សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាក្សីទី១ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងសវនាការលើសំណុំរឿងលោក កឹម សុខា

លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងវេទិកាមួយ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងវេទិកាមួយ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ជិតបីឆ្នាំ​ ក្រោយ​ពីតុលាការចាប់ផ្តើមបើកសវនាការសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រះរាជអាជ្ញាបានកោះហៅសាក្សីដំបូងកាលពីថ្ងៃពុធ ដោយសាកសួរទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សប្រឆាំងអំពីតួនាទីរបស់អង្គការបរទេសក្នុងការបង្កើតគណបក្សសង្គ្រោះជាតិជាគណបក្ស​ប្រឆាំងដែលត្រូវបានដាក់ឲ្យនៅក្រៅច្បាប់។

ព្រះរាជអាជ្ញារង ឆាយ ហុង បានសាកសួរលោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងបច្ចុប្បន្ន​ ជាឧត្តមទីប្រឹក្សារបស់​គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះថ្មីពីគណបក្សសម រង្ស៊ី ថា តើវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ដែល​ជា​អង្គការ​មិនរកប្រាក់កំរៃរបស់សហរដ្ឋអាមេរិក និងអង្គការបរទេសផ្សេងទៀតដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា និងគណបក្ស សម រង្ស៊ី។

គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ប្រទេស​ហ្វីលីពីន។

លោក គង់ គាំ បានមានប្រសាសន៍ថា៖ «ខ្ញុំបានជួបជាមួយតំណាង IRI [និងសមាជិកព្រឹទ្ធសភាអាមេរិក] John McCain តាំងពីឆ្នាំ១៩៩៦ ហើយ… [IRI] បានពិគ្រោះយោបល់ជាបណ្តើរៗ ដើម្បីជួយលោក សម រង្ស៊ី»។

IRI ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan ដែលជាផ្នែកមួយនៃមូលនិធិជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ រួមទាំងការពង្រឹងគណបក្សនយោបាយនៅក្នុងប្រទេសជាង១០០ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។

លោក គង់ គាំ បាននិយាយនៅក្នុងតុលាការថា៖ «IRI បានជួយដល់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្ស [CNRP] ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន»។

លោកចៅក្រម កូយ សៅ បានសាកសួរលោក គង់ គាំ ថា តើមាន​បរទេសនិងអង្គការក្រៅរដ្ឋាភិបាលណាខ្លះ​បានជួយបង្កើតគណបក្សសង្គ្រោះជាតិដោយសម្ងាត់ឬទេ?

លោក គង់ គាំ បានឆ្លើយតបថា៖ «ខ្ញុំគ្រាន់តែដឹងថា IRI មានការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។

លោក​មាន​ប្រសាសន៍ថា IRI ណែនាំ​លោក កឹម សុខា កុំ​ឲ្យ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​ចូលរួម​ជាមួយ​គណបក្ស សម រង្ស៊ី ជំនួស​វិញ។

លោក គង់ គាំ​ បានបន្ថែមថា កិច្ចប្រជុំកាលពីឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន ដែលនាំទៅដល់ការបង្កើតគណបក្សសង្គ្រោះជាតិ ត្រូវបានគាំទ្រដោយអង្គការអាល្លឺម៉ង់ Konrad Adenauer Stiftung (KAS)។ លោកមាន​ប្រសាសន៍ថា KAS បានផ្តល់ការ​គាំទ្រក្នុងការធានាកន្លែងប្រជុំនៅទីក្រុងម៉ានីលសម្រាប់គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដើម្បីធ្វើការពិភាក្សាឈានទៅរកការបង្កើតគណបក្សសង្គ្រោះជាតិ។

សាក្សីប្រាំនាក់ផ្សេងទៀត គ្រោងនឹងផ្តល់សក្ខីកម្មនៅថ្ងៃពុធនេះ រួមទាំង​លោកស្រី ចក់ សុភាព នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ផងដែរ ប៉ុន្តែពួកគេមិនទាន់​បានឡើង​ឆ្លើយ​នោះទេ។ លោក កឹម សុខា ធ្លាប់​ជាប្រធានស្ថាបនិក CCHR ។

អំឡុងសវនាការនៅ​ថ្ងៃពុធនេះ​ លោក គង់ គាំ បានកែសំដី​ឡើងវិញ នៅពេលលោក ចាន់ ចេន មេធាវីការពារក្តីរបស់លោក កឹម សុខា សួរអំពីភស្តុតាងដែលថា អង្គការក្រៅរដ្ឋាភិបាលបរទេសបានបំផុសគំនិតឲ្យមានការច្របាច់​បញ្ចូលគ្នាដែលនាំទៅដល់ការ​បង្កើត​គណបក្សសង្គ្រោះជាតិ។

លោក គង់ គាំ​ មាន​ប្រសាសន៍ថា៖ «ខ្ញុំ​គ្មាន​​ភស្តុតាង​ទេ»។

លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​សម្ព័ន្ធភាព​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​​រវាង​​គណបក្ស​ភ្លើងទៀននិង​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដែល​ប្រធាន​របស់បក្សនេះ​គឺ​លោក​​ គង់ មូនីកា ជា​កូន​ប្រុស​របស់​លោក គង់ គាំ​។

កាលពីសប្តាហ៍មុន ព្រះរាជអាជ្ញាបានជជីក​សួរលោក កឹម សុខា អំពីកម្មវិធី​បណ្តុះបណ្តាលតស៊ូមតិនយោបាយដោយ​អហិង្សាឆ្នាំ២០១៦ ដែលមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិបានចូលរួមនៅប្រទេសឥណ្ឌូនេស៊ី។

ខណៈពេលដែលលោក កឹម សុខា បដិសេធថា មិន​បាន​ដឹងអំពីការបណ្តុះបណ្តាលនេះ ព្រះរាជអាជ្ញាបានអះអាងថា វាគឺជាផ្នែកមួយនៃការត្រូវ​រ៉ូវ​គ្នា​​ធ្វើ​ «បដិវត្តន៍ពណ៌» ដែលមហាអំណាចបរទេសបានធ្វើ​ដោយ​សម្ងាត់​ ដើម្បីផ្តួល​រំលំ​គណបក្សប្រជាជនកម្ពុជា​ ដែលកាន់អំណាចដ៏យូរមកហើយនោះ។

អតីត​គណបក្ស​សង្គ្រោះ​ជាតិជា​បក្ស​ប្រឆាំង​ដ៏ធំ​ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​មាន​សេចក្តី​​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​​ចោទ​ប្រកាន់ថា ​ជា​ផែនការ​ «បដិវត្តន៍​ពណ៌»។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ពីរ​ខែ​មុន​ការ​រំលាយ​គណបក្ស។ លោក​បានបដិសេធការចោទប្រកាន់ពីបទក្បត់ជាតិចាប់តាំងពីតុលាការចាប់ផ្តើម​សវនាការរបស់លោក​កាល​ពី​ខែមករា ឆ្នាំ២០២០។

លោក យី សុខសាន្ត មន្ត្រី​ឃ្លាំ​មើល​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចូល​រួម​សវនាការ​ក្នុង​សប្តាហ៍​នេះ​បាន​ថ្លែង​ថា ចម្លើយ​​របស់​លោក គង់ គាំ​ មិន​ច្បាស់​លាស់និង​មិនមែនជា​ភស្តុតាង​រឹង​មាំ​ប្រឆាំង​នឹង​លោក កឹម សុខា ទេ។

លោក សុខសាន្ត បាន​មាន​ប្រសាសន៍ថា៖ «​ពេល​ខ្លះ​ សាក្សី​និយាយថា ​គាត់​ដឹង ហើយ​ពេល​ខ្លះ​ គាត់​ថា ​គាត់​អត់​ដឹង។ ចម្លើយ​របស់​សាក្សី​ហាក់​ដូចជា​មិន​ច្បាស់​លាស់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ex-CNRP Adviser First Witness Called in Kem Sokha Trial

 
395 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម