ទាំងមន្ត្រីរដ្ឋាភិបាល ទាំងអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្ត ក៏ដូចជាសកម្មជនបរិស្ថាន សុទ្ធតែបានបង្ហាញនូវការតាំងចិត្ត ខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលស្អាត និងកាត់បន្ថយបាននូវការបំពុលបរិស្ថាន តាមរយៈការចូលរួមសកម្មភាពបរិស្ថាន ការផ្លាស់ប្ដូរឥរិយាបទ ពលរដ្ឋមានការយល់ដឹងអំពីការទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងឱកាស ទិវាសម្អាតពិភពលោកនៅកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ “កម្ពុជាស្អាត” ដោយលោកព្រមានធ្ងន់ៗ អំពីវិធានការជាក់ស្ដែង ជាពិសេស ចំពោះការបំពុលបរិស្ថាន ។
នាយកប្រតិបត្តិនៃអង្គការ សំអាតទន្លេ សមុទ្រ (ROC) លោក នូ សុវណ្ណ បានឱ្យដឹងថា ទិវាសំអាតពិភពលោកលើកទី៧ កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រារព្ធក្រោមកិច្ចសហការជាមួយក្រសួងចំនួន ៧ គឺក្រសួងបរិស្ថាន ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ: ក្រសួងធម្មការ និងសាសនា និង ២៥ រាជធានី-ខេត្តក្រុង ។
ជាតួលេខបឋមមានអ្នកស្ម័គ្រចិត្តចូលរួមចំនួនប្រមាណជាង ១ លាននាក់ ក្នុងថ្ងៃប្រារព្ធទិវានៅទូទាំងប្រទេសកម្ពុជា រួមជាមួយប្រទេសចំនួន ១៩៨ ទៀតលើពិភពលោក ៕