សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋវៀតណាមដែលរងការបណ្តេញចេញពីផ្ទៃទន្លេស្នើសុំជំនួយ និងដីសម្រាប់ធ្វើផ្ទះ

លោក ថាយ យ៉ាងគឺង រៀបចំកន្លែងសម្រាកនៅលើខ្ទមរស់នៅបណ្តោះអាសន្នរបស់លោក ក្នុងភូមិផ្សាលិច ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ទុយ អេងលី
លោក ថាយ យ៉ាងគឺង រៀបចំកន្លែងសម្រាកនៅលើខ្ទមរស់នៅបណ្តោះអាសន្នរបស់លោក ក្នុងភូមិផ្សាលិច ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ទុយ អេងលី

កំពុងអង្គុយក្នុងខ្ទមដែលទើបសង់រួចនៅមាត់ច្រាំងទន្លេសាប ជិតកន្លែងដែលទើបត្រូវបានបណ្តេញចេញដោយអាជ្ញាធររាជធានីភ្នំពេញ បុរសវ័យ ៥៣ឆ្នាំ លោក ថាយ យ៉ាងគឺង បានរៀបរាប់ថា បែត្រីរបស់លោកចំនួនពីរ និងផ្ទះបណ្តែតទឹកត្រូវបានរុះរើចោលទាំងបង្ខំ ដែលធ្វើឲ្យលោកខាតបង់ថវិកាប្រមាណ៥០០០ដុល្លារ។

លោក យ៉ាងគឺង និយាយថា៖ «ជិត៥០០០ដុល្លាររើចោលទាំងអស់​ទាំងបែទាំងអី អស់អាលីង។

ឥឡូវធ្វើខ្ទមនៅ។ [ខ្ញុំ] ធ្វើខ្ទមនៅគេមិនឱ្យនៅទៀត ប៉ូលីសគេម៉ោ គេថាឲ្យ […] ជួលផ្ទះគេ។[ខ្ញុំ]មានលុយណា ធ្វើអីបាន មួយខែ៥០រៀល [ដុល្លារ]»។

បន្ទាប់ពីការបណ្តេញចេញ លោក យ៉ាងគឺង បានសង់កូនខ្ទមតូចមួយក្បែរច្រាំងទន្លេ ក្នុងភូមិផ្សាលិចក្នុងខណ្ឌ​ព្រែកព្នៅ ដើម្បីរស់នៅជាបណ្តោះអាសន្ន ជាមួយប្រពន្ធដែលកំពុងតែមានជំងឺក្នុងខ្លួន និងកូន៦នាក់។

ទោះបីជាមានខ្ទមសម្រាប់រស់នៅបណ្តោះអាសន្នក៏ដោយ ក៏លោកនិងក្រុមគ្រួសារនៅជួបបញ្ហាប្រឈមផ្សេងទៀតនោះគឺ ស្បៀងអាហារ និងថ្លៃព្យាបាលប្រពន្ធរបស់លោក។ លោកថា គ្រួសាររបស់លោកពឹងផ្អែកទាំងស្រុងលើមុខរបរចិញ្ចឹមត្រី។

លោក យ៉ាងគឺង និយាយថា៖ «ឥឡូវធ្វើខ្ទមនេះ ឥឡូវក៍ប្រពន្ធឈឺ កូនក៍ឈឺទៀត មានមុខរបរធ្វើអីមិនបាន អស់អាលីងហើយ អាឡូវសុំខាងកម្ពុជា ខាងវៀតណាមជួយកូនចៅផង អាណិតផង»។

មិនមែនតែគ្រួសារលោក យ៉ាងគឺង មួយទេដែលជួបការលំបាកបន្ទាប់ពីបណ្តេញចេញពីដង​ទន្លេ​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនជាតិវៀតណាមរាប់រយគ្រួសារផ្សេងទៀត កំពុងជួបផលលំបាកខ្លាំងផ្នែកជីវភាព ដោយ​ពលរដ្ឋ​​វៀតណាមខ្លះ ខ្វះអាហារហូបចុក គ្មានជំរកដើម្បីរស់នៅ និងអ្នកខ្លះទៀតបានបណ្តែត​ផ្ទះទឹក​និងបែត្រីទៅដល់ព្រំប្រទល់កម្ពុជា​ វៀតណាមក្នុងទឹកដី ស្រុកលើកដែក ខេត្តកណ្តាល ។

ជនជាតិវៀតណាមម្នាក់ទៀតដែលអះអាងថា ជាកូនកាត់វៀតណាម គឺអ្នកស្រី សុខ នាងឡាយ បានរៀបរាប់ថាអ្នកស្រីមានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិវៀតណាម។ អ្នកស្រីបានរៀបការជាមួយប្តីដែលជនជាតិវៀតណាមក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្ន​មាន​កូនចំនួន៣នាក់ក្នុងបន្ទុក ប៉ុន្តែប្តីរបស់អ្នកស្រីបានស្លាប់ដោយសារកើតជំងឺមហារីកនៅបំពង់ក​កាលពីបីខែមុន ពោលគឺនៅមុនពេលដែលអាជ្ញាធរប្រាប់ឱ្យរុះរើផ្ទះបណ្តែតទឹក។

អ្នកស្រី សុខ នាងឡាយ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានចាត់ទុកអ្នកស្រីថា គឺជាជនអន្តោប្រវេសន៍​វៀតណាម ដែលមិនអាចទទួលស្គាល់ថាជាជនជាតិខ្មែរនោះទេ។

ស្រ្តីមេម៉ាយរូបនេះបានឲ្យដឹងទៀតថា ក្រោយពេលចាកចេញពីទន្លេមកអ្នកស្រីបានមកជួលបន្ទប់ស្នាក់នៅបណ្តោះអាសន្នដែលស្ថិតនៅក្នុងភូមិកណ្តាល ខណ្ឌព្រែកព្នៅ។ ក្នុងមួយខែ អ្នកស្រីត្រូវចំណាយលុយ​ចំនួន ១០០ដុល្លារ ទាំងថ្លៃ​អាហារ​ និងថ្លៃជួលបន្ទប់ ប៉ុន្តែដោយសារតែគ្មានលទ្ធភាពចិញ្ជឹមកូន អ្នកស្រីក៏សម្រេចចិត្តបញ្ជូនកូន២នាក់ឱ្យម្តាយរបស់អ្នកស្រីមើលថែនៅឯស្រុកកំណើតក្នុង​ខេត្តកំពង់ចាមវិញ។

អ្នកស្រី នាងឡាយ និយាយថា៖ «វាពិបាកលុយផ្ទះ និងលុយភ្លើង។ ខ្ញុំក៍ទៅលក់ដែរ លក់មីឆា ឥលូវលក់ក៏ស្ងាត់ លក់អត់បានទេ ណាមួយលុយផ្ទះផង អីផង ហើយយើងរកចំណូលគ្មានបាន​ប៉ុន្មានទេ។ ក្នុងមួយ​អាទិត្យបានតែ១០ម៉ឺន[រៀល]អីហ្នឹងចាយម៉េចគ្រាន់ ដូចច្នេះចាយអត់គ្រាន់ទេ»។

អ្នកស្រី តឺ ធីធូ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅមុខបន្ទប់ជួលរបស់អ្នកស្រី ក្នុងភូមកណ្តាល សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ទួក ពិសិដ្ឋ
អ្នកស្រី តឺ ធីធូ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅមុខបន្ទប់ជួលរបស់អ្នកស្រី ក្នុងភូមកណ្តាល សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ទួក ពិសិដ្ឋ

មិនខុសពីជនជនជាតិវៀតណាមខាងលើនោះទេ ជនជាតិវៀតណាមមួយរូបទៀត គឺអ្នកស្រី តឺ ធីធូ បានរៀបរាប់ដែរថា ក្រោយពេលចាកចេញពីលើផ្ទៃទឹកទន្លេមក អ្នកស្រីបានមកជួលបន្ទប់​ស្នាក់​នៅ​​បាន​ជាង១ខែ មកហើយ ដែលស្ថិតនៅក្នុងភូមិកណ្តាល ក្នុងខណ្ឌព្រែកព្នៅ ហើយត្រូវបង់ថ្លៃ​បន្ទប់​ជួលនោះក្នុងតម្លៃ៦០ដុល្លារក្នុងមួយខែ។ ក្នុងបន្ទប់ជួលដែលមានទំហំទទឹង​ប្រហែល៤ម៉ែត្រ និង​បណ្តោយ​៦ម៉ែត្រនេះ អ្នកស្រីត្រូវរស់នៅជាមួយកូនតូច២នាក់ ម្តាយវ័យចំណាស់ម្នាក់ និងប្តីអ្នកស្រី​ម្នាក់ទៀត។

ស្រ្តីវ័យ ៣៨ឆ្នាំរូបនេះបានឲ្យដឹងថា គាត់បានទៅខ្ចីលុយបងប្អូនអ្នកស្រីមួយចំនួនមកធ្វើដើមទុនលក់ដូរ​ចាបហួយ​ក្នុង​បន្ទប់ជួលដើម្បីចិញ្ជឹមជីវិត។ ចំណែកប្តីរបស់អ្នកស្រីវិញក៏សម្រេចចិត្តទៅ​ធ្វើការ​សំណង់ដើម្បី​ជួយសម្រួលបន្ទុកក្នុងគ្រួសារផងដែរ។

កំពុងអង្គុយនៅមុខបន្ទប់ជួលអ្នកស្រីបាននិយាយថា៖​ «ត្រូវតែជួលផ្ទះនៅហើយ ធ្វើម៉េចទេ ឥលូវមានលុយណាទិញផ្ទះ។ បើយើងមានសល់លុយ យើងទិញផ្ទះនៅបាត់ហើយ [មិន] បាច់ជួលផ្ទះនៅទេបង!»។

តំណាងពលរដ្ឋវៀតណាមចំនួន៣០គ្រួសាក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ  លោក តូ យ៉ាងភ័ណ បានឱ្យដឹងថាក្រោយពេលដែលអាជ្ញាធរបណ្តេញចេញមិនឱ្យរស់នៅលើទឹក ពលរដ្ឋវៀតណាមទាំងនោះបានឡើងគោកហើយតាំងទីលំនៅបណ្តោះអាសន្ននៅក្បែរច្រាំង​ទន្លេ ខណៈដែលមានជនជាតិវៀតណាមខ្លះបានសាងសង់ជាកូនខ្ទមតូចៗ និងខ្លះទៀតសម្រេចចិត្តជួលផ្ទះគេដើម្បីស្នាក់នៅបណ្ពោះអាសន្ន។

លោកបន្តថាក្នុងមួយខែពួកគេត្រូវចំណាយលើថ្លៃផ្ទះជួលយ៉ាងហោចណាស់ចំនួន៣០ដុល្លារ  ប៉ុន្តែបច្ចុប្បន្ននេះពលរដ្ឋវៀតណាមទាំងនោះមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចិញ្ជឹមជីវិតបន្ត ព្រោះតែមិនទាន់មានការងារធ្វើ ចំណែកបែត្រី និងផ្ទះបណ្តែតទឹករបស់ពួកគេត្រូវបានររុះរើ​ចោល​ទាំងស្រុងផងដែរ។

លោក និយាយថា៖ «សព្វថ្ងៃហ្នឹងពួកគាត់ដាច់បាយខ្លះក៏មាន ឬក៏អត់មានកន្លែងនៅក៏មាន លំបាកណាស់ វេទនាណាស់»។

តំណាងពលរដ្ឋវៀតណាមរូបនេះបានប្រាប់បន្ថែមថា មកទល់ពេលនេះ អាជ្ញាធរកម្ពុជា និង​រដ្ឋាភិបាលវៀតណាមគ្មានដំណោះស្រាយណាមួយនៅឡើយទេ ចាប់តាំងពីមានការបណ្តេញ​ចេញពីលើទឹកមក បើទោះជាពួកគេកំពុងប្រឈមខ្លាំងផ្នែកជីវភាពក៏ដោយ។

លោក យ៉ាងភ័ណ​ យល់ស្របថា ការបណ្តេញរបស់អាជ្ញាធរកម្ពុជាចំពោះពលរដ្ឋដែលរស់នៅលើទឹក​គឺក្នុង​​​គោល​បំណង​ថែរក្សាបរិស្ថាន។ ប៉ុន្តែលោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា​រៀប​ចំ​តំបន់ណាមួយឱ្យពួកគេរស់នៅ ព្រោះពលរដ្ឋវៀតណាមខ្លះមិនចង់ត្រឡប់ទៅប្រទេសរបស់​ខ្លួន​នោះទេ ដោយសារតែអាជ្ញាធរវៀតណាមមិនទទួលស្គាល់ពួកគេឡើយ។

ជនជាតិវៀតណាមដែលបានផ្តល់បទសម្ភាស៍ដល់ ខេមបូចា បានប្រាប់ថារដ្ឋាភិបាលរបស់ប្រទេសខ្លួនបានចំណាយទៅលើថ្លៃបង់សេវា «ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍» ជំនួសពួកគេចំនួន ២៥ម៉ឺនរៀលជារៀងរាល់ពីរឆ្នាំម្តង​ឱ្យទៅក្រសួងមហាផ្ទៃកម្ពុជា។

នៅខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវ​ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដង​ទន្លេ​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរមួយសប្តាហ៍។

ការណ៍នេះ​បានធ្វើឱ្យជនអន្តោប្រវេសន៍វៀតណាមលើកឡើងថា ពួកគេមិនមានពេលគ្រប់គ្រាន់ដើម្បី​ចាកចេញ​នោះទេ ហើយពួកគេមួយចំនួនបានបណ្តែតផ្ទះទឹកទៅដល់តំបន់ក្អមសំណរ ក្នុងស្រុក​លើកដែក ខេត្តកណ្តាល​ជាប់នឹងព្រំប្រទល់វៀតណាម ក្នុងគោលបំណងចូលទៅកាន់ប្រទេសខ្លួនវិញ តែយ៉ាង​ណា អាជ្ញាធរវៀតណាមមិនបានបើកច្រកព្រំដែនទទួលពួកគេនោះទេ ដោយលើកហេតុ​ផលថា​​កំពុង​ទប់ស្តាត់ការឆ្លងជំងឺកូវីដឥ-១៩។

អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា មានប្រសាសន៍ថា មានពលរដ្ឋវៀតណាមមកពី​ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួនជាង១០០គ្រួសារ ដែលសរុបមានបែត្រីចំនួន១១៩ បានបណ្តែតផ្ទះមកសំចតនៅលើទឹកទន្លេក្បែរព្រំដែនវៀតណាម​ក្នុងឃុំក្អមសំណរ។ លោកថា បញ្ហាប្រឈមរបស់ពួកគេ គឺមិនទាន់អាចបញ្ចេញត្រីដែលនៅក្នុង​បែ​លក់​​ទៅកាន់ទីផ្សារបាននៅឡើយ។

លោកបញ្ជាក់ថា៖ «បញ្ហាប្រឈមរបស់ពួកគាត់ទី១ ពិបាករកទីផ្សារបញ្ចេញកូនត្រីគាត់ចេញ ដោយសារ គាត់ក៏មានឆន្ទៈក្នុងការរុះរើផ្ទះ បែ​​ គាត់ចេញដែរ ឥឡូវនេះគាត់ពិបាកក្នុងការបញ្ចេញកូនត្រីគាត់ចេញ វាអត់មានទីផ្សារ»។

យ៉ាងណាក្តីអភិបាលស្រុកលើកដែក រូបនេះបានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរបាននឹងកំពុង ឃ្លាំមើលពួកគេមិនឱ្យមានភាពអាណាធិតេយ្យណាមួយកើតឡើងនោះទេ ហើយថាក្រសួងការបរទេសក៏កំពុងតែសហការជាមួយអាជ្ញាធរវៀតណាមដើម្បីដោះស្រាយ​បញ្ហានេះ។

លោកបន្ថែមថា៖ «ករណីនេះយើងបានធ្វើការហ្នឹង បញ្ជូនទៅដល់ខេត្ត ហើយខេត្តក៏បានដាក់ទៅក្រសួង និងក្រសួងការបរទេសដែរ ហើយលោកកំពុងតែធ្វើកំណត់ទូត ទៅកាន់រដ្ឋាភិបាលវៀតាណាម​ដើម្បីចាត់ចែង ហើយកន្លងមកយើងដឹងហើយវៀតណាមក៏មានផ្ទុះកូវីដដែរ»។

ផ្ទះបណ្តែតទឹក និងបែត្រីរបស់ជនជាតិវៀតណាមបានបណ្តែតមកនៅបណ្តោះអាសន្នក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ទុយ អេងលី
ផ្ទះបណ្តែតទឹក និងបែត្រីរបស់ជនជាតិវៀតណាមបានបណ្តែតមកនៅបណ្តោះអាសន្នក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ទុយ អេងលី

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានលើកឡើងដូច លោក តូ យ៉ាងភ័ណ ថាប្រជាជនវៀតណាម​មួយ​ចំនួន ដែលបានរុះរើចេញ​ពីផ្ទះបណ្តែតទឹក កំពុងតែប្រឈមការខ្វះខាតយ៉ាងខ្លាំង ដោយសារពួកគាត់ត្រូវទៅជួលផ្ទះស្នាក់នៅ និងជួលដីគេនៅតាមដងទន្លេដើម្បី​រស់នៅជាបណ្តោះ​អាសន្ន​មួយរយៈ។ លោកថាបញ្ហាប្រឈមខ្លាំងរបស់ពួកគេ គឺការរីករាលដាលបញ្ហាកូវីដ១៩។ ដូច្នេះកាន់តែ​ធ្វើឱ្យពួកគាត់កាន់តែជួបបញ្ហាលំបាកបន្ថែមទៀត។ លោកបានសង្គត់ធ្ងន់ថាក្នុងនាមជាសមាគមន៍​វៀតណាម ក៏គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយប្រជាជនវៀតណាមអាចរស់នៅលើគោក ក្រៅពីសូមអំពាវនាវឱ្យសប្បុរសជននានាជួយដល់ពួកគាត់នៅក្នុងគ្រាដ៏លំបាកនេះ។

លោក ស៊ឹម ជី និយាយថា៖ «បច្ចុប្បន្ននេះខ្វះខាតយ៉ាងខ្លាំង ដោយសារបងប្អូនមួយចំនួន គាត់ទៅ​ជួល​​​ផ្ទះ​សំណាក់ ហើយនិងជួលដីគេនៅតាមដងទន្លេ ដល់អ៊ីចឹងយើងបច្ចប្បន្នយើងកំពុងជួបបញ្ហា​រីក​រាល​ដាលកូវីដ១៩ផង»។ ដោយបន្ថែមថា៖ «ក្នុងសមាគមខ្ញុំគ្មានលទ្ធភាពឯណា ដែលអាចជួយគាត់រស់​នៅឡើង​លើ​គោក​បានទេណា យើងខ្ញុំអំពាវនាវទៅសប្បុរសជននានា អ៊ីងចឹងទៅជួយគាត់ខ្លះ គាត់កំពុងជួបការ​លំបាក​​​អ៊ីចឹង»។

លោកបានប្រាប់ថា ពាក់ព័ន្ធជាមួយនឹងចំនួនតួលេខជនជាតិវៀតណាមសរុបទាំងអស់មិនច្បាស់ទេ ប៉ុន្តែបើជនជាតិវៀតណាមដែល​កំពុង​​រស់នៅលើផ្ទះបណ្តែតទឹកនៅម្តុំព្រែកព្នៅមានចំនួនប្រមាណជាង១០០​គ្រួសារ ដោយរង់ចាំប្រមូលផលត្រីនៅក្នុងរយៈពេល៦ខែទៀត ទើបពួកគាត់រុះរើសចេញ និង​ប្រមាណ​ជាង ៤០០គ្រួសារទៀតដែលបានរុះរើនិងទៅរស់នៅលើគោក។ ចំណែក​ឯប្រជាជនវៀតណាម​ប្រមាណ​ជាង ១០០គ្រួសារទៀតបានធ្វើដំណើរទៅដល់ព្រំដែនច្រកទ្វារអន្តរជាតិក្អមសំណរ ដែល​មាន​ទីតាំងនៅស្រុកលើកដែក ខេត្តកណ្តាល ក្នុងគោលបំណងចូលទៅកាន់ប្រទេសវៀតណាម តែ​រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាតឱ្យចូល។

លោកបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនមានស្រុកកំណើតនៅប្រទេសកម្ពុជា និងបានរស់នៅប្រទេស​កម្ពុជាជា​ច្រើនជំនាន់។ លោកថាពួកគាត់គ្មានឯកសារបញ្ជាក់ថាពួកគាត់ជាជនជាតិវៀតណាមនោះទេ ដូច្នេះទើបវៀតណាមមិនអនុញ្ញាតឱ្យចូល។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តី​ជូន​ដំណឹងមួយដោយតម្រូវ​ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរមួយសប្តាហ៍តែប៉ុណ្ណោះ។ លុះដល់ថ្ងៃកំណត់ឱ​សាន​វាទ ពោលគឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបាន​ពន្យា​ពេលឱ្យ​ពលរដ្ឋ​៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែ​មថុនា ដោយបញ្ជាក់ថា បើប្រជាពលរដ្ឋណាដែលមិនរុះរើនោះទេ អាជ្ញាធរនឹងទៅរុះរើដោយផ្ទាល់ ហើយ​រាល់ការខូចខាតទ្រព្យសម្បត្តិ មិនទទួល​ខុសត្រូវនោះទេ។

បើតាមសេចក្តីជូនដំណឹងដដែល ការ​រស់នៅ ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​​នេះបាន​ធ្វើឱ្យ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​​ការ​ប្រើប្រាស់​ចំណី​សម្រាប់​​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​​ផង​ដែរ​។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ​ បានបដិសេធធ្វើការអត្ថាធិប្បាយអំពីបញ្ហាជនជាតិវៀតណាមដែលបានបណ្តេញចេញពីផ្ទៃទឹកទន្លេ ហើយលោកបានបង្វែរសំណួរទៅអភិបាលរងក្រុងម្នាក់ទៀតដែលទទួលបន្ទុការងារនេះ គឺលោក មាន ចាន់យ៉ាដា​។ ប៉ុន្តែលោក ចាន់យ៉ាដា មិនអាចទាក់ទងបាននោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក​ ផៃ ស៊ីផាន បានមានប្រសាសន៍ថា បច្ចុប្បន្នលោកគ្រាន់តែទទួលបាន​ព័ត៌មាន​ថា មានជនជាតិវៀតណាមខ្លះបានបណ្តែតផ្ទះទឹករបស់ខ្លួនទៅកាន់ព្រំប្រទល់ស្រុកពញាឮ ​ខេត្ត​កណ្តាល ដោយពួកគេមានកិច្ចសន្យាជាមួយអាជ្ញាធរ ដើម្បីស្នើសុំសំចតផ្ទះទឹក​បណ្តោះ​អាសន្ន​ដើម្បីឲ្យពួកគេអាចប្រមូលផលត្រីនៅក្នុងបែរបស់ពួកគេបាន។លោកថានៅពេលដែលបញ្ចប់​កិច្ច​សន្យា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យពួកគេរស់នៅលើទឹកទន្លេបន្តទៀតនោះទេ។​​

លោក ផៃ ស៊ីផាន ឲ្យដឹងថា៖ «មិនមែននៅជ្រោយចង្វារទេ ម្តុំហ្នឹងគេដេញចេញអស់ហើយ  បណ្តែតទៅកាន់ [ស្រុក]ពញាឮ ហើយសុំស្នាក់មួយរយៈពេល នៅពេលដែលគេប្រមូលផល [ត្រី]ចប់ គេ[អាជ្ញាធរ] នឹងអនុវត្តតាមអ្វីដែលយើងបញ្ជាឲ្យចេញពីទឹក អានេះខ្ញុំដឹងតែប៉ុណ្ណឹង»។

ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមាន​គោល​ការណ៍ណាមួយដើម្បីរកទីតាំងថ្មីឲ្យជនអន្តោប្រវេសន៍វៀតណាមដែលត្រូវបាន​បណ្តេញ​ចេញពីលើ​ទឹកដើម្បីស្នាក់នៅនោះទេ។

លោក ផៃ ស៊ីផាន បន្ថែមថា៖ «អ្នកដែលជាប់សន្យាថាចាំត្រីធំបន្ទាប់ពីប្រមូលផលត្រូវ​ចេញ​ពីទឹកហ្មង។ យើងអត់មានបេសកកម្មណាទៅរកដីឲ្យគាត់នៅអី អត់មានទេ»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការ​យល់​ឃើញថា​ កន្លងមកវិធានការរបស់រដ្ឋាភិបាលមិនមែនមានតែចំពោះជនជាតិវៀតណាមនោះទេ សូម្បីតែមកលើប្រជាជនកម្ពុជាខ្លួនឯង ដែលពួកគាត់ប្រឈមនឹងបញ្ហាដីធ្លីរហូតមានការបណ្តេញ​ចេញដោយបង្ខំ ឬក៏បញ្ជូនពួកគាត់ទៅទីតាំងថ្មីដែលរដ្ឋាភិបាលបានត្រៀមទុកដោយមិនមាន​ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងសមរម្យនោះទេ។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងជនជាតិវៀតណាម​នាពេលថ្មីៗ​កន្លងមកនេះ លោកស្រីសង្កេតឃើញថា វាពាក់ព័ន្ធនឹងការបណ្តោញចេញដោយការបង្ខំ និងធ្វើឡើងភ្លាមៗ ដែលមិនបានអនុញ្ញាតឲ្យជនជាតិវៀតណាមទទួលបាននូវដំណោះស្រាយ​សមរម្យ​​ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩។

លោកស្រី សុភាព បានលើកឡើងថា៖ «ចាស! កន្លងមកនេះ យើងមិនបាច់និយាយដល់ជនជាតិ​ភាគតិច ដូចជាតួយ៉ាងជនជាតិវៀតណាមអីនោះទេ យើងមើល​តែ​ប្រជាពលរដ្ឋខ្មែរយើង ​ដែលគាត់​ប្រឈម​នឹងបញ្ហាដីធ្លី ហើយមានការ​បណ្តោញចេញដោយបង្ខំហ្នឹង ក៏មានការរាយការណ៍ច្រើន​ពាក់ព័ន្ធ​នឹង​ការបណ្តោញពលរដ្ឋដែលពេលខ្លះធ្វើឡើងដោយបង្ខំ»។

លោកស្រីបានបន្ថែមទៀតថារដ្ឋាភិបាលត្រូវតែពិនិត្យមើលក្នុងដំណាក់កាលដែលមានការប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ១៩ ថាតើវិធានការបែបណា ​ដែលមិនសូវមានផលប៉ះពាល់ដល់សុវត្តិភាព ខាងផ្នែកសុខភាពរបស់ពលរដ្ឋគ្រប់រូប ដោយវិធានការទាំងនោះមិនមែនមានសម្រាប់តែជនជាតិ​វៀតណាមនោះទេ។ លោកស្រីមើលឃើញថា នៅពេលដែលមានការដាក់ចេញនូវវិធានការ ហាក់បីដូចជាមានការវិនិច្ឆ័យថា ពលរដ្ឋទាំងអស់សុទ្ធតែខុសច្បាប់ទៅវិញ រដ្ឋាភិបាលត្រូវមើលពីការ​បណ្តេញចេញ និងងាកទៅរកវិធានការគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានសមរម្យ ប្រសើរជាងការ​បណ្តេញចេញ។

លោកស្រី សុភាព មានប្រសាសន៍ថា៖​ «ចំពោះជនជាតិវៀតណាមទៀតសោតក៏ត្រូវមើលដែរ ព្រោះខ្ញុំឃើញនៅ​ពេល​ដែលមានការដាក់ចេញនូវវិធានការបែបនោះហ្នឹង។ ហាក់ដូចជាមានការវិនិច្ឆ័យថាពលរដ្ឋទាំង​អស់ហ្នឹង សុទ្ធតែខុសច្បាប់អីជាដើម។ អ៊ីចឹងទាំងអស់ហ្នឹងត្រូវមើលថាតើការគ្រប់គ្រងទៅលើ​ជនអន្តោប្រវេសន៍​យ៉ាងណា ហើយយើងត្រូវអនុលោមទៅតាមនិតិវិធីច្បាប់ជាតិ ហើយនិងអន្តរជាតិ​របស់យើងហ្នឹង។ ហើយដូចខ្ញុំថា អ៊ីចឹងសូម្បីជាលក្ខខណ្ឌ […] ចង់និយាយថាស្ថានភាពការចុះបញ្ជី មិនចុះបញ្ជីជនអន្តោប្រវេសន៍»។

ត្រឡប់មក លោក យ៉ាងគឺង វិញលោកអះអាងថា បានមករស់នៅក្នុងប្រទេសកម្ពុជាជាង៣០ឆ្នាំមកហើយ។ លោកចាត់ទុកកម្ពុជាជាប្រទេសកំណើតរបស់ខ្លួន ហើយលោកចង់បន្តរស់នៅទីនេះទៀត។ ការរស់នៅលើមាត់ច្រាំងបណ្តោះអាសន្ន ធ្វើឲ្យលោកមានការព្រួយបារម្ភថា លោកនឹងត្រូវបណ្តេញចេញម្តងទៀតនៅពេលណាមួយ។ លោកបានសំណូមពរដល់រដ្ឋាភិបាលកម្ពុជាផ្តល់ទីតាំងមួយសមស្របដើម្បីគ្រួសារលោកបាន រស់នៅបន្តសមរម្យដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។

លោក យ៉ាងគឺង បានបន្ថែមថា៖ «ខ្ញុំក៏ចង់នៅទីតាំងសមរម្យដែរ តែឥឡូវសុំមេបា [រដ្ឋាភិបាលកម្ពុជា]ឱ្យជួយកូនចៅផងអាណិតកូនចៅ។ កូនចៅនៅហ្នឹងក៏វាបានយូរ ជាងសាមសិបឆ្នាំហើយ មែនទើបមកឯណា»

783 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម