សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សហភាពអឺរ៉ុបនិងកម្ពុជា ចាប់ផ្តើមដំណើរការកម្មវិធីគំនិតផ្តួចផ្តើមអប់រំបច្ចេកទេសដែលមានទឹកប្រាក់៥៣លានដុល្លារ

លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិនិងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំធ្វើទស្សនកិច្ចនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិនិងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំធ្វើទស្សនកិច្ចនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកម្មវិធីថ្មីចំនួនបួន ដែលត្រូវបានរៀប​ចំ​ឡើង ដើម្បីលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពថាម​ពល​នៅក្នុងប្រទេស រួមទាំងគំនិតផ្តួចផ្តើមដែល​មាន​ទំហំទឹកប្រាក់​៥៣,១​លានដុល្លារ ដើម្បីកែលម្អការអប់រំបច្ចេកទេស។ គំនិតផ្តួចផ្តើមកម្មវិធី​អប់រំនេះ ដែល​ជាផ្នែក​នៃយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប ផ្តោតលើការផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពក្នុងវិស័យបៃតង និងឌីជីថល​។

 លោកស្រី Jutta Urpilainen ស្នងការសហភាព​អឺរ៉ុបទទួល​បន្ទុក​កិច្ច​ការ​ភាពជាដៃគូអន្តរជាតិបានមាន​ប្រសាសន៍​នៅក្នុងសន្និសីទសារព័ត៌មាននៅវិទ្យាល័យចំ​ណេះទូទៅ​និង​បច្ចេកទេស​ជម្ពូវ័នក្នុងរាជធានីភ្នំពេញថា៖ «ការអប់រំគឺជាគន្លឹះ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីធានាថា យុវជនកម្ពុជានៅតែចង់ដឹង បើកចិត្តទូលាយ អត់ធ្មត់ និងមានចំណាប់អារម្មណ៍លើការរកឃើញថ្មីៗ​»។

 លោកស្រីបានបន្ថែមថា៖ «ខ្ញុំ​ជឿជាក់​ថា ​នេះ​ជា​មធ្យោបាយ​​តែ​មួយ​គត់ ​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេសកម្ពុជា​»។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ភាព​ជាដៃគូជាមួយសហភាពអឺរ៉ុបនឹងជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតការ​ងារ​នៅក្នុងប្រទេសកម្ពុជា។

 លោកបាន​បន្ថែម​​ថា៖ «ខ្ញុំជឿជាក់​​ថា ការវិនិយោគទាំង​អស់​នេះ​លើវិស័យ​អប់រំ ជំនាញ និងការស្រាវជ្រាវ ក៏អាចទាក់ទាញក្រុមហ៊ុនអឺរ៉ុបបន្ថែមទៀត ដើម្បីផ្តល់ការងារដែលមាន​គុណភាពខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការអភិវឌ្ឍបៃតងនិងឌីជីថល របស់ប្រទេសកម្ពុជា​»។ 

ភាពជាដៃគូអប់រំនឹងរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ រួមទាំងការផ្តល់​មូលនិធិសាងសង់​អគារសិក្សាសម្រាប់សាលាបច្ចេកទេស និងវិជ្ជាជីវៈ សម្ភារៈ​ និងមន្ទីរពិសោធន៍ជាក់ស្តែង។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីបង្កើនសមភាពយេនឌ័រនៅក្នុងវិស័យឌីជីថលនិងក្នុង​វិស័យ​ដែល​ផ្តោតលើអាកាសធាតុ។ គំនិតផ្តួចផ្តើមនេះមានបំណង​កសាងសមត្ថភាពសម្រាប់ការអប់រំថ្នាក់​មធ្យមសិក្សា និងឧត្តមសិក្សាលើ​ផ្នែកមេកានិច វិទ្យាសាស្ត្រកុំព្យូទ័រ អេឡិចត្រូនិក និងការ​កែច្ឆៃ​ចំណី​​អាហារ។ 

កម្មវិធីផ្លាស់ប្តូរការសិក្សា​ក៏នឹងត្រូវទទួល​បាន​មូលនិធិផងដែរ ដោយមានអ្នកជំ​នាញ​​អឺរ៉ុបមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចអ្នក​ជំនាញ​កម្ពុជាធ្វើដំណើរទៅបង្រៀន និង​​សិក្សានៅអឺរ៉ុបផងដែរ​។ គម្រោងនេះនឹងផ្តល់អាហារូបករណ៍ដល់និស្សិតបច្ចេកទេស និងនិស្សិតសិក្សា​​ជំនាញ​ស្ទែម​​ (STEM) និងជួយសម្រួលដល់ការចូលរួមរបស់និស្សិតជាមួយនឹងអាជីវកម្មនៅក្នុងឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកាត់ដេរ។ 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​មូលនិធិ​​ជួយ​ប្រ​ព័ន្ធ​​អប់រំ​របស់​កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០០មក សហភាពអឺរ៉ុបបានផ្តល់​ទឹក​ប្រា​ក់​ជាង៣០០​លានដុល្លារសម្រាប់​កំណែទម្រង់វិស័យ​អប់រំ នេះបើយោងតាមក្រ​សួង​អប់រំ។ ក្រៅ​ពី​ជួយ​ដល់​គម្រោងអប់រំ លោកស្រី Urpilainen បានសម្រេច​កម្មវិធីចំនួនបីផ្សេងទៀតជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ជាមួយ​ទឹកប្រាក់​១៨,៤លានដុល្លារសម្រាប់​ការលើកកម្ពស់ប្រព័ន្ធកសិកម្ម និងចំណី​អាហារ ទឹក​ប្រាក់​៦,៥លានដុល្លារ​សម្រាប់ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព និងទឹកប្រាក់​៧,៦លានដុល្លារសម្រាប់​កម្មវិធីផ្តោតលើវិស័យពាណិជ្ជកម្ម និងវិស័យឯកជន។

 លោកស្រី ឃួន វិច្ឆិ​កា​ អ្នកនាំពាក្យក្រសួងអប់រំមានប្រសាសន៍ថា បច្ចុប្បន្នមានវិទ្យា​ល័យចំនួន២១ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​នៅ​ក្នុងខេត្តចំនួន១៩។ សិស្ស៣៥០០នាក់​នៅសាលាទាំងនេះសិក្សាផ្នែកអេឡិចត្រូនិច មេកា​និច វិទ្យាសាស្ត្រកុំព្យូទ័រ និងការអភិវឌ្ឍកសិកម្មបន្ថែមលើការអប់រំចំណេះ​ទូទៅរបស់ពួកគេ។

 ប៉ុន្តែកម្មវិធីទាំងនេះ​កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងកង្វះគ្រូសម្រាប់វគ្គសិក្សាជំនាញទាំងនេះ និងកង្វះឧបករណ៍ដែលចាំបាច់​។ ខេត្តបាត់ដំបង ឧត្តរមានជ័យ កែប រតនគិរី ប៉ៃលិន និងខេត្ត ពោធិ៍សាត់ បច្ចុប្បន្នមិនមានវិទ្យា​ល័យ​​បច្ចេក​​ទេស​នោះ​ទេ។ បច្ចុប្ប​ន្ន​ ក្រសួង​មាន​គម្រោង​បើក​វិទ្យាល័យ​បច្ចេកទេស​ពីរ​បន្ថែម​ទៀត​ក្នុង​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់ នេះ​បើ​តាម​លោកស្រី​ វិច្ឆិកា​។ 

សំអុល សុវណ្ណមនោរក្ស សិស្សថ្នាក់ទី១២ នៅវិទ្យាល័យ​ជម្ពូវ័ន ដែលបានបង្ហាញម៉ាស៊ីនដើរដោយថាមពលខ្យល់ ដែលប្អូន​បានរចនានៅ​ក្នុង​ពិ​ធី​កាលពីថ្ងៃអង្គារបានសម្តែងការគាំទ្ររបស់សហភាពអឺរ៉ុបនឹងជួយសិស្សា​នុសិស្សកសាង​ជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត​។ 

សុវណ្ណមនោរក្ស បាននិយាយថា៖ «វាជំរុញខ្ញុំខ្លាំងណាស់ ពីព្រោះសព្វថ្ងៃនេះគ្រប់គ្នាប្រើប្រាស់បច្ចេកវិទ្យាគ្រប់ប្រភេទ សូម្បីតែមនុស្សយន្ត និងយន្តហោះគ្មានមនុស្សបើក ដើម្បីថតរូប ដូច្នេះយើងសិក្សាអំពី [បច្ចេកវិទ្យា] ដើម្បីជួយឲ្យ​វិស័យឌី​ជីថលនៅកម្ពុជារីកចម្រើន។ ដោយសារ​ខ្ញុំកំពុងសិក្សាជំនាញ​បច្ចេកទេសច្រើន​ប្រភេទ​ ខ្ញុំសង្ឃឹមថា ខ្ញុំអាចទទួលបានការងារជាច្រើននៅក្នុងវិស័យឌីជីថល»។ 

អ៊ូរ ទេពច័ន្ទសុខខា ជាសិស្ស​ថ្នាក់ទី១២ដែរ បាននិយាយដោយសាទរអំពីបំណងប្រាថ្នារបស់នាងក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈ​ការអភិវឌ្ឍជំនាញបច្ចេកទេសរបស់នាង។ នាង​និយាយថា ការសិក្សាផ្នែកអេឡិចត្រូនិចនឹងជួយ​ឱ្យនាងងាយស្រួលរកការងារធ្វើ ហើយនាងចង់ឃើញ​សិស្ស​​កាន់តែច្រើនមានឱកាសបែប​នេះ។ 

អ៊ូរ ទេពច័ន្ទសុខខា បាន​និយាយថា សាលាបច្ចេកទេសមានសារៈសំខាន់ជាពិសេស​សម្រាប់ក្មេងស្រីដូចជានាង ពីព្រោះ «ស្ត្រីកម្រសិក្សា​ [ផ្នែក] អេឡិចត្រូនិច និងបច្ចេកវិទ្យាណាស់​» ហើយកម្មវិធីទាំងនេះនឹងជួយពួកគេ «អភិវឌ្ឍជំនាញទាំង​នេះស​ម្រាប់ខ្លួនយើង និងអភិវឌ្ឍជំនាញទាំងនេះសម្រាប់ប្រទេស»។ 

លោក ពេជ្រ ម៉េងលី គ្រូបង្រៀនផ្នែកអេឡិចត្រូនិកនៅសាលានេះ​បានមាន​ប្រ​សា​សន៍ថា ចំនួនសិស្សចុះឈ្មោះចូលរៀនថ្នាក់បច្ចេកទេសមានការកើនឡើងជារៀងរាល់​ឆ្នាំ ដោយសារសិស្សចាប់អារម្មណ៍លើបច្ចេកវិទ្យា។

 លោក​បាន​មាន​ប្រសាសន៍​ថា៖​ «សព្វ​ថ្ងៃ​នេះ​ អ្វី​គ្រប់​យ៉ាង​គឺ​ជា​ឌីជីថល ដូច្នេះ​វិស័យ​នេះ ​គឺ​មិន​អាច​ខ្វះ​បានទេ។ វា​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​។​​​ ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស»។ 

លោក ប៉ា ចាន់រឿន ប្រធាន​​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា​បាន​កត់​សម្គាល់​ថា ការ​បណ្តុះ​បណ្តាល​ជំនាញ​ គឺ​ចាំបាច់ ​ដើម្បី​លើក​កម្ពស់​កម្លាំង​ពលកម្ម​ជំនាញ​ក្នុង​ប្រទេស និង​ដើម្បី​ឲ្យ​វិស័យ​បច្ចេកទេស​រីកចម្រើន។ លោក​គិត​ថា កម្មវិធី​ថ្មី​នេះ​នឹង​​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​យុវជន​កម្ពុជានិង​ទាក់ទាញ​ការ​វិនិយោគ​ពី​អន្តរជាតិ។ 

លោក​មាន​ប្រសាសន៍បន្ថែមថា៖ «ការបង្កើតថ្នាក់បច្ចេកទេសចាប់​ពីវិទ្យាល័យក៏ជារឿងល្អមួយដែរ ដើម្បីជួយសិស្សរបស់យើងមួយចំនួនដែលមិនមានលទ្ធភាពបន្តការសិក្សា [នៅសកលវិទ្យាល័យ] ឱ្យទទួលបានជំនាញបច្ចេកទេស និងទទួល​បាន​​ចំណេះដឹងដែលអាចប្រើប្រាស់នៅកន្លែងធ្វើការ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ European Union and Cambodia Launch $53 Million Technical Education Initiative

523 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម