សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នៅភ្នំពេញប្រព័ន្ធការពារទឹកជំនន់ដែលមានតម្លៃថ្លៃ ប្រើជំនួសប្រព័ន្ធបង្ហូរទឹកតាមធម្មជាតិ

ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវដែលលិចទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រូបភាព ខេមបូចា/ព្រីង សំរាំង
ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវដែលលិចទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រូបភាព ខេមបូចា/ព្រីង សំរាំង

រាល់​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ ផ្ទះ​របស់​អាជីវករ​លក់​ដូរ​តាម​ដងផ្លូវ ដា វីកា អាយុ ៣១​ឆ្នាំ តែងតែជនលិច។

​វីកា បាន​និយាយ​ថា​៖ «​អ្វីដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដំបូង​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​គឺ​បាច​ទឹក​ចេញ​ពី​ខាង​ក្នុង​ផ្ទះ​​ខ្ញុំ​។ ផ្ទះ​ខ្ញុំ​នៅ​ជិត​លូ​ទឹកស្អុយ ទើប​ទឹក​កខ្វក់​ហូរ​ចូល​ផ្ទះ​ពេល​មាន​ភ្លៀង​ធ្លាក់។ ហ្នឹងហើយដែលធ្វើឱ្យការរស់នៅរស់យើងគគ្រិច»។

បឹងនានាទាំងនៅក្នុងនិងជុំវិញរាជធានីភ្នំពេញពីមុនជាអាងស្តុកទឹកភ្លៀងលក្ខណៈធម្មជាតិ ប៉ុន្តែបឹងជាច្រើនត្រូវបានចាក់បំពេញក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតធំនានា។ កង្វះហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមដូចជាប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងប្រព័ន្ធការពារទឹកជំនន់ មានន័យថាទឹកជំនន់ដែលជន់លិចបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ពលរដ្ឋទៅហើយ។

ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងអ្នករៀបចំផែនការអភិវឌ្ឍទីក្រុងបាននិយាយថាចំនួនទឹកជំនន់ និងភាពធ្ងន់ធ្ងររបស់ទឹកជំនន់ បានថយចុះ ស្របពេលដែលការដាក់ឱ្យដំណើរការប្រព័ន្ធលូ និងបង្ហូរទឹក ដែលជាផ្នែកនៃផែនការមេក្នុងការទប់ស្កាត់ទឹកជំនន់។

កាល​ពី​ខែ​មេសា សាលា​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​គម្រោង​ការ​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ​លូបង្ហូរទឹក​ក្នុង​ដំណាក់​កាល​ទី ៤ ក្នុងទំហំ​ទឹក​ប្រាក់​ជាង ២៧ លាន​ដុល្លារ​ ​ដែលត្រូវ​បាន​សាងសង់​ដោយ​មាន​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​ជប៉ុន។ គម្រោងដែលកំពុងដំណើរការនេះ ត្រូវបានកំណត់ដើម្បីកែលម្អប្រព័ន្ធលូនៅភាគខាងជើងវត្តភ្នំ រួមមានការដំឡើងបំពង់លូប្រវែងជាង១គីឡូម៉ែត្រ រួមទាំងការសាងសង់ស្ថានីយ៍បូមទឹក និងការសាងសង់កន្លែងស្តុកទឹកក្រោមដីដែលមានសមត្ថភាពផ្ទុកទឹកបានចំនួន៦៥០០ម៉ែត្រគូប។ ដំណាក់​កាល​ចុង​ក្រោយ​នេះ ក៏​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​ក្នុង​ខណ្ឌ​ទួលគោក ដោយ​បន្ថែម​បំពង់​លូ​ប្រវែង​ជាង ៨​គីឡូម៉ែត្រ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិយាយថាការការពារទឹកជំនន់ជាផ្នែកមួយនៃផែនការមេក្នុងការអភិវឌ្ឍទីក្រុងនាឆ្នាំ២០៣៥ ហើយកិច្ចការនោះមានភាពរីកចម្រើនបណ្តើរៗរួចទៅហើយក្នុងការកាត់បន្ថយទឹកជំនន់។

លោកបានមានប្រសាសន៍ថា៖ «វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាលរាជធានីភ្នំពេញ និងបញ្ចៀសការជន់លិចយូរនៅក្នុងតំបន់គម្រោងផងដែរ»។

កុមារាម្នាក់ជិះកង់កាត់ផ្លូវជន់លិចមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា នៅ​ទូទាំង​រាជធានី​ភ្នំពេញរហូត​មក​ដល់​ពេល​នេះ មាន​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង ៨៨០​គីឡូម៉ែត្រ។

ប៉ុន្តែសម្រាប់ផ្លូវសរុបប្រវែង២៦៤០គីឡូម៉ែត្រគ្របដណ្តប់ក្នុងរាជធានីភ្នំពេញ  ក្នុងនោះប្រព័ន្ធលូជាង៥០០០គីឡូម៉ែត្រទៀត ត្រូវកសាងបន្ថែម។

លោក​បន្ត​ថា​៖ «​យើង​នៅ​ខ្វះ​ប្រព័ន្ធ​លូ​ច្រើន ហើយ​​ត្រូវ​ការ​ច្រើន​ឆ្នាំទៀត​ដើម្បី​ដំឡើង​វា​»​

បើតាមលោក ពិសិដ្ឋ ភាគច្រើននៃរាជធានីភ្នំពេញគ្រប់ដណ្តប់ដោយដីទំនាប ដែលកម្រិតទឹកភ្លៀងតែ៤០មីលីម៉ែត្រក្នុងមួយម៉ោងអាចបណ្តាលឱ្យមានទឹកជំនន់បាន។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា កម្រិត​នៃ​ការ​ជន់​លិច​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ភាគ​បី​ហើយ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីដែលបានសាងសង់។

លោក​ បានឱ្យដឹងផងដែរថាពេលនេះ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ស្ថានីយ៍​បូមទឹក​នៅ​បឹងទំពុន ដែល​វានឹង​ជួយ​កាត់បន្ថយ​ទឹកជំនន់​បន្ថែមទៀត​នៅក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ។

លោក ពិសិដ្ឋ បាន​បដិសេធ​ការលើកឡើងដែលថាការ​ចាក់​លុប​បឹង​អាច​បង្ក​ទឹក​ជំនន់ ហើយ​លោកបាន​និយាយ​ថា ការ​ចាក់​បំពេញ​បឹង​ជា​ការ​ចាំបាច់​ដើម្បី​បំពេញ​តម្រូវ​ការ​នៃរាជធានីដែលចេះតែរីកធំ។ លោក​បាន​កត់​សម្គាល់​ថា គ្រោះ​ទឹក​ជំនន់​អាចបញ្ចៀសបានតាមរយៈការធ្វើផែនការដែលសមស្រប។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​មិន​ពង្រីក​រាជធានីសម្រាប់​ការ​អភិវឌ្ឍ​ទេ យើង​ក៏​នឹង​ជួប​បញ្ហា​ប្រឈម​ដោយសារ​កំណើន​ប្រជាជន​ដែរ​។​ អ្វីដែលសំខាន់ ដំណោះស្រាយ​ការពារ​គ្រោះទឹកជំនន់ ក៏​កំពុង​ត្រូវ​បាន​ធ្វើហើយតាម​ផែនការ​មេ​នៃ​ការ​អភិវឌ្ឍ​រាជធានី​»​

លោកថា ពេលនេះមន្ទីរសាធារណការរាជធានីភ្នំពេញកំពុងធ្វើការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកនៅតំបន់ខាងកើត និងខាងត្បូងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក Yuji Shinohara តំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានប្រាប់ខេមបូចា ថា ការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយចុងក្រោយបំផុត គួរតែកម្រិតបរិមាណទឹកលិចជាអតិបរមាពី ៥០ សង់ទីម៉ែត្រ ចុះមកនៅ ២០ សង់ទីម៉ែត្រវិញ ហើយរយៈពេលទឹកជំនន់ខ្លីគួរគិតមកត្រឹម ២ ម៉ោង មិនមែន២៤ម៉ោង។ អង្គការ JICA និងសាលារាជធានី បានចាប់ផ្តើមធ្វើការត្រួតពិនិត្យទីតាំងបង្ហូរទឹកកាលពីខែមេសា។

លោក​បន្ត​ថា​៖ «​បន្ទាប់​ពី​ការ​អង្កេត យើង​នឹង​បញ្ជាក់​ពី​តំបន់​គោលដៅ​គម្រោង​រួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​»​

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត (STT) មានប្រសាសន៍ថាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ទឹកជំនន់របស់អង្គការJICA និងសាលារាជធានីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ដូចជាកំពុងដំណើរការ។

លោក​បាន​បន្ត​ថា​៖ «​យើង​មិន​បាន​ចុះ​ទៅឃ្លាំងមើល​លម្អិត​ពី​ប្រព័ន្ធ​បង្ហូរទឹកនោះ​ទេ ប៉ុន្តែ​ទាក់ទងនឹងប្រព័ន្ធ​លូបង្ហូរទឹក​ហាក់​មាន​ភាព​ប្រសើរ​ឡើងហើយ»

ទោះ​យ៉ាង​ណា​លោក​ថា ការ​បំផ្លាញ​អាង​ស្តុក​ទឹក​ដោយ​ការ​ចាក់​លុប បាន​បំផ្លាញ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ធម្មជាតិ​ដែល​មាន​មុខងារ​សំខាន់មួយ។

លោក​បន្ត​ថា​៖ «​យើង​ក៏​ត្រូវ​ពិនិត្យ​មើលទៅលើបញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុផង និង​ការ​អភិវឌ្ឍ​ផ្សេង​ទៀត ជា​ពិសេស​ការ​លុប​បឹង​សំខាន់ៗ​ដូច​ជា​បឹង​ទំពុន និង​បឹង​តាមោកជាដើម។ បឹងធម្មជាតិមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយទឹកជំនន់ក្នុងទីក្រុង ហើយវាក៏ជាកន្លែងសម្រាប់ជីវចម្រុះផងដែរ»។

បុរសម្នាក់កំពុងបេះបន្លែនៅបឹងទំពុននៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

របាយការណ៍រួមឆ្នាំ ២០២០ របស់អង្គការលីកាដូ បណ្តាញយុវជនកម្ពុជា  អង្គការសមធម៌កម្ពុជា និងសមាគមធាងត្នោត បានរកឃើញថា ប្រជាពលរដ្ឋជាងមួយលាននាក់នៅទូទាំងរាជធានីភ្នំពេញកំពុងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងនៃទឹកជំនន់ដោយសារតែការបំផ្លិចបំផ្លាញតំបន់ដីសើមបឹងទំពុន និងជើងឯក ដែលនៅភាគខាងត្បូងរាជធានី។

របាយការណ៍បានប៉ាន់ប្រមាណថាផ្ទៃដីសើមចំនួន១៥០០ ហិកតា អាចត្រូវបានបាត់បង់អស់៩០ភាគរយ ពោលគឺមកនៅត្រឹមតែ១០៧ហិកតាប៉ុណ្ណោះ។ តំបន់ដីសើមទាំងនោះ«បម្រើសេវាសាធារណៈសំខាន់ៗចំនួនពីរ៖ កាត់បន្ថយទឹកជំនន់ពីទីរាជធានីភ្នំពេញ ដោយការស្តុកទុកទឹកភ្លៀងទាំងអស់ក្នុងរាជធានី និងមួយផ្នែកទៀតជួយបន្សុទ្ធទឹកកខ្វក់ពីរាជធានី មុនពេលវាចូលដល់ទន្លេបាសាក់ដែលជាកន្លែងមានត្រីរស់នៅច្រើន។

នៅឆ្នាំ ២០១៦ បឹងតាមោក ឬ បឹងកប់ស្រូវ ដែលមានទំហំ ៣២៣៩,៧ ហិកតា ត្រូវបានរដ្ឋាភិបាលប្រកាសថាជាកម្មសិទ្ធិសាធារណៈ និងជាកម្មសិទ្ធិរបស់រដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់អង្គការសមាគមធាងត្នោតចេញកាលពីឆ្នាំ២០២១  បានរកឃើញថា រដ្ឋាភិបាល បានកែសម្រួលផ្ទៃបឹងតាមោកយ៉ាងហោចណាស់១៧ដងដើម្បីយកដីសម្បទានឱ្យឯកជន។ ដី​ថ្មី​ដែល​ចាក់បំពេញ​បឹង​បច្ចុប្បន្ននេះ​កំពុង​ត្រូវ​បាន​បែងចែក​ដល់​ក្រុមហ៊ុន និង​បុគ្គល សម្រាប់ធ្វើការ​អភិវឌ្ឍ​។

លោក សន ជ័យ នាយកប្រតិបត្តិនៃបណ្តាញសម្ព័ន្ធដើម្បីគណនេយ្យភាពសង្គម (ANSA) មានប្រសាសន៍ថានៅពេលដែលនិយាយដល់«ការអភិវឌ្ឍ» ការគិតគូរពីបញ្ហាទឹកជំនន់ជារឿងសំខាន់។

លោក បានសំណូរពរថា៖« យើងចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ ដាក់បញ្ចូលបញ្ហាសង្គមនៅក្នុងដំណើរការអភិវឌ្ឍទីក្រុង ដើម្បីធានាថាការអភិវឌ្ឍស្របតាមតម្រូវការ ជាពិសេសការអភិវឌ្ឍអចលនទ្រព្យ។ នៅពេលដែលប្រព័ន្ធលូ និងផ្លូវត្រូវខូចខាត ថវិការដ្ឋនឹងត្រូវខ្ជះខ្ជាយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ever so slowly, expensive anti-flood systems replace natural drainage in Phnom Penh

280 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម