិញករណីនេះ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ ដែលបានចូលរួមដាក់ញត្តិ បានលើកឡើងថា ការស្លាប់របស់លោក ឈុត វុទ្ធី នៅតែជាអាថ៍កំបាំង ត្រង់ថាចំណាញ់ច្បាប់មិនអាចស្វែងរកឃាតកពិតប្រាកដ ដើម្បីមកទទួលខុសត្រូវតាមច្បាប់។
លោក សារ៉ាយ លើកឡើងថា៖ «មកដល់ពេលនេះ យើងសកម្មជនបរិស្ថាន សង្គមស៊ីវិល នៅតែមិនទាន់ជឿថាជនល្មើសដែលចាប់បាននោះ ជាជនល្មើសពិតប្រាកដ ឬក៏តែឯងនោះទេ»។
លោក សារ៉ាយ បន្ថែមទៀតថា យុត្តិធម៌នឹងមានពិតប្រាកដនៅពេលដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្វែងរកឃើញអ្នកពាក់ព័ន្ធ និងអ្នកផ្ដើមគំនិត ក្នុងករណីឃាតកម្មសម្លាប់លោក ឈុត វុទ្ធី។
លោក សារ៉ាយ បន្ថែមថា៖«ការវែកមុខជនល្មើសពិតប្រាកដ ផ្ដល់យុត្តិធម៌សម្រាប់គាត់ និងក្រុមគ្រួសារគាត់ ក៏ដូចជាពួកយើងដែលជាអ្នកគោរពស្រលាញ់ទាំងអស់គ្នា»។
ជាសកម្មជនបរិស្ថានវ័យក្មេងម្នាក់ កញ្ញា ធួន ស្រីពៅ អាយុ២១ឆ្នាំ ប្រាប់ឱ្យដឹងថា ការយកញត្តិមកដាក់នៅក្រសួងយុត្តិធម៌នៅថ្ងៃគម្រប់ខួប១១ឆ្នាំនៃការស្លាប់របស់លោកឈុត វុទ្ធី គឺដើម្បីរកយុត្តិធម៌ពិតជូនលោក ឈុត វុទ្ធី។
កញ្ញា ស្រីពៅ ឱ្យដឹងថា៖ «ពួកយើងជាយុវជនជំនាន់ក្រោយមើលឃើញថា ហាក់បីដូចជាមិនមានយុត្តិធម៌សម្រាប់គាត់ [ឈុត វុទ្ធី] រហូតដល់១១ឆ្នាំហើយអត់មានព័ត៌មានអីទាក់ទងនឹងអ្នកផ្ដួចផ្ដើមធ្វើឃាតលោកទេ»។
ចំណែក កញ្ញា ឡុង គន្ធា សកម្មជនបរិស្ថានម្នាក់ទៀត ថ្លែងថា មានតែស្ថាប័នអយ្យការទេ ដែលអាចដាក់ពាក្យបណ្ដឹងអាជ្ញា បើកការស៊ើបអង្កេតដោយឯករាជ្យជុំវិញឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ត្បិតរយៈពេល១១ឆ្នាំមកហើយ កញ្ញាជឿថាឃាតកពិតនៅមិនទាន់រកឃើញនៅឡើយ។
កញ្ញា គន្ធា និយាយថា៖ «ខ្ញុំជឿថារដ្ឋាភិបាលអាចស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធីបាន តែ១១ឆ្នាំហើយដែលករណីលោក ឈុត វុទ្ធី អូសបន្លាយមិនទាន់បានឃើញពន្លឺនៃភាពយុត្តិធម៌»។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលនូវការលើកឡើងរបស់ក្រុមយុវជន និងអះអាងថាការដាក់ញត្តិរបស់ក្រុមសកម្មជនបរិស្ថានមិនមានមូលដ្ឋានច្បាស់លាស់ និងបង្កប់របៀបវារៈនយោបាយបាំងមុខ។
លោក ម៉ាលីន មានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថាក្រុមយុវជននេះធ្វើឡើងដោយមានចេតនាអ្វីឱ្យពិតប្រាកដនោះទេ ឬជារបៀបវារៈនយោបាយ ដោយសាតែវាជិតដល់ការបោះឆ្នោតចូលមកដល់ ហើយរឿងក្តីនេះក៏បានបិទបញ្ចប់ហើយដែរ»។
លោក ម៉ាលីន បន្តថា ប្រសិនបើក្រុមយុវជននោះ មិនពេញចិត្តនឹងការកាត់ក្ដីរបស់តុលាការ គប្បីបង្ហាញសក្ខីកម្មរឹងមាំដែលអាចបញ្ជាក់ថាការសម្រេចរបស់តុលាការមិនត្រឹមត្រូវ មិនមែនធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
លោក ម៉ាលីន បន្ថែមថា៖ «ជាគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជាប្រសិនបើមិនពេញចិត្ត ឬមានភស្តុតាងផ្ទុយ ឬក៏សក្ខីកម្មថ្មីដែលរឹងមាំ ហើយអាចបញ្ចាក់បានថាការសម្រេចថាមិនត្រឹមត្រូវនោះអាចធ្វើការដាក់បណ្តឹងសើរើបាន»។
លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសលោក វុទ្ធី ថ្លែងប្រាប់មកអ្នកសារព័ត៌មានតាមរយៈប្រព័ន្ធអ៊ិនធឺណេតពីសហរដ្ឋអាមេរិកថា ការស្លាប់របស់ឪពុករបស់លោក នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយរយៈពេល១១ឆ្នាំមកនេះ។
លោក ឧត្តមរស្មី បន្តថា៖ «រយៈពេល១១ឆ្នាំមកនេះ ខ្ញុំ គ្រួសារខ្ញុំ និងប្រជាជនខ្មែរមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដជុំវិញឃាតកម្មមួយនេះទេ»។
លោក ឧត្តមរស្មី សម្ដែងការខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនបានអើពើក្នុងការស្វែងរកមុខ ឃាតកពិត និងអ្នកបញ្ជានៅពីក្រោយនៃការបញ្ជាឱ្យបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយលោកជឿថា អ្នកនៅពីក្រោយនៃឃាតកម្មនេះ គឺជាមន្រ្តីមានអំណាច។
លោក ឧត្តមរស្មី បន្ថែមថា៖ «រយៈពេល១១ឆ្នាំដែលយើងតស៊ូមតិទាំងផ្នែកច្បាប់ និងតាមបណ្ដាញសង្គមនានា ក៏មិនទាន់ឃើញរដ្ឋាភិបាលសើរើជនដៃដល់ដែលបញ្ជាសម្លាប់លោក ឈុត វុទ្ធី»។
យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ករណី ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា រកឃើញដោយប្រព័ន្ធជូនដំណឹង ដែលក្នុងនោះមាន០.៣៨ភាគរយ គឺជាការជូនដំណឹងគួរឱ្យជឿជាក់បាន៕